ចាប់ទុកដូរ សម្តេច ! ខែមីនា 20, 2014
Posted by មេឃា in អុកនយោបាយ.add a comment
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបាន ទាហានឆ័ត្រយោងកងពល ៩១១ ចាប់ខ្លួន កាលពីថ្ងៃទី២ មករា ២០១៤ ក្រោយពេល ប៉ះទង្គិចគ្នា រវាងទាហាន និងកម្មករតវ៉ា ដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ អ្នកតវ៉ា សរុប ២២នាក់ ផ្សេងទៀត ដែលត្រូវចាប់ខ្លួន និងឃុំខ្លួន ជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០១៤ អាជ្ញាធរ បានអនុញ្ញាតអោយធានានៅក្រៅឃុំ តែពីរនាក់គត់ ក្រៅពីនោះ នៅបន្តឃុំខ្លួនដដែល រួមទាំងលោក វ៉ន ពៅ ផងដែរ។
ដំណឹងច្បាស់ការណ៍ ពីខាង រដ្ឋាភិបាលបុរសខ្លាំងកម្ពុជា ការចាប់ទុកបែបនេះ គឺ ដើម្បីទុកធ្វើជា ចំណាប់ខ្មាំងនយោបាយ។ «ចាប់ទុកដូរ សម្តេច !» ផ្តើមគំនិតដោយ អ្នកពូកែថ្វីម៉ាត់ បង្កើតទ្រឹស្តី សង្គម «មានលុយមានយុត្តិធម៌»។ ការចាប់មនុស្សទន់ខ្សោយ ធ្វើ ជាចំណាប់ខ្មាំង ដោយមិនខ្វល់ពី សុខភាពចំណាប់ខ្មាំង ស្លាប់ឬរស់ ជាទង្វើមួយ របស់ពួកចោរចិត្តអាក្រក់ ក្នុងរឿង កុនប៉ុណ្ណោះ ប៉ុន្តែ យើងគិតមិនដល់សោះថា បុរសខ្លាំងកម្ពុជា បែរជា អន់ខ្លាំង ដល់ថ្នាក់ ហ៊ានប្រើមធ្យោបាយថោកទាបបែបនេះ។ លោក វ៉ន ពៅ ដែលត្រូវ ពិនិត្យសុខភាព ជាប្រចាំ បែរមិនអនុញ្ញាតអោយ ធានា នៅក្រៅឃុំ បើទោះបីជា សាធារណជន អន្តរជាតិ មើលឃើញយ៉ាងច្បាស់ថា ជា ទង្វើអមនុស្សធម៌ ឬ តុលាការស្តង់ដា ២ របស់កម្ពុជា។ ប្រសិនបើ វីរៈជន រូបនេះ បាត់បង់ជីវិត ក្នុងពន្ធនាគារ ដោយមូលហេតុណាមួយក៏ដោយ បុរសខ្លាំងកម្ពុជា ដែលល្បីខាងឈ្លោះជាមួយស្រ្តីអ្នកតំណាងរាស្រ្ត គំរាមអ្នកបោះឆ្នោតចាស់ៗថា លែងធ្វើបុណ្យ បើចាញ់ឆ្នោត ជាដើម ហាក់នៅ មានកេរ្តិ៍ឈ្មោះល្អខ្លះ តែលើកនេះ បើទោះបីជា ចង់លោតទឹកក៏លាងមិនជ្រះដែរ។
ម្តងមួយជំហាន ម្តងមួយជំហាន បុរសខ្លាំងកម្ពុជា កំពុងតែ បង្អាប់ប្រលោមលោក ល្បីល្បាញរបស់ខ្លួន ដែលធ្លាប់តែជា ទីគោរព នៃជនទាំងឡាយទាំងពួង។ ទំព័រប្រវត្តិសាស្រ្ត ប្រាកដណាស់ មិនមែនកក់ត្រា តែរឿងរ៉ាវ អាក្រក់របស់មេដឹកនាំ ក្នុងអតីតកាលទេ តាមប្រវត្តិសាស្រ្ត មនុស្សជំនាន់ក្រោយ នឹងវាយតម្លៃ ដោយ សុក្រឹត្យ ផ្អែកលើ ទស្សនៈផ្ទាល់ខ្លួន ចំពោះ អ្វីដែលជា សា្នដៃ របស់ មេដឹកនាំលើលោក។ ដូចនេះ បុរសខ្លាំងកម្ពុជា នឹងសម្រេចបញ្ចប់ ប្រលោមលោក ចុងក្រោយរបស់ខ្លួន តើបញ្ចប់ដោយ Happy Ending or Sad Ending.
ប្រថុយទើបឈ្នះ ខែមីនា 13, 2014
Posted by មេឃា in អុកនយោបាយ.1 comment so far
នៅទីបំផុតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្រែកដោយផ្ទាល់ម៉ាត់ថា បើ បក្សប្រឆាំងចិត្តសឿង តម្លើងប្រាក់ខែ/ឈ្នួល អោយដល់ កងអង្គរក្ស អ្នកដំាបាយ ជាដើម របស់ លោក សម រង្ស៊ី អោយបាន ១៦០ ដុល្លារ ជាមុនសិនទៅ សឹម ទាមទារដំឡើងប្រាក់ខែ អោយកម្មករ ១៦០ដុល្លារ។ លោក សម រង្ស៊ី ធ្វើមិនឮ (sic)។
តាមពិតនេះ ជាឱកាស ឈ្នះម្តងទៀត របស់លោក សម រង្ស៊ី ហើយអាច ឈានដល់ ការងើបតវ៉ា របស់កងកម្លាំងប្រដាប់អាវុធផងដែរ ព្រោះ ប្រសិនបើ មេបក្សប្រឆាំង មុខ និងគំនិតដដែល ម្នាក់នេះ ហ៊ាន ដំឡើងប្រាក់ឈ្នួល អោយកងអង្គរក្ស អ្នកបើកឡាន របស់ខ្លួន នោះ លោក ហ៊ុន សែន ពិតជាញ័រជើង មិនខានទេ ចង់មិនចង់ កម្លាំងប្រដាប់អាវុធ ដែលធ្លាប់តែ ការពារលោក ហ៊ុន សែន នឹងចាប់ផ្តើម បែកគំនិតថ្មី ថា បក្សប្រឆាំងដំឡើង ប្រាក់ខែ អោយអង្គរក្ស មិនមែនគ្រាន់ជា ការបោកបញ្ឆោត ដូច លោក ហ៊ុន សែន និយាយទេ ម៉្យាង ទង្វើនេះ នឹងនាំ អោយពលរដ្ឋមិនសូវពេញចិត្តបក្សកាន់អំនាច និងអ្នកគាំទ្របក្សប្រឆាំង ផ្តល់ភាពជឿជាក់ កាន់តែ ច្រើនឡើង ដល់លោក សម រង្ស៊ី និងបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី មិនត្រូវភ្លេចខ្លួនទេថា ដោយសារតែ ភាពកំសាក ខ្លាចមុខក្រោយ ទើបធ្វើអោយ នយោបាយរបស់លោក មិនដែលឈ្នះ ឬស្មើ លោក ហ៊ុន សែន ម្តងណាឡើយ។ ការខិតមកជិតឈ្នះ លោក ហ៊ុន សែន ក៏ដោយសារ តែគំនិតបញ្ញា ឆន្ទះ និងភាពប្រាកដរបស់លោក កឹម សុខា ឬអាចនិយាយម្យ៉ាងទៀតថា លោក ហ៊ុន សែន រាសី ស្រុតប៉ុណ្ណោះ។
អត់ហ៊ានរែក ចាញ់ ខែមីនា 11, 2014
Posted by មេឃា in អុកនយោបាយ.add a comment
ក្រោយពេលបោះឆ្នោត គណបក្សសង្រ្គោះជាតិ បានស្នើជា កញ្ចប់ក្នុងការ ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ឬ រដ្ឋាភិបាល កន្លះទឹក ពោល គឺ បើកដៃ អោយបក្សប្រជាជនកម្ពុជា រែកស្តេច តែ បក្សកាន់អំណាច មិនហ៊ាន ដូច្នេះ ទើប សម្រេចបង្កើត រដ្ឋភិបាល កន្លះទឹក មានន័យស្មើនឹង ចាញ់មួយ។
ថ្មីៗនេះ បក្សកាន់អំណាច បានព្រមាន ដាក់ «បេក្ខភាពនាយករដ្ឋមន្ត្រីត្រូវមានសញ្ជាតិតែមួយ» សម្រាប់លក្ខខណ្ឌ កែទម្រង់ការបោះឆ្នោត។ ច្បាស់ណាស់ថា មិនចង់អោយ លោក សម រង្ស៊ី មានឱកាសបានធ្វើជា នាយករដ្ឋមន្រ្តី ព្រោះ បក្សកាន់អំណាចដឹងច្បាស់លាស់ណាស់ថា មហិច្ឆិតា របស់ មេដឹកនាំ បក្សប្រឆាំង មិនមែន គិតពីប្រយោជន៍ រាស្រ្តខ្មែរ ជាធំ ឡើយ។
ទោះបីជា បក្សប្រឆាំង មិនទាន់បានបង្ហាញប្រតិកម្មតប តែក្នុងន័យ ប្រថុយ ដូចមុន គណបក្សសង្រ្គោះជាតិ អាចស្នើ «បេក្ខភាពនាយករដ្ឋមន្រ្តីត្រូវកាន់អំណាចបានតែពីរអាណត្តិ» ឬមានន័យថា ចាប់ពីការបោះឆ្នោតលើកក្រោយ លោក ហ៊ុន សែន មិនអាចឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្រ្តីទៀតទេ។
អុកមួយក្តារនេះ ហៅថា បើកដៃ អោយ បក្សកាន់អំណាច រែកស្តេច ទៀតហើយ បើមិន ហ៊ានរែក គឺ ចាញ់លើកទីពីរ។
កម្លាំងនគរបាលត្រៀមទប់កម្មករទៀតហើយ ខែមីនា 6, 2014
Posted by មេឃា in កខគឃង.add a comment
កោះសន្តិភាព ៖ កងកម្លាំងនគរបាលជាតិជាង២ពាន់នាក់ ក្នុងសម្លៀកបំពាក់ ប្រដាប់ដោយខែល ដំបង អាវក្រោះ និងមួកការពារសុវត្ថិភាព បានធ្វើសមយុទ្ធរួមគ្នាមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីវេលារសៀលថ្ងៃទី០៦ មីនា ២០១៤ ។ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានឱ្យដឹងថា សមយុទ្ធនាពេលនេះ ធ្វើឡើងដើម្បីត្រៀមការពារ ការធ្វើបាតុកម្មនៅថ្ងៃទី០៨ និង១២មីនា ខាងមុខនេះ។ នៅក្នុងសមយុទ្ធនេះដែរ គេឃើញមានរថយន្តបំពាក់ដោយរបាំងការពារ សម្រាប់រុញច្រានក្រុមបាតុករ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនទៀត។
កែមិនឡើងទេ រដ្ឋាភិបាល លោក ហ៊ុន សែន
រដ្ឋាភិបាលហ៊ុន សែន កំពុងគាំងលុយ ទើបជម្រុញឱ្យបង្កើតសភាឆាប់រហ័ស ខែកញ្ញា 6, 2013
Posted by មេឃា in កខគឃង.1 comment so far
មានសម្មតិកម្មជាច្រើនដែលអាចទាញហេតុផលថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបក្សជនប្រជាជនកម្ពុជា កំពុងតែជាប់គាំងក្នុងវិបត្តិថវិកាធ្ងន់ធ្ងរ ទើបបង្ខំឱ្យបង្កើតសភានីតិកាលថ្មី ដើម្បីអនុម័តថវិកាដ៏ច្រើនគ្រាន់ដោះទ័ល និងជាការដោះស្រាយបញ្ហាយូរអង្វែង។
វិបត្តិថវិកាច្រើន ដោយសារ
- ចំណាយលុយឃោសនាបោះឆ្នោតច្រើនលើសលប់ពេក ៖ មិនតិចជាង ៥០លានដុល្លារសហរដ្ឋអាមេរិកឡើយ ដែលគណបក្សប្រជាជនកម្ពុជា បានចំណាយក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៣នេះ (ប្រភព ៖ អ្នកអង្កេតថវិកាឃោសនាបោះឆ្នោត)
- ចំណាយថ្លៃទ័ព និងអង្គរក្សផ្ទាល់ខ្លួន ៖ ដើម្បីចិញ្ចឹមទាហានផ្ទាល់ខ្លួន និងអង្គរក្សពិសេសរបស់លោកនាយករដ្ឋមន្រ្តី ត្រូវការថវិកាមិនតិចជាង ១០លានដុល្លាក្នុងមួយឆ្នាំ ឬ ជាង ៨សែនដុល្លាក្នុងមួយខែ (ប្រភព ៖ អង្គរក្សនាយករដ្ឋមន្រ្តី)
- ឥរិយាបថមិនអើពើ អន្តរាគមន៍ រឿងថវិកា ៖ ការស្ងៀមមិនស្តី របស់គណបក្សប្រជាជនកម្ពុជា ចំពោះសំណើអន្តរាគមន៍ពាក់ព័ន្ធនឹងថវិកា ដូចជា (១) ថវិកាបើកឱ្យបុគ្គលិកសាលាក្តីខ្មែរក្រហម ដែលមួយឆ្នាំចាយត្រឹម ៣លានដុល្លារ សម្រាប់ភាគីខ្មែរ (២)បាតុកម្មបែកផ្សែងរបស់កម្មកររឿងប្រាក់ខែ នឹងលុយជម្ងឺចិត្តការងារដែល គណបក្សប្រជាជនកម្ពុជា ធ្លាប់ចេញមុខជួយចេញជំនួសថៅកែមុនពេលបោះឆ្នោត (៣) ជំនួយមនុស្សធម៌ និងហានិភ័យឆេះផ្សារនៅសៀមរាប ក្រោយបោះឆ្នោត បែរជា ស្ងាត់ជ្រាប មិនដូចមុនពេលបោះឆ្នោត…
- ឥទ្ធិពលនៃការចលាចលក្រោយការបោះឆ្នោត ទៅលើជំនួញរបស់ បក្សប្រជាជនកម្ពុជា ៖ ខណៈដែលគណបក្សសង្គ្រោះជាតិ កកូរកកាយ និងទាមទាមិនចេះឈប់ក្រោយការបោះឆ្នោត អាជីវកម្មរបស់ បក្សប្រជាជនកម្ពុជា ដែលត្រូវបានគេដឹងថា រួមមាន ស្ថានីយទូរទស្សន៍បាយ័ន ហាងទំនើប ក្លិបកំសាន្ត ហាក់មិនសូវកាក់កប ឬខាតរហូត បើនៅតែបន្តបែបនេះ ទៀតច្បាស់លាស់ណាស់ វិបត្តិឱនភាពថវិកាមិនអាចជៀសរួចឡើយ ចុងក្រោយ មានតែបិទទ្វា ព្រោះគ្មានលុយមកទប់ ក្នុងរយៈពេល បីខែទៀត ឬដោះទ័លទាន់ពេល។
- ទម្លាប់នៃការចាយវាយខ្ពស់ របស់ បក្សប្រជាជនកម្ពុជា ៖ ជាធម្មតា ខ្សែស្រឡាយ របស់ បក្សប្រជាជនកម្ពុជា ចាយលុយដូច ចេះបោះពុម្ពខ្លួនឯងចឹង គឺចាយមិនដែលគិត ឬខ្វល់ពីតម្លៃឡើយ ឱ្យតែសប្បាយចិត្ត ត្រូវចិត្ត បោះលុយចោលតែម្តង។ ទម្លាយបំផ្លាញបែបនេះ ត្រូវអាក់ខានដោយសារ តែខ្វះលុយចំណូល ពីប្រភពខាងក្រៅ ដូច្នេះ ហើយទើបបានជា មួយរយៈ ចុងក្រោយនេះ មិនសូវឃើញ អស់លោកក្មេងៗ ចេញមកសប្បាយ ទោះបីជា មានហេតុផលថា ស្រុកចលាចល តែសំខាន់មកពី ម៉ែលែងឱ្យលុយចាយច្រើនដូចមុនផងដែរ
- បក្សជនប្រឹងក្តោបលុយទុក ៖ ខណៈដែល ស្ថេរភាពនយោបាយ មិនសូវនឹងនរ បក្សជនប្រជាជនកម្ពុជា បានក្រាញ និងក្តោបលុយទុកសម្រាប់តែ ហានិភ័យផ្ទាល់ខ្លួន ដោយមិនខ្ជាក់ សម្រាប់ លំនឹងបក្សទៀតឡើយ ព្រោះមិនសូវទុកចិត្ត ក្រែងលោ មិនស្រួល នឹងអាលរត់ចោលស្រុក ទើបធ្វើឱ្យ កើត វិបត្តិហិរញ្ញវត្ថុ ក្នុងបក្សប្រជាជនកម្ពុជា
សភាថ្មី អាចរកចំណូលគ្រាន់ដោះទ័ល
- រដ្ឋសភា នឹងអនុម័តទទួលលុយជំនួយ ឬកម្ចីបរទេស ដើម្បីចិញ្ចឹមខ្លា និងក្រពើ
- អនុម័ត ថវិកាជាតិ ដើម្បីចិញ្ចឹម កូនចៅស្តាប់បង្គាប់
- សភា បង្កើតរដ្ឋាភិបាលថ្មី ដើម្បីឱ្យលោក ហ៊ុន សែន មានអំណាចអាចទាលុយថ្លៃការពារ ពីពាណិជ្ជករធំៗ និងក្រុមឆ្កែព្រៃ
- សភាថ្មី ផ្តល់ក្តីសង្ឃឹមថ្មី ដល់មន្រ្តីធំៗរបស់បក្សប្រជាជនកម្ពុជា
តាមទឡ្ហីករណ៍ខាងលើ ចង់មិនចង់ លោក ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា មិនខ្វល់នឹងប្រើប្រាស់មធ្យោបាយអីទេ លោកត្រូវតែបង្ខំ និងដុតដៃដុតជើង ធ្វើយ៉ាងណា ឱ្យសភានីតិកាលថ្មី លេខជា រូបរាង កាន់តែឆាប់កាន់តែល្អ។ ដូចនេះ បើទោះបីជា គណបក្សសង្គ្រោះជាតិ ប្រឹងស្រែកតវ៉ា ឬបួងសួង ឬប្តឹងដល់ អ្នកតាទេវតា ណា ក៏ គណបក្សប្រជាជនកម្ពុជា មិនខ្វល់ដែរ។ ការតវ៉ា សម្រាប់ការផ្លាស់ប្តួររបបដឹកនាំ តាមបែបសន្តិភាព វាពិតគ្មានការបានឡើយ សម្រាប់មេដឹកនាំដែលបានចាក់ឬស និងដាក់ទាំងជីវិត មួយក្រុមគ្រួសាររបស់ខ្លួន ចូលទៅក្នុងល្បែងនយោបាយ ដែលមានអំណាចជា ដើមទុន។ ជាក់ស្តែងណាស់ សង្ឃទីបេ ដុតខ្លួន ក៏មេដឹកនាំចិនមិនខ្វល់ លោកស្រី អ៊ុង សាងស៊ូជី ត្រូវបានមេដឹកនាំយោធាឃុំខ្លួនរាប់ឆ្នាំក៏មិនអាចផ្លាស់ប្តូរមេដឹកនាំផ្តាច់ការបាន។ ក្នុងប្រវត្តិសាស្រ្ត របស់ ប្រទេសនៅ អាស៊ី គ្មានឡើយ ការផ្លាស់ប្តូរដែលមិនបង្ហូរឈាម៕
នយោបាយឈ្នះ ឈ្នះឆ្នាំ២០១៣ ខែសីហា 28, 2013
Posted by មេឃា in កខគឃង.add a comment
អ្វីជានយោបាយ ឈ្នះឈ្នះ របស់ គណបក្សសសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ???
ប្រហែលជា គណបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែរ អាចមាន ចម្លើយក្នុងចិត្តខ្លះហើយ តែខាងក្រោមនេះ ជា ការទាយទុកនូវ នយោបាយឈ្នះឈ្នះ ដែល មេឃា បានជួបសម្ភាសន៍ពី អ្នកនយោបាយ និងពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ។
នយោបាយឈ្នះឈ្នះ របស់ គណបក្សប្រជាជនកម្ពុជា ៖
- សម្របសម្រួល ឱ្យមានវត្តមានរបស់ គណបក្សសង្គ្រោះជាតិ ក្នុងសភា និងរដ្ឋាភិបាលអាណត្តិថ្មី
- លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាំផ្ទះ នឹងបន្តដឹកនាំ រដ្ឋាភិបាលអាណត្តិទី៥
- ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ នៅ តែស្ថិតក្រោមការដឹកនាំរបស់ បក្សកាន់អំណាច
- អាចមានការរៀបចំ ស្ថាប័នរៀបចំការបោះឆ្នោត (គជប) និង ប្រព័ន្ធបោះឆ្នោតឡើងវិញ
- គណបក្សជំទាស់អាចទទួលបាន តំណែងជា ប្រធានសភា និងគណៈកម្មការសភា ជូនគណបក្សជំទាស់ខ្លះ
នយោបាយ ឈ្នះឈ្នះ របស់ គណបក្សសង្គ្រោះជាតិ ៖
- បង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី អំឡុងពេលបោះឆ្នោត ដែលមាន សមាសភាព អង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ
- ទទួលយកលទ្ធផលបោះឆ្នោត ក្រោយការស៊ើបអង្កេត បើទោះបីជា គណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោត
- ទទួលយក គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច សម្រាប់ អាណត្តិទី ៥ តែ មិនអាចទទួលយក លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី
- ប្រើប្រាស់កម្លាំងពលរដ្ឋ តវ៉ា ឱ្យមានការផ្លាស់ប្តូរ ដែលយ៉ាងហោចណាស់ ប្តូរ បេក្ខជននាយករដ្ឋមន្រ្តី ហ៊ុន សែន ទោះបីជា ស្នើដាក់ ឧបនាយករដ្ឋមន្រ្តី ឬមន្រ្តីជាន់ ខ្ពស់ ណាមួយក៏ដោយ ឱ្យតែ មិនមែនជា លោក ហ៊ុន សែន
- ទទួលបាន តំណែង អភិបាលខេត្ត ក្នុងខេត្ត្ដែល គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈច្រើនជាង គណបក្សប្រជាជន
នយោបាយ ឈ្នះឈ្នះ របស់ ពលរដ្ឋកម្ពុជា ៖
- នរណាដឹកនាំរដ្ឋាភិបាលក៏ដឹកទៅ តែត្រូវធានា ឱ្យបាន នូវ សិទ្ធិសេរីភាព របស់ពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ
- មន្រ្តីជាប់ឆ្នោត ត្រូវមានការ ទទួលខុសត្រូវចំពោះ ម្ចាស់ឆ្នោត និងសង្គម
- រៀបចំ ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ ឱ្យមាន ឯករាជ្យ និងការពារពលរដ្ឋទូទៅ មិនមែនត្រឹមតែ អ្នកមានអំណាច និងទ្រព្យសម្បត្តិ
- មិនចង់ ឱ្យមាន បាតុកម្មទេ បើអាច តែ បើជៀសមិនផុត គឺត្រូវបង្ខំចចិត្ត…..
- ពលរដ្ឋ មួយភាគមិនស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំ ប្រទេសបន្តទៀត…
អ្នកគាំទ្រ CPP ឬ CNRP ស្មោះជាង ខែសីហា 22, 2013
Posted by មេឃា in កខគឃង.add a comment
ដោយសារតែ ហេតុផលត្រូវបេះដូង ទើបញាំងឱ្យ អ្នកគាំទ្រ នយោបាយ ទាំងសង្ខាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ ប្រើអស់ ទេពកោសល្យរបស់ ខ្លួន ដើម្បីបង្ហាញ ភក្តីភាព និងការពារកិត្តិយស ជូន គណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ជួនកាល ពួកគេ ផលិតវិដេអូ ឆ្លើយឆ្លង ឌឺដង ជេរ គ្នា បង្ហោះវាចារ ឆ្លើយឆ្លងគ្នា លើសង្វៀនហ្វែសប៊ុក។ ហ្វែសប៊ុក ដដែល ដែលនាំឱ្យ អ្នកគាំទ្រ គណបក្សនយោបាយ ជួបគ្នា រាប់អានគ្នា ផ្លាស់ប្តូរក្បាច់គុនគ្នា…។
អ្នកគាំទ្រ ដែលស្មោះនឹង គណបក្សរបស់ខ្លួន ដោយ ការជេរ ហែកហួរគ្នា ជា ទង្វើរបស់ អ្នកឆ្លាតវៃ ដែរឬទេ ?
អ្នកប្រើហ្វេសប៊ុកម្នាក់ផ្តល់យោបល់ថា «បើអ្នកមិនពេញចិត្ត គ្រាន់តែ ងាកមុខចេញ ជាការស្រេច ម៉េចចាំបាច់ ឈឺក្បាលវិលមុខជាមួយនឹង វាចារមិនបានការ… បើយើងមិនចុច Like ហើយប្រកាសរបស់ ពួកគេ មិនត្រូវបានគេ មើល ឬចាប់អារម្មណ៍ ពួកគេ គង់តែ ហត់ខ្លួនឯង…»
សម្រាប់ខ្ញុំយល់ថា ការពិភាក្សា បញ្ចេញមតិ តាមហ្វែសប៊ុក គួរតែ មានផលវិជ្ជមាន ច្រើនជាង អវិជ្ជមាន ព្រោះ បើទោះបីជា អ្នកគាំទ្រទាំងនោះ ជេរគ្នាយ៉ាងណា ក៏ពួកគេ ចេះគោរព ជីវិត មនុស្ស និងមិនយ៊ាយី ជីវិត ឬទ្រព្យសម្បត្តិអ្នកដទៃ។ បើមើលទៅ ទីលានខាងក្រៅ អ្នកគាំទ្រ ដែលមិនប្រើ ហ្វែសប៊ុក ជេរគ្នា បែរប្រើ ហិង្សា តបត គ្នា ឬគម្រាម គ្នាទៅវិញ។ តិច ឬច្រើន យុវជន ដែលគាំទ្រគណបក្សនយោបាយ របស់ខ្លួន បានបញ្ចេញមតិយោបល់ របស់ខ្លួន ក្រោមការយល់ឃើញ និងហេតុផលរបស់ខ្លួន។ តាមរយៈ ទស្សនៈ មិនអាចវែកញែកថា ទស្សនៈថា ខុស ឬត្រូវឡើយ ព្រោះ ឈរមើល នៅទីតាំងផ្សេងគ្នា ឃើញទិដ្ឋភាពផ្សេងគ្នា។ សំខាន់ នរណា អាចមាន បញ្ញា ជាងក្នុងការស្វែងយល់ នឹងរកការពិត ដែលមិនអាចកែប្រែ ឬបិទបាំងបាន។ ដូចអ្នករាយការណ៍ពិសេស របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់បានផ្ញើសារទៅកាន់យុវជនកម្ពុជា ១០ឆ្នាំទៀតអ្នកនឹងដឹង ! ក្នុងន័យនេះ លោកហ៊ានទាយជាមុនថា បញ្ញារបស់ យុវជនខ្មែរ នៅទាបជាង លោក ១០ឆ្នាំ។
បើងាក មកមើល ទីប្រសព្វនៃ បញ្ហា ដែល អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ បានលើកឡើង គឺ ចង់បាន ភាពត្រឹមត្រូវក្នុងការបោះឆ្នោត ខណៈពលរដ្ឋជាច្រើន បាត់ឈ្មោះ ។ ក្នុងន័យនេះ ការសម្របសម្រួល មិនមែនជា ដំណោះស្រាយ ដ៏ឆ្លាតវៃមួយទេ។ ទោះបីជា អ្នកខ្លាចអំពើហិង្សា តែការចចារ មិនគួរមើលរំលង បញ្ហា ព្រោះ មុននឹងក្រោយ បញ្ហា នៅតែជា បញ្ហា បើមិនទាន់បានដោះស្រាយ៕
CPP នរណាមេ ? ខែសីហា 20, 2013
Posted by មេឃា in កខគឃង.add a comment
បើអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា យកចិត្តទុកដាក់បន្តិចលើ ការសម្រេចចិត្តជា បន្តបន្ទាប់របស់ គណបក្សប្រជាជនកម្ពុជា ជុំវិញ ការសម្របសម្រួល និងដំណោះស្រាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ អ្នកនឹងដឹងថា គណបក្សប្រជាជនកម្ពុជា មិនទាន់មាន ជំហរ ឯកភាពផ្ទៃក្នុងនៅឡើយទេ។ តើគណបក្សប្រជាជនកម្ពុជា នរណាមេពេលនេះ ? នរណាជា អ្នកសម្រេចចិត្តធំបំផុត ?
កាលពីថ្ងៃទី២៩ ខែកក្កដា ២០១៣ លោកនាយករដ្ឋមន្រ្តីស្វាគមន៍ ការសម្របសម្រួល ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រុះ តែមួយថ្ងៃបន្ទាប់បែរ ស្រែកតម្លើងសម្លេង ក្នុងន័យផ្គើនទៅវិញ។ បក្សកាន់អំណាច តែងបដិសេធន៍ សំណើរ របស់ គណបក្សសង្រ្គោះជាតិ ស្នើបង្កើតគណៈកម្មការចម្រុះ ដែលមានសង្គមស៊ីវិល និងអង្គសហប្រជាជាតិចូលរួម រហូតដល់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាមន្រ្តីជាន់ខ្ពស់ របស់បក្សនេះ ជួបជាមួយសង្គមស៊ីវិលជាង ២ម៉ោង ទើបព្រម សម្របសម្រួល អោយមាន វត្តមានរបស់សង្គមស៊ីវិល ក្នុងគណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត។ ក្នុងថ្ងៃសុក្រទី៩ ខែសីហា ២០១៣ ជាមួយគ្នាដែរ ក្រសួងមហាផ្ទៃ បានណែនាំ ដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្អាក ប្រកាសលទ្ធផលបណ្តោះអាសន្នសិន ដើម្បី បន្ថយកំដៅនយោបាយ ស្របពេលដែលស្ថានការណ៍កំពុងតានតឹង។ គ.ជ.ប ងក់ក្បាលយល់ស្រប លើកពេល ២ថ្ងៃ បែរប្រកាស លទ្ធផលដដែលដោយមិនរង់ចាំ ការដោះស្រាយទំនាស់បោះឆ្នោត។ គ.ជ.ប ត្រូវសង្គមស៊ីវិល និងគណបក្សនយោបាយមិនមែន កាន់អំណាច ថ្កោលទោសថា ជាប្រេងសាំងដែលនាំអោយប្រទេសស្ថិតក្នុងភាពវឹកវរ។
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បន្តប្រកាសថា មិនស្វាគមន៍ សង្គមស៊ីវិលចូល រួមក្នុងគណៈកម្មការចម្រុះត្រួតពិនិត្យភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតវិញ។ ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ហេង សំរិន បែរអំពាវនាវ ឱ្យគណបក្សនយោបាយឈ្នះឆ្នោត ចរចារគ្នា ខណៈដែល បក្សខ្លួនរក្សាជំហរ ប្រឹង រក្សាអំណាច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាត់ម៉ាត់ឈឹង តាំង ទៅលេង ខេត្តកណ្តាល ហើយអុចបារី អោយអ្នកស្រែ ត្រូវបានគេរិះគន់ ឥតសំចៃ។ អាលូវ មិនដឹងថា នរណាមេ ដែលអាច សម្រេចពី ជំហរ របស់ គណបក្សប្រជាជនកម្ពុជា បាន ??? ទាល់តែ និយាយជាមួយ មេធំ របស់ បក្សប្រជាជនកម្ពុជា ទើប អាចរកដំណោះស្រាយបាន… គិតចឹងអត់ ?