jump to navigation

រដ្ឋាភិបាល​ចាំ​ផ្ទះ​ខ្លាចស្រមោល ខែសីហា 19, 2013

Posted by មេឃា in កខគឃង.
add a comment

​​តាំងពី​ ការចាប់ដៃ​គ្នា​បង្កើត​បក្ស​ជំទាស់ មួយ​ដ៏ធំនៅកម្ពុជា របស់​ មេដឹកនាំ កឹម សុខា និង​ សម រង្ស៊ី ពលរដ្ឋ​ក៏ចាប់ផ្តើម​មានសង្ឃឹម យល់ខុសពី​ពេលមុខថា ការបោះឆ្នោត​ឆ្នាំ២០១៣ ពិតជា នឹង​ផ្លាស់ប្តូរ។ វត្តមាន​របស់ លោក សម រង្ស៊ី ត្រឡប់​ចួល​មកកម្ពុជា ក្នុងពេល​ឃោសនា​បោះឆ្នោត បាន​បន្ថែម​រូបភាព ធ្វើ​ឱ្យ​ រដ្ឋាភិបាល កាន់​តែ​មាន​ការ​ភ័យស្លន់ស្លោរ​​ ដោយសារ​តែ មាន​អ្នក​ស្វាគមន៍​ ការវិល​ត្រឡប់​របស់ មេដឹកនាំ បក្ស​ប្រឆាំង​ច្រើនលើសលប់។

គណបក្ស​កាន់អំណាច​បាន​រៀបចំ​ជើងព្រួល​ទប់​គ្រោះ ដែល​គ្រាន់ជាស្រមោល​បន្តបន្ទាប់ ដេកលែងលក់ ភ័យខ្លាច​បាត់បង់អំណាច។ នៅមុន​ថ្ងៃបោះឆ្នោត​ គណបក្ស​កាន់អំណាច​បាន​ ចល័តទ័ព​ចូល​ក្រុងក្នុងគោលបំណង​ការពារ អំណាច និង​ត្រៀម​ជើងក្រោយ​របស់ខ្លួន។ ក្នុងថ្ងៃបោះឆ្នោត ពលរដ្ឋ​បែរជា ចូលរួម​តាមដាន លទ្ធផល​ខុសពី លើកមុន ទោះបីជា រកឈ្មោះមិនឃើញ ក៏​រង់ចាំ​មើល​ការប្រកាស​លទ្ធផល ធ្វើឱ្យ​ រដ្ឋាភិបាល​ចាំផ្ទះ​កាន់តែភ័យខ្លាំង។

ការប៉ះគ្នា​មួយប៉្រាវនៅ ស្ទឹងមានជ័យ​ក្នុងថ្ងៃបោះឆ្នោត បាន​បន្លាច​ឱ្យ គណបក្ស​កាន់អំណាច​ភ័យស្ទើរ​លស់​ព្រលឹង​ដោយសារ ពលរដ្ឋ​លែងខ្លាច​ប៉ូលីស និងទាហាន រ​ហូតដល់ ហ៊ាន ដុតឡានប៉ូលីស អស់ដល់ទៅ ២គ្រឿង។ ប៉ូលីសបែរជា បន្ថែមកម្លាំងការពារផ្ទះ លោកនាយករដ្ឋមន្រ្តី ដោយ​ដកថយ​ពី កន្លែង​កើតហេតុ ដែល​ខុសពី ពេលមុខ នឹង​បង្រ្កាប​ឱ្យ​បាក់ស្បាត។ មួយថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្រ្តី​ យក​លេស សម្ពោធ​ស្ពាន ស្ទឹងមានជ័យ ដឹកនាំទ័ព រាប់​សិបនាក់ អូសដាវ​ កាត់​សមរភូមិ​ ក្តៅ​គគុក តែ​បែរ ថ្លែង យ៉ាងសុភាព រហូតដល់ ពលរដ្ឋ​កម្ពុជា និង​អ្នកនយោបាយយល់ថា វិបត្តិ​ក្រោយបោះឆ្នោត នឹង​ធូរស្រាល។

ចរិតមនុស្ស​ពិបាកកែ មួយ​ថ្ងៃក្រោយមក ទៀត លោកនាយករដ្ឋមន្រ្តី បែរសម្តីថ្លោស ដូចដើម…

ថ្មីៗនេះ គណបក្ស​កាន់អំណាច​ដែល ត្រូវបាន​ចង្អុលឈ្មោះ ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ជា អ្នកដឹកនាំ និងបញ្ជាទ័ព បាន​បន្ត​ប្រមូលផ្តុំ​ទ័ព ក្នុងក្រុង​ភ្នំពេញ ធ្វើឱ្យ ពលរដ្ឋ​ទូទាំងប្រទេស ភ័យ​តក់ស្លុតជាច្រើន។ ពលរដ្ឋ​មិនបាន​ដឹងទេថា អ្នក​ដែលខ្លាច ពិតប្រាកដ គឺ រដ្ឋាភិបាល​ចាំផ្ទះ​ ដែល​ខ្លាច​សូម្បី​តែ ស្រមោលខ្លួនឯង។ រដ្ឋាភិបាល ចល័ត​ទ័ព ខ្លាច​មានការផ្តួល​រំលំ រដ្ឋាភិបាល ខណៈ​ដែល គណបក្ស​ជំទាស់ អំពាវនាវ​ឱ្យ ពលរដ្ឋ​ពិសេស​យុវជន ចូលរួម បាតុកម្ម​ ប្រឆាំង​នឹងលទ្ធផល​បោះឆ្នោត​។ លទ្ធផល​បោះឆ្នោត​ដែល គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ បាន​ប្រកាស​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ ថា គណបក្ស​ប្រជាជនកម្ពុជា ឈ្នះបាន ៦៨ អាសនៈ និង​ គណបក្សសង្គ្រោះជាតិ ឈ្នះបានត្រឹម ៥៥ អាសនៈ។ យុវជន​ ៤​រូប ត្រូវបាន​ ចាប់ខ្លួន និង​កាត់ទោស ដោយ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គឹម ដារិន សម្រេច​ឃុំ​ខ្លួន​យុវវ័យ ៤​នាក់ នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​បាន​បើក​ការ​សាកសួរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។ យុវវ័យ​ទាំង ៤​នាក់​នេះ ត្រូវ​ចាប់​ខ្លួន​ពី​បទ​ញុះញង់​អោយ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ទ័ព​ត្រូវបាន​ហ្វឹកហាត់​រាល់ថ្ងៃ ដើម្បីត្រៀម​ទប់ទល់នឹង មហាបាតុកម្ម ដែល​មិនអាច​ជៀសរួច ដរាបណា កម្តៅ​នយោបាយ នៅតែបន្ត​កើនឡើង។ រដ្ឋាភិបាល​ចាំផ្ទះ ដេកមិន​លក់ បក់មិនល្ហើយ ខ្វល់ចិត្ត​ និង​បន្តឹងការប្រុងប្រយត្ន​គ្រប់វិនាទី ទាំងមិនដឹងថា សត្រូវខ្លួន មាន​កម្លាំងធំ​ប៉ុណ្ណា។ បើ​តាមការ​វិភាគ របស់ អ្នក​ដែល​តាមដាន សភាព​ការនយោបាយ​នៅកម្ពុជា កម្លាំង​យុវជន ដែល​ទាមទា​ឱ្យ មានការផ្លាស់ប្តូរ មិនមែនជា សកម្មជន របស់ គណបក្ស​ជំទាស់នោះឡើយ បញ្ហានេះ បាន​ធ្វើ​ឱ្យ រដ្ឋាភិបាល គិតថា សម្លាប់មាន់ គម្រាម​ស្វា ជា មធ្យោបាយ​ល្អមួយ ខណៈ​ដែល មេដឹកនាំ ភ្លេចគិតថា ដោយសារ​តែ មធ្យោបាយ​គម្រាម​នេះ ហើយ​ដែលនាំឱ្យ គណបក្ស​កាន់អំណាច​ បាត់​ការគំាំទ្រជា ច្រើនលានសន្លឹក តាមរយៈលទ្ធផល​នៅថ្ងៃបោះឆ្នោត​ ២៨ កក្កដា ២០១៣។ បក្សកាន់អំណាច ប្រើអាវុធ យោធា ដើម្បីទប់នឹង បាតុករ ដែលគ្មានអាវុធ ឬមានត្រឹម ផ្កា​ ក្នុងដៃ និង​សម្តី លើកទឹកចិត្ត​។

សង្គម​ស៊ីវិលកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ចេញមុខ យកចិត្ត​យុវជន ដោយ​ចេញ លិខិតថ្កោលទោស យ៉ាងដាច់ខាត​ ចំពោះការចាប់ខ្លួនយុវជន​កម្ពូជា។ ដោយសារ​តែ ខ្លាចពេល គណបក្ស​កាន់អំណាច កាន់តែធ្វើ កាន់តែខុស បាត់ស្មារតី ឬក័ថ្ងៃនៃការផ្លាស់ប្តូរ ពិតមកដល់ហើយ ?

សង្រ្គាមចិត្ត​សាស្រ្ត​ និងការសាកចិត្ត​រាស្រ្ត​ លើកនេះ ហាក់ហុចប្រៀបដល់ គណ​បក្ស​សង្រ្គោះជាតិ ខណៈ គណបក្ស​កាន់អំណាច កំពុងតែ បែកបាក់ផ្ទៃក្នុង។ ចង់មិនចង់ ការផ្លាស់ប្តូរ ត្រូវតែ មាន យ៉ាងហោចណាស់ កំណែទម្រង់ធំៗ ដូចជា សមាសភាព គ.ជ.ប បញ្ជីឈ្មោះអ្នកបោះឆ្នោត បន្ថែមលើ កញ្ចប់​កំណែទម្រង់ ផ្សេងៗទៀត ដែល​លើក​ដោយ គណបក្ស​សង្រ្គោះជាតិ៕

Advertisements

កលយុទ្ធ​បង្អើល​សត្រូវ ខែសីហា 8, 2013

Posted by មេឃា in កខគឃង.
add a comment

ធ្វើ​​ស្រែ​នឹង​ទឹក ធ្វើ​សឹក​​នឹង​បាយ… ខណៈ​ដែល គណបក្ស​​សង្រ្គោះ​ជាតិ​ បាន​​ស្រែក​បង្អើល​​ថា នឹង​​​ដឹកនាំ​​បាតុកម្ម​​យក្ស ​ស្វែង​រក​​យុត្តិធម៌​​ជូន​​ពលរដ្ឋ​ គណបក្ស​​កាន់​អំណាច​ បែរ​ជា ភ័យ​​ស្លន់​ស្លោ​​​គៀង​គរ​​ប្រមូល​អាវុធ និង​​បក្ស​ពួក​​គ្នីគ្នា មក​​ពី​គ្រប់​ទិសទី​ បំណង​​ដើម្បី​ឱ្យ​បាន​​កក់ក្តៅ ឬ​ទប់​ស្កាត់​ ហេតុការណ៍​​ធ្ងន់ធ្ងរ… ខ្ញុំ​​ឈរ​មើល​​ពី​លើ ភ្នំ​ ឃើញ​ជំរុំ​​ទ័ព របស់​​គណ​បក្ស​​កាន់​​អំណាច​ ដ៏​ច្រើន​​លើស​លប់ និង​​គួរ​អោយ​​រន្ធ​ត់ តែ​​ខ្ញុំ​​យល់​ថា គណបក្ស​​កាន់​អំណាច ត្រូវ​​មាន​​ស្បៀង ដ៏​ច្រើន​លើស​លប់ ដូចគ្នា ដើម្បី​​មក​ចិញ្ចឹម​ទ័ព ​របស់ខ្លួន ? ប្រសិន​បើ ទ័ព​​ត្រូវ​​ត្រៀម​​ខ្លួន ក្នុង​​ពេល​វេលា ដ៏​យូរ​មួយ​ ឬមិន​ទាន់​បាន​កំណត់​ គណបក្ស​​កាន់អំណាច​​ពិត ត្រូវ​ចំណាយ​​ទ្រព្យ​​ដូរ​ស្បៀង​យ៉ាង​សន្ធឹកសន្ធាប់​ ហើយ​​ងាយនឹង​ធ្វើ​ឱ្យ​​​រង្គើ​ចិត្ត​ ទ័ព​ប្រយុទ្ធ​ណាស់… ព្រោះ ពួកគេ ខាន​ធ្វើ​សង្គ្រាមយូរ ហើយ​ធ្លាប់សោយសុខ ពិតនឹកផ្ទះ… យុទ្ធសាស្រ្ត​​ បង្អើលទ័ព និង​​ការពន្យា​ពេល​ របស់​ គណបក្ស​សង្គ្រោះជាតិ ពិតជា គួរ​អោយ​កត់ត្រា​​ក្នុង​​សៀវភៅ កលយុទ្ធ​ ក្នុង​សម័យ​ព្យុះ​បដិវត្ត​ន៍ប្រជាធិបតេយ្យ​ មែន…

ហេតុផល​ដែល​ត្រូវ​ ដូរ ? ខែកក្កដា 23, 2013

Posted by មេឃា in កខគឃង.
add a comment

ថ្មីៗ​នេះ ខ្ញុំ​ទើប​តែ​​ប្រទះ​​ឃើញថា អ្នក​ប្រើប្រាស់​ប្លុក ភាគច្រើន សុទ្ធតែ​ចង់ ដូរ។ ខ្ញុំ​រក​ឃើញ​មូលហេតុ​មួយ​ចំនួន ដែល​ខ្ញុំគិតថា គួរតែ ប្តូរ​មែន…

  1. គណបក្ស​មួយ​កាន់អំណាច​យូរពេក ងាយ​នឹង​ចាក់ឬស បក្សពួក​និយម ក្រាញ​នឹង​អំណាច សម្លុត​ គម្រាម​កំហែង ដើម្បីការពារ​អំណាច​
  2. គន្លាត​រវាង អ្នកមាន និងអ្នកក្រ កាន់តែឃ្លាតឆ្ងាយ ឬអាចនិយាយថា អភិវឌ្ឍ​ប្រទេស​យូរទៅ បក្ស​ពួក​របស់​ខ្លួន មាន​ឡើងៗ
  3. ប៉ូលីស​ ទាហាន យោធា ការពារ​តែអ្នកមានអំណាច និងបក្សពួក​របស់ខ្លួន មិនការពាររាស្រ្ត
  4. តុលាការ​ និង​ច្បាប់ ស្ថិតក្រោម​ ចង្អុល​ដៃ​របស់មេដឹកនាំ
  5. មិនការពារធនធានធម្មជាតិ បែរបំផ្លាញ​ព្រៃ ទំនប់ទឹក
  6. មិនបាន​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និងគុណធម៌
  7. គ្មាន​បញ្ញា​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំប្រទេស​ ទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ប៉ុន្តែ បែរទៅរក សង្គ្រាម​បង្ហូរឈាម​…

 

ខ្ញុំជឿជាក់ថា នៅ​មាន​ហេតុផល​មួយចំនួន​ទៀត​​ដែល​ខ្ញុំ​បាន​មើល​រំលង សូម​បន្ថែមផង…

 

នាយករដ្ឋ​មន្រ្តី​ខ្មែរ​​ប្រាប់រាស្រ្ត​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ស្លូតត្រង់ ខែមិថុនា 14, 2013

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
add a comment

មេឃា ៖ ​គូ​​ប្រជែង​ដ៏​មាន​សក្តានុពល​អាចតទល់​ជាមួយ​នឹងគណបក្ស​កាន់អំណាច​​​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ នេះ ត្រូវបាន​​គេ​មើលឃើញយ៉ាងច្បាស់គឺ «គណបក្ស​សង្គ្រោះជាតិ​»។ រឹតតែច្បាស់ នៅសល់ត្រឹម​តែ មួយខែ​ទៀត​រដូវនៃយុទ្ធនាការឃោសនាបោះឆ្នោត​មកដល់ តែ​​គណបក្ស​កាន់អំណាច​បាន​កំដៅ​ម៉ាស៊ីន ត្រៀម​ខ្លួន​​យកប្រៀប​ខាង​យុទ្ធសាស្រ្ត​ រួចជាស្រេច។ យុទ្ធសាស្រ្ត​​ប្រើប្រាស់​អ្នក​ដែល​មានភក្តីភាព​នឹង​ខ្លួន ដោយ​​មិនខ្វល់ ឬមិនចង់បានពី​មុខម៉ាត់ និងសេចក្តីថ្លៃថ្នូ​ក្នុងនាមជាអ្នក​នយោបាយ​ចាស់ទុំ​ម្នាក់។ ជាក់ស្តែង​ គេឃើញ​មាន​ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ដើម្បី​ស្រែកលើក​ទឹកចិត្ត​ពី​លោក​នាយករដ្ឋមន្រ្តី​ ប្រកាស​​​បើកដៃ​គៀងគរ​រាស្រ្ត[​ដែល​គាំទ្រគណបក្សប្រជាជនកម្ពុជា​-កំពុងកាន់អំណាច​បច្ចុប្បន្ន​​​] អោយ​រៀបក្បួន​បាតុកម្ម​អហិង្សា​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​ប្រជែងគ្រប់ទីកន្លែង​ ​មានគោលដៅច្បាស់គឺ លោក កឹម សុខា ប្រធានស្តីទី​ គណបក្ស​សង្រ្គោះជាតិ ខណៈ​ លោក សម រង្ស៊ី ប្រធានគណបក្ស​មិនអាច​ចូលស្រុកខ្មែរបាន​។ មិនត្រឹម​តែប៉ុណ្ណោះ លោក នាយករដ្ឋមន្រ្តីខ្មែរដដែល បានចោទប្រកាន់ លោក​ កឹម សុខា បានថា រួមភេទជាមួយ​អនីតិជន តែមិនមាន ទុក្ខទោស ដោយគុណបុណ្យអន្តរាគមន៍ របស់ នាយករដ្ឋមន្ត្រី (ហាក់​ភ្លេចគិតថា គាត់ចូលរួមគំនិត ល្មើសច្បា់ប់ ឬបង្ហាញយ៉ាងច្បាស់ ពីនិទណ្ឌភាពក្នុងប្រទេស កម្ពុជា មាន នាយករដ្ឋមន្ត្រីគាំទ្រ។ អីយ៉ា បុរសខ្លាំងម្នាក់ហ្នឹង មានអំណាចអស្ចារ្យមែន ហើយក៏មានរឿងរ៉ាវស្នេហា​ មិនធម្មតាដែរ)។ ទោះបីជាយ៉ាងនេះក្តី សម្រាប់​អ្នក​តាមដាននយោបាយ​កម្ពុជា ហាក់​មិន​ទាន់​ប្លែក​ចិត្ត​ទេ ដែលឃើញ​មាន​ការវាយប្រហារ​​លើបុគ្គល​​ ពីសំណាក់អ្នកនយោបាយបែបនេះ តែ​អ្វីដែល​ប្លែក​ គឺ​លោក​នាយក​រដ្ឋមន្រ្តី​ បែរជា ប្រកាសថា គណបក្ស​ប្រជាជនកម្ពុជា ​មិនមែន​អ្នក​គាំទ្រ​ បាតុកម្ម​ប្រឆាំង​លោក កឹមសុខា។ ការនិយាយ​បែបនេះ ទំនងជា ចង់ប្រកាស់ថា ខ្លួនលោក​ដែលបាន​ស្រែក​ក្តែងៗកន្លងមក​មិនមែន​ជា​ សម្លេងមកពី គណបក្ស​ប្រជាជនកម្ពុជាទេ គ្រាន់ជា សម្លេងរបស់​បុរសខ្លាំង​ម្នាក់។

ពិធី​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នៅ​ជាប់​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​គាំទ្រ​លោក ជុំ ម៉ី ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ទីស្ដីការ​គណបក្ស​សង្គ្រោះ​ជាតិ។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក ជុំ ម៉ី និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា និង​រក​វិធី​តវ៉ា​ផ្សេង​ដើម្បី​​ឲ្យ​​ការ​ឃោសនា និង​ការ​បោះ​ឆ្នោត ខែ​កក្កដា ខាង​មុខ មាន​បរិយាកាស​ល្អ៖ «សូម​លោក​កុំ​ភណ្ឌ​ច្រឡំ បើ​សិន​មាន​មេដឹកនាំ​គណបក្ស​ប្រជាជន ពិសេស ហ៊ុន សែន ចេញ​មុខ ឬ ហេង សំរិន ចេញ​មុខ ឬ​អ្នក​ដឹកនាំ​ដទៃ​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​ចេញ​មុខ​ពិត​ប្រាកដ កម្រិត​អស់​លោក​គាំទ្រ​អត់​បាន​ទេ។ បើ​អស់​លោក​មិន​រត់​ចូល​ដេក​ក្នុង​ស្ថានទូត​បរទេស​ទេ ខ្ញុំ​ថ្វាយបង្គំ»។ (អានបន្ថែម ៖ វិទ្យុអាស៊ីសេរី ផ្សាយ​ថ្ងៃទី១៣ មិថុនា ២០១៣ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី ផ្អាក​ធ្វើ​បាតុកម្ម)

HUN SEN Accused KEM Sokha -SEX ABUSE

រូបភាព ពីហ្វែសប៊ុក KEM Sovanna

ម្ចាស់ឆ្នោត​ ដែល​យល់ដឹងពី​ ការបោះឆ្នោត អាចនឹង​នឿយណាយ​ក្នុងការបោះឆ្នោត​ ព្រោះ គណបក្សកាន់អំណាច ហាក់មិនចាប់អារម្មណ៍​នឹងមុខម៉ាត់ក​ម្ពុជា នៅក្នុង​ឆាក​អន្តរជាតិទេ ទោះបីជា អ្នក​សង្កេតការណ៍អន្តរជាតិ​ដូចជា សហភាពអឺរ៉ុប ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មកចូលរួម​ក្នុង​ការបោះឆ្នោត​ខែកក្កដា ខាងមុខ តែ​ លោក​នាយករដ្ឋមន្រ្តីខ្មែរ បែរជា ប្រកាសអញ្ជើញ​ប្រទេស​ដៃគូ​ក្នុងអាស៊ាន អោយបញ្ជូន​អ្នកសង្កេតការណ៍​ជំនួស​អ្នក​ជំនាញសង្កេតការបោះឆ្នោតវិញ។ គេឃើញថា គ.ជ.ប ដែល​តែង​រងការ​ចោទប្រកាន់ថា លម្អៀង​ទៅរក​គណបក្ស​កាន់អំណាច ជាអ្នកចេញមុខអញ្ជើញ​ប្រទេស​មួយចំនួន​​មកសង្កេតការណ៍ ឬគ្រាន់ផ្តល់​សេចក្តីគាំទ្រ​ដល់ រដ្ឋាភិបាល​ថ្មី​​ដែល​កើតចេញពីការបោះឆ្នោត​មិនស្មើភាពមួយ។ ផ្ទុយ​ទៅវិញ មេដឹកនាំ​ សម រង្ស៊ី ដែល​មិនអាច​ចូលស្រុកវិញ​ បែរខំស្រែក​មិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ ទោះបីជា រដ្ឋាភិបាល​បង្កើត​ដោយ​គណបក្ស​ប្រឆាំងក៏ដោយ។ ទង្វើបែបនេះ ហាក់បង្ហាញ​ឱកាស​បែកបាក់ផ្ទៃក្នុង​ ឬភាពមិនទុកចិត្ត​រវាង មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ទើ​បតែ ព្រម​បោះ​ទុន បង្កើត​គណបក្ស​ប្រឆាំង​រួមគ្នា​​ ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី​៥ (២០១៣-២០១៨)។ លោក សម រង្ស៊ី ធ្លាប់​បញ្ឆោត លោក កឹម សុខា ម្តងរួចមក​ហើយ​ កាល​ពី​ដើម​នីតិកាលទី​៤ ហើយ​តម្រុយថ្មីៗបែបនេះ បានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំគណបក្ស​ប្រឆាំង​ កំពុងតែ​យល់ច្រឡំ ឬមិនទាន់យល់ចិត្ត​គ្នា ឬ​មិនទាន់អាច​រួបរួម​ស្ថានការណ៍​ក្នុងបក្ស​ ​ដូច គណបក្សកាន់អំណាច បក្ស​ប្រជាជនកម្ពុជាទេ។

សម្រាប់ម្ចាស់ឆ្នោតទូទៅ ពួកគេមិនខ្វល់ថា នរណាជាអ្នកកាន់អំណាច តែពួកគេចង់ឃើញ​សេដ្ឋកិច្ច​ និង​ស្ថេរភាពនយោបាយ​​ ក្នុងប្រទេស​មានការលូតលាស់​។​ ទោះបីជា​យ៉ាង​ណា អ្នកវិភាគផ្តល់យោបល់ថា អ្នកវិនិយោគ​មានការកើនឡើង ឬថយចុះ វាជា​ការវាស់វែង​យ៉ាងច្បាស់លាស់មួយថា តើ​ស្ថេរភាពនយោបាយកម្ពុជា ដើរទៅមុខ ឬថយក្រោយ។

ថ្ងៃនេះមានបាតុកម្មធំមួយក្នុងស្រុកខ្មែរ ខែមិថុនា 9, 2013

Posted by មេឃា in Cambodia Feature Stories.
Tags:
add a comment

ដូចការគ្រោងទុកចឹង លោក ជុំ ម៊ី អតីតអ្នកទោសគុកទោសស្លែង បានចេញមុខដឹកនាំ បាតុកម្មដ៏ធំមួយ ធ្វើឡើងទាំងក្នុងរាជធានី និងបណ្តាខេត្ត ប្រឆាំងនឹង អ្នកតំណាងរាស្រ្តខ្មែរមណ្ឌលកំពង់ចាម លោក កឹម សុខា កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា។

ពិសេសជាង បាតុកម្មមុនៗ ដែលរដ្ឋាភិបាល តែងបង្រ្កាប ឬរារាំង ហើយពលរដ្ឋខ្មែរ មិនអាច ឃើញទម្រង់ បាតុកម្ម នានា តាមកញ្ចក់ទូរទស្សន៍ លើកនេះស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនក្នុងនោះរួមមាន ទូរទស្សន៍ បាយ័ន ស៊ីធីអិន បានផ្សាយផ្ទាល់ពី ព្រឹត្តិការណ៍នេះ ដោយបង្ហាញ និងអត្ថាធិប្បាយ ថា ចំនួនអ្នកចូលរួមបាតុកម្ម ក្នុងក្រុងភ្នំពេញ អាចលើសពី ពីរម៉ឺននាក់ បើរាប់ទាំង បាតុករ ឈរលើកបដាប្រឆាំង លោក កឹម សុខា តាមសាលាមហាវិទ្យាល័យ នេះមិនទាន់រាប់ ដល់បណ្តាខេត្តមួយចំនួន ដែលបាតុកម្ម យ៉ាងច្រើនកុះករ ស្របពេលជាមួយគ្នា។ បាតុកម្មធំបែបនេះ ត្រូវបានពលរដ្ឋធម្មតា មើលឃើញច្បាស់ថា បាន ផ្តួចផ្តើមឡើងដោយ លោកនាយក រដ្ឋមន្រ្តី ហើយទទួលបានការគាំទ្រ ទាំងថវិកា ទឹកចិត្ត និងសម្ភារៈ ពី តំណាងរាស្រ្ត និងមេឃុំគណបក្សកាន់អំណាច មន្រ្តីរាជការ សាស្រ្តាចារ្យ និស្សិត អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់បញ្ចូលទាំង ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែតអ៊នឡាញ ។ល។ បើសួររកមូលហេតុ ហ្វូងបាតុករ គឺខឹងសម្បានឹង លោក កឹម សុខា ដោយសារលោក ប្រើពាក្យថា គុកទួលស្លែងជា គុកសិប្បនិមិត្ត ទើបនាំអោយ ផ្ទុះកំហឹងនេះឡើង បំណងធំ ពួកគេចង់បានពាក្យ សុំទោស និងពិធីសុំខមាលទោស ដោយអុធធូប ពីអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង។ បាតុកម្ម ត្រូវបញ្ចប់ ក្រោយពេល បាតុករប្រមាណ ៥០០នាក់ ដង្ហែរញាតិរបស់លោក ជុំ ម៊ី បញ្ជូនដល់ ស្នាក់ការ គណបក្សសង្គ្រោះជាតិ ហើយត្រូវបានទទួល (ញាតិ) ដោយ លោកជំទាវ មូ សុខហួ ខណៈដែល លោក កឹម សុខា កំពុងចូលរួម វេទិកាមួយ នាខេត្តកំពត។ សម្រាប់ពលរដ្ឋ និងនិស្សិត ដែលចូលរួមសម្តែងមតិតាមរយៈការ បាតុកម្ម ប្រឆាំង លោក កឹម សុខា ថ្ងៃនេះ យ៉ាងហោចណាស់ ក៏អាចទទួលបាន ថវិកា ពីរម៉ឺនរៀល ពី លោកនាយករដ្ឋមន្រ្តី។

បក្ស​កាន់អំណាចមូលមតិគ្នាអនុម័តច្បាប់ប្រឆាំងការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម ខែមិថុនា 7, 2013

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, ព័ត៌មាននីត្យានុកូល.
add a comment

សេចក្តីស្នើ «ច្បាប់ស្តីអំពី ការប្រឆាំង​ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្តឡើង​ក្នុងរយៈកាល​នៃ​កម្ពុជា​ប្រជាធិ​បតេយ្យ» ​ដែល​ផ្តួចផ្តើម​​ឡើង​ដោយ​​លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​​សមាជិក​​សភា​គណបក្ស​​កាន់អំណាច​មូលមតិ​​​គ្នា​​​​​អនុម័ត​​ជា​ផ្លូវ​ការ​ហើយ ​នៅ​​ព្រឹក​ថ្ងៃ​សុក្រ​​ (៧ មិថុនា ២០១៣) នេះ​ ខណៈដែល​​​គ្មាន​តំណាង​រាស្រ្ត​បក្ស​​ប្រឆាំង​​​ចូល​រួម។

តំណាងរាស្រ្ត​​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​​ប្រាប់​ អ្នកសារព័ត៌មាន​​ថា សេចក្តីស្នើច្បាប់​​នេះ ត្រូវ​បាន​អនុម័ត​​ដោយ​​សំឡេង ៨៦​ លើ​៨៦ ហើយ​​ធ្វើឡើង​​ក្នុង​គោលដៅ​​ឲ្យ​​ប្រជាពលរដ្ឋ មាន​ការចងចាំ មិន​ភ្លេច​​ពី​ប្រវត្តិសាស្ត្រ​​ដ៏​ជូរ​ចត់​ពី​អតីតកាល និង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

សេចក្តី​ព្រាង​ច្បាប់​ថ្មីនេះ​មាន ត្រឹម ៥មាត្រា ដោយ​បានកំណត់​ ដាក់ទោស​លើ​ជន​ណា​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ក្នុង​របប​ខ្មែរក្រហម​​ ត្រូវ​ដាក់​ពន្ធនាគារ​ពី ៦ ខែ​ទៅ ២ ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀលទៅ ៤​លាន​​រៀល

ទាំង​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បានយល់ស្របគ្នា​ថា ច្បាប់​នេះ​គឺជា​ច្បាប់​នយោបាយ និង​អធម្មនុញ្ញ​ភាព។ កាលពីថ្ងៃម្សិលមិញ តំណាង​រាស្ត្រ​គណបក្ស​​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា រដ្ឋសភា​បច្ចុប្បន្ន​ ​គឺអធម្មនុញ្ញ​ភាព ដោយសារតែ ​គណៈកម្មាធិ​ការ​អចិន្រ្តៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃពុធ បាន​សម្រេច​​ហាម​ឃាត់​ពួកគេ មិន​ឲ្យ​ជជែក​ពិភាក្សា រាប់​ទាំង​ ​ការ​ពិភាក្សា​អំពី​ច្បាប់​​ប្រឆាំង​​កា​រ​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​​ក្រហម និង​បាន​បង្កក​ប្រាក់​បៀវត្សរ៍ ក្រោយ​ពី​​តំណាង​រាស្រ្ត​ចំនួន​២៩នាក់ បាន​ចូលជា​​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​។ ស្របពេលជាមួយគ្នានេះ ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​​ភ្នំពេញ​​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា «វាជា​មូល​ហេតុ បាន​ព្រាង​ឡើង បន្ទាប់​ពី​សំឡេង​លោក កឹម សុខា និង​សុន្ទរកថា​លោក ហ៊ុន​ សែន។ មូល​ហេតុ​នេះ គឺ​ច្បាស់​លាស់​ថា គឺជា​​ច្បាប់​នយោបាយ»។

វិទ្យុ​ ABC កម្ពុជា 107.50 FM ល្បីសម្បើម​ ខែ​ឧសភា 17, 2013

Posted by មេឃា in កខគឃង.
2 comments

ABC 107.50 FM

វិទ្យុ​ អេ ប៊ី ស៊ី កម្ពុជា ១០៧.៥០ អែហ្វអឹម កំពុងតែ ចាប់ផ្តើម​ល្បី​អស្ចារ្យ​សម្បើម​ហើយ។ កន្លងមក​ អ្នក​ស្តាប់​​វិទ្យុ ​ដែល​ចង់ដឹង​ ឮ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ អសន្តិសុខ​សង្គម តែង​តែ ស្តាប់​វិទ្យុ​ មួយនេះ។ អ្នក​ដែល​ស្តាប់ រាប់​ទាំង ជនរងគ្រោះ ជនល្មើស ចោរ និង​ប៉ូលីស។ ភាគច្រើន មាន​ជន​រងគ្រោះ ឬសាក្សី​ ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់បាន ខល​ចូល​ក្នុង​​កម្មវិធី ដើម្បី រៀប​រាប់​ ពីព្រឹត្តិការណ៍ ឬអន្តរាគមន៍ ជួនកាល ក៏​មាន​ចោរ​ ឬ​ប៉ូលីសចរាចរណ៍​ ខល​ចូល​ដើម្បី ការពារការចោទប្រកាន់ ឬ​បង្វែង​ដានផ្លូវ​គេចខ្លួន​ដូច​គ្នា​។ ​អ្នក​ជិតខាងខ្ញុំ​លាន់ម៉ាត់ថា «​ការប្រកាស​​ជា​សាធារណៈ​ពី ទិសដៅ​​របស់​ ជនល្មើស គេច​ទៅ ណា តាម​វិទ្យុ​​ហ្នឹង​ ​គឺ​ជួយ​ ជនល្មើស​​វិញ​ទេ ព្រោះ ជន​ល្មើស​ ក៏ស្តាប់​វិទ្យុ​នេះ​ដែរ ម៉្យាង​កន្លងមក មិនដែល​ឃើញ​ចាប់​​បាន​​ជន​បង្ក​ហេតុសោះ ពិសេស​ករណី គ្រោះថ្នាក់ចរាចរណ៍​យប់ៗ»។

A-15-year-old-girl-Became-prisoners-Because-the-report-is-not-true-to-the-ABC-Radio_cen

ថ្មីៗនេះ វិទ្យុ​ អេប៊ីស៊ី កម្ពុជា បានជម្រុញ​ចិត្ត​អោយ​ ក្មេង​​ស្រីម្នាក់ អាយុ ១៥ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ​ កំពុង​រៀនត្រឹម​ថ្នាក់ទី៧ បាន​ក្លាយ​ជា ​ មេបង្ក​ហេតុ ​ដែ​ល សមត្ថកិច្ច​យល់​ថា ​នាំ អោយ​​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ដល់ ​សន្តិសុខជាតិ ក្រោយ​ពី ក្មេង​ស្រី​រូបនេះ ​បាន​ បង្ហើប​​ព័ត៌មាន ថា រូបនាង​ត្រូវបាន​គេ ចាប់ជំរិត។ ​ ព័ត៌មាន អំពី ការចាប់ជំរិត ដែល​សាម៊ី​ខ្លួន ​បាន​រាយការណ៍ ដោយផ្ទាល់​ប្រាប់​វិទ្យុ អេប៊ីស៊ី កម្ពុជា តាំងពីល្ងាច​ថ្ងៃ​​ទី​១២ ខែឧសភា ​ត្រូវបាន​ អ្នកផ្សាយ​កម្មវិធី វិទ្យុ បន្ទម៉ាទំហឹង ហើយ​ផ្សព្វ​ផ្សាយ​បន្ត​​ពេញ​ទូទាំង​ប្រទេស សូម្បី​តែ​ ​ចោរ ឬ​ប៉ូលីស ក៏បាន​ដឹង។ មួយថ្ងៃក្រោយ​មក សមត្ថកិច្ច​​ បាន​ឈាន​​ដល់​ការ​​ស្រាវជ្រាវ​វែក​​មុខ ស្វែងរក​ឃើញ​ជន​រង​គ្រោះ ​តែជា លទ្ធផល ក្មេងស្រី ដែល​​បក​ស្រាយ​ថា គ្រាន់តែ យាយលេង​ជាមួយ​មិត្ត​ភក្តិ សោះ ត្រូវ​ជាប់​ឃុំ​ខ្លួន នៅពន្ធនាគារ​ ហើយ​ប្រឈម​នឹង ការចោទប្រកាន់ពី បទ «រាយ​ការណ៍​​ព័ត៌មាន​មិនពិត និង​ធ្វើ​អោយ​​មាន​​ការ​​ប៉ះពាល់​​ដល់​​សន្តិសុខ​​សង្គម​​យ៉ាង​​ធ្ងន់ធ្ងរ»។

សម្រាប់​អ្នក​ច្បាប់ យល់ថា អាយុ និងចេតនា​​ របស់​ កុមារី​វ័យ ត្រឹម ១៥ឆ្នាំនេះ មិនធន់​​ល្មម​នឹងចោទ​ពី បទ​=ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បែបនេះ ឡើយ​ តែ​មជ្ឈដ្ឋាន សាធារណៈ បែរជា យល់​ថា កុមារី រូបនេះ សមមុខហើយ ដែល​លេង​មិនចេះគិត ! ទោះបីជា​យ៉ាងណា មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា កំពុង​ផ្តល់​មេធាវី ជំនួយផ្នែកច្បាប់​ដើម្បី​ធានា​ កុមារី​នេះ អោយ​នៅ​​ក្រៅឃុំ ខណៈ​ដែល​នាង ត្រូវ​ជាប់​ឃុំ​អស់ជាង ៤ថ្ងៃមកហើយ បើគិតចាប់ពីថ្ងៃឃុំខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។

អ្នកវិភាគ​សង្គមជឿជាក់ថា ការដាក់ទោសកុមារី​នេះ គ្រាន់ជាការ រក្សា​ និង​ស្តារ​មុខ​ម៉ាត់​របស់​ស្ថាប័ន​មានសមត្ថកិច្ច ហើយ​ក៏​ជាការ​ព្រមាន​ដល់​​អ្នក​បោះឆ្នោត​ដទៃទៀត អោយ​មើល​មុខ​ក្រោយ​​មុននឹង​សម្រេច​បោះឆ្នោត​​គាំទ្រ​គណបក្សណាមួយ។ អ្នកបោះឆ្នោត​មិនត្រូវ​ភ្លេចឡើយថា នៅ​មាន​អំពើ​ ឃោរឃៅ លើសនេះ​ទៀត​ ​ដែល​បង្កឡើង​ដោយ​មនុស្ស​មាន​អំណាច​ តែ​មិនត្រូវបាន​ តុលាការ សម្រេច​កាត់ទោស ឬ​ឃាត់ខ្លួន​ឡើយ៕

ព័ត៌មាន​ទាក់ទង ៖

CNC និង CTN ធ្លាក់កូដ ក្នុងការផ្សាយ​ព័ត៌មាន ? ខែ​មេសា 30, 2013

Posted by មេឃា in កខគឃង.
Tags: , , ,
3 comments

ទើបតែ​ដឹងថា ​អ្នក​ផឹក​កាហ្វេ​​​អត់​ចូល​ចិត្ត​មើល​​ព័ត៌មាន​អត្ថា​ធិប្បាយ​របស់ លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN)។

ខាន​​ចូល​​តៀម​កាហ្វេ​​ពេល​ព្រឹក​​យូរ ​ព្រឹក​មិញ ​ខ្ញុំ​បាន​ចូល​តៀមកាហ្វេ​ក្បែរផ្ទះ​មួយ ឃើញ​ទូរទស្សន៍​បើ​ក​ ប៉ុស្តិ៍​ហង្សមាស ខ្ញុំក៏​បានប្រាប់​​ ថៅកែ​អោយ​ប្តូរ​ប៉ុស្តិ៍ ​CNC ដើម្បី​មើលព័ត៌មាន ស្រាប់តែ ត្រូវ​ថៅកែ​ ស្តីអោយ​ តាំង​ព្រឹកថា ភ្ញៀវភាគច្រើន​អត់ចង់មើល ការឃោសនា​របស់ លោកនាយក ឆាយ៉ា កំពុងលើកជើង នាយក​រដ្ឋ​មន្រ្តី​ទេ។ ថៅកែ​បន្តថា បើ​យកកម្មវិធីព័ត៌មាន ឃោសនា​អោយ​នាយករដ្ឋមន្រ្តីចឹង គួរតែ​ប្តូរឈ្មោះ កម្មវិធី ព័ត៌មាន ទៅជា កម្មវិធីឃោសនាវិញ !

CNC-Cambodian TV

លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN) កំពុង​អត្ថាធិប្បាយ​ ក្នុង​កម្មវិធីព័ត៌មាន CNC

នេះគ្រាន់​តែជា មតិ​មួយ​របស់ ម្ចាស់ហាងទេ តែបើ​តាម​ខ្ញុំ​សង្កេតមើល នៅក្បែរផ្ទះខ្ញុំ តៀមកាហ្វេ​ភាគច្រើន ពេលព្រឹក តែងបើក មើល​ប៉ុស្តិ៍ ហង្សមាស ព្រោះ វាមាន​ព័ត៌មាន និងរូបភាព ពីអសន្តិសុខសង្គម គ្រោះ​ថ្នាក់​ចរាចរ​ណ៍ … ដែល​ផ្សារភ្ជាប់នឹងជីវភាព​របស់​ប្រជាពលរដ្ឋ។ ខុសពី ប៉ុស្តិ៍ CNC និង CTN ដែល​ យក ព័ត៌មាន​ទាន់​ហេតុការណ៍ ជាគោល បែរជា និយាយតែ ពី​ មន្រ្តីរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តី។ បើ​បែបនេះ ទៀត តែ​ប៉ុស្តី ព័ត៌​មាននាំមុខគេ នេះ អាច​ធ្លាក់កូដទេ ?

ពីមុន ប៉ុស្តិ៍ CNC MYTV និង CTN ចេះតែ ក្អែងក្អាង បានហើយ ព្រោះមិន​សូវមាន គូប្រជែង តែ អាលូវ មាន​គូប្រជែង​ ដែល​មានបច្ចេកទេស​មិន ចាញ់គ្នា ក្នុងការ​ផ្តល់កម្មវិធី កំសាន្ត ដូចជា ប៉ុស្តិ៍ ហង្សមាស HD និង​ប៉ុស្តិ៍ CTV8 HD មក​ដណ្តើម​ពាណិជ្ជកម្ម និងប្រជាប្រិយភាពដែរ ពិតជា អាចយ៉ាប់មិនខាន។ ចង់​រឿងកូរ៉េ ក៏គេ ឡូយជាង ចម្រៀងកូរ៉េ ក៏គេ មានដែរ បើយាយពី ភាពច្បាស់វិញ ប៉ុស្តិ៍ពីរនេះ HD …

បើមិនភ្ញាក់ខ្លួនទេ ប្រយ័ត្ន ហៅលែងឭ ណា លោក CNC MYTV និង CTN !

បំណងល្អ ពីអតីត​អ្នកគាំទ្រ ម្នាក់

គណៈមេធាវី ៖ សុក សំអឿន​​ និយាយ​ខ្វះការស្រាវជ្រាវ ខែ​កុម្ភៈ 19, 2013

Posted by មេឃា in កខគឃង.
add a comment

សន្និសីទ​សារព័ត៌មាន ​របស់ គណៈមេធាវី កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៣

ដំណឹង ៖ ត្រូវការ​ទិញ​ប្លុក ខែមករា 31, 2013

Posted by មេឃា in កំណត់ហេតុមេឃា, Cambodia Feature Stories.
11 comments

អ្នក​ធ្លាប់គិតថា ចង់លក់ប្លុករបស់អ្នកទេ ? បើ​លក់​… តើ​ចង់​លក់​ក្នុង​តម្លៃប៉ុន្មាន ?

​មិន​មែន​​ខ្ញុំ​ជា​អ្ន​ក​​​ត្រូវការ​​ទិញ​ប្លុកទេ សូមកុំ​​ទាន់​យល់​ច្រឡំ ! ​​នេះ​គ្រាន់​តែ​ជា ដំណឹង​មួយ ឃោសនា​ថា មាន​គេហ​ទំព័រ​ មួ​យ​ ឈ្មោះថា Statscrop or www.statscrop.com មាន​​កម្មវិធី​ វាយតម្លៃ​ប្លុក​របស់​ អ្នក​​​ ហើយនេះ​ក៏ជា កម្លាំង​លើកទឹកចិត្ត​មួយ ដល់​អ្នក​សរសេរប្លុក​ទាំងឡាយ ដើម្បី​ដឹងថា តម្លៃប្លុក​របស់​អ្នក​ថ្លៃប៉ុន្មាន ? សូម​បន្ត​បច្ចុប្បន្នភាព​ ប្លុក​របស់​អ្នក​ទៀត ក្រែងលោ អាច​លក់​បាន​រាប់​លាន​ដុល្លារ។ មិនមែនជា រឿង​ដែល​អស់សំណើចទេ ព្រោះ​ប្លុកមួយ ជាភាសាអង់គ្លេស Huffington Post ដែល​សរសេរ​ពី សង្រ្គាម​ក្នុង ប្រទេស​អាហ្វានីស្ថាន ធ្លាប់លក់​បាន រាប់លានដុល្លារ​ ​ទៅអោយ គេហទំព័រ​សារព័ត៌មាន​មួយ​រួចហើយ ដោយសារ​ ប្លុក​នេះ មាន​អ្នកមើលច្រើន។ សរសេរលេងលេង តែ​មាន​លុយ​មែនទែន !

ជាលទ្ធផល មាន​ប្លុកខេមរភាសា ស្រែខ្មុក មួយ [ sopheak.wordpress.com ] ត្រូវបាន​គេហទំព័រនោះ​ ផ្តល់​តម្លៃ ៣៨៦១ ដុល្លារ…  ចុះ​ប្លុក​អ្នកវិញ ? សាកល្បង​ Statscrop

StatsCrop-Jan-2013

%d bloggers like this: