jump to navigation

ប៉ូលីស​ដើរវ៉ៃគេ ខែ​វិច្ឆិកា 15, 2013

Posted by មេឃា in Cambodia Feature Stories.
trackback

ការ​​​រៀប​​​រាប់​​​របស់​​​រដ្ឋាភិបាល​​​និង​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​ខុស​​​គ្នា​​​ស្រឡះ​​​

Source : http://www.cambodiadailykhmer.com/news/7344/

ដោយ  and  – November 15, 2013

ទាល់​​​​តែ​​​​ឃើញ​​​​​​​ទើប​​​ជឿ​​​ ជា​​​​ពិសេស​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​​​​​ដែល​​​រដ្ឋាភិបាល​​​​គ្រប់គ្រង​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ និង​​​ព័ត៌មាន​​​​​ផ្សាយ​​​​​​​តាម​​​​​​​​បណ្ដា​​​​​ស្ថានីយទូរទស្សន៍​​​ និង​​​វិទ្យុសុទ្ធ​គាំទ្រ​​​រដ្ឋា​​​ភិ​​​បាល​​​ ដែល​​​​​​​​​​ជា​​​ញឹកញាប់​​​​​​​មានការខ្វែង​​​​គំនិត​​​គ្នា​​​​​​ជា​​​មួយ​​នឹង​​​​​​​​ស្ថា​​​ប័ន​​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​​ឯករាជ្យ​​​​នៅ​​​ក្នុ​ង​​​​ប្រទេស​​​កម្ពុជា​​​។

guns1_crop1-e1384484351553

មន្ត្រី​​នគរ​​បាល​​កំពុង​កាន់​​​​កាំភ្លើង​ដើម្បី​បង្រ្កាប​ទៅ​លើ​បាតុករ ​​អំឡុង​ការ​​ប៉ះ​ទង្គិច​​គ្នា​​ជាមួយ​ក្រុម​​កម្មករ​អេស​អិល​​ក្នុង​​ខណ្ឌ​មាន​​ជ័យ កាល​ពីថ្ងៃ​​អង្គារ​។ (រូបភាព ភ្នំពេញប៉ុស្តិ៍)

ប៉ុន្តែ​​​ក្រោយ​​​ពី​​​ហេតុ​​​ការណ៍​​​ប៉ះទង្គិច​​​គ្នា​​​​​​ដ៏​​​ហិង្សា​​​មួយ​​​រវាង​​​ក្រុម​​​កម្មករ​​​កាត់ដេរ​​​នៅ​​​រោង​​​ចក្រ​​​អេស​​​អិល​​​​​​​​​ និង​​​នគរបាល​បង្ក្រាប​​​កុប​​​កម្ម​​​នៅ​ជិត​ស្ពាន​​​ស្ទឹង​​​មាន​​​ជ័យ ក្នុង​ខណ្ឌ​មាន​ជ័យ​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​ធ្វើ​ឲ្យ​អ្នក​ឈរមើល​​​​​​​​​​​​​​​ម្នាក់​​​បាត់​​​បង់​​​ជីវិតនោះ​​​​​​​​​ ការ​​​រៀប​​​រាប់​​​ផ្លូវការ​​​របស់​​​រដ្ឋា​​​ភិបាល​​​​​​​​​នូវ​​​ហេតុ​​​ការណ៍​​​នោះ​​​​​​ត្រូវ​​​បាន​​​​​​ច្រាន​​​ចោល​​​​​​ដោយ​​​វីដេ​​​អូ ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អ៊ីនធើណិត​​​ ហើយ​​​​​​ផ្សាយ​​​​​​ពាស​​​ពេញ​​​គេហ​​​ទំព័រ​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​។

នៅ​​​ក្នុង​​​យុគសម័យ​​​មួយ​​​ ដែល​​​​​​ទូរស័ព្ទ​​​​​​ប្រភេទ​​​ស្មាត​​​ហ្វូន​​​និង​​​អ៊ីនធើណិត​​​​​​មាន​​​គ្រប់​​​កន្លែង ​​​រដ្ឋាភិបាល​​​​​​​​​មិ​​​នអាច​​​​​​គ្រប់គ្រង​​​​​​រូប​​​ភាព​​​ដែល​​​ប្រជាជន​​​​​​ចង់​​​​​មើល​​​បាន​​​​​ឡើយ​​​។ សាក្សី​​​និយាយ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ ​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​ស្ថានីយ​​​ទូរទស្សន៍​​​ទាំង​​​ប្រាំបួន​​​​​​​​​បាន​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​អំពី​​​ហេតុការណ៍​​​ប៉ះទង្គិច​​​គ្នា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ ដែល​​​បង្ហាញ​​ពី​​​ទិដ្ឋភាព​​​នគរ​​​បាល​​​ក្លាយ​​​ជា​​​ជន​​​រងគ្រោះ​​​ ដោយ​​​សារ​​​ត្រូវ​​​ក្រុម​​​បាតុករ​​​គប់​​​ដុំថ្ម​​​​​​ដាក់​​​ ប៉ុន្តែ​​​​​​មិន​​​បាន​​​​​​បង្ហាញ​​​​​​ពី​​​ទិដ្ឋភាព​​​មន្ត្រី​​​នគរបាល​​​​​​បាញ់​​​​​​គ្រាប់​​​កាំភ្លើង​​​ពិត​​​​​​ទៅ​​​លើ​​​បាតុករ​​​ឡើយ​​​ ដោយ​​​​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​នោះ​​​​​​ស្ត្រី​​​អ្នក​​​លក់​​​អាហារ​​​​​​​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ម្នាក់​​​ឈ្មោះ អេង សុុខុំ អាយុ​​​៤៩​​​ឆ្នាំ​​​បាន​ត្រូវ​​​គ្រាប់​​​ស្លាប់​​​​​​ និង​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​។

ចំណែកឯ​​​ខាង​​​​​​នគរបាល​​​វិញ​​​​​​ ពួក​​​គេ​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​បាញ់​​​គ្រាប់​​​ពិត​​​ទេ ហើយ​​​​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​ប្រើប្រាស​​​់​​​តែ​​​ឧស្ម័ន​​​បង្ហូរ​​​ទឹក​​​ភ្នែក និង​​​គ្រាប់​​​កាំភ្លើង​​​ជ័រ​​​ប៉ុណ្ណោះ​​​​​​។​​​នៅ​​​ក្នុង​​​វីដេអូ​​​មួយ​​​ ដែល​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ បាន​​​បង្ហាញ​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ រូប​​​ភាព​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ពី​​​ទិដ្ឋភាព​​​នគរ​​​បាល​​​បង្ក្រាប​​​កុប​​​កម្ម​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ពីរ​​​នាក់​​​​​​បែរ​​​មុខ​​​ទៅ​​​​​​បាតុករ​​​ ហើយ​​​បាញ់​​​​​​កាំភ្លើង​​​​​​ខ្លី​​​​​​របស់​​​ខ្លួន​​​​​​ជា​​​ច្រើន​​​គ្រាប់​​​ទៅ លើ​​​បាតុករ​​​ទាំង​​​នោះ​​​។

នៅក្នុង​​​​​​ឈុត​​​ឆាក​​​មួយ​​​ទៀត​​​ក្នុង​​​វីដេអូ​​​របស់​​​​​​​​​អង្គការ​​​លីកាដូ នគរបាល​​​​​​បាន​​​ស្រែក​​​​​​គំហក​​​គំរាម​​​យុវជន​​​ម្នាក់​​​​​​ដែល​​​អះអាង​​​ថា រូប​​​គេ​​​ជា​​​និស្សិត​​​ ដោយ​​​សួរ​​​ថា ហេតុអ្វី​​​បាន​​​ជា​​​​​​យុវជន​​​​​​រូប​​​នោះ​​​​​​នៅ​​​កន្លែង​​​​​​តវ៉ា​​​។ នគរបាល​​​ម្នាក់​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​យុវ​​​ជន​​​នោះ​​​ថា “អញ​​​នឹង​​​បាញ់​​​សម្លាប់​​​ហ្អែង​​​ហើយ​​​​​​យក​​​ខ្មោច​​​ហ្អែង​​​បោះ​​​ចោល​​​”។

ការ​អះអាង​របស់​រដ្ឋាភិបាល​​​ដែល​​​ថា នគរបាល​​​គ្រាន់​​​តែ​​​ការពារ​​​ខ្លួន​​​នោះ​​​ ក៏​​​ត្រូវ​​​បាន​​​​​​លាត​​​ត្រដាង​​​ការពិត​​​​​​ដែរ​​​ ដោយ​​​សារ​​​វីដេអូ​​​​​​​​​បង្ហោះ​​​ពេញ​​​ហ្វេសប៊ុកបង្ហាញ​​​ពី​​​​​​ភាព​​​សាហាវ​​​​​​ព្រៃ​​​ផ្សៃ​​​ហួស​​​ហេតុ​​​ ដែល​​​កង​​​កម្លាំង​​​នគរបាល​​​​​​ និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ធ្វើ​​​ទៅ​​​លើ​​​ជន​​​ស៊ីវិល​​​​​​គ្មាន​​​អាវុធ​​​​​​នៅ​​​ក្នុង​​​ដៃ​​​រួម​​​ទាំង​​​ព្រះ​​​សង្ឃ​​​ផង​​​។ វីដេអូមួយ​​​ មាន​​​ចំណង​​​ជើង​​​ថា “វ៉ៃ វ៉ៃ វ៉ៃ” ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​​​​តាម​​​គេហ​​​ទំព័រ​​​យូធូប​​​​​​ បង្ហាញ​​​ពី​​​សកម្មភាព​​​នគរបាល​​​​​​បង្ក្រាប​​​កុប​​​កម្ម​​​ និង​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​​​​វាយ​​​ដំ​​​​​​​​​ដោយ​​​គ្មាន​​​ធម៌​​​មេត្តា​​​ទៅ​​​លើ​​​​​​យុវជន​​​ ដែល​​​មិន​​​​​​​​​តតាំង​​​​​​។ អ្នក​​​ខ្លះ​​​​​​បាន​រង​​​របួស​​​​​​ជាំខ្លួន​​​​​​ប្រាណ និង​​​បាក់​​​ឆ្អឹង​​​។

វីដេអូ​​​​​​នោះ​​​មាន​​​អម​​​​​​ដោយ​​​បទ​​​ចម្រៀង​​​​​​មួយ​​​បទ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ដើរ​​​​​​វ៉ៃ​គេ”។ តារា​​​ចម្រៀង​​​​​​រូប​​​នោះ​​​​​​បាន​​​សួរ​​​កង​កម្លាំង​សន្ដិសុខ​​​ថា “បង​​​ប្រុស​​​​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​បង​​​ធ្វើ​​​បែប​​​នោះ​​​? គ្មាន​​​អ្នក​​​ណា​​​​​​ស្រលាញ់​​​ចូល​​ចិត្ត​​​បង​​​ទេ​​។ បង​​​គួរតែ​​​ធ្វើ​​​រឿង​​​ល្អ​​​វិញ​​​ទើប​​​ជា​​​​​​ការ​​​ប្រសើរ”។

យុវតី​​​ គឹម មួយ​​​លីង ជា​​​សិស្ស​​​វិទ្យា​​​ល័យ​​​ថ្នាក់​​​ទី​​​១១​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ​​​​​​បាន​​​និយាយ​​​​​​កាលពី​​​ម្សិលមិញ​​​ថា ​​​នាង​​​​​​តក់​​​ស្លុត​​​​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ពេល​​​នាង​​​​​​បើក​​​​​​វីដេអូ​​​យូធូប​​​​​​តាម​​​ទូរ​​​ស័ព្ទ​​​អាយហ្វូន​​​ហ្វ័រ​​​របស់​​​នាង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ហើយ​​​ឃើញ​​​​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ រាជធានីភ្នំពេញ​​​​​​។ នាង​​​បាន​​​និយាយ​បន្ថែម​​​ទៀត​​​​​ថា “វា​​​គួរ​​​ឲ្យ​​​តក់​​​ស្លុត​​​យ៉ាង​​​ខ្លាំង​​​​​​ ពីព្រោះ​​​ពួក​​​គេ​​​​​​វាយ​​​ដំ​​​មនុស្ស​​​គ្រប់គ្នា​​​​​​ខ្លាំង​​​ៗនឹង​​​ដំបង​​​និង​​​ទាត់​​​ធាក់​​​ពួក​​​គេ​​​​​​ដោយ​​​គ្មាន​​​​​​មេត្តា​ធម៌​​”។

លោក​​​ ផៃ សីុផាន​​​ អ្នកនាំពាក្យ​​​ទីស្ដីការ​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មានប្រសាសន៍​​​ថា រូប​​​ភាព​​​អ៊ីនធើណិត​​​​​​បង្ហាញ​​​ពី​​​ប្រតិបត្តិ​​​ការ​​​របស់​​​​​​នគរ​​​បាល​​​​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​ទិដ្ឋភាព​​​មួយ​​​ជ្រុង​​​ប៉ុណ្ណោះ​​​ ហើយ​​​មិន​​​បាន​​​​​​បង្ហាញ​​​ពី​​​ទង្វើ​​​ហិង្សា​​​​​​របស់​​​បាតុករ​​​​​​ឡើយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​ខ្វល់​​​នឹង​​​សេចក្ដី​​​រាយការណ៍​​​រិះគន់​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​​ឡើយ​​​ ពីព្រោះ​​​គណ​​​បក្ស​​​កាន់អំណាច​​​មាន​​​ “ប្រព័ន្ធ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​​​​យើង​​​​​​សម្រាប់​​​​​​ពន្យល់​​​បក​​​ស្រាយ​​​ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​  [ពី​​​អ្វី​​​ដែល​​​បាន​​​​​​កើតឡើង​​​ពិត​​​ប្រាកដ]។ យើង​​​មាន​​​បណ្ដាញ​​​​​​ផ្ទាល់​​​របស់​​​យើង​​​។ ប្រសិន​​​បើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​និយាយ​​​មិន​​​ល្អ​​​ពី​​​រដ្ឋាភិ​​​បាល​​​ វា​​​ជា​​​ជម្រើស​​​របស់​​​​​​ពួក​​​​​​គេ”។

ជា​​​ការពិត​​​ណាស់​​​ មាន​​​រូប​​​ភាព​​​ និង​​​​​​វីដេអូ​​​ជា​​​ច្រើន​​​ផ្សាយ​​​តាម​​​អីុន​​​ធើណិត​​​​​​ ដែល​​​បង្ហាញ​​​ពី​​​បាតុករ​​​​​​​​​ដុត​​​បំផ្លាញ​​​រថយន្ត​​​នគរបាល​​​ ហើយ​​​ព្រះសង្ឃ​​​គង់​​​​​​នៅ​​​វត្ត​​​ស្ទឹង​​​មានជ័យ​​​គប់​​​​​​ដុំថ្ម​​​​​​ និង​​​​​​ដុំ​​​ឥដ្ឋ​​​​​​ធំៗ​​​ដាក់​​​នគរបាល​​​។

លោក​​​ អំ សំអាត​​​ មន្ត្រី​​​ឃ្លាំ​​​មើល​​​​​​ជាន់​​​ខ្ពស់​​​ នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ បាន​​​មាន​​​ប្រសាសន៍​​​ថា វីដេអូ​​​​​​ចែក​​​រំលែក​​​តៗ​​​គ្នា​​​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​​ បាន​​​បង្ខំ​​​ឲ្យ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​ទង្វើ​​​របស់​​​​​​ពួក​​​គេ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ត្រូវ​​​តែ​​​​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​ឲ្យ​​​បាន​​​​ខ្ពស់​​​ចំពោះ​​​ឥទ្ធិពល​​​នៃ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម ​​​ពីព្រោះ​​​រូប​​​ថត​​​ និង​​​​​​រូបភាព​​​វីដេអូ​​​​​​បង្ហោះ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​ នឹង​​​បង្ហាញ​​​ការ​​​ពិត​​​​​​គ្រប់​​​យ៉ាង ទាំង​​​ល្អ ទាំង​​​អាក្រក់​​​ ពី​​​ទង្វើ​​​របស់​​​ភាគី​​​ទាំងនោះ​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា អ្នក​​​ដែល​​​​​​ទទួល​​​បាន​​​អត្ថ​​​ប្រយោជន៍​​​ពី​​​បណ្ដាញ​​​ព័ត៌មាន​​​ថ្មី​​​ទាំងនេះ​​​ មិន​​​មែន​​​មាន​​​តែ​​​​​​យុវជន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ទេ​​​។ លោក​​​ អំ សំអាត បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “មនុស្ស​​​ចាស់​​​​​​ភាគ​​​ច្រើន​​​នៅ​​​តាម​​​ខេត្ត​​​​​​ក៏​​​ចេះ​​​​​​​​​ប្រើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​ដែរ​​​ ពីព្រោះ​​​​​​កូន​​​ៗ​​​​​​បង្រៀន​​​ពួក​​​គាត់​​​ឲ្យ​​​ចេះ​​​ប្រើ​​​ប្រាស់​​​ [ទូរ​​​ស័ព្ទ​​​ស្មាតហ្វូន] និង​​​មើល​​​វីដេអូ​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ ឆាយ​​​ ធី មន្ត្រី​​​ឃ្លាំ​​​មើល​​​នៃអង្គការ​​​​​​សិទ្ធិមនុស្ស​​​អាដហុក​​​​​​ ប្រចាំ​​​ខេត្ត​​​រតន​​គិរី​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​​​​​​​ប្រើប្រាស់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​សង្គម​​​នៅ​​​មាន​​​កម្រិត​​​នៅ​​​ឡើយ​​​​​​នៅ​​​ក្នុង​​​​​​តំបន់​​​ជន​​​បទ​​​ជា​​​ច្រើន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​ខេត្ត​​​ដាច់​​​ស្រយាល​​​​​​នេះ  [រតនគិរី] មិន​​​អាច​​​ប្រើប្រាស់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​សង្គម​​​ ដើម្បីតាម​​​ដាន​​ព្រឹតិ្តការណ៍​​​បច្ចុប្បន្ន​​​​​​បាន​​​ទេ​​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ ប្រព័ន្ធផ្សព្វផ្សាយ​​​សង្គម​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ខ្លាំង​​​ណាស់​​​​​​ហើយ​​​​​​​​​សង្គម​​​ស៊ីវិល​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​ ខ្លាច​​​រដ្ឋា​​​ភិបាល​​​​​​​​​ព្យាយាម​​​រឹត​​​បន្ដឹង​​​​​​សេវា​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​ នេះ​​​បើ​​​តាម​​​ប្រសា​​​សន៍​​​របស់​​​លោក​​​ ព្រាប​​​ កុល នាយក​​​ប្រតិបត្តិ​​​​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រជាពល​​​រដ្ឋ​​​កាន់​​​តែ​​​ច្រើន​​​ប្រើប្រាស់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​សង្គម​​​ ប្រជា​​​ពល​​​រដ្ឋ​​​កាន់​​​តែ​​​ច្រើន​​​​​​ក្លាយ​​​ជា​​​អ្នក​​​កាសែត​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ប្រឈម​​​​​​​​​បញ្ហា​​​ជាច្រើន​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ព័ត៌​​​មាន​​​”។​​​

លោក​​​ ខៀវ បុរី ដែល​​​បម្រើ​​​ការងារ​​​​​​ឲ្យ​​​ទីភ្នាក់​​​ងារ​​​ទេស​​​ចរ​​​មួយ​​​នៅ​​​តាម​​​បណ្ដោយ​​​ព្រំ​​​ដែន​​​​​​ថៃ​​​ ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​និយាយ​​​ថា ទូរ​​​ស័ព្ទ​​​​​​ប្រភេទ​​​ស្មាត​​​ហ្វូន​​​ ម៉ូដែល​​​​​​សាំ​​​ស៊ុង​​​ កា​​​ឡាក់​​​ស៊ី របស់​​​គាត់​​​ ធ្វើ​​​ឲ្យ​​​គាត់​​​អាច​​​​​​តាម​​​ដាន​​​ព្រឹត្តិ​​​ការណ៍​​​​​​បាន​​​ភ្លាមៗ​​​នូវ​​​អ្វី​​​​​​ដែល​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។
គាត់​​​បាន​​​និយាយ​​​ថា “ប្រជាពលរដ្ឋ​​​នៅ​​​ក្នុង​​​ក្រុង​​​នេះ​​​ប្រើ​​​ប្រាស់​​​ទូរស័ព្ទ​​​ស្មាតហ្វូន​​​ ដើម្បីមើល​​​​​​រូបភាព​​​វីដេអូ​​​​​​តាម​​​យូធូប​​​ ហ្វេស​​​បុក​​​ និង​​​បណ្ដាញ​​​ទំនាក់ទំនង​​​សង្គម​​​ផ្សេងៗ​​​ទៀត​​​។ ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​កំពុង​​​តែ​​​ដើរ​​​តួ​​​នាទី​​​យ៉ាង​​​សំខាន់​​​ក្នុង​​​ការ​​​ប្រាប់​​​យើង​​​​​​ថា អ្វី​​​ជា​​​ស្ថានភាព​​​ពិត​​​ប្រាកដ​​​  ដែល​​​កំពុង​​​កើត​​​មាន​​​ឡើង​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ ជាពិសេស​​​អំពើ​​​អយុត្តិធម៌​​​​​​ក្នុង​​​សង្គម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​មិន​​​ដែល​​​ចាក់​​​ផ្សាយ​​​តាម​​​ទូរទស្សន៍​​​ក្នុង​​​ស្រុក​​​”៕ 

 

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: