jump to navigation

រដ្ឋា​ភិបាល​​ហ៊ុន សែន​ កំពុង​​គាំង​លុយ ទើប​​ជម្រុញ​​ឱ្យ​បង្កើត​សភា​​ឆាប់​រហ័ស ខែកញ្ញា 6, 2013

Posted by មេឃា in កខគឃង.
trackback

មាន​សម្មតិកម្ម​ជាច្រើន​​ដែល​អាច​​ទាញ​ហេតុផល​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​​បក្ស​ជន​ប្រជាជន​កម្ពុជា កំពុង​តែ​ជាប់​គាំង​​ក្នុងវិបត្តិ​ថវិកា​​ធ្ងន់​ធ្ងរ ទើប​​បង្ខំឱ្យ​​បង្កើត​សភា​នីតិកាលថ្មី ដើម្បី​អនុម័តថវិកា​ដ៏ច្រើន​​គ្រាន់​​ដោះទ័ល និងជាការដោះស្រាយបញ្ហា​យូរអង្វែង​។

 

វិបត្តិ​ថវិកាច្រើន ដោយសារ​

  • ចំណាយ​លុយ​ឃោសនា​បោះឆ្នោត​​ច្រើន​លើសលប់​ពេក ៖ មិនតិច​ជាង ៥០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើយ​ ដែលគណបក្ស​ប្រជាជនកម្ពុជា បាន​ចំណាយ​ក្នុងពេលឃោសនា​បោះឆ្នោតឆ្នាំ២០១៣នេះ (ប្រភព​ ៖ អ្នកអង្កេតថវិកាឃោសនាបោះឆ្នោត)
  • ចំណាយថ្លៃទ័ព​ និង​​អង្គរក្សផ្ទាល់ខ្លួន ៖ ដើម្បីចិញ្ចឹម​​ទាហានផ្ទាល់ខ្លួន និង​អង្គរក្សពិសេស​របស់​លោក​​នាយករដ្ឋមន្រ្តី ត្រូវការ​ថវិកា​មិនតិចជាង ១០លានដុល្លាក្នុងមួយឆ្នាំ ឬ ជាង​ ៨​សែនដុល្លា​ក្នុងមួយខែ (ប្រភព​ ៖ អង្គរក្ស​នាយករដ្ឋមន្រ្តី)
  • ឥរិយាបថ​​មិនអើពើ អន្តរាគមន៍ រឿងថវិកា ៖ ការស្ងៀម​មិនស្តី របស់គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​សំណើ​​អន្តរាគមន៍​​ពាក់ព័ន្ធនឹង​​ថវិកា ដូចជា (១) ថវិកាបើកឱ្យ​បុគ្គលិក​សាលាក្តីខ្មែរក្រហម ដែល​មួយឆ្នាំចាយត្រឹម​ ៣លានដុល្លា​រ សម្រាប់ភាគីខ្មែរ (២)​បាតុកម្ម​បែកផ្សែងរបស់កម្មករ​រឿង​ប្រាក់ខែ នឹង​​លុយ​ជម្ងឺចិត្ត​ការងារ​ដែល គណបក្សប្រជាជនកម្ពុជា ធ្លាប់ចេញមុខ​ជួយ​ចេញ​ជំនួស​​ថៅ​កែមុនពេលបោះឆ្នោត (៣) ជំនួយមនុស្សធម៌​ និងហានិភ័យ​ឆេះផ្សារ​​នៅសៀមរាប​ ក្រោយបោះឆ្នោត បែរជា ស្ងាត់ជ្រាប  មិនដូចមុន​ពេល​បោះឆ្នោត…
  • ឥទ្ធិពលនៃការចលាចល​ក្រោយការបោះឆ្នោត​ ទៅលើជំនួញ​របស់ បក្សប្រជាជនកម្ពុជា ៖ ខណៈដែល​គណ​បក្សសង្គ្រោះ​ជាតិ កកូរកកាយ និងទាមទា​មិនចេះឈប់ក្រោយ​ការ​បោះឆ្នោត អាជីវកម្ម​របស់ បក្សប្រជាជនកម្ពុជា ​ដែល​ត្រូវបានគេដឹងថា រួមមាន ស្ថានីយ​ទូរទស្សន៍​បាយ័ន ហាង​ទំនើប ក្លិបកំសាន្ត ហាក់មិនសូវកាក់កប ឬខាត​រហូត បើនៅតែបន្ត​បែបនេះ ទៀត​ច្បាស់​លាស់ណាស់ វិបត្តិ​ឱនភាពថវិកា​​មិនអាច​ជៀសរួចឡើយ ចុងក្រោយ មាន​តែ​បិទទ្វា​ ព្រោះគ្មានលុយមកទប់ ក្នុងរយៈពេល បីខែ​ទៀត ឬដោះទ័ល​ទាន់ពេល។
  • ទម្លាប់នៃការចាយ​វាយ​ខ្ពស់ របស់ បក្សប្រជាជនកម្ពុជា ៖ ជាធម្មតា ខ្សែស្រឡាយ​ របស់ បក្សប្រជាជន​កម្ពុជា ចាយលុយ​ដូច​ ចេះ​បោះពុម្ព​ខ្លួន​ឯងចឹង គឺចាយ​មិនដែល​គិត ឬខ្វល់ពីតម្លៃ​ឡើយ ឱ្យតែសប្បាយចិត្ត ត្រូវចិត្ត បោះលុយ​ចោល​តែម្តង។ ទម្លាយ​បំផ្លាញ​បែបនេះ ត្រូវ​អាក់ខាន​​ដោយសារ​ តែខ្វះលុយ​ចំណូល ពីប្រភពខាងក្រៅ ដូច្នេះ ហើយទើបបានជា មួយរយៈ ចុងក្រោយនេះ មិនសូវឃើញ អស់លោកក្មេងៗ ចេញ​មក​សប្បាយ​ ទោះបីជា មាន​​ហេតុផល​ថា ស្រុកចលាចល​ តែ​សំខាន់មកពី ម៉ែលែងឱ្យលុយ​ចាយ​ច្រើន​ដូចមុន​ផងដែរ
  • បក្សជន​ប្រឹង​ក្តោបលុយទុក ៖ ខណៈដែល ស្ថេរភាព​នយោបាយ មិនសូវនឹងនរ បក្ស​ជនប្រជាជនកម្ពុជា បាន​ក្រាញ និងក្តោប​លុយ​ទុក​សម្រាប់តែ ហានិភ័យផ្ទាល់ខ្លួន ដោយមិនខ្ជាក់​ សម្រាប់ លំនឹងបក្សទៀតឡើយ ព្រោះមិនសូវទុកចិត្ត ក្រែងលោ មិនស្រួល នឹងអាល​រត់ចោលស្រុក ទើបធ្វើឱ្យ​ កើត វិបត្តិ​ហិរញ្ញវត្ថុ  ក្នុងបក្សប្រជាជនកម្ពុជា

 

សភាថ្មី អាចរកចំណូលគ្រាន់​ដោះទ័ល

  • រដ្ឋសភា នឹងអនុម័ត​ទទួល​លុយជំនួយ ឬកម្ចីបរទេស ដើម្បី​ចិញ្ចឹម​ខ្លា និងក្រពើ
  • អនុម័ត​ ថវិកាជាតិ ដើម្បីចិញ្ចឹម​ កូនចៅ​ស្តាប់បង្គាប់
  • សភា បង្កើតរដ្ឋាភិបាលថ្មី ដើម្បីឱ្យលោក​ ហ៊ុន សែន មាន​អំណាច​អាច​ទាលុយ​ថ្លៃការ​ពារ​ ពីពាណិជ្ជករធំៗ និង​​ក្រុមឆ្កែព្រៃ
  • សភាថ្មី ផ្តល់ក្តីសង្ឃឹមថ្មី  ដល់​មន្រ្តីធំៗរបស់បក្សប្រជាជនកម្ពុជា

 

តាម​ទឡ្ហីករណ៍​ខាងលើ ចង់មិនចង់ លោក ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា មិនខ្វល់នឹង​ប្រើប្រាស់មធ្យោបាយអីទេ លោក​ត្រូវតែ​បង្ខំ និង​ដុតដៃដុតជើង ធ្វើយ៉ាងណា ឱ្យ​សភានីតិកាលថ្មី លេខជា រូបរាង កាន់តែឆាប់​កាន់តែល្អ។ ដូចនេះ បើទោះបីជា គណបក្ស​សង្គ្រោះជាតិ ប្រឹង​ស្រែក​តវ៉ា ឬបួងសួង ឬប្តឹងដល់ អ្នកតា​ទេវតា ណា ក៏ គណបក្ស​ប្រជាជនកម្ពុជា មិន​ខ្វល់ដែរ។ ការតវ៉ា សម្រាប់ការ​ផ្លាស់ប្តួ​ររបបដឹកនាំ តាមបែបសន្តិភាព វាពិតគ្មានការបានឡើយ សម្រាប់​មេដឹកនាំ​ដែល​បាន​ចាក់ឬស និង​ដាក់ទាំងជីវិត មួយក្រុមគ្រួសារ​របស់ខ្លួន ចូលទៅក្នុង​ល្បែង​នយោបាយ ដែលមាន​អំណាច​ជា ដើមទុន។ ជាក់ស្តែងណាស់ សង្ឃទីបេ ដុតខ្លួន​ ក៏មេដឹកនាំចិនមិនខ្វល់ លោកស្រី អ៊ុង សាងស៊ូជី ត្រូវបាន​មេដឹកនាំយោធាឃុំខ្លួន​រាប់ឆ្នាំក៏មិន​អាចផ្លាស់ប្តូរ​មេដឹកនាំ​ផ្តាច់ការបាន​។ ក្នុងប្រវត្តិសាស្រ្ត​ របស់ ប្រទេស​នៅ អាស៊ី គ្មានឡើយ ការផ្លាស់ប្តូរ​​ដែល​មិន​បង្ហូរឈាម៕

មតិ»

1. Phackdey - ខែតុលា 2, 2013

សមហេតុសមផល


បញ្ចេញមតិ