jump to navigation

រដ្ឋាភិបាលកម្ពុជា មិនទាន់ល្អ ខែធ្នូ 6, 2012

Posted by មេឃា in Cambodia Feature Stories.
trackback

លោក កែម ឡី បាន​​បញ្ជាក់​ថា នៅ​ក្នុង​​សង្គម​​ប្រជាធិបតេយ្យ តួនាទី​​របស់​​រដ្ឋាភិបាល​​មាន​​ដែន​កំណត់ ​សង្គម​ប្រជា​ធិ​បតេយ្យ៖ «ដែន ​កំណត់​​ហ្នឹង​​មិន​ជ្រៀត​ជ្រែក​​តុលាការ មិន​​ជ្រៀតជ្រែក​​កិច្ចការ​​នីតិប្បញ្ញត្តិ ហើយ​​ផ្ដល់​​ឱកាស​​ឲ្យ​​អង្គការ​សង្គម​​ស៊ីវិល​​នានា​​ឲ្យ​​ធ្វើ​ជា​​ដៃគូ​​រ​បស់​ រដ្ឋាភិបាល»

សម្រង់​អត្ថបទ វិទ្យុអាស៊ីសេរី ផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២

ក្រុម​អ្នក​​ឃ្លាំ​មើល​​សង្គម បាន​លើក​​ឡើង​ថា រដ្ឋាភិបាល​​កម្ពុជា ត្រូវ​តែ​​ធ្វើ​​សកម្មភាព​​បំពេញ​​បន្ថែម​​នូវ​​ចំណុច​​ខ្វះខាត​​របស់​ខ្លួន​​ឲ្យ​​បាន ​ពេញ​លេញ ដើម្បី​​ឆ្លើយ​តប​​ទៅ​នឹង​​គោលដៅ​​សំខាន់ៗ​​ដែល​​មាន​​ចែង​​នៅ​ក្នុង​​ច្បាប់​​កំពូល​ របស់​​ប្រទេស។

អ្នក​ឃ្លាំ​មើល​​ផ្នែក​​អភិវឌ្ឍន៍​​សង្គម លោក កែម ឡី មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​​មាន​តួនាទី និង​​​កាតព្វកិច្ច​​សំខាន់ៗ​​មួយ​​ចំនួន រួម​មាន យន្តការ​​គ្រប់គ្រង​​ស្ថាប័ន​​របស់​​​រដ្ឋ​តាំង​ពី​​ថ្នាក់​​ជាតិ និង​​ថ្នាក់​​ក្រោម​​ជាតិ ការ​បង្កើត​​ទំនាក់​ទំនង​​ការទូត ការ​ផ្ដល់​​សេវា​​សាធារណៈ ការ​​ធានា​នូវ​​សណ្ដាប់​​ធ្នាប់​សង្គម ការ​ធានា​​​នូវ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច ការ​ធានា​​នូវ​​សិទ្ធិ​​សង្គមកិច្ច ការ​ធានា​​ឲ្យ​មាន​​ការ​គោរព​​សិទ្ធិ​មនុស្ស និង​គោលដៅ​​អភិវឌ្ឍន៍​​សហស្សវត្ស និង​​ផ្សេងៗ​ទៀត។

លោក កែម ឡី បាន​លើក​​ឡើង​ទៀត​ថា រដ្ឋាភិបាល​​មិន​ទាន់​​បំពេញ​​តួនាទី និង​​កាតព្វកិច្ច​​ល្អ​នៅ​​ក្នុង​ការ​​ដឹកនាំ​​ប្រទេស​បាន​​ល្អ​នៅ​​ឡើយ​ទេ។ នៅ​មាន​​ចំណុច​មួយ​​ចំនួន​ទៀត​​ដែល​​រដ្ឋាភិបាល​​គួរ​តែ​​យក​ចិត្ត​​ទុក​ដាក់ និង​​បំពេញ​​កាតព្វកិច្ច​​របស់​ខ្លួន សម​ទៅ​​នឹង​អ្វី​ដែល​​មាន​ចែង​​នៅ​​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​​​សេចក្ដី​​ប្រកាស​​របស់​​អង្គការ​សហប្រជាជាតិ ដែល​​ខ្លួន​បាន​​ទទួល​ស្គាល់​​ហើយ​នោះ។ លោក កែម ឡី បាន​បញ្ជាក់​​ថា រដ្ឋាភិបាល​​ធ្វើ​មិន​ល្អ​​នោះ​មាន​​ផ្នែក​សង្គមកិច្ច និង​​ផ្នែក​ផ្សេងៗ​​មួយ​​ចំនួន​​ទៀត៖ «ផ្នែក​សង្គម​កិច្ច​ហ្នឹង​​ដោយ​សារ​​តែ​ រដ្ឋា​ភិបាល​​មិន​ទាន់​​រៀប​ឲ្យ​​មាន​​សមភាព​​សេដ្ឋកិច្ច ការ​ទទួល​​បាន​ឱកាស​​បាន​ស្មើៗ​គ្នា ការ​ទទួល​គាំទ្រ​​ខាង​ផ្នែក​​សង្គមកិច្ច យើង​​ឃើញ​​តែ​យើង​ធ្វើ​​អត់​បាន យើង​មាន​​មនុស្ស​​ជរា​ជិត ១លាន​នាក់​ កំពុង​ប្រឈម​​នឹង​​ភាព​ក្រីក្រ ទី២ កុមារ​គ្មាន​ទីពឹង កុមារ​អនាថា កុមារ​ក្រីក្រ ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក»

អ្នក​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​​​​នយោបាយ និង​​ជា​អ្នក​វិភាគ​ឯករាជ លោក​​បណ្ឌិត សុខ ទូច បាន​ពន្យល់​​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​​រដ្ឋាភិបាល​​កំពុង​តែ​​បំពេញ​ដំណើរ​​នៃ​កាតព្វកិច្ច​​របស់​ខ្លួន។ ប៉ុន្តែ​បញ្ហា​​នៅ​ត្រង់​ថា កាតព្វកិច្ច​​ទាំង​អស់​​នោះ រដ្ឋាភិបាល​មិន​ទាន់​​ធ្វើ​បាន​​ពេញ​លេញ​​ទេ​នោះ ដូច​ជា រដ្ឋធម្មនុញ្ញ​​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​​ទាំង​អស់​​មាន​សិទ្ធិ​ស្មើ​គ្នា​​នៅ​ចំពោះ​​មុខ​ច្បាប់ ផ្ទុយ​ទៅ​វិញ ការ​​អនុវត្ត​ច្បាប់​​នៅ​ពេល​​បច្ចុប្បន្ន​​មិន​ទាន់​​ស្រប​ទៅ​នឹង​​អ្វី​ដែល​​មាន​ ចែង​នៅ​​ក្នុង​រដ្ឋធម្មនុញ្ញ​​នោះ​​ទេ៖ «ខ្លះ​​ទៅ​​អនុវត្ត​​ច្បាប់​​លឿន​ទៅ ខ្លះ​​ទៀត​​អនុវត្ត​​ច្បាប់​​យឺត។ មក​​ទល់​ពេល​នេះ​​មិន​ទាន់​​អនុវត្ត​ច្បាប់​​តុលាការ​​នៅ​តាម​​រក​នីតិវិធី​​បំពេញ​ បន្ថែម​​ទៅ អីចឹង​​ទេ មិន​ទាន់​ដំណើរ​ការ​​បាន​ស្មើៗ​គ្នា​​ទៅ​តាម​​ដែល​ថា​​ប្រជាពលរ​ដ្ឋ​មាន​សិទ្ធិ​ ស្មើ​គ្នា​​ចំពោះ​​មុខ​ច្បាប់ សង្គម​មួយ​​ទទួល​បាន​​ភាព​យុត្តិធម៌ គឺ​មនុស្ស​ទាំង​អស់​​ទទួល​បាន​​យុត្តិធម៌​​ស្មើៗ​គ្នា គ្មាន​ទាប​​គ្មាន​ខ្ពស់ គេ​ហៅ​ថា នីតិរដ្ឋ​​នោះ កម្ពុជា មិន​ទាន់​​មាន​ទេ»

គម្រោង​​យុត្តិធម៌​​ពិភពលោក (WJP) បាន​សរសេរ​​លំអិត​នៅ​ក្នុង​​របាយការណ៍​​ប្រចាំ​ឆ្នាំ​២០១២ របស់​ខ្លួន​ថា កម្ពុជា ធ្លាក់​ចុះ​​នូវ​​ការ​គោរព​ច្បាប់ និង​​ការ​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​​នីតិរដ្ឋ។ ក្នុង​របាយការណ៍​​សរសេរ​ថា ប្រទេស​កម្ពុជា មាន​​ពិន្ទុ​ទាប​​បំផុត​​ក្នុង​​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ពីព្រោះ​ថា ការ​អនុវត្ត​​ច្បាប់ និង​យុត្តិធម៌​​ស៊ីវិល នៅ​ទូទាំង​​ពិភពលោក កម្ពុជា ជាប់​ចំណាត់​​ថ្នាក់​លេខ ​៩៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​​៩៧។

អ្នក​វិភាគ​បាន​​ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​ធានា​​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​​សិទ្ធិ​រស់រាន​មាន​ជីវិត​ សមរម្យ និង​មាន​ទី​ជម្រក​​សមរម្យ​ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​អភិវឌ្ឍ​របស់​​រដ្ឋាភិបាល​នៅ​​តំបន់​មួយ​ចំនួន​នោះ មិន​មែន​​ជា​សកម្មភាព​ធានា​​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ទី​​ជម្រក​រស់នៅ​សមរម្យ​ដូច​ ដែល​មាន​ចែង​​នៅ​ក្នុង​ច្បាប់​​នោះ​ទេ។ ឧទាហរណ៍ ករណី​អភិវឌ្ឍ​​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ជាដើម។

មន្ត្រី​នាំ​ពាក្យ​​នៃ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បកស្រាយ​​ថា រដ្ឋាភិបាល​កំពុង​​តែ​យក​ចិត្ត​​ទុក​ដាក់ និង​​បំពេញ​​កាតព្វកិច្ច​របស់​ខ្លួន​​ទៅ​តាម​​ជំហាន​​ដែល​ខ្លួន​​អាច​ធ្វើ​​ទៅ​បាន។ លោក ផៃ ស៊ីផាន អះអាង​​ថា ប្រទេស​ជឿន​លឿន​​មួយ​​ចំនួន​​ក៏​មិន​អាច​​បំពេញ​កាតព្វកិច្ច​​ក្នុង​ពេល​​តែ​មួយ​ បាន​ល្អ​​ទាំង​ស្រុង​​នោះ​​ដែរ គេ​ធ្វើ​​ទៅ​តាម​​ដំណាក់​​កាលៗ៖ «ដូច្នេះ អ្វីៗ​​មាន​តម្លៃ​រ​បស់​វា អ្វី​ដែល​​យើង​​កំពុង​តែ​ដើរ យើង​​ថែ​រក្សា​​ឲ្យ​មាន​​សន្តិភាព ស្ថិរភាព​​នៅ​ក្នុង​​សង្គម ទី២ រក្សា​នូវ​ការ​​អភិវឌ្ឍ វឌ្ឍនភាព​​នៃ​សេដ្ឋកិច្ច ការ​រីក​ចម្រើន​​នៃ​សេដ្ឋកិច្ច (Economic Growth)»

ក្រុម​អ្នក​ច្បាប់​​បាន​បំភ្លឺ​ថា កាតព្វកិច្ច​​របស់​រដ្ឋាភិបាល​​មាន​ចែង​​ច្បាស់​លាស់​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​​ច្បាប់​កំពូល​​ដែល​កំណត់​​តួនាទី​របស់​​រដ្ឋាភិបាល ហើយ​​រដ្ឋាភិបាល​​តំណាង​ឲ្យ​​អំណាច​​នីតិប្រតិបត្តិ ពោល​គឺ​​មាន​តួនាទី​​អនុវត្ត​​ច្បាប់ ជា​ស្ថាប័ន​​មាន​តួនាទី​​អនុវត្ត​ច្បាប់ ធ្វើ​យ៉ាង​ណា​​ឲ្យ​រដ្ឋ​ធម្មនុញ្ញ​​ការពារ​រដ្ឋ​ធម្មនុញ្ញ មាន​ន័យ​ថា រាល់​កាតព្វកិច្ច​​ដែល​​រដ្ឋធម្មនុញ្ញ​ចែង រដ្ឋាភិបាល​​ត្រូវ​បំពេញ​​តួនាទី​នោះ ពិសេស​ត្រូវ​​ការពារ​​សិទ្ធិ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុខ សំអឿន បាន​លើក​​ហេតុផល​ថា អ្វី​ដែល​​មាន​ចែង​​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​​ត្រូវ​តែ​​អនុវត្ត​នូវ​​កាតព្វកិច្ច​​របស់​ខ្លួន ដូច​ជា​សិទ្ធិ និង​​សេរីភាព​​ប្រជាពលរដ្ឋ​​ជាដើម៖ «តាំង​ពី​ឆ្នាំ​១៩៩៣ មក ពេល​នេះ​ជិត ២០​ឆ្នាំ​ហើយ រដ្ឋាភិបាល​​ខំ​ធ្វើ​ច្បាប់​​ច្រើន តែ​មិន​​បាន​គោរព​​ច្បាប់​ឲ្យ​បាន​​គ្រប់​សព្វ​ទៅ​​តាម​រ​ដ្ឋធម្មនុញ្ញ​នោះ​ទេ»

លោក​បណ្ឌិត សុខ សំអឿន បាន​លើក​ឡើង​ថា ការ​ធ្វើ​សមាជ​ជាតិ​​មាន​សារសំខាន់​​ណាស់​សម្រាប់​​​ឲ្យ​ប្រជាពលរដ្ឋ​​ពាំនាំ​នូវ ​អ្វី​ដែល​​ជា​ក្ដី​កង្វល់ និង​​បញ្ហា​ប្រឈម​នានា​​របស់​ពួក​គេ​លើក​​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​​ដោះស្រាយ ដូច​ដែល​នៅ​ក្នុង​​របប​សង្គម​រាស្ត្រ​​និយម ដែល​អតីត​​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ធ្វើ​​នៅ​ក្នុង​ពេល​​ព្រះអង្គ​បាន​គ្រប់គ្រង​​ប្រទេស​នោះ។

មន្ត្រី​នាំ​ពាក្យ​​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ថា នៅ​ក្នុង​សម័យ​​សង្គម​រាស្ត្រ​និយម គេ​ធ្វើ​សមាជ​ជាតិ​​នោះ​​ដោយ​សារ​នៅ​​ក្នុង​របប​​នោះ​ជា​​របប​ឯក​បក្ស ប៉ុន្តែ​សព្វ​ថ្ងៃ កម្ពុជា ជា​​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ​​គណបក្ស​នយោបាយ​​នីមួយៗ​បាន​ធ្វើ​​សមាជ​របស់​ខ្លួន ដើម្បី​លើក​​ពី​បញ្ហា​នោះ​​ទៅ​រដ្ឋាភិបាល​​ហើយ។

 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: