jump to navigation

No Valentine Day ខែ​កុម្ភៈ 14, 2012

Posted by មេឃា in កខគឃង.
trackback
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សមត្ថកិច្ចត្រៀមទប់យុវវ័យភ្លើតភ្លើននៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់

Tuesday, 14 February 2012 12:01

ម៉ៃ ទិត្យថារ៉ា

ភ្នំពេញៈ អាជ្ញាធររាជធានី បានចុះធ្វើការអប់រំ ដល់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារ ឲ្យពង្រឹងសន្តិសុខ និងគោរពច្បាប់ ឲ្យបានខ្ជាប់ខ្ជួន នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (បុណ្យសង្សារ) ថ្ងៃទី ១៤ ខែកុម្ភៈនេះ ខណៈមានសេចក្តីរាយការណ៍ថា មានក្មេងស្រីជាច្រើន ដែលភ្លើតភ្លើន យល់ច្រឡំថា ថ្ងៃនេះ ជាថ្ងៃដែលគេត្រូវប្រគល់ខ្លួនប្រាណ ទៅឲ្យបុរសដែលគេស្រឡាញ់។

អ្នកជំនាញខាងអប់រំ បាននិយាយថា ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យរបស់ពួកបស្ចិមប្រទេស ដែលគេធ្វើឡើង ដើម្បីរំលឹកទៅដល់សេចក្តីស្រឡាញ់ទៅវិញទៅមក រវាងប្តីប្រពន្ធ ឪពុកម្តាយ កូនៗ និងមិត្តភកិ្តរបស់ពួកគេ វាមិនមែនជាថ្ងៃបុណ្យសម្រាប់យុវវ័យ ត្រូវប្រគល់ខ្លួនប្រាណ ទៅឲ្យអ្នកដែលខ្លួនស្រឡាញ់ ដូចការយល់ច្រឡំរបស់ក្មេងៗដែលភ្លើតភ្លើននោះឡើយ។

លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា លោកបានបញ្ជាឲ្យផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់គោរពតាមច្បាប់ ដើម្បីបញ្ចៀសភាពអនាធិបតេយ្យកើតឡើង នៅក្នុងទិវានៃសេចក្តីស្រឡាញ់ នៅថ្ងៃនេះ។ លោកបានបន្ថែមថា៖«យើងគ្រាន់តែចង់ការពារ កុំឲ្យមានសកម្មភាពអនាធិបតេយ្យកើតឡើងក្នុងថ្ងៃនោះប៉ុណ្ណោះ»។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានថ្លែងថា នាថ្ងៃនេះ លោកនឹងបញ្ជាឲ្យដាក់ពង្រាយសមត្ថកិច្ចនគរបាលខ្លះ នៅក្បែរផ្ទះសំណាក់ និងជាពិសេស កន្លែងកម្សាន្តនានា ដើម្បីការពារសន្តិសុខ ក្នុងទិវានៃសេចក្តីស្រឡាញ់។ លោកបានបន្ថែមថា៖ «យើងខំការពារមិនឲ្យមានបញ្ហាឈ្លោះប្រកែកគ្នាកើតឡើងនាថ្ងៃនោះទេ»។

លោក ឈុន សារុំ នាយកវិទ្យាល័យវត្តកោះ បានថ្លែងថា ឆ្នាំនេះ លោកសង្ឃឹមថា សិស្សានុសិស្ស នឹងមិនអវត្តមានច្រើន ក្នុងទិវានៃក្តីស្រឡាញ់ ដូចឆ្នាំកន្លងទៅឡើយ ព្រោះសាលាបានប្រជុំជាមួយសិស្សានុសិស្សរួចហើយ ហើយក៏បានបញ្ជាឲ្យលោកគ្រូអ្នកគ្រូពន្យល់ណែនាំដល់សិស្ស ឲ្យយល់ច្បាស់ អំពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់។ លោកបន្ថែមថា៖«យើងសង្ឃឹមថា សិស្សានុសិស្សនឹងយល់ច្បាស់ ព្រោះក្រសួងអប់រំ បានឲ្យយើងនូវវីដេអូស៊ីឌីមួយ ផលិតឡើង ដោយក្រសួងកិច្ចការនារី ដើម្បីអប់រំ អំពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់ វាមិនមែនមានន័យថា ពួកគេយល់ព្រមរួមរ័ក ជាមួយមិត្តប្រុស ដើម្បីបង្ហាញពីក្តីស្នេហាស្ម័គ្រស្មោះនោះទេ»។

លោកបន្តថា លោកបានប្រាប់សមត្ថកិច្ចដើម្បីពិនិត្យកុំឲ្យមានអ្នកលក់ផ្កា នៅជុំវិញសាលារៀន ព្រោះលោកចង់ឲ្យសិស្សានុសិស្ស មកសិក្សាដូចថ្ងៃធម្មតា។ លោកបានបន្ថែមថា៖ «បើយើងឲ្យពួកគេយកផ្កាកុលាបចូលសាលា មានន័យថា យើងគាំទ្រពួកគេ មានការភ្លើតភ្លើននាថ្ងៃនោះ»។

យុវសិស្សវ័យ ១៧ ឆ្នាំម្នាក់ឈ្មោះ ប៊ុន សុវណ្ណថា រៀនថ្នាក់ទី ១១ វិទ្យាល័យបឹងត្របែក បានថ្លែងថា នៅថ្ងៃនេះ មិត្តភក្តិរបស់គេមួយចំនួន ដែលមានមិត្តស្រី នឹងទៅដើរលេងកន្លែងកម្សាន្តនានា ដូចជា កៀនស្វាយ កោះពេជ្រ និងបាក់ខែង។ សុវណ្ណថា បន្តថា៖«ខ្ញុំបានប្រាប់មិត្តភក្តិខ្ញុំ កុំឲ្យទៅផ្ទះសំណាក់នាថ្ងៃ (អង្គារ)ស្អែករួចហើយ ព្រោះនគរបាល នឹងចាប់ខ្លួនពួកគេ»។

យុវសិស្សម្នាក់ទៀតអាយុ ១៧ ឆ្នាំ ឈ្មោះលី កា រៀនថ្នាក់ទី ១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងថា នាងនឹងមិនទៅសាលារៀនទេ នាថ្ងៃនេះ ហើយនាងនឹងទៅដើរលេងជាមួយមិត្តភក្តិនាង។ នាងបញ្ជាក់ថា៖«មិត្តខ្ញុំ ដែលមានមិត្តប្រុស ពួកគេ នឹងទៅដើរលេងកន្លែងកម្សាន្តខ្លះ តែខ្ញុំបានប្រាប់ពួកគេ កុំឲ្យទៅផ្ទះសំណាក់»។

យុវសិស្សវ័យ ១៦ ឆ្នាំម្នាក់ទៀតឈ្មោះ សៀក ណារ័ត្ន រៀនថ្នាក់ទី ៩ នៅអនុវិទ្យាល័យដង្កោ បានថ្លែងថា នៅថ្ងៃនេះ នាងនឹងស្លៀកឯកសណ្ឋានជាសិស្ស តែនាងមិនទៅរៀនទេ តែនាងនឹងទៅដើរលេងជាមួយមិត្តភក្តិ។

លោក ហួត ហេងនីន ធ្វើការនៅផ្ទះសំណាក់ព្រាបស បានថ្លែងថា កាលពីឆ្នាំមុន ជាធម្មតានៅថ្ងៃនៃក្តីស្រឡាញ់ មានក្មេងៗជាច្រើនគូ មករកស្នាក់នៅ នៅផ្ទះសំណាក់របស់លោក និងថា សមត្ថកិច្ចសង្កាត់ បានមកប្រាប់លោក ឲ្យយកចិត្តទុកដាក់ អំពីបញ្ហាសន្តិសុខនៅថ្ងៃនោះរួចហើយ។ ប៉ុន្តែលោកបន្ថែមថា៖«ពេលពួកគេមករកបន្ទប់ស្នាក់នៅ ក្នុងផ្ទះសំណាក់យើងនឹងសួររកអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ហើយយើងនឹងឲ្យពួកគេជួលស្នាក់នៅ បើពួកគេ មានអាយុលើសពី ១៨ ឆ្នាំ»។

លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងកាលពីសប្តាហ៍មុនថា ក្រសួងបានបញ្ចេញខ្សែវីដេអូ រយៈពេល ៣០ នាទី ស្តីពីថ្ងៃ ១៤ ខែកុម្ភៈ ដោយទទូចឲ្យក្មេងៗនារី ប្រឆាំងនឹងសម្ពាធឲ្យរួមភេទ។ វីដេអូនោះក៏ជាផ្នែកមួយ នៃយុទ្ធនាការគាំទ្រនិន្នាការថ្មីៗនេះទប់ក្មេងស្រីៗ ដែលស្វែងរកការត្រេកត្រអាល ក្នុងទំនាក់ទំនងរបស់ពួកគេនាថ្ងៃបុណ្យនៃក្តីស្រឡាញ់។ លោកស្រីបន្តថា៖«ខ្ញុំអង្វរករដល់ស្ត្រីរាល់រូបសូមមេត្តា រក្សាប្រពៃណីខ្មែរយើង ព្រោះភាពបរិសុទ្ធ មានសារៈសំខាន់ខ្លាំងណាស់»។

លោក ខេង ទីតូ អ្នកនាំពាក្យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានថ្លែងថា លោកពុំទទួលបានបញ្ជាពីថ្នាក់លើទាក់ទិននឹងការដាក់ពង្រាយកង កម្លាំងកងរាជ-អាវុធហត្ថ នៅក្បែរផ្ទះសំណាក់ នៅឡើយទេ។ លោកបញ្ជាក់ថា៖«បើយើងធ្វើបែបនេះមានន័យថា យើងរារាំងសិទ្ធិរបស់ពួកគេ។ បើពួកគេចង់ធ្វើទង្វើអសីលធម៌ ពួកគេអាចធ្វើបាន នៅគ្រប់ទីកន្លែង មិនថាតែនៅក្នុងផ្ទះសំណាក់ ឬសណ្ឋាគារឡើយ»៕ CR

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: