jump to navigation

យ៉ុង ចាន់​កន្និកា ហេង ឬស៊យ ? ខែ​កុម្ភៈ 1, 2012

Posted by មេឃា in កខគឃង.
trackback

ប្រភព​​​សារព័ត៌មាន​​ក្នុង​ស្រុក​​ដែល​​គួរ​ឱ្យ​​ទុក​ចិត្ត​​មួយ​​ចំនួន​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​បាន​​​ចេញ​​ផ្សាយ​​ព័ត៌មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​មួយ​ដែល​​បាន​​កើ​តឡើង​​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មករា នៅ​ម្តុំ​ខាង​លិច​ស្ពាន​អាកាស​ ពេទ្យ​លោក​សង្ឃ​​។ ហេតុ​ការណ៍​នេះ​​ត្រូវបាន​ព័ត៌មាន​ផ្សាយ​ថា កើ​តឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១០ និង​ ៣០ នាទី​យប់ ​បង្ក​ឡើង​​ដោយ​​រថយន្ត​​ម៉ាក វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2I 7858 បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ស្មាស់​។

ជន​បង្ក​ហេតុ​ត្រូវបាន​ប្រភពសារព័ត៌មាន​ដក​ស្រង់​សម្តីពី សាក្សី និង​ប៉ូលីសថា ជា​អ្នក​ចម្រៀង​តូចច្រឡឹង យ៉ុង ចាន់​កន្និកា

តារា​ចម្រៀងបងប្អូន​រូបនេះ បាន​ចេញមុខ​ប្រកាសថា ខ្លួនមិន​បាន​ពាក់ព័ន្ធ​នឹង​ករណី​​ខាង​លើទេ… តើ​យ៉ាងម៉េចវិញ ??? ប្រសិន​បើ​ ការពិត​ យ៉ុង ចាន់​កន្និកា មិន​បាន​​ពាក់ព័ន្ធនឹង​ករណីគ្រោះថ្នាក់ចរាចរណ៍នេះទេ អ្នក​សារព័ត៌មាន​ នឹង​ទទួល​បាន​​ Lesson Learn មួយទៀតហើយ… ព្រោះពួកគេ​ស្រង់ព័ត៌មានតែ​ពី​ប៉ូលីស និង​មហាជន…

ព័ត៌មាន​ទាក់ទងនឹង​ហេតុការណ៍…

យ៉ុង ចាន់កន្និកា ចេញ​មុខ​ស្បថ​ក្នុង​ករណី​បង្ក​គ្រោះថ្នាក់

Wednesday, 01 February 2012 12:01

ភ្នំពេញប៉ុស្តិ៍ ៖ សេត គឹមសឿន

អ្នក ចម្រៀងបងប្អូន យ៉ុង ចាន់សុធាវី និងយ៉ុង ចាន់កន្និកា (រូបថត ៖ ភ្នំពេញប៉ុស្តិ៍)

ភ្នំពេញៈ ទាក់ទិន​នឹង​ព័ត៌មាន​ថា តារា​ចម្រៀង​វ័យ​ក្មេង យ៉ុង ចាន់​កន្និកា បង្ក​គ្រោះ​ថ្នាក់​បើក​រថយន្ត​បុក​គេ ហើយ​បាន​បើក​គេច​ខ្លួន តែ​មិន​បាន​បកស្រាយ​នោះ តារា​ចម្រៀង​រូប​នេះ​បាន​ចេញ​មុខ​អះអាង​នៅ​ពេល​នេះ​ថា នារី​ម្នាក់​នោះ​មិន​មែន​ជា​រូប​នាង​ទេ ពោល​គឺ​នាង​មិន​បាន​ដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ ហើយ​នាង​ក៏​មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះ​ដែរ​។ តារា​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ទស្សនិកជន​មិន​ជឿ នាង​គ្មាន​អ្វី​ក្រៅ​ពី​លើក​ដៃ​ទាំង​ពីរ​ប្រណម្យ​ស្បថ​ស្បែ​នោះ​ឡើយ​។

កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មករា កន្លង​ទៅ​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2I 7858 បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ស្មាស់​ នៅ​ត្រង់​ចំណុច​ខាង​លិច​ស្ពាន​អាកាស​៧​មករា ពេទ្យ​លោក​សង្ឃ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ហើយ​រថយន្ត​នោះ​បាន​បើក​គេច​ តែ​ត្រូវ​បាន​សាច់​ញាតិ​ឃាត់​ជាប់​នៅ​ត្រង់​ចំណុច​សណ្ឋាគារ​អេស៊ាន​ផាលេស។

នៅ​ពេល​នោះ​អ្នក​ដំណើរ​បាន​នាំ​គ្នា​ចោម​រោម​អ៊ូឈូឆរ​ជុំវិញ​រថយន្ត មួយ​គ្រឿង​ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​និយាយ​អះអាង​យ៉ាង​ច្បាស់​ៗ​ថា តារា​ចម្រៀង យ៉ុង ចាន់កន្និកា បាន​បើកបរ​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​ របួស​ធ្ងន់ ហើយ​បាន​បើក​រត់​គេច​ខ្លួន​តែ​ត្រូវ​បង​ប្អូន​ជន​រងគ្រោះ​តាម​ឃាត់​រថយន្ត ​នោះ​បាន​ ខណៈ​ដែល​រថយន្ត​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ដោយ​សារ​បែក​កង់​មុខ​ ខាង​ស្តាំ​។

នៅ​ជុំវិញ ហេតុការណ៍​ដ៏​អាក្រក់​នេះ តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​ភាន់​ច្រឡំ​យ៉ាង​ខ្លាំង​ចំពោះ​នាង​ ខណៈ​ដែល​នាង​មិន​បាន​ដឹង​ពី​រឿង​នេះ​ សូម្បី​បន្តិច​។ នាង​បាន​បន្ត​ថា នាង​អត់​បាន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ ពោល​គឺ​នៅ​ក្នុង​ពេល​នោះ​នាង​កំពុង​តែ​ច្រៀង​នៅ​ឯ​សណ្ឋា​គារ Mekong View ដែល​នាង​ច្រៀង​រាល់​ថ្ងៃ​។

យ៉ុង ចាន់​កន្និកា បាន​និយាយ​ថា៖«​បង! ខ្ញុំ​ហួស​ចិត្ត​ណាស់​ ព្រលឹម​ឡើង​មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន​នាក់​បាន​ទូរស័ព្ទ​មក​សួរ​ខ្ញុំ​ អំពី​រឿង​នេះ។ តាម​ពិត​ខ្ញុំ​អត់​មាន​បាន​ដឹង​រឿង​នេះ សូម្បី​បន្តិច។ នៅ​ក្នុង​អំឡុង​ហេតុ​ការណ៍​ហ្នឹង ខ្ញុំ​កំពុង​ជាប់​ច្រៀង​នៅ​ឯ Mekong View ត្រើយ​ម្ខាង​ឯណោះ​ មិត្ត​ភក្តិ អ្នក​រួម​ការងារ​របស់​ខ្ញុំ​ទាំង​អស់​អាច​ធ្វើ​សាក្សី​បាន​»។

តារា​ចម្រៀង​ស្រី​ដែល​កាក់​កប​នឹង​ការ​ច្រៀង​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​ រូប​ នេះ​ បាន​បន្ថែម​ថា នាង​មិន​មាន​រថយន្ត​ម៉ាក វីហ្គោ បើក​បរ​នោះ​ទេ ហើយ​សូម្បី​តែ​មិត្តភក្តិ​របស់​នាង​ក៏​គ្មាន​អ្នក​មាន​រថយន្ត​ម៉ាក​នេះ​ ជិះ​ដែរ​។ នាង​បាន​បន្ត​ថា សព្វ​ថ្ងៃ​នេះ នាង​បើក​រថយន្ត​ម៉ាក​កាម៉ារី​ឆ្លាម​ស៊េរី​ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ 2M 7813 ពោល​គឺ​មិន​មែន​រថយន្ត​វីហ្គោ​នោះ​ទេ​។

នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ មាន​គេ​និយាយ​ថា នាង​​បើក​បរ​ដោយ​មាន​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ តែ​តារា​រូប​នេះ​សុំ​បដិសេធ​ទាំង​ស្រុង ដោយ​នាង​លើក​ហេតុ​ផល​ថា បើ​នាង​មិន​មែន​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ផង តើ​នាង​ស្គាល់​បុរស​ម្នាក់​នោះ​ដោយ​របៀប​ណា​?
យ៉ុង ចាន់​កន្និកា តារា​ដែល​​​ហក់​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៩៨ រូប​នេះ និយាយ​ថា៖«​បើ​សិន​ជា​នាង​ជា​អ្នក​បើក​បរ​មែន​នោះ ខាង​ប៉ូលិស​ពិត​ជា​មាន​​រូប​ថត​​នាង​មិន​ខាន តែ​នេះ​អត់ ហើយ​​បើ​មែនប្រហែល​
ជា​ល្បី​ខ្ច​រខ្ចាយ​ខ្លាំង​ជាង​នេះ​»។
ទោះ​បី​ជា​យ៉ាងណាក្តី តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​មិន​អាច​បន្ទោស​អ្នក​ណា​ម្នាក់​បាន​ទេ ព្រោះ​នោះ​ជា​ការ​យល់​ច្រឡំ យល់​ខុស តែ​រឿង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​ខូច​កិត្តិ​យស​ កេរ្តិ៍​ឈ្មោះ ខ្លាំង​ណាស់ ហើយ​នៅ​ពេល​នេះ រឿង​បាន​ហួស​ទៅ​ហើយ គឺ​នាង​គ្រាន់​តែ​ចង់​ជម្រាប​ទស្ស-​និក​ជន​ទាំង​អស់​ថា នាង​មិន​មែន​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ​។
ចាន់​កន្និកា បាន​និយាយ​ថា៖«​ខ្ញុំ​ពិត​ជា​ខ្លាច​ព័ត៌​មាន​បែប​នេះ​ណាស់ ព្រោះ​វា​មិន​ត្រឹម​​តែ​មិន​មែន​ជា​ការ​ពិត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​នាំ​ឲ្យ​ខ្ញុំ​ខូច​កិត្តិ​យស មុខ​មាត់​ទៀត​ ខណៈ​ដែល​ខ្ញុំ​មិន​បាន​បង្ក​នោះ​»។
តារា​ចម្រៀង​ប្អូន​ស្រី​បង្កើត​អ្នក​ចម្រៀង យ៉ុង ចាន់​សុធាវី បាន​បញ្ជាក់​បន្ថែម​ថា៖
«​ខ្ញុំ​សូម​អះ​អាង​ប្រាប់​ទស្ស​និក​ជន​ថា ខ្ញុំ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បើក​រថ​យន្ត​បុក​អ្នក​ដំណើរ​នោះ​ឡើយ ហើយ​បើ​ទស្ស​និក​ជន​ទាំង​អស់​មិន​ជឿ ខ្ញុំ​អាច​ស្បថ​​ជូន​បាន​ដើម្បី​បញ្ជាក់​ការ​ពិត​»៕

យ៉ុង ចាន់កន្និកា ស្រឡាំងកាំង ពេលដឹងព័ត៌មាន ថា​នាងបង្កគ្រោះថ្នាក់ ហើយរត់គេច

ប្រភព ៖ ដើមអម្ពិល

Tuesday, 31 January 2012 10:58 ដោយ ៖ យ៉ាន់ សុខរិទ្ធ

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើល មួយបានកើតឡើង ចំពោះតារាវ័យក្មេង យ៉ុង ចាន់កន្និកា ខណៈ​ដែល​បណ្តាញ ព័ត៌មាន ក្នុងស្រុកមួយបាន ចុះផ្សាយថា តារារូបនេះបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ រួច​បើករត់គេចដោយ មិនទទួលខុសត្រូវ ចំពោះជនរងគ្រោះ រហូត​​ដល់​សមត្ថកិច្ច ស្ទាក់ចាប់រថយន្តបាន នៅម្តុំភ្លើងស្តុបសណ្ឋាគារ ទល់មុខ​សណ្ឋាគារ អេស៊ានប៉ាលេស ស្ថិតក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា។ យ៉ុង ចាន់កន្និកា បានស្រឡាំងកាំង ពេលឮមិត្តភ័ក្តទូរស័ព្ទ ប្រាប់ពីព័ត៌មាននេះ ទាំង​នាង​មិន​ទាន់ភ្ញាក់ពី ដំណេកស្រួលបួលផង។

កញ្ញា យ៉ុង ចាន់កន្និកា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពី​ព្រឹកថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១២ ទាំងអារម្មណ៍ភ្ញាក់ផ្អើលថា ” គ្រាន់តែ​ខ្ញុំ​ភ្ញាក់ពី​ដំណេក​ភ្លាម មិត្តភ័ក្តបានសួរខ្ញុំពីរឿងគ្រោះថ្នាក់ចរាចរណ៍ ស្រាប់ តែខ្ញុំភ័ន្តភាំង មិន​ដឹង​និយាយថាយ៉ាងម៉េច ព្រោះខ្ញុំអត់ដឹងខ្លួនទាល់តែសោះ ថាមាន រឿងនេះ​កើត​ឡើង​ចំពោះខ្ញុំ ដល់ពេលអីច្ចឹងខូចឈ្មោះខ្ញុំទៀត “។

យ៉ុង ចាន់កន្និកា បានបញ្ជាក់ប្រាប់ទៀតថា ” យប់នោះ​ខ្ញុំទៅ​ច្រៀង​នៅ​ហាង​កន្លែង​ធ្វើការ​របស់ខ្ញុំ នៅត្រើយម្ខាង ឈ្មោះមេគង្គប៊ីយូថោវើ ជាមួយ​ប្អូនស្រី​ដោយ​ជិះ​រថយន្ត​ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ2M-7813 ខ្ញុំឯណា​មាន​រថយន្ត​ម៉ាកវីហ្គោជិះនោះ ។ តាមការពិតទៅព័ត៌មានដែលចុះផ្សាយហ្នឹងគឺនិយាយមិនពិត គេ​ច្រឡំមនុស្ស​ទាំងស្រុងតែម្តង តើមាននរណាជាសាក្សីខ្លះ ថាឃើញខ្ញុំជា​អ្នក​បើករថយន្ត? ដល់ពេលព័ត៌មានចុះមកបែបនេះខ្ញុំមិនសុខចិត្តទេ ព្រោះ​ខ្ញុំមិន​ដឹង​ខ្លួនសូម្បីបន្តិចណាសោះ ប៉ុន្តែ​ប្រសិន​បើខ្ញុំជិះឡាន​បុក​គេ​មែន​ក៏​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវដែរ មិនបើករថយន្តគេចបែបនេះទេ “។

តារាចម្រៀងរាងតូចច្រឡឹង យ៉ុង ចាន់កន្និកា បានបន្ថែមទៀតថា ” ពេល​វេលា​ហ្នឹង​ខ្ញុំកំពុង​តែ​ច្រៀង ពេលចប់ ប្រហែលជាម៉ោង៩និង៣០នាទីយប់ ខ្ញុំក៏អង្គុយ​ញ៉ាំអី​ជជែក​គ្នាលេង​បន្តិចរហូតដល់ម៉ោងជាង ១០យប់ ទើបខ្ញុំត្រឡប់​មក​ផ្ទះវិញ​ដូច​ធម្មតា។ គ្មានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ ស្រាប់ព័ត៌មានចុះផ្សាយ បែបហ្នឹង ខ្ញុំមិន​ដឹង​ធ្វើយ៉ាង​ម៉េចទេ គឺនិយាយលេងចេញតែម្តង។ ខ្ញុំគិតថា​គេច្រឡំ​មនុស្ស​ទាំង​ស្រុង ព្រោះអីកាលពីមុន គេក៏ចុះផ្សាយច្រឡំមនុស្សដូចគ្នា ដោយឈ្មោះ ពេជ្រ សូលីកា ទៅជាច្រឡំឈ្មោះខ្ញុំ (យ៉ុង ចាន់កន្និកា) ទៅវិញ តាមពិតអ្នកដែលបុកគេ ហើយ​ចូលប៉ុស្តិ៍ប៉ូលីសគឺ ពេជ្រ សូលីកាទេ ប៉ុន្តែគេ យល់ច្រឡំថាជាខ្ញុំទៅវិញ រហូត​ដល់ ខ្ញុំទៅកាន់ស្ថាប័នព័ត៌មាននោះផ្ទាល់ទើបគេចុះផ្សាយបកស្រាយ ឲ្យខ្ញុំ​វិញ។ ចំពោះបញ្ហានេះខ្ញុំមានសាក្សី គឺមិត្តភ័ក្តនៅក្នុងហាង ព្រោះ​យប់​នោះ​ខ្ញុំអង្គុយ​រហូត​ដល់ម៉ោង ជាង១០យប់ទើបត្រឡប់មកផ្ទះអត់អាច មានរឿង ហ្នឹងកើត​ឡើង​ទេ “។

ទោះបីជាបែបណា យ៉ុង ចាន់កន្និកា បានសម្តែងការហួសចិត្តចំពោះព័ត៌មាននេះ ហើយគិតថាវាជាការយល់ច្រឡំទាំងស្រុង ហើយ​បដិសេធ​ចោល​ថា​នាងមិន​បាន​ជួបហេតុការណ៍បែបនេះឡើយ មិនតែប៉ុ ណ្ណោះទាក់ទងនិងបញ្ហានេះ នាង​កំពុង​តែរិះរក​វិធី​ដោះស្រាយ​ឲ្យទាន់ពេលវេលាដើម្បី ស្រោចស្រង់កេរ្តិ៍ ឈ្មោះនាងឡើង​វិញ​ខណៈដែលព័ត៌មានបែបនេះ​តែងតែកើតឡើងយល់ច្រឡំចំពោះនាង​ជាច្រើន​លើកច្រើនសារ។

គួរបញ្ជាក់ផងដែរថា កាលពីម៉ោង៩ និង ៤០នាទី យប់ថ្ងៃទី២៩ ខែមករា នៅ​ចំណុច​មុខសណ្ឋាគារ​អេស៊ាប៉ាលេស ហៅសណ្ឋាគារស ស្ថិតនៅតាម បណ្ដោយផ្លូវ​ព្រះមុន្នីវង្ស ទឹកដី ខណ្ឌ៧មករា ក្រោយពីរថយន្ដវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ2I-7858 បុកម៉ូតូស្មាស់ ពណ៌ខៀវ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាក​លេខភ្នំពេញ​1R-3627 នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោលផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោកហើយនោះ។

ស្រីស្រស់វ័យក្មេង បញ្ចេញសាច់សខ្ចី ក្នុងស្បៃរាត្រីជាមួយប្រុសស្នេហ៍ នៅពេល​ដែល​សមត្ថកិច្ចឃាត់រថយន្ដបាន ប្រុសស្នេហ៍ដាក់មេប្រូច បន្សល់ទុកឱ្យស្រីស្នេហ៍ ដែលគេដឹងថា ជាកូនអ្នកធំម្នាក់អង្គុយ ក្នុងរថយន្ដវីហ្គោ ពណ៌ខ្មៅយ៉ាងព្រងើយ ទោះបី​ជា​សមត្ថកិច្ចខិតខំ ស្ទូចរថយន្ដយ៉ាង ណាក៏ដោយ។ មន្ដ្រីនគរបាល​ចរាចរ​រាជធានី ភ្នំពេញបាន និយាយនៅកន្លែងស្ទូចរថយន្ដថា បន្ទាប់ពីឮ ការអន្ដរាគមន៍​តាមវិទ្យុ ទាក់ទងភ្លាម សមត្ថ កិច្ចបានចេញស្ទាក់ឡោមព័ន្ធឃាត់បានទាំង រថយន្ដ​ទាំងអ្នកបើកបរដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

ប៉ូលិស​ចរាចរណ៍​ដោះលែង​តារាចម្រៀង យ៉ុង ចាន់​កន្និកា បន្ទាប់ពី​សង​ប្រាក់​ដល់​ជនរងគ្រោះ​

ប្រភព ៖ CAMBODIA EXPRESS NEWS / រស្មីកម្ពុជា

ដោយ : ឆាយា (ថ្ងៃទី 1 កុម្ភៈ 2012,02:51:PM)

ភ្នំពេញ: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​តារាចម្រៀង យ៉ុង ចាន់​កន្និកា បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​នោះ នៅ​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១២ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​នាង​ឱ្យមាន​សេរីភាព​វិញ​ហើយ​។​

​ទាក់ទិន​នឹង​ ការដោះលែង​នេះ តាម​ប្រភពព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់ពី​បុរស​ម្នាក់ ដែល​អះអាងថា​ជា​ឪពុក​របស់​តារាចម្រៀង​រូបនេះ ចេញមុខ​សម្រប​សម្រួល ជាមួយ​ភាគី​ជនរងគ្រោះ ដោយបាន​ផ្តល់ប្រាក់​សំណង​ប្រហែល​មួយ​ពាន់​ដុល្លារ​។​

​ សូម​រម្លឹកថា កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១២ នៅត្រង់ចំណុច​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រថយន្ត​បង្កហេតុ​មួយគ្រឿង ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 2I-7858 បាន​បោះពួយ​យាង​លឿន ទៅបុក​ម៉ូតូ​ស្មាស​ពណ៌​ខៀវ​មួយគ្រឿង​។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ​ កើតឡើង តារាចម្រៀង យ៉ុង ចាន់​កន្និកា បាន​បញ្ជា​ចង្កូតរថយន្ត​ឆ្ពោះទៅមុខ​យ៉ាង​លឿន ពុំ​ព្រម​ឈប់​មើល​កន្លែងកើតហេតុ ឬ ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​ឡើយ​។ ឃើញ​ដូច្នេះ សមត្ថកិច្ច​គោលដៅ​ក៏បាន​ប្រកាស​តាម​វិទ្យុទាក់ទង សុំ​ការអន្តរាគមន៍​ឃាត់​រថយន្ត​បង្ក រហូត​ផ្អើល​ប៉ូលិស​ស្ទើរ​មួយ​រាជធានី​ភ្នំពេញ​។​

​រថយន្ត​បង្ក​ បន្តដំណើរ​រហូតមក​ដល់​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​សណ្ឋាគារ​ស ស្ថិតក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា កម្លាំង​ប៉ូលិស​ផ្នែក​អន្តរាគមន៍​ខណ្ឌ​៧​មករា ក៏បាន​ស្ទាក់​ជាប់ ហើយ​ព្យាយាម​ទាក់ទង​ហៅ​ប៉ូលិស​ចរាចរណ៍ ដើម្បី​ចុះមក​ជាក់ស្តែង​។

​ ទោះជា​ឃាត់​រថយន្ត​យ៉ាងណា ក៏​តារាចម្រៀង​រូបនេះ​ពុំ​ព្រម​ចុះ​ពីលើ​រថយន្ត​ឡើយ ហើយ​បាន​ព្យាយាម​យក​ទូរ​សព្ទ័ និយាយ​ទៅកាន់​បក្ខពួក ក្នុង​ចេតនា​រក​អន្តរាគមន៍ អស់​រយៈពេល​ជាង​មួយ​ម៉ោង​ក្រោយមក ក៏​តារាចម្រៀង​រូបនេះ​នៅតែ​ពុំ​ព្រម​ចុះ​ពីលើ​រថយន្ត ទើប​ប៉ូលិស​ចរាចរណ៍​បានសម្រេច​ចិត្ត​ប្រើប្រាស់​រថយន្តស្ទូច រថយន្ត​បង្ក​ទាំង​ម្ចាស់​នៅក្នុង​រថយន្ត យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ក្នុងពេល​ឃាត់​រថយន្ត គេ​ឃើញ​មាន​បុរស​ម្នាក់​នៅក្នុង​រថយន្ត​នេះ​ផងដែរ តែ​បាន​បើកទ្វារ​ចេញ​បាត់ទៅ​៕ K

Advertisements

មតិ»

1. តា ម៉ាប់ - ខែ​កុម្ភៈ 1, 2012

មើល​មុខ​ដូច​អត់ ?

មេឃា - ខែ​កុម្ភៈ 2, 2012

ខ្ញុំ​មើល​ត្រឹម​​រូបថត​ យល់​ដូច​ តា ម៉ាប់ ដែរ…
នៅ​តែ​ឆ្ងល់​ម៉េច​ក៏​សារព័ត៌មាន​នៅតែ​ប្រើឈ្មោះ តារា​ចម្រៀង​រូបនេះ ថា​ជា​អ្នក​បង្កហេតុដដែល ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: