jump to navigation

មើល​​ហុង​ស៊ុយ​ឆ្នាំរោង​២០១២ ខែមករា 24, 2012

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា, កំសាន្ត/Entertainment.
trackback

The photo taken on Jan. 17, 2012 shows a 60-meter-long dragon-shaped lantern in Yuyuan central square in Shanghai, east China. The lantern fair of Yuyuan, as one of the national intangible cultural heritages, will last from the first to the 18th day of the first lunar month. (Xinhua/Liu Ying)

ទស្សន៍​ទាយ​ជោគ​រាសី​ប្រចាំ​ឆ្នាំ​រោង​ទៅ​តាម​ក្បួន​តម្រា​បែប​ចិន

ប្រភពដើម ៖ គេហទំព័រ​ភ្នំពេញប៉ុស្តិ៍

Friday, 20 January 2012 12:01 មាស រ័ត្ន

ហោរា​​ចិន​​ប្រចាំ​​ក្រុង​​ភ្នំពេញ លោក កុក ឡុង អាយុ​​ ៦៣​ឆ្នាំ បាន​​ចាប់​​សាស្រ្ត​​ធ្វើ​ការ​​ទស្សន៍​ទាយ​​អំពី​​ហេតុ​​ភេទ​សម្រាប់​​ឆ្នាំ​ថ្មី​។ ឆ្នាំ​រោង​​ដែល​​មាន​​ធាតុ​ទឹក ត្រូវ​​បាន​​ហោរា​ចិន​​រូប​នេះ ចង្អុល​​បង្ហាញ​​ថា មាន​​ទិស​​ចំនួន​​បួន​​គឺ កើត លិច អាគ្នេយ៍ និងពាយព្យ ដែល​​នាំ​ផល​​ល្អ​​សម្រាប់​​មនុស្ស។ មុខ​របរ​​ដែល​​លោក​​មើល​​ឃើញ​ថា​​គួរ​​ធ្វើ​​ជំនួញ​​ក្នុង​ឆ្នាំ​ថ្មី​​នេះ​​មាន​​ជួញ​ មាស និង ឈើ។ ប៉ុន្តែ​​លោក​​ក៏​ព្រមាន​​ផង​​ដែរ​​ថា​ ​ករណី​​ចោរ​​លួច​​ចោរ​​ប្លន់ និង​​រត់​ពន្ធ​​ឈើ​​ខុស​ច្បាប់​ ក៏​ហាក់​​មាន​​សកម្មភាព​​ខ្លាំង​ក្លា​​ណាស់​ដែរ​​ក្នុង​​ឆ្នាំ​រោង​​នេះ។

ជូត

អ្នក​​កើត​​ឆ្នាំ​ជូត ក្នុង​​ឆ្នាំ​រោង​​នេះ មាន​​ជតា​រាសី​​ល្អ។ ប្រសិន​​ជា​​អ្នក​មាន​​ធាតុ​ឈើ​​ទៀត ក៏​​រឹតតែ​​ចម្រើន សុខសាន្ត មាន​​បុណ្យ និង​​មាន​​ព្រេង​​មាន​​សំណាង។ ប៉ុន្តែ​​ឆ្នាំ​នេះ​​មាន​​លេច​​ចេញ​​តារា​​ខ្លាស​​ក្នុង​​តម្រា ដូច្នេះ​​សម្រាប់​​អ្នក​​កើត​ឆ្នាំ​ជូត ត្រូវ​​ប្រុង​ប្រយ័ត្ន​​ក្រែង​​មាន​​គ្រោះថ្នាក់​​ចរាចរណ៍។ ដើម្បី​​រំដោះ​​គ្រោះ​​នេះ​បាន តាម​​​ហោរា​​ចិន អ្នក​​ត្រូវ​​ឡើង​ទៅ​​វត្តភ្នំ ឬ​​ទៅ​​វិហារ​ចិន​​នៅ​​ក្រុង​តាខ្មៅ ដែល​មាន​​រូប​សំណាក​ខ្លា ដើម្បី​​សែន​​សុំ​​សុខ​​សប្បាយ។ ពិធី​នៃ​​ការ​​សែន គឺ​​អ្នក​​ត្រូវ​​យក​​សាច់​ជ្រូក​​បី​ជាន់​ឆៅ​​មួយ​ដុំ និង​​ពង​​ទាស​​ឆៅ​​ពីរ​​គ្រាប់​​ដាក់​​ចូល​​ក្នុង​​មាត់​ខ្លា។ ពង​ទា​មួយ​​ត្រូវ​បិទ​រូប​ខ្លា។ អ្នក​​ត្រូវ​​អុជ​​ធូប​បី​សរសៃ រួច​ហើយ​​ដក​​យក​​ពង​ទា​​មួយ​​គ្រាប់​​ដែល​​បិទ​​រូប​ខ្លា​​នោះ​​ចេញ​​មក​​គប់​ចោល​​នៅ​​លើ​ ផ្លូវ​​ថ្នល់។ ក្នុង​​ឆ្នាំ​នេះ អ្នក​​ត្រូវ​​ប្រយ័ត្ន​​ជន​​ខិល​ខូច​​ព្យាបាទ​​ដោយ​​កំបាំង​មុខ​។ ខែ​​ដែល​​ឆុង​​សម្រាប់​​អ្នក​​មាន មីនា មិថុនា កក្កដា និង​ខែ​តុលា។ ពេល​វេលា​​ដែល​​ឆុង​​គឺ​​ពី​​ម៉ោង​​៥​​រហូត​​ដល់​​ម៉ោង​​៧​ព្រឹក និង​​ពី​​ម៉ោង​​១១​​ព្រឹក​​រហូត​ដល់​​ម៉ោង​​៣​​រសៀល និង​ពី​ម៉ោង​​៧​ល្ងាច​​ដល់​​ម៉ោង​​៩​យប់។ ឆ្នាំ​នេះ​​អ្នក​​គួរ​​ប្រយ័ត្ន​​សុខភាព ពិសេស​ជំងឺ​​ឆ្លង​​តាម​មាត់។​ សម្រាប់​​ភោគ​ទ្រព្យ​វិញ​មាន​​ការ​កើត​​ឡើង​​ល្អ ដោយ​​អ្នក​មាន​ក្តី​​អង់អាច ហ៊ាន​សម្រេច​​ចិត្ត​​បាន​​ល្អ បូក​ផ្សំ​នឹង​​ការ​​ខិតខំ​​របស់​​អ្នក​​ផង ប៉ុន្តែ​​កុំ​ចង់​​ឈ្នះ​​គេ ឬ​កុំ​មាន​​ចិត្ត​​រំជើប​​រំជួល។ ក្នុង​​ផ្ទះ​បើ​អាច​តាំង​រូប​ឆ្នាំវក (ស្វា) គឺ​ល្អ​ណាស់។ ពណ៌​​ដែល​​នាំ​​សំណាង​គឺ​ខៀវ និង​បៃតង។ រីឯ​លេខ​ល្អ​គឺ​៣ និង ។ បុរស​ដែល​កើត​ខែ​មីនា ត្រូវ​ប្រយ័ត្ន​ស្រី និង​ស្រា និង​កុំ​ឈឺឆ្អាល​អ្នក​ដទៃ​ឈ្លោះ​គ្នា​ឲ្យ​សោះ។

ឆ្លូវ

សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ក្នុង​ឆ្នាំ​នេះ ជតា​រាសី​គឺ​មធ្យម។ បើ​សិន​ជា​បាន​ជួប​មនុស្ស​កើត​ឆ្នាំ​ជូត ឬ វក គឺ​ល្អ​។ ឆ្នាំ​នេះ​ភោគ​​ទ្រព្យ​នឹង​ហូរ​ចូល​ជា​បន្ត​បន្ទាប់ ពីព្រោះ​មាន​ផ្កាយ​បរម​សុខ​បង្ហាញ​ក្នុង​សត្រា​តាម​ជួយ​ថែរក្សា​អ្នក។ បើ​អ្នក​ចេះ​​ធ្វើ​បុណ្យ​ជួយ​ជាតិ ឬ ជួយ​អ្នក​ក្រ អ្នក​នឹង​ទទួល​បាន​កិត្តិគុណ​ដ៏​ឧត្តម។ ប៉ុន្តែ​បញ្ហា​គោ​ចាស់​ចង់​ស្មៅ​ខ្ចី (មនុស្ស​​​ចាស់​ស្រលាញ់​ក្មេង) គឺ​ពិសពុល​ណាស់ អាច​បណ្តាល​ឲ្យ​គ្រួសារ​មាន​ទំនាស់ ជាពិសេស ស្វាមី និង​ភរិយា​​អាច​នឹង​ទាស់ទែង​គ្នា។ សម្រាប់​បុរស​ដែលមាន​ដើម​ទ្រូង​ប្រាំ​ហាត់ មេត្តា​កុំ​ឈ្លោះ​ជាមួយ​ស្រី​ឲ្យ​សោះ។ អ្នក​​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ជាង​មហាសមុទ្រ។  ប៉ុន្តែ​ទាំង​ប្រុស​ទាំង​ស្រី​ត្រូវ​ប្រយ័ត្ន​ចាញ់​បោក​មនុស្ស​កើត​ឆ្នាំ​ មមី មមែ និង​ឆ្នាំ​ច។ ខែ​ដែល​ឆុង​នឹង​អ្នក​មាន ខែ​មេសា មិថុនា កក្កដា និង ខែ​តុលា។ ក្នុង​ខែ​មករា ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ជា​ពិសេស​ចម្លោះ​ម៉ោង​១១​ថ្ងៃ​ដល់​ម៉ោង​៣​រសៀល និង​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់។ ពណ៌​ដែល​ល្អ​នាំ​សិរី​សួស្ដី​ដល់​អ្នក​គឺ ពណ៌ មាស រីឯ​លេខ​ដែល​នាំ​សំណាង គឺ ៥ និង ១។ ក្នុង​ឆ្នាំ​រោង​នេះ​អ្នក​កើត​ឆ្នាំ​ឆ្លូវ បើ​អាច​គួរ​តែ​តាំង​រូប​ឆ្នាំ​រកា (មាន់គក) នៅ​ក្នុង​ផ្ទះ​ជា​ការ​ប្រសើរ​ណាស់។

ខាល

អ្នក​កើត​ឆ្នាំ​ខាល សម្រាប់​ឆ្នាំ​ថ្មី​នេះ តម្រា​បង្ហាញ​ថា អ្នក​អាច​ឡើង​កាន់​តំណែង​ខ្ពស់​នៅ​កន្លែង​ការងារ ឬ​អ្នក​ហាក់​ដូច​ជា​ទទួល​បាន​ជោគជ័យ​ដ៏​គាប់​ប្រសើរ ដែល​ឆ្លុះ​បញ្ចាំង​នូវ​អនាគត​ភ្លឺស្វាង​របស់​អ្នក។ ប៉ុន្តែ​មាន​ខែ​ឧសភា និង​សីហា ជា​ពេល​ឡាក់​ឆុង​សម្រាប់​អ្នក ជួន​កាល​អ្នក​ក្លាយ​ជា​អ្នក​កាន់​ទុក្ខ​ឲ្យ​ដូនតា​របស់​ខ្លួន ឬ​ក៏​ខូចខាត​លុយ​កាក់​ខ្លះ​ក្នុង​ផ្ទះ។ យក​ល្អ​ក្នុង​ខែ​ទាំង​ពីរ​នេះ នៅ​ចន្លោះ​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក និង​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៥​ល្ងាច គួរ​កុំទៅ​ចូលរួម​បុណ្យ​ខ្មោច​ឲ្យ​សោះ។ ក្នុង​ករណី​មិន​អាច​អាក់​ខាន បើ​អ្នក​ទៅ គួរ​កុំទៅ​មើល​សព ឬ​ក្តា​មឈូស និង​ចៀសវាង​កុំ​ទៅ​ចូល​រួម​ដង្ហែ​សព។ បើ​ធ្វើ​ដំណើរ​ពេល​យប់ ត្រូវ​ប្រយ័ត្ន​ម៉ោង​៣​ដល់​ម៉ោង​៥​ទៀប​ភ្លឺ។ ឆ្នាំ​នេះ​អ្នក​មាន​បញ្ហា​ស៊យ​ទៀត គឺ​តម្រា​បង្ហាញ​ថា អ្នក​ជួប​នឹង​រាហ៊ូ​អ​ម្រែ​ក​គ្រោះ ដូច្នេះ​កុំ​ចាយ​វាយ​ខ្ជះខ្ជាយ​ឲ្យ​សោះ។ បើ​ធ្វើ​ជា​ឈ្មួញ កុំ​កេង​កម្រៃ​គេ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដល់​ខ្លួន។ ពណ៌​ដែល​នាំ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល​ឆ្នាំ​នេះ​គឺ​ពណ៌​ខ្មៅ រីឯ​លេខ​ដែល​ល្អ​គឺ១ និង ។ អ្នក​គួរ​តែ​ពាក់​រូប​ឆ្នាំ​កុរ (ជ្រូក) ទើប​ល្អ។

ថោះ

អ្នក​កើត​ឆ្នាំ​ថោះ​បាន​រួច​ផុត​ពី​ជាន់​ឆ្នាំ​ហើយ (ឆ្នាំ​កន្លង​ទៅ) ដូច្នេះ​ជោគជតា​រាសី​របស់​អ្នក​គឺ​ល្អ​ជាង​ឆ្នាំ​ចាស់។ ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​អាជីព​ថ្កុំថ្កើង រុងរឿង ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ដោយ​សុចរិត​យុត្តិធម៌។ កុំ​លេង​ល្បែង​ស៊ីសង ប៉ុន្តែ​បើ​ធ្វើ​ការ អ្នក​ត្រូវ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ប្រាកដ​និយម​ជានិច្ច។ អ្នក​កើត​ឆ្នាំ​ថោះ តម្រា​បង្ហាញ​ថា អ្នក​អាច​ជួប​នឹង​យក្ខិនី​កាច​សាហាវ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដល់​សុខភាព​ក្រែង​មាន​ជំងឺ​បៀតបៀន។ សូម​កុំ​ធ្វើ​ការ​អ្វី​លំបាកៗ ដែល​បណ្តាល​ឲ្យ​រាងកាយ​នឿយហត់​ខ្លាំង​ពេក។ នៅ​ក្នុង​ខែ​កញ្ញា និង​ខែ​ធ្នូ អ្នក​មិន​ត្រូវ​មាន​ចិត្ត​ព្រួយបារម្ភ ឬ​ក្តៅ​ក្រហាយ​ជាមួយ​នរណា​ឡើយ។ ពេល​ហូប​ចំណី ត្រូវ​តែ​មាន​អនាម័យ ដើម្បី​ចៀស​ផុតពី​រោគា។ ពេល​ទៅ​ធ្វើ​ការ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ណា​មក​ណា ត្រូវធ្វើ​ឲ្យ​បាន​សមរម្យ។ ពេល​ហាត់​ប្រាណ គួរ​ពាក់​រូប​ស្វា (រូប​បន្តោង ឬ ខោអាវ​ដែល​មាន​រូប​សត្វ​ស្វា)។ ពណ៌​ដែល​នាំ​សំណាង​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ខៀវ រីឯ​លេខ​ដែល​ល្អ​គឺ៣ និង។ ម៉ោង​ដែល​ឡាក់​ឆុង​ចំពោះ​រូបអ្នក​មាន ម៉ោង​៥​ដល់​ម៉ោង​៧​ព្រឹក និង​ម៉ោង​១១​ដល់​ម៉ោង១យប់។

រោង

មន្ត្រី​ស៊ីវិល និង សិស្សានុសិស្ស​មាន​ជោគ​ជតា​រាសី​ល្អ​ក្នុង​ឆ្នាំ​នេះ។ អ្នក​អាច​កសាង​ស្នាដៃ​ឆ្នើម ឬ​បាន​ធ្វើ​អ្វី​មួយ​បណ្តាល​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ល្បីល្បាញ។ អ្នក​ឆ្នាំ​រោង​ដែល​កើត​ឆ្នាំ​១៩៧៦ គួរ​រកស៊ី​លក់​មាស ឬ អ្វី​ៗ​ទាក់​ទិន​នឹង​ដែក ចំណែក​អ្នក​កើត​ឆ្នាំ​១៩៦៤ គួរ​ប្រកប​របរ​ទាក់ទង​នឹង​ឈើ គឺ​នឹង​ហុច​ផល​ល្អ​ណាស់។ ប៉ុន្តែ​ដោយ​សារ អ្នក​ជាន់​ឆ្នាំ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​គ្រោះ​ពិបាក​ការពារ​ណាស់។ ពេល​មាន​គ្រោះថ្នាក់ សូម​ស្រែក​ហៅ​ទេវតា​ចិន​ប្រចាំ​ឆ្នាំ​នេះ​ឈ្មោះ «លោក​ផឹង​ថៃ» ក្រែង​ល​អាច​ជួយ​សង្គ្រោះ​បាន​ខ្លះ។ បើ​យក​ល្អ​អ្នក​ត្រូវ​ប្រយ័ត្ន​៣​ប្រការ។ ទី១ កុំ​សង់​ផ្ទះ កុំ​ជួសជុល​ផ្ទះ និង​កុំ​ទៅ​ជិត​ការ​ដ្ឋាន​សាងសង់។ ទី២ កុំ​ទៅ​ចូលរួម​បុណ្យ​ខ្មោច ឬ​កុំ​មើល​សាកសព។ ទី៣ កុំ​មើល​គេ​សែន​ពេល​រៀប​មង្គលការ ឬ​ចូល​មើល​គេ​រៀប​គ្រែ​ចង់​មុង​ផ្សំ​ដំ​ណែក​ឲ្យ​សោះ។ អ្នក​កើត​ឆ្នាំ​រោង គួរ​រៀបចំ​សែន​ទេវតា​បី​ដង ដោយ​លើក​ទី១​នៅ​ថ្ងៃ​ចន្ទ​ទី៦ ខែ​កុម្ភ:​ឆ្នាំ​២០១២​នេះ លើក​ទី២​នៅ​ថ្ងៃ​ចន្ទ ទី៦​ខែ​សីហា ឆ្នាំ​២០១២ និង លើក​ទី​៣​នៅ​ថ្ងៃ​ច័ន្ទ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ចូរ​ប្រយ័ត្ន​ខែ​តុលា​ឆ្នាំ​២០១២ និង​ខែ​មករា​ឆ្នាំ​២០១៣ ពីព្រោះ​៥០​ភាគរយ​ជា​ពេល​វេលា​ឆុង​ចំពោះ​អ្នក។ ពេល​ដែល​ត្រូវ​ប្រយ័ត្ន គឺ​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​១​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ​។ ក្នុង​ផ្ទះ​គួរ​តាំង​រូប​នាគ​ក្បាល។ ពណ៌​ដែល​ល្អ​គឺ មាស និង​លឿង។ រីឯ​លេខ​ដែល​សំណាង​ល្អ​គឺ ៥ និង ១។ មេត្តា​កុំ​ចូល​ហ៊ុន​ជាមួយ​គេ និង​កុំ​គិត​អ្វី​ដូច​ចៅ​ចាក់ស្មុក ឬ​មានការ​សង្ស័យ​ច្រើន ព្រោះ​វា​មិន​នាំ​សេចក្តី​ចម្រើន​ឡើយ។

ម្សាញ់

បើ​បុរស​មាន​រាសី​ល្អ ប៉ុន្តែ​សម្រាប់​ស្ត្រី​វិញ គឺ​ស៊យ​ណាស់។ បើ​អ្នក​អាច​រៀបការ​បាន ហើយ​មាន​បុត្រ​ក្នុង​ឆ្នាំ​នេះ​គឺ​ល្អ ប៉ុន្តែ​បើ​មាន​នៅ​ឆ្នាំ​ក្រោយ មិន​ល្អ​នោះ​ទេ ព្រោះ​ជាន់​ឆ្នាំ។ តម្រា​ចិន​ក្នុង​ឆ្នាំ​នេះ​សុំ​ហាម​ទាំង​ប្រុស​ទាំង​ស្រី កុំ​ឲ្យ​លែង​ល្បែង​ស៊ីសង​ឲ្យ​សោះ បើ​ពុំ​ដូច្នោះ​ទេ​នឹង​នាំ​អន្តរាយ។ សម្រាប់​មនុស្ស​ស្រី ចូរ​ប្រយ័ត្ន​ជួប​វិបត្តិ​ខាង​ផ្លូវ​ស្នេហា។ បើ​សង្ស័យ​ថា​ប្តី​អាច​មាន​សហាយ សូម​មើល​កន្លែង​កន្ទុយ​ភ្នែក​របស​គាត់។ បើ​មាន​ខ្សែ​ចុះមក​ក្រោម ច្រើន​ជាង​ខ្សែ​ឡើង​ទៅ​លើ និង​ស្នាម​ចង្អូរ​ក្រោម​ច្រមុះ (លើ​មាត់) មាន​ខ្សែ​កាត់​ទទឹង នោះ​គឺ​ប្តី​មាន​ប្រពន្ធ​ចុង​ហើយ។ អ្នក​ត្រូវ​ដោះស្រាយ​យ៉ាង​ណា ឲ្យ​បាន​សមរម្យ និង​ទាន់​ពេល​វេលា ប៉ុន្តែ​ត្រូវ​ចៀសវាង​ការ​ឈ្លោះ​ប្រកែក​គ្នា។ សម្រាប់​ឆ្នាំ​នេះ ពណ៌​ដែល​ល្អ​ចំពោះ​អ្នក គឺ​ពណ៌​ខៀវខ្ចី​។ រីឯ​លេខ​ដែល​នាំ​សំណាង​គឺ​លេខ៣ និង លេខ។ អ្នក​ដែល​កើត​ឆ្នាំ​ម្សាញ់​ឆ្នាំ​នេះ​គួរ​តែ​ពាក់​សម្លៀក​បំពាក់ បន្តោង ឬ វត្ថុ​លម្អ​កាយ​ផ្សេង​ៗ​ដែល​មាន​រូប​ឆ្នាំ​រកា (មាន់)។

មមី

សេះ មិន​សូវ​ខុស​អ្វី​ពី​សត្វ​នាគ​ទេ គឺ​ត្រូវ​បាន​ចិន​សរសើរ ថា​ជា​សត្វ​ដែល​រហ័ស​រហួន។ អ្នក​កើត​ឆ្នាំ​មមី សម្រាប់​ឆ្នាំ​នេះ គឺ​មាន​ជោគជតារាសី​ល្អ​ណាស់ ព្រោះ​មិន​ខ្វះ​ទ្រព្យ​ធន​លុយ​ចាយ​វាយ​នោះ​ទេ។ ប៉ុន្តែ​ក្នុង​គ្រួសារ​ដាច់​ខាត​កុំ​ឲ្យ​មាន​សមាជិក​ដែល​កើត​ឆ្នាំ​មមី​រហូត ​ដល់​ទៅ​៥​នាក់ ព្រោះ​មិន​ល្អ​ទេ និង កុំ​តាំង​រូប​សេះ​រហូត​ដល់​ទៅ​បី​ក្បាល​ក្នុង​ផ្ទះ ពីព្រោះ​អាច​នាំ​ចង្រៃ​ខ្លាំង​ដែរ។ ហេតុ​ភេទ​នេះ​គឺ​យក​តាម​ទម្លាប់​ស្តេច​ចិន​បុរាណ ដែល​សម្លាប់​សត្រូវ​សួរ​ពូជ​របស់​គាត់​ដោយ​យក​សេះ​៥​ក្បាល​បំបែក​សាកសព​ សត្រូវ។ យក​ល្អ​ក្នុង​ឆ្នាំ​២០១២​នេះ​អ្នក​មិន​គួរ​ទៅ​ចូលរួម​បុណ្យ​ខ្មោច ឬ​ជួយ​ដង្ហែ​សព​ឡើយ ព្រោះ​ខ្លួនឯង ក្នុង​ឆ្នាំ​នេះ តម្រា​បង្ហាញ​ថា មាន​តារា​កាន់​ទុក្ខ​(អ្នក​អាច​កាន់​ទុក​ឲ្យ​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់)។ បើ​ដាច់ខាត​ត្រូវ​តែ​ទៅ​ចូល​រួម សូម​កុំ​ភ្លេច​ដាក់​ផ្កា​ទទឹម​ជាប់​ខ្លួន។ ពេល​ចេញ​ពី​ផ្ទះ​ត្រូវ​ទៅ​តាម​ផ្លូវ​មួយ ដល់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​ដើរ​ផ្លូវ​ផ្សេង។ ពេល​ទៅ​ចូលរួម​ពិធីបុណ្យ គួរ​កុំ​ចូល​បុណ្យ​ជា​លុយ​ដែល​មាន​លេខ​គូ ដូចជា​២ ៤ ៦ ឬ ៨ ឲ្យ​សោះ។ ក្នុង​ក្រុម​គ្រួសារ បើ​មាន​ជីដូន​ជីតា​ចាស់ៗ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ពួក​គាត់​ដោយ​ប្រុងប្រយ័ត្ន។ យក​ល្អ អ្នក​គួរ​កុំ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ដើរ​លេង​ក្នុង​ចន្លោះ​ម៉ោង​១១​យប់ និង​ម៉ោង​៣​ទៀបភ្លឺ។ សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ពណ៌​ដែល​ល្អ​ក្នុង​ឆ្នាំ​នេះ​គឺជា​ពណ៌ មាស​លឿង។ រីឯ​លេខ​នាំ​សំណាង​គឺ​៥ និង ១។ អ្នក​គួរតែ​ពាក់​រូប​ឆ្នាំ​មមែ (ពពែ)។

មមែ

អ្នក​កើត​ឆ្នាំ​មមែ ក្នុង​ឆ្នាំ​ថ្មី​នេះ សម្រាប់​ស្ត្រី​មាន​រាសី​ល្អ ប៉ុន្តែ​បុរស​វិញ​ជួប​យីអ៊ុន​ដាក់​ហើយ។ ចំពោះ​លាភ​ជ័យ​សម្រាប់​នារី បើ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍ ក៏​អាច​រកស៊ី​បាន​ជោគជ័យ​ដែរ ព្រោះ​សំណាង និង​ឱកាស មាន​ច្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ។ សម្រាប់​បុរស​ៗ មេត្តា​ប្រយ័ត្ន​ល្បែង ស្រី និង​ស្រា។ ម្យ៉ាង​ក៏ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​ច្រណែន​ឈ្នានីស​ផង​ដែរ។ ត្រូវ​ចាំ​ដាច់​ខាត​កុំ​ជួយ​មនុស្ស​ខូច ព្រោះ​អាច​នាំ​កង្វល់​ដល់​ខ្លួន។ បើ​សិន​ជា​ប្រទះ​ឃើញ​គេ​ឈ្លោះ​គ្នា សូមកុំ​ចូល​ទៅ​ឃាត់ ប្រយ័ត្ន គេ​វាយ​ទាំង​អ្នក​ឃាត់​ទៀត។ ឆ្នាំនេះ​អ្នក​នឹង​ទទួល​រង​នូវ​ពាក្យ​ចចាមអារ៉ាម​វាយ​ប្រហារ​ជាច្រើន ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ជម្រះ​ឲ្យ​បាន​ទាន់​ពេល​វេលា។ បើ​មាន​ករណី​ក្តីក្តាំ​ដល់​ថ្នាក់​ឡើង​ទៅ​តុលាការ ដែល​អាច​នាំ​ឲ្យ​អ្នក​ខូចខាត​កេរ្តិ៍ឈ្មោះ​ផង ចូរ​ពាក់​រូប​សេះ​ជាប់​ខ្លួន​ភ្លាម ក្រែង​ល​អាច​ជួយ​ការពារ​បាន​ខ្លះ។ សម្រាប់​ឆ្នាំ​២០១២​នេះ ពណ៌​ដែល​ល្អ​គឺ​មាស​លឿង រីឯ​លេខ​ដែល​នាំ​សំណាង​គឺ៥ និង​១។ ខែ​ដែល​ឆុង​ខ្លាំង​មាន​ខែ​កក្កដា និង​ខែធ្នូ ឆ្នាំ​២០១២ និង​ខែ​មករា​ឆ្នាំ​២០១៣។ យក​ល្អ​កុំ​រកស៊ី​ចូល​ហ៊ុន​ជាមួយ​មនុស្ស​កើត​ឆ្នាំ​ជូត និង​ឆ្នាំឆ្លូវ ដែល​ទើប​ស្គាល់គ្នា​ថ្មីថ្មោង ប្រយ័ត្ន​ចាញ់​បោក​គេ។ ប៉ុន្តែ​បើ​ចៀស​មិន​ផុត ត្រូវ​មាន​មេធាវី ឬ សាក្សី​ច្បាស់លាស់​សម្រាប់​ការបណ្តាក់ទុន​នេះ។ នៅ​ខែតុលា សូមកុំ​ឈ្លោះ​គ្នា​ក្នុង​ផ្ទះ ប្រយ័ត្ន​ឆ្កែ​រំខាន ហើយ​អ្នក​ក៏​គួរ​ប្រយ័ត្ន​ផង​ដែរ​នូវ​ម៉ោង​១១​យប់​រហូតដល់​ម៉ោង​៣​ទៀប​ភ្លឺ។

វក

អ្នក​កើត​ឆ្នាំ​វក ក្នុង​ឆ្នាំ​ថ្មី​រោង​នេះ យក​ល្អ​គួរ​ពាក់​រូប​ឆ្នាំ​ជូត (កណ្តុរ) ដើម្បី​ជួយ​លើក​រាសី។ ឆ្នាំ​នេះ​ការ​រកស៊ី​អាច​ទទួល​បាន​ជោគជ័យ មាន​មាស​ប្រាក់ សុភមង្គល និង​សេចក្ដី​រីករាយ​ចូល​មក​ជា​ហូរហែ។ ប៉ុន្តែ​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​ជន​ខិលខូច ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្តឹងប្តល់​ឡើង​តុលាការ​បាន។ ក្នុង​គ្រួសារ​អាច​កើត​មាន​រឿង​អាណោច​អាធម​ដោយ​មាន​គេ​លួច​វាយប្រហារ​ ពីក្រោយ​ខ្នង ឬ​ធ្វើ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា។ យក​ល្អ រឿង​ណា​ដែល​មិន​ផ្តល់​ផល​ដល់​ខ្លួន សូម​កុំ​រវល់​ឲ្យ​សោះ ប្រយ័ត្ន​នាំ​ទុក្ខ​ដល់​ខ្លួន។ កុំ​ធានា​គេ​ក្នុង​ខែ​កុម្ភ: សីហា និង ខែ​វិច្ឆិកា។ ត្រូវ​ចាំ​ផង​ដែរ កុំ​រកស៊ី​ចូល​ហ៊ុន​ជាមួយ​មនុស្ស​ឆ្នាំ​ខ្លា​ឲ្យ​សោះ។ ខែ​មេសា ឧសភា កញ្ញា និង​ខែធ្នូ​ជា​ពេល​ដែល​រាសី​មិនសូវ​ល្អ ដូច្នោះ​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​ប្រាណ​។ វេលា​ដែល​រីក​ចម្រើន​គឺ​នៅ​ខែ​ចូល​ឆ្នាំ​ចិន​នេះ​ឯង។ ប៉ុន្តែ​បើ​បាន​ជា​ផឹក​ស៊ី​ស្រវឹង ថែម​ទាំង​ត្រូវ​បើកបរ​រថយន្ត​ផង ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចន្លោះ​ម៉ោង​៩​ដល់​ម៉ោង​១១​យប់។ បើ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចូរ​ប្រយ័ត្ន​នៅ​ចន្លោះ​ម៉ោង​៣​ដល់​ម៉ោង​៥​ទៀប​ភ្លឹ។ ឆ្នាំ​នេះ​ពណ៌​ដែល​ល្អ​គឺ​មាស​លឿង រីឯ​លេខ​ដែល​សំណាង គឺ៥ និង ១។

រកា

តាម​ហោរ​ចិន រកា និង​រោង​គឺ​ចាត់​ទុក​ជា​ឆ្នាំ​ល្អ​លេខ​មួយ ប្រៀប​បាន​សត្វ​ហង្ស និង​នាគ​អ៊ីចឹង។ ប៉ុន្តែ​ពេល​ខ្លះ​ល្អ​លេខ​មួយ ក៏​អាច​ក្លាយ​ជា​អាក្រក់​លេខ​មួយ​ក៏​មាន ដូច្នេះ​ដាច់​ខាត​កុំ​ប្រហែស​ឲ្យ​សោះ ជា​ពិសេស​ប្រយ័ត្ន​នៅ​ក្នុង​ខែ​មីនា។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ទី១ គឺ​បញ្ហា​សុខភាព ពីព្រោះ​អាច​នឹង​មាន​ជំងឺ​ឆ្លង​តាម​មាត់។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ទី២ គឺ​ចោរលួច​ចោរប្លន់។ រីឯ​រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ទី៣ គឺ​ស្រី និង​ស្រា។ ចំណែក​ទី៤ គឺ​ការ​ចាញ់​បោក​មិត្តភក្តិ។ ទី៥ គឺ​លុយ​ទទួលបាន​ពី​គេ​ត្រូវ​រាប់​ឲ្យ​បាន​ច្បាស់លាស់។ បើ​បានជា​ធ្វើ​បុណ្យ អ្នក​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ។ បើ​បាន​ជួយ​អ្នក​ដែល​រងគ្រោះ​ថ្នាក់ រាសី​របស់​អ្នកនឹង​ងើបឡើង​វិញ ហើយ​អាច​ដោះស្រាយ​បញ្ហា​នានា​របស់​អ្នក​ប្រកប​ដោយ​សុភមង្គល​ថែម​ទៀត​ផង។ ឆ្នាំនេះ អ្នក​កើត​ឆ្នាំរកា​គួរ​ពាក់​រូប​ឆ្នាំម្សាញ់ (ពស់) ជាប់​ខ្លួន​ទើប​ជាការ​ប្រសើរ។ ពណ៌​ដែល​ល្អ​បំផុត​គឺ​មាស​លឿង រីឯ​លេខ​ដែល​មាន​យីអ៊ុន​គឺ៥ និង ១។

សម្រាប់​ឆ្នាំ​២០១២​នេះ អ្នក​កើត​ឆ្នាំ​ច​គឺ​ឡាក់​ឆុង​ខ្លាំង​ជាមួយ​នឹង​អ្នក​កើត​ឆ្នាំ​រោង​ហើយ ជា​ពិសេស​មនុស្ស​ឆ្នាំ​រោង​មាន​ធាតុ​ភ្លើង និង​ធាតុ​ដី។ ការ​ឡាក់​ឆុង​នេះ​អាច​រហូត​ធ្វើ​ឲ្យ​ខូចខាត​ជា​មាស​ប្រាក់​ក៏​ថា​បាន។ ដាច់ខាត​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ សូម្បី​តែមាន​តារា ឬ អ្នក​មាន​បុណ្យ​មក​ជួយ​ក៏​ដោយ។ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ខែ​មេសា និង​ខែតុលា ឆ្នាំ​២០១២ និង​ខែ​មករា​ឆ្នាំ​២០១៣ ហើយ​ត្រូវ​តម​បី​ខ​ដូច​អ្នក​កើត​ឆ្នាំ​រោង​ដែរ។ ទី១ កុំ​សង់ផ្ទះ កុំ​ជួសជុល​ផ្ទះ និង​កុំ​ទៅជិត​ការដ្ឋាន​សាងសង់​ក្រែង​នាំ​គ្រោះ​ចង្រៃ។ ទី២ កុំទៅ​ចូលរួម​បុណ្យ​ខ្មោច ឬ កុំ​មើល​សាកសព។ ទី៣ កុំ​មើល​គេ​សែន​ពេល​រៀបការ ឬ មើល​គេ​រៀបចំ​គ្រែ​ចង​មុង​សម្រាប់​ផ្សំ​ដំណេក​ឲ្យ​សោះ។ អ្នក​កើត​ឆ្នាំច​គួរ​កុំ​បង្ហិន​បង្ហោច​ប្រាក់​ចាយ​វាយ​ឥត​ពិចារណា ព្រោះ​ឆ្នាំនេះ​អាច​នឹងត្រូវ​ចំណាយ​ច្រើន។ អ្នក​ត្រូវ​ការពារ​ចោរលួច​ចោរ​ប្លន់ ទាំង​យប់​ទាំង​ថ្ងៃ។ អ្នក​ត្រូវ​រៀន​ចេះ​ធ្វើ​ជា​ហិរញ្ញិក​ដោយ​ខ្លួន​ឯង។ ចូរ​កុំ​ប៉ះពាល់​លេងល្បែង​ស៊ីសង និង កុំ​ចងគំនុំ​ជាមួយ​នរណា​ម្នាក់​ឡើយ។ កុំ​ឡើង​តុលាការ​តតាំង​រឿង​ក្តី​ក្តាំង ប្រយ័ត្ន​គេ​សងសឹក។ ឆ្នាំ​នេះ​អ្នក​គួរ​តាំង​រូប​ឆ្នាំម្សាញ់(ពស់) ឬ​រូប​ឆ្នាំរការ (មាន់គក) ទើប​ល្អ។ ពណ៌​សំណាងល្អ​គឺ​ក្រហម រីឯ​លេខ​ដែល​ល្អ​គឺ២ ឬ ។ ពេល​មាន​អាសន្ន​អ្នក​គួរ​ស្រែក​ហៅ​ឈ្មោះ​ទេវតា «ផឹង​ថៃ» ឲ្យ​ជួយ។

កុរ

សម្រាប់​ឆ្នាំ​២០១២​នេះ អ្នក​កើត​ឆ្នាំ​កុរ​គឺ​មាន​រាសី​ល្អ​ណាស់។ អ្នក​ខ្លះ​អាច​ក្លាយ​ជា​អភិជន ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ច្រើន​ក៏​មាន។ កំលោះ​ក្រមុំ អាយុ​១៨​ដល់​៣០​ឆ្នាំ បើ​ត្រូវ​ចិត្ត​ត្រូវ​ថ្លើម​គ្នា គួរ​រៀបការ​ទៅ ព្រោះ​ឆ្នាំ​នេះ​ល្អ​ណាស់​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍ ប៉ុន្តែ​បើ​ពន្យារ​ដល់​ឆ្នាំ​២០១៣​វិញ មិន​បាន​ទេ ព្រោះ​ជា​ឆ្នាំ​ឆុង​ខ្លាំង។ អ្នក​គួរ​តែ​ប្រយ័ត្ន​ខែ​ឧសភា និង​ខែ​សីហា ព្រោះ​អាច​បណ្តាល​ឲ្យ​កើត​រឿង​ទុក្ខ​ព្រួយ ដូច​ជាមាន​គ្រោះថ្នាក់​កើត​ឡើង​ដោយ​យថាហេតុ។ រាល់​ថ្ងៃ​១៥​កើត ក្នុង​ខែ​នីមួយ​ៗ ចន្លោះ​ម៉ោង​៧​រហូត​ដល់​ម៉ោង​៩​យប់ អ្នក​ត្រូវ​តែ​សែន​ព្រះ​ខែ រីឯ​ឈ្មោះ​ទេវតា​គឺ «ឡេង​តេ​ក ឬ ឡង​តេក»។ សម្រាប់​ឆ្នាំ​នេះ បើ​អាច​អ្នក​កើត​ឆ្នាំ​កុរ​គួរតែ​ពាក់​រូប​ឆ្នាំ​ខាល (ខ្លា) ទើប​ល្អ​សម្រាប់​អ្នក។ ពណ៌​ដែល​នាំ​សំណាង​គឺ​ខៀវ​ខ្ចី  រីឯ​លេខ​ដែល​ល្អ​គឺ។

 អាសយដ្ឋាន លោកគ្រូ កុក ឡុង​​

ផ្ទះ១៦៣ ផ្លូវ​លេខ​១៤៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ​។​ ទំនាក់​ទំនង​​ទូរស័ព្ទ ​លេខ ០១១ ៨៧៤ ០០០ ឬ ០៩២ ៥០៦ ៨៨០។

 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: