jump to navigation

ហ៊ុន សែន on km.Wikipedia.org ខែធ្នូ 28, 2011

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

ហ៊ុន សែន

លោក ហ៊ុន សែន បច្ចុប្បន្ន​ជា​​នាយក​រដ្ឋមន្ត្រី​​ប្រទេស​​កម្ពុជា ​លោក​មាន​គោរម​​ងារ​ជា សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ហើយ​​បច្ចុប្បន្ន ហើយ​​​លោក​​ជា​​មេ​ដឹកនាំ​​ដ៏​​សំខាន់​​មួយ​រូប​​ក្នុង​ជួរ ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ កាលពីឆ្នាំ​១៩៧៩​ លោក​​បាន​​ដឹក​នាំ​​ទ័ព​​ដែល​​មាន​​ការ​​ចូល​រួម​ពី​ទ័ព​ភាគី​ប្រទេស​​វៀតណាម​​ដើម្បី​​ផ្តួល​​រលំ​របប​​ខ្មែរ​ក្រហម។ លោក​ក៏ជា ​សមាជិក​​ទាហាន​ខ្មែរ​ក្រហម ដែល​​បាន​​រត់​គេច​​ទៅ​​ប្រទេស​​វៀតណាម មុន​ឆ្នាំ​១៩៧៩ ហើយ​​បាន​​ទាក់ទង​​បញ្ជាទ័​ព​​ប្រទេស​​វៀតណាម ដើម្បី​​​វាយ​​​បក​​​រំលំ​​​ខ្មែរ​ក្រហម​​វិញ។​ ហើយ​​ចាប់​ពី​​ពេល​នោះ​​មក​​គាត់​ក៏​​បាន​​ក្លាយ​​ជា​​មនុស្ស​​ម្នាក់​​ដែល​​មាន​ ឥទ្ធិពល​ និង​កេរ្ត៏ឈ្មោះ​ល្បីល្បាញ។

ជីវប្រវត្តិ

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កើត​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​១៩៥២ (ក្នុង​ប្រវត្តិរូប​​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជា។ ក្រោយពី​​សម្តេច​បាន​​បញ្ចប់​បឋម​សិក្សា នៅឯ​​ស្រុកកំណើត នៅឆ្នាំ​១៩៦៥​ សម្តេច​បាន​​មករស់នៅ​​ រាជធានី​ភ្នំពេញ ដោយ​​ស្នាក់នៅ​​ វត្តនាគវ័ន និង​សិ​ក្សា​​នៅ​​វិទ្យាល័យ​ឥន្ទ្រទេវី​​ដើម្បីបន្ត​ការ​សិក្សា​ ថ្នាក់​អនុវិទ្យាល័យ។
នៅឆ្នាំ​១៩៧០ ប្រទេសកម្ពុជា​​បាន​​ធ្លាក់ចូល​​ក្នុង​​ភ្លើង​​សង្គ្រាម។ ដើម្បី​ឆ្លើយតប​​ទៅនឹង​​ការអំពាវនាវ​​ពី សម្តេច នរោត្តម សីហនុ ឲ្យ​ប្រជាជន​កម្ពុជា​​ចូលរួម​​ក្នុង​​ចលនា​​ប្រឆាំង​​នឹង​​ពួកចក្រ​ពត្តិនិយម​​ក្នុង អាយុ ១៨ឆ្នាំ សម្តេច ហ៊ុន សែន បាន​​ចូលរួម​​ក្នុង​​ចលនា​​តស៊ូនេះ។
មុន​ថ្ងៃ ​ទទួល​​ជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយ​ថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បាន​រង​របួស​​ភ្នែក​ខាងធ្វេង។ ក្រោយ​ពី​​សម្តេច បានជា​សះស្បើយ​​ឡើងវិញ ពីការ​​ព្យាបាល​​អស់​រយៈពេល​​យ៉ាង​យូរ សម្តេច​​បាន រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​​លោកជំទាវ ប៊ុន រ៉ានី ​មានកូន​​ប្រុស​បីនាក់ និងកូន​ស្រី​បីនាក់ ក្នុងនោះ​មាន​កូន​ស្រីម្នាក់​​ជា​កូនចិញ្ចឹម (ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
ក្នុងឆ្នាំ​១៩៧៧ ដោយ​​មិន​ពេញចិត្ត​​ទៅនឹង​​របប​​នយោបាយ​​ប្រល័យ​​ពូជសាសន៍​ ប៉ុល ពត សម្តេច​បាន ចាកចោល​គ្រួសារ​​ជាទី​​ស្រលាញ់​​ម្ត​ង​ទៀត​ ដើម្បី​​ដឹកនាំ​​ចលនា​​រំដោះ​​ប្រទេស និង​​ប្រជាជន​​ពី​របប​​ដ៏​សាហាវ​​យង់​ឃ្នង​​នេះ។ នៅឆ្នាំ​១៩៧៨ សម្តេច​​បាន​ក្លាយ​​ជាស្ថាបនិក​​មួយ​រូប នៃ​ចលនា​​សង្គ្រោះ​​ជាតិ​កម្ពុជា ហៅថា ​​រណសិរ្ស សាមគ្គី​សង្គ្រោះ​​ជាតិ​​កម្ពុជា ដែល​មាន​​កិច្ច​សហ​​ប្រតិបត្តការ​​ជាមួយ​​ចលនា​​ស្នេហា​មាតុភូមិ​​ជាច្រើន​ទៀត និង​​ការ​គាំទ្រ​ដោយ​​កម្លាំង​​កងទ័ព​​ស្ម័គ្រចិត្ត​​វៀតណាម។ ចលនា​នេះ​​បាន​​ជួយ​រំដោះ​​ប្រទេស និង​​ប្រជាជន​​កម្ពុជា​​អោយ​​រួច​ផុត​ពី​របប​​ប្រល័យ​​ពូជ​សាសន៍​​ប្រជាធិប​តេយ្យ​ក​ម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជា​​តំណាង​​ហត្ថលេខី​​ដ៏​សំខាន់​​មួយរូប​​ក្នុង​ដំណើរ​​ការ​ កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​ ២៣ តុលា ឆ្នាំ១៩៩១ ជា​លទ្ធផល​​នៃ​កិច្ច​​ព្រម​ព្រៀង​នេះ គឺ ការ​​បោះ​ឆ្នោត​សកល និង​​ដោយ​​សេរី​​មួយ​ ដែល​បាន​​ធ្វើឡើង​ជា​លើក​ដំបូង​​នៅ​ក​ម្ពុជា​​ក្នុង​ឆ្នាំ១៩៩៣។ ពីឆ្នាំ​១៩៩៣-១៩៩៨ សម្តេច​បាន​​កាន់​តួនាទីជា​​សហនាយករដ្ឋមន្ត្រី (នាយក​រដ្ឋមន្ត្រី​ទី២) ក្នុង​​រដ្ឋា​ភិបាល​​ចម្រុះ​​នីតិកាល​ទី១ នៃ​រដ្ឋសភា​ជាតិ
ការបោះ​ឆ្នោត​ជា​សកល​នៅឆ្នាំ១៩៩៨ សម្តេចបាន​​ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាម​សម្តេចជា​អនុ​ប្រធាន រហូត​​ទទួល​បាន​​ជោគជ័យ ហើយបាន​​ក្លាយ​​ជា​នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមាន​គណបក្សធំៗពីរគឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិ​ន​ប៉ិច។ ក្រោមការ​​ដឹកនាំ​​របស់​សម្តេច ប្រទេស​កម្ពុជា​​បាន​ក្លាយ​​ជា សមាជិកទី១០​​នៃ​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។
ក្នុងនាម​សម្តេច ហ៊ុន សែន ជា​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេចបាន​​ដឹកនាំ​អោយ​មានជ័យជំនះ​ម្តង​ទៀត​​ក្នុងការ​​បោះឆ្នោត​​ជាសកល​ក្នុង​ ខែកក្កដា​ ​ឆ្នាំ២០០៣។ ក្រោយពី​​មានការ​​ជាប់គាំង​ខាង​នយោបាយ​​អស់​រយៈពេល​​ជាច្រើន​ខែ សម្តេច​​ក៏បា​ន​​ទទួល​​ជោគ​ជ័យ​​ក្នុង​ការ​​បង្កើត រដ្ឋាភិបាលចំរុះ​​ជាមួយ​​នឹង​គណបក្ស​ហ្វ៊ុនស៊ិ​នប៉ិច​​ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបាន​​ក្លាយ​ជា​​នាយក​រដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល នៃ​ព្រះ​រាជាណា​ចក្រក​ម្ពុជា។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពី​​ទទួល​បាន​​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជា​សកល ២៧កក្កដា ឆ្នាំ២០០៨ ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​​ឈ្នះបាន​៩០​អាសនៈ​​លើ​១២៣​អាសនៈ​ក្នុង​សភា​ជាតិ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ឡើង​កាន់​​ដំណែង​​ជា​​នាយក​រដ្ឋមន្ត្រី​​នៃ​​ព្រះរាជាណាចក្រកម្ពុជា​​ក្នុង នីតិកាលទី​៤ នៃ​រដ្ឋ​សភា​ជាតិ​​សំរាប់​ដំណាក់កាល​​ប្រាំឆ្នាំ (២០០៨-២០១៣)។
ដោយសារ ​ការ​ទទួល​ស្គាល់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជាតិ សន្តិភាព ព្រមជាមួយ​នឹងការ​ខិតខំ អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបាន​ប្រទាន​ងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេច​ព្រះបាទ​ព្រះ​នរោត្តម សីហនុ

ការ​សិក្សា

សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ននិងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។

  • នៅឆ្នាំ១៩៩១ សម្តេច​បាន​ទទួល បរិញ្ញាបត្រ​ផ្នែក​នយោបាយពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ពី​National Political Academy នៅទីក្រុងហាណូយ
  • នៅឆ្នាំ១៩៩៥ សម្តេចបាន​ទទួល​បណ្ឌិត​កិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពី​សាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក
  • នៅឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​បណ្ឌិតច្បាប់​ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។
  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុង​សេអ៊ូល គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេស​កូរ៉េខាងត្បូង បានផ្តល់​បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ជូន​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​កិច្ចខិតខំ​ប្រឹប្រែង​ផ្សះផ្សាជាតិ ការស្តារ​ឲ្យមាន​សន្តិភាព និងស្ថិរភាព​ឡើងវិញ​ក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋកូរ៉េ និងការ​ខំប្រឹងប្រែង​របស់សម្តេច លើកិច្ច​សហប្រតិបត្តិការ​ចំពោះ​ប្រទេស​​ក្នុង អាស៊ាន
  • នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបាន​​បណ្ឌិត​កិត្តិយស​​ផ្នែក​ “វិទ្យាសាស្រ្ត​នយោបាយ “(Honoris Causa) ក្នុង​វិស័យ​​ទំនាក់​ទំនង​​អន្តរជាតិ ពី​សាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍
  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃ​សហភាពអឺរ៉ុប​ក៏បានធ្វើ​អំណោយ​ដ៏ខ្ពង់ខ្ពស់ ​ ថ្នាក់​”បណ្ឌិត​កិត្តិយស​ទស្សនៈ​វិជ្ជា” ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការ​ទទួល​ស្គាល់​​នូវ​ការ​ លះបង់ និងការ​បង្កើត​សមិទ្ធផលធំៗ​របស់សម្តេច។ ក្នុងឆ្នំា​ជាមួយគ្នា​នេះដែរ សាកល​វិទ្យា​ល័យ អន្តរជាតិ អាយរីស​ក៏បាន​ប្រគល់​នូវមេដាយ កិត្តិយសខ្ពស់​បំផុត​ជូនសម្តេច ហ៊ុន សែន ផងដែរ។
  • នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បាន​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យា​សាស្រ្ត​​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការលះបង់​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ធំៗ ក្នុងការ​ការពារ ការកសាង និងការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ក្រោមការ​ដឺកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​​តាម ​ វិទ្យាសាស្រ្ត​នយោបាយ​ទំនើប​ជឿនលឿន​ក្នុង​ការកែទម្រង់​គ្រប់វិស័យ ជាពិសេស​វិស័យ​អប់រំ និងរក្សា​ការ​ផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និង​ការ​បង្រួបបង្រួម​ក្នុងតំបន់។
  • នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​សាធារណៈរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើ​ជាអំណោយ​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សន​វិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូនសម្តេច ហ៊ុន សែន ដើម្បី​ជា​សក្ខីភាព​នៃការ​ទទួលស្គាល់​លើការ​ដឹក​នាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត ក្នុងការ​កសាងឡើងវិញ និងការ​ខិតខំ​ប្រឹងប្រែង លះបង់​កំលាំងកាយ កំលាំង​ចិត្ត​​ក្នុងការ​ស្វែងរក​សន្តិភាព វិបុលភាព ក្នុង​ប្រទេសកម្ពុជា និង​អាស៊ីអាគ្នេយ៍​ទាំងមូល និង​ជាពិសេស​លើ​ការ​​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ សាធារណៈរដ្ឋកូរ៉េ។
  • ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរ​អស់​ពីដូងចិត្ត ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏មាន​សារៈសំខាន់​ដ៏សំបូរ​បែប​របស់ សម្តេច ហ៊ុន សែន នៅក្នុង​ពិភពលោក​ដែល​មានការ​អប់រំ និងការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ចំពោះ​ប្រជាជន​របស់​សម្តេច និង​ការពង្រឹង​ទំនាក់ទំនង កម្ពុជា-ថៃ​យ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សា​នៃសាកលវិទ្យាល័យ​ បានសម្តេចចៅព្រះយ៉ារាជចាផាត់​ បានសម្រេច​ជាឯកច្ឆន្ទ​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែកអប់រំ សំរាប់ការ​អភិវឌ្ឍន៍​តំបន់ ជូន​សម្តេច ហ៊ុន សែន ជាការ​ទទួលស្គាល់​តួនាទី​របស់​សម្តេច​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​តាមរយៈការ​ អប់រំ និងបាន​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។
  • នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល​ប្រទេស​វៀតណាម តាមរយៈ​សាកល​វិទ្យាល័យ​ជាតិអប់រំ នាទីក្រុង ហាណូយ​បានផ្តល់​ថ្នាក់បណ្ឌិត​កិត្តិយស(the Degree of Doctor Honoris Causa) ផ្នែក​អប់រំ​ជូន​សម្តេច ហ៊ុន សែន ជាការ​ដឹងគុណ​ចំពោះការ​ចូលរួម​ចំណែក​របស់ប្រទេសកម្ពុជា ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន និង​ភាព​រីកចំរើន​គួរ​អោយគាត់​សំគាល់​ក្នុងប៉ុន្នាន​ឆ្នាំថ្មីៗនេះ។
  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បាន​ផ្តល់​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច Honoris Causa ជូន​សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​នូវការ​ចូលរួម​ចំណែក​របស់​សម្តេច ក្នុងដំណើរ​ឆ្ពោះទៅរក​ការ ពង្រឹង​កិច្ចសហ​ប្រតិបត្តការ​រវាង​សាធារណៈរដ្ឋកូរ៉េ និង​ព្រះរាជាណាចក្រកម្ពុជា។

បទពិសោធន៍ការងារ

ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់​តួនាទី​ជាច្រើន​ក្នុង​រដ្ឋបាល​កម្ពុជា​ (សាធារណៈ​រដ្ឋ​ប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេច​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជា​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បាន​ទទួលយក និង​ស្បថចូលកាន់​តំណែងជា​សមាជិក នៃសមាគម​មេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។ លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ ជួរគណបក្សប្រជាជនកម្ពុជាផងដែរ។

កិត្ដិយស គ្រឿងឥស្សរិយយស

  • នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​”ពានរង្វាន់សន្តិភាពពិភពលោក” ពី​បណ្ឌិត​សភា​សន្តិភាព ពិភពលោក ជាវីរៈជនទី៦ និង​ជាអ្នក​ទីមួយ​ក្នុង​អាស៊ីខាងត្បូង​ដែល​ទទួលបាន​ពានរង្វាន់​មហាកិត្តិយស​ នេះ។
  • នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បាន​ប្រគល់​ពានរង្វាន់ លើការ​ “លើកកម្ពស់​ពិភពលោក ដោយ​បេះដូង​មានតែមួយ” “Lifting Up the World with a Oneness-Heart” ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​សមិទ្ធផលធំៗ​ទាំងបរិមាណ និងគុណភាព។ ស្រ៊ីជិនម៉យ​បានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គ​ដែលត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះពុទ្ធជាម្ចាស់ អោយមក​ជួយ ​ប្រជាជន​កម្ពុជា​រាប់លាននាក់​អោយរួចផុត​ពី​សេចក្តីស្លាប់​ហើយ​ ផ្តល់អោយ​ពួកគេ​នូវ​ចំណេះដឹង ម្ហូបអាហា និងទីជំរក និង​ការកសាង​សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និង​ដឹកនាំ​ប្រទេសកម្ពុជា​ទៅក្នុងអាស៊ាន
  • នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈ​ជា​សមាជិក​ពេញ​សិទ្ធ​របស់ បណ្ឌិតសភា​វិទ្យាសាស្រ្ត​ធម្មជាតិ នៃសហពន្ធរុស្សី និងបំពាក់​មេដាយ​កិត្តិយស​ទទួលស្គាល់​ការដឹកនាំ​របស់សម្តេច​ក្នុងការ​ ធ្វើឲ្យ​កម្ពុជាមាន សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។
  • នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈ​កម្មាធិការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន បានធ្វើ​ជាអំណោយ​ដែល​មិនអាច​កាត់ថ្ងៃ​បាន​ជូន សម្តេច ហ៊ុន សែន នូវ​គោរមងារ​ថ្នាក់​កិត្តិយស​ខ្ពស់បំផុត​របស់សហព័ន្ធ​វិស្វកម្ម​អាស៊ានគឺ” សមាជិក​កិត្តិយស​ដ៏ចំណាន​អាស៊ាន​ដែល​ត្រូវបាន​ជ្រើសរើស​ពិសេស” “ASEAN Distinguished Honorary Fellow Member” និងជា​លើកដំបូង​ដែល​មិនធ្លាប់មាន​។ គោរមងារនេះ​គឺឆ្លើយតប​ទៅនឹងការ​ទទួលស្គាល់​នូវ​មនសិការជាតិ និង​សមត្ថភាព នៃអ្នកដឹកនាំ​ក្នុងការ​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍ លើគ្រប់វិស័យ​ហើយ​ផ្តល់​ឳកាស​ឲ្យ​វិស្វករ​កម្ពុជា បាន​ចូលរួម​ក្នុង​ដំណើរ​ការអភវឌ្ឍន៍ និងការ​កសាង​ប្រទេសជាតិ​ឡើងវិញ។
  • នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បានផ្តល់​ពានរង្វាន់​មួយទៀត គឺពានរង្វាន់ សន្តិភាព​យ៉ូថាន់(the U Thant Peace Award) ជូនសម្តេច ​ជាការ​កោតសរសើរ​អស់ពី​ដូងចិត្ត​ចំពោះសម្តេច​បានផ្តល់​សេវា​មិនចេះ​នឿយហត់ ធ្វើឲ្យ​មានការ​រីកចំរើន​ក្នុង​ប្រទេសកម្ពុជា និងបណ្តា​ប្រជាជាតិ​អាស៊ាន​ទាំងមូល។
  • ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគម​ទទួលស្គាល់ “ អ្នកការទូតដ៏ប៉ិនប្រសប់ ” ដែលជា​អង្គការ​ទទួលស្គាល់​អ្នកការទូត ហើយ​ក៏ជា​អង្គការ​ជំនាញ​អន្តរជាតិ​ឯករាជទី១ ប្រចាំ​នៅ​ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាន​ទទួលស្គាល់ សម្តេច ហ៊ុន សែន ថា​ជាអ្នក​ការទូតម្នាក់ ក្នុងចំណោម​អ្នកការទូត​ដែលមាន​ជំនាញ​ប៉ិនប្រសប់ ល្អឥតខ្ចោះ ប្រកបដោយ​កិត្តិយស ដែលមាន​សិទ្ធជានិច្ច ក្នុងការ​ទទួលយក​នូវកិត្តិយសជា” អ្នកការទូតដ៏ប៉ិនប្រសប់ “ C Dipl” ជាការតបស្នងទៅនឹង​ភាពជោគជ័យ និង​ការបំពេញ​បន្ថែម​នូវតំរូវការ​តាមបញ្ញត្ត​របស់សមាគម​ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ (ACCD) និងតាមរយៈ​សេចក្តី​សុចរឹត ការប្តេជ្ញាចិត្ត និង​សមិទ្ធផល​លេចធ្លោរ​ផ្នែកការទូត និង​ការកសាង​សន្តិភាព។ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ សមាគម​ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ បានប្រគល់​ពានរង្វាន់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ “C Dipl” ដែល​ជា​ភាតរភាព​កិត្តិយស មិត្តភាព​នៃអ្នក​ការទូត ជូនសម្តេច ហ៊ុន សែន។
  • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ប្រោសប្រទាន គោរមងារ​សម្តេច ហ៊ុន សែនជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ”​ដោយ​ទ្រង់យល់​ថា សម្តេច គឺជា​ថ្នាក់ដឹកនាំ​ដែល​ទទួលបាន​ជោគជ័យ និង​កិត្តិសព្ទល្អៗ​យ៉ាងច្រើន​មិនអាច​កាត់ថ្លៃបាន ដោយ​ទទួលបាន​នូវ​ក្តីស្រឡាញ់​ពីប្រជាជន ដឹកនាំប្រទេស អាស្រ័យ​រដ្ឋធមនុញ្ញ​ឆ្នាំ១៩៩៣​នៃព្រះរាជាណាចក្រកម្ពុជា នាំមក​នូវ​សន្តិភាពជាតិទាំងមូល ស្ថិរភាព បង្រួប​បង្រួម​ជាតិ សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ ការពារ​លិទ្ធិ​ប្រជាធិប្ប​តេយ្យ សម្រេច​បាន​កិច្ចសហ​ប្រតិបត្តិការ អន្តរជាតិ​ជាវិជ្ជមាន រក្សានិងការពារ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ដើរតាម​សម័យ​សង្គម​រាស្រ្ត​និយម នាំមកនូវ​ការ​កសាង ការ​គោរព​យ៉ាង​ទូលំ​ទូលាយ និងភាព​រីកចំរើន​នៃព្រះពុទ្ធ​សាសនា​ដែល ​ជាសាសនា​របស់រដ្ឋ និង​សាសនា​ដ៏ទៃទៀត មានភក្តីភាព​ចំពោះ​រាជបល្ល័ង្ក និង​ការពារ​យុត្តិធម៌​ដើម្បី​និរន្តរភាព នៃរាជាធិបតេយ្យ ក្នុង​ព្រះរាជាណាចក្រកម្ពុជា
  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទទួល​គោរមងារ​ជា “ ព្រឹទ្ធបុរសអស់មួយជីវិត” និង “ឯកអគ្គរាជទូតដ៏ឆ្នើមដឹកនាំពិភពលោក” ពីរដ្ឋសភា​អន្តរជាតិ​ដើម្បី​ស្ថិរភាព​និង​សន្តិភាព។ តាមរយៈ Universidad Empresarial de Costa Ricaក៏បានផ្តល់គោរមងារ​ជា “សាស្ត្រាចារ្យ​កិត្តិយស​នៃទំនាក់ទំនង​ការទូត និងអន្តរជាតិ” ជូន​សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ជាការគោរព និងកោត​សរសើរ​អស់​ពី​ដួងចិត្ត​នូវភាព​វាងវៃ​ប្រកបដោយ​គតិបណ្ឌិត​ ដែលសម្តេចតេជោ មាន​សេចក្តី​ក្លាហាន​ក្រោកឈរ​ឡើង ក្នុងសតវត្សរ៍​ទីម្ភៃ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​រាប់លាននាក់ រួបរួមកំលាំង​ជាមួយគ្នា និងការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់សេរីភាព​ជូនប្រជាជន​ក្នុងគ្រា​ដ៏យ៉ាងលំបាក ហើយ​រក្សាបាន​នូវ​វិបុលភាព សេរីភាព និងសុភមង្គល និងជ័យជំនះ​ថ្ងៃ៧មករា១៩៧៩ បានផ្តល់​អោយ​ប្រជាជនកម្ពុជា​នូវ អនាគតរុងរឿង វប្បធម៌រឹងមាំ និង​លិទ្ធិ​ប្រជា​ធិប្ប​តេយ្យ។
  • នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ប្រធានាធិបតី ជុំម៉ាលី សាយ៉ាសន បានប្រគល់​មេដាយមាស​ថ្នាក់ជាតិឡាវជូន សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សម្តេចតេជោ ក្នុងការបង្កើន​ទំនាក់ទំនង បង្កើត​ស្ថានភាព​ល្អ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រវាងឡាវ-កម្ពុជា។

 

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: