jump to navigation

អតីត​​ទណ្ឌិត​​រុស្ស៊ី​… ថ្ងៃនេះ ជា​ ​សេដ្ឋី​កោះពស់កម្ពុជា វិនិយោគ​ ៣០០ លាន​ដុល្លារ​ ខែធ្នូ 27, 2011

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, ព័ត៌មាននីត្យានុកូល.
trackback

រដ្ឋាភិបាល៖ ការ​ដោះ​លែង​ទណ្ឌិត​ថៅកែ​ជនជាតិ​រូស៊ី​គឺ​ដើម្បី​ប្រយោជន៍​ជាតិ

ដោយ ជុន ច័ន្ទបុត្រ និង យន់ សាមៀន
2011-12-25 (វិទ្យុអាស៊ីសេរី)

មន្ត្រី​​អ្នក​​នាំ​​ពាក្យ​​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​សៅរ៍ ទី​២៤ បាន​អះអាង​ថា ការ​ស្នើ​សុំ​ព្រះមហា​ក្សត្រ​ដោះលែង​ទណ្ឌិត​ថៅកែ​ជនជាតិ​រូស៊ី លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ជាតិ។

(AFP) អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ជក់ បារី បន្ទាប់ ពី ការ ប្រកាស សាលក្រម នៅ សាលាដំបូង រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ១៤ ខែ មីនា ឆ្នាំ ២០០៨។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​ជា​សិទ្ធិ​សម្រេច​របស់​កម្ពុជា។

អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ដែល​មាន​ឈ្មោះ​ពិត​ថា ស្តានីស្លាវ មូឡូឌីយ៉ាកូវ (Stanislav Molodyakov) ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​តុលាការ​កម្ពុជា រក​ឃើញ​ថា មាន​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧​នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ។ នៅ​ប្រទេស​កំណើត​រូស៊ី របស់​គាត់​វិញ ស្តានីស្លាវ មូឡូឌីយ៉ាកូវ ឬ​អាឡិច​សាន់ដ៏ ត្រូហ្វីមូហ្វ ក៏​ត្រូវ​គេ​តាម​ចាប់​ខ្លួន​ពី​បទ​រំលោភ​កុមារ ៦​នាក់ អាយុ​ពី ៩ ទៅ ១០​ឆ្នាំ។

ប្រទេស​រូស៊ី ធ្លាប់​បាន​សុំ​ឲ្យ​កម្ពុជា បញ្ជូន​ខ្លួន ស្តានីស្លាវ មូឡូឌីយ៉ាកូវ ឬ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ត្រឡប់​ទៅ​ទទួល​ទោស​នៅ​ប្រទេស​រូស៊ី​វិញ ប៉ុន្តែ​មិន​បាន​សម្រេច។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បោះ​លែង​ទណ្ឌិត​ថៅកែ​ជនជាតិ​រូស៊ី មិន​មែន​ជា​ការ​ផ្លាស់ប្ដូរ​នឹង​ការ​ដាក់​វិនិយោគទុន​អភិវឌ្ឍន៍​កោះពស់ នៅ​ខេត្ត​ព្រះសីហនុ នោះ​ទេ៖ «ទី​១​ទោស​របស់​គាត់​បាន​ទទួល​រួច​ហើយ គាត់​ជាប់​ពន្ធនាគារ​គ្រប់​ថេរវេលា​មួយ​ហើយ…។ ដូច្នេះ​ថេរវេលា​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជា​រឿង​ផ្សេង​១​ទៀត ប៉ុន្តែ​ច្បាស់​ជា​មាន​ហេតុផល​ប្រសើរ​ណា​មួយ​ហើយ បាន​ជា​រដ្ឋាភិបាល​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ព្រះរាជទាន​ទោស​ពី​ ព្រះមហាក្សត្រ…»

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មន្ត្រី​រដ្ឋាភិបាល ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​ការ​ស្នើ​សុំ​ដោះលែង​លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ថា ការ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ​ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល។ ព្រះអង្គ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ថា តើ​ព្រះមហាក្សត្រ​លោក​បាន​ស្វែង​យល់​ថា ទណ្ឌិត​ជនជាតិ​រូស៊ី រូប​នេះ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ចំនួន ១៧​ឆ្នាំ ពី​បទ​រួម​ភេទ​ជាមួយ​នឹង​កុមារ​កម្ពុជា ឬ​ទេ?

ប្រធាន​ពន្ធនាគារ​នៃ​ក្រុង​ព្រះសីហនុ លោក ពេជ្រ វាសនា បាន​ឲ្យ​ដឹង​ថា ជនជាតិ​រូស៊ី រួម​ជាមួយ​នឹង​អ្នក​ទោស​ចំនួន ៣៦០​នាក់​ទៀត បាន​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី។ មន្ត្រី​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មន្ត្រី​បាន​ប្រតិកម្ម​ថា ការ​អោយ​អ្នក​ទោស​រំលោភ​ក្មេង​រួច​ខ្លួន​នេះ ស្រប​តាម​ច្បាប់​មែន តែ​វា​ជា​គំរូ​អាក្រក់។

នាយក​អង្គការ​សកម្មភាព​ដើម្បី​កុមារ​លោក សំនៀង សិលា នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​ធ្នូ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​ជូន​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចំនួន ២១​គ្រួសារ ឲ្យ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព ដោយសារ​ជនជាតិ​រូស៊ី មាន​សេរីភាព ហើយ​មន្ត្រី​អង្គការ​មិន​បាន​ដឹង​ច្បាស់​ថា លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ បាន​ចាក​ចេញ​ពី​កម្ពុជា ឬ​បន្ត​ស្នាក់​នៅ​កម្ពុជា នៅ​ឡើយ។

លោក សំនៀង សិលា បន្ត​ទៀត​ថា មន្ត្រី​អង្គការ​ចំនួន ១២ បាន​យល់​ព្រម​ធ្វើ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាប់​បញ្ជូន​លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ឲ្យ​ចេញ​ពី​កម្ពុជា៖ «សកម្មភាព​ផ្លូវ​ភេទ​ ហ្នឹង​ក៏​មាន​ការ​ទិញ​ទឹក​ចិត្ត​ទិញ​អី អ៊ីចឹង​វា​ជា​អំពើ​​មួយ​ដែល​អសីលធម៌ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រពៃណី​របស់​ប្រទេស​យើង ហើយ​ដោយសារ​គាត់​ជា​អ្នក​មាន​លុយ​ផង បើ​សិន​ជា​មាន​ការ​បន្ធូរបន្ថយ​ទោស​ហួស​ហេតុ​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ មតិ​សាធារណជន​គាត់​យល់​ឃើញ​ថា ដោយសារ​គាត់​មាន​លុយ​បាន​ជា​មាន​ការ​ធូរ​ស្រាល​យ៉ាង​នេះ អ៊ីចឹង​វា​មើល​ទៅ​មិន​ល្អ ទោះ​ជា​ការ​បន្ធូរបន្ថយ​ទោស​នេះ​ត្រូវ​តាម​ទម្រង់​ច្បាប់​ក៏​ដោយ»

លោក ត្រូហ្វីមូហ្វ ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧​នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ។ ដំបូង​ឡើយ​គាត់​ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​គុក ១៧​ឆ្នាំ បន្ទាប់​មក​ទៀត ចំនួន​ជាប់​ទោស​នេះ ត្រូវ​បាន​គេ​បន្ថយ​ពាក់​កណ្ដាល និង​ជា​ចុង​ក្រោយ​អោយ​រួច​ខ្លួន​តែម្តង កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១៕

ព័ត៌មាន​ទាក់ទង…

ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​ដល់​ជនជាតិ​រូស៊ី​ម្នាក់

ដោយ ជុន ច័ន្ទបុត្រ
2011-12-22

ថៅកែ​ជនជាតិ​រូស៊ី​ម្នាក់ ដែល​ជាប់​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ខ្មែរ​ជិត ២០​នាក់ មាន​សេរីភាព​វិញ​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២១ ខែ​ធ្នូ នេះ បន្ទាប់​ពី​គាត់​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ។

ប្រធាន​ពន្ធនាគារ​នៃ​ក្រុង​ព្រះសីហនុ លោក ពេជ្រ វាសនា បាន​អោយ​ដឹង​ថា ជនជាតិ​រូស៊ី ឈ្មោះ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) រួម​ជាមួយ​នឹង​អ្នក​ទោស​ចំនួន ៣៦០​នាក់​ទៀត បាន​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

លោក ត្រូហ្វីមូហ្វ ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧​នាក់ ដែល​មាន​អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ។ ដំបូង​ឡើយ​គាត់​ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​គុក ១៧​ឆ្នាំ បន្ទាប់​មក​ទៀត ចំនួន​ជាប់​ទោស​នេះ​ត្រូវ​បាន​គេ​បន្ថយ​ពាក់​កណ្ដាល និង​ជា​ចុង​ក្រោយ​អោយ​រួច​ខ្លួន​តែម្ដង កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១​នេះ។

នាយក​អង្គការ​សកម្មភាព​ដើម្បី​កុមារ លោន សំនៀង សិលា មាន​ប្រតិកម្ម​ថា ការ​អោយ​រួច​ខ្លួន​នេះ ស្រប​តាម​ច្បាប់​មែន តែ​វា​ជា​គំរូ​អាក្រក់៖ «យើង ​មិន​មាន​ការ​សប្បាយ​ចិត្ត ដោយសារ​តែ​យើង​យល់​ឃើញ​ថា ជន​ម្នាក់​ដែល​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​កុមារ​ទទួល ​ទោស​ស្រាល។ ចំពោះ​ប្រតិកម្ម​ខាង​អង្គការ​សង្គម​ស៊ីវិល​វិញ​យល់​ឃើញ​ថា វា​ជា​ការ​បញ្ជូន​សារ​យ៉ាង​ទន់​ខ្សោយ មាន​ន័យ​ថា ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ដ៏​សាហាវ ហើយ​ធ្ងន់ធ្ងរ​ត្រូវ​បាន​ទទួល​ទោស​ស្រាល ដែល​ល្មម​នឹង​កំហុង​ដែល​គាត់​បាន​ប្រព្រឹត្ត​មក​កុមារ​កម្ពុជា។ ខ្ញុំ​សូម​សំពូមរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ករណី​នេះ​ឡើង​វិញ ហើយ​ចាត់​វិធានការ…»

ត្រូហ្វីម៉ូហ្វ ជា​ថៅកែ​បណ្ដាក់​ទុន​អភិវឌ្ឍន៍​កោះ​ពស់ នៅ​ក្រុង​ព្រះសីហនុ។ គាត់​ទទួល​បាន​ការ​អនុញ្ញាត​អោយ​សង់​រមណីយដ្ឋាន​ទេសចរណ៍​កោះ​ពស់ កាល​ពី​ឆ្នាំ​២០០៦។ នេះ​គឺ​ជា​គំរោង​ការ​បណ្ដាក់​ទុន​មួយ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣០០​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក៕

Advertisements

មតិ»

1. លី កល្យាណ - ខែធ្នូ 27, 2011

ចេះមានទៅកើត លោកអើយលោក! ចឹងបានជាមនុស្ស​កាន់តែហ៊ាន​ប្រព្រឹត្តអំពើអនាចារបែបហ្នឹងទៀត​។ ឬមួយនេះជាស្ទីលទាក់ទាញអ្នកវិនិយោគ?

2. Lovepeehs05 - ខែធ្នូ 29, 2011

កូនចៅខ្មែរជួញត្រូវគេរំលោភមើលងាយមើលថោកគ្រប់បែបយ៉ាង ក៏ដោយសាររដ្ឋាភិបាលគ្មានសមត្ថភាព ឬមិនយកចិត្តទុកដាក់ ឬប្រព្រឹត្តអំពើពុករលួយដូចតែគ្នា អ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ អោយរួចខ្លួន ហើយដេញចាប់តែអាអ្នកដែលល្អិតល្អោចទៅចូលគុក អើយគេមើលឃើញថា កំពុងអនុវត្ត នីតិរដ្ឋ ហើយស្រុកខ្មែរ ស្តេចគ្រងរាជទាំមូលក៏គ្មានអំណាចដែរ ស្រេចតែគេថាអោយ សញ្ញេរលើកលេងទោស ក៏លើកលែងទៅ គេអោយធ្វើអីក៏ធ្វើទៅ ឥឡូវនេះគេចាប់មកដាក់ឃុំដែរហើយ ទាំងសម្តេចតា សម្តេចឪ សម្តេចតាទួត អត់ហ៊ានឮព្រះឱសអីតិច ស្ងាត់ច្រៀប មិនដឹងថាបាន លុយនឹងគេដែរឬអត់ ! ដល់ថ្នាក់ហ្នឹងហើយ ពិតជាយ៉ាប់មែន !

3. traffic - ខែមករា 4, 2012

សុទ្ធតែជាមនុស្សធម្មតាដូចគ្នាមិនអាចយល់ពីកិច្ចការធំរបស់ប្រទេសជាតិបានទេ អ្នកដែលគាំទ្រគេនិយាយពីគុណសម្បត្តិ អ្នកមិនគាំទ្រនិយាយពីគុណវិប្បត្តិ ពិតឬមិនពិតវាអាស្រ័យលើការវិនិច្ខ័យរបស់បុគ្គលម្នាក់ៗ ថាបានត្រឹមត្រូវឬក៏អត់។ខ្ញុំតែងសង្គេតឃើញគ្រប់ការផ្សាយពត៌មានតែងនិយាយលំអៀងម្ខាងៗ បើកាន់ជើងកាន់ទាំងងប់ងល់ តែបើប្រឆាំងគឺប្រឆំាងផ្កាប់មុខ។មនុស្សលោកពិតជាអាក្រក់រកអ្វីប្រៀបពុំបានមែន

4. Lovepeehs05 - ខែមករា 12, 2012

សម័យនេះ ជាសម័យសិទ្ធិមនុស្ស ជាសម័យគោរពសិទ្ធមនុស្ស សិទ្ធិកុមារ សិទ្ធិស្ត្រី និងគោរពសីលធម៌មនុស្ស តែមិនមែនចេះតែធ្វើអំពើដែលជា របស់សត្វតិរច្ឆាននោះទេ ខ្វះអ្វីមនុស្សពេញវ័យ ពេញរូប ពេញរាង្គ រាប់ លាននាក់ ម៉េចបានមិនរក ម៉េចបានរកតែកូនក្មេងដូច្នេះ ? ចុះបើគេ ចាប់យកកូនរបស់អ្នក ដែលមានអាយុ ៦ ឆ្នាំ មកធ្វើបាបសេពសន្ធវៈ តើអ្នកមានអារម្ភយ៉ាងណាដែរ ? តើអ្នកពិតជាសប្បាយរីករាយ អនុញ្ញាត អោយគេធ្វើមកលើកូនរបស់អ្នកទេ ? តើអ្នកដាច់ចិត្តឈរមើលអង្គុយ មើលឬជួយចាប់ជើងចាប់ដៃកូនរបស់ខ្លួន អោយមនុស្សប្រភេទនេះ ប្រព្រឹត្តអំពើដ៏ឃោរឃៅបែបនេះទេ ?

តើកម្ពុជាពិតជាខ្វះមនុស្សអ្នកមាន លុយរាប់រយលានដុល្លា ដូចបុរសរូស្ស៊ី ហ្នឹងមកអភិវឌ្ឍកម្ពុជាមែនឬ ? ខ្ញុំមិននឹកស្មានថាខ្មែរ រដ្ឋាភិបាលខ្មែរ ដុនដាប ដល់ថ្នាក់ហ្នឹងទេ !!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: