jump to navigation

ការ​ធ្វើ​អត្តឃាត​ប្រសើរ​ជាង​រស់នៅ​ក្នុង​សង្គម​អយុត្តិធម៌​? ខែធ្នូ 14, 2011

Posted by មេឃា in កខគឃង.
trackback

ប្រភព ៖ គេហទំព័រ ភ្នំពេញប៉ុស្តិ៍

ផ្សាយ ៖ Monday, 28 November 2011 12:00

អត្ថបទវិភាគ ៖ តុង សុប្រាជ្ញ

កើត ចាស់ ​ឈឺ ​ស្លាប់​ គឺជា​វដ្ត​របស់​មនុស្ស​លោក ហើយ​ការ​ស្លាប់​ទៀត​សោធ​ ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ដែរ​ ខ្លះ​ស្លាប់​នឹង​អត់​បាយ​ ខ្លះ​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណ​កម្ម​ ខ្លះ​ស្លាប់​ដោយ​សារ​ឃាត​កម្ម​ ខ្លះ​ដោយ​​សារ​សង្គ្រាម​ ទំាង​នេះ​ គឺ​ជា​ការ​ស្លាប់ ​ដែល​គេ​ធ្វើ​ឲ្យ​ស្លាប់​។ តើ​ការ​ស្លាប់​ដោយ​អត្តឃាត​ខ្លួន​ឯង​សោះ​ ចំពោះ​បុគ្គល​ដែល​ហ៊ាន​ដល់​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​បែប​នេះ​ វា​បណ្តាល​មក​ពី​គេ​ធ្វើ​ឲ្យ​ស្លាប់​ដែរ​ឬ​ទេ​?

ការ​ស្លាប់​ដោយ​អត្តឃាត​ គឺ​អាស្រ័​យ​ទៅ​នឹង​ឆន្ទៈ​របស់​បុគ្គល​ ទៅ​នឹង​វប្បធម៌​ ជំនឿ និង​បុព្វហេតុ​អ្វី​មួយ របស់​បុគ្គល​នោះ​ នៅ​តាម​ប្រទេស​ផ្សេង​ៗ​គ្នា​។ ឧទាហរណ៍ នៅ​ប្រទេស​ជប៉ុន​ ការ​ធ្វើ​អត្តឃាត​ សឹង​តែ​ក្លាយ​ទៅ​ជា​វប្ប​ធម៌​ទៅ​ហើយ​ នៅ​ពេល​ប្រឡង​ម្តង​ៗ​ ឪពុក​ម្តាយ ​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​​ ព្រោះ​ព្រួយ​បារម្ភ​ខ្លាច​កូន​ធ្វើ​អត្ត​ឃាត​ នៅ​ពេល​ដែល​ពួក​គេ​ប្រឡង​ធ្លាក់​ ឬ​ក៏​ពិន្ទុ​ចាញ់​គេ​ ហើយ​កាល​ពី​ឆ្នាំ​ទៅ ​មាន​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​ ១ រូប​ បាន​​ធ្វើ​អត្ត​ឃាត​ ដោយ​លោត​ពី​លើ​អគារ​ដ៏​ខ្ពស់​មួយ។​​(Reuters)  នេះ​បង្ហាញ​ថា​ សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់​នៅ ដោយ​គ្មាន​កិត្តិយស​ ឬ​ក៏​ពាក់​ព័ន្ធ​នឹង​ពុក​រលួយ​។ វប្ប​ធម៌​របៀប​នេះ ​គឺ​មាន​តាំង​ពី​ដូន​តា​របស់​ជន​ជាតិ​ជប៉ុន​ កាល​ពី​សម័យ​កាប់​ដាវ​សាមូរ៉ាយ​មក​ម្ល៉េះ ​ឲ្យ​តែ​ច្បាំង​ចាញ់​ គេ​គឺ​​តែង​តែ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​។ ​បើ​និយាយ​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី២​ អ្នក​បើក​យន្ត​ហោះ​ចំបាំង​ជប៉ុន​ ហ៊ាន​​ធ្វើ​​អត្ត​ឃាត ដោយ​បើក​បុក​ចូល​បំពង់​សឺម៉ាំង​នាវា​ចំបាំង​ទី ៧​ របស់​អាមេរិក​។

ក្នុង​សង្រ្គាម​នៅ​ប្រទេស​អ៊ីរ៉ាក់​ជិត​១០​ឆ្នំា ​ការ​ធ្វើ​អត្ត​ឃាត​ ដោយ​បំផ្ទុះ​គ្រាប់​បែក​ កើត​ឡើង​ស្ទើរ​តែ​រាល់​ថ្ងៃ​​ ដោយ​អ្នក​កាន់​សាសនា​ងប់ងុល​ ដើម្បី​បូរ​ណភាព​ទឹក​ដី​ ប្រឆំាង​នឹង​ទ័ព​អាមេរិក​ លើ​ដី​អ៊ីរ៉ាក់​។ ក្រៅ​ពី​នេះ​ ក៏​មាន​ការ​ធ្វើ​អត្ត​ឃាត ដុត​ខ្លួន ​របស់​ជន​ជាតិ​ទីបេ​ និង​អ៊ុយគ័រ ដោយ​សារ​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​ចិន​។ ​ដូច​គ្នា​នេះ​ដែរ​​ ក៏​មាន​ខ្មែរ​កម្ពុជា​ក្រោម​​ ធ្វើ​អត្ត​ឃាត​ដុត​ខ្លួន ​ដោយ​សារ​ការ​ទាម​ទារ​បូរណ​ភាព​ទឹក​ដី និង​សិទ្ធិ​សេរីភាព​ដែរ​ ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ពី​អាជ្ញាធរ​វៀត​ណាម​។

ឯ​នៅ​ស្រុក​ខ្មែរ​ ក៏​ចាប់​ផ្តើម​មាន​ការ​ធ្វើ​អត្តឃាត​ ដោយ​សារ​ការ​រុក​កួន​ពី​រដ្ឋាភិបាល តាម​រយៈ​អាជ្ញាធរ​ដែន​ដី​ ដោយ​ការ​បណ្តេញ​ចេញ ​និង​បាត់បង់​ដី​ធ្លី ផ្ទះ​សម្បែង​របស់​ពួក​គេ​ផង​ដែរ​ ឬ​ទេ​? ឧទាហរណ៍​៖ ​អ្នក​ភូមិ​បឹងកក់​ម្នាក់​ កាល​ពី​ខែ​មេសា​ បាន​ធ្វើ​អត្តឃាត ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ ​ក៏​មាន​ស្រី្ត​អ្នក​ភូមិ​នេះ​ម្នាក់​ទៀត​ ដែល​បាន​ធ្វើ​អត្តឃាត​ ដោយ​លោត​ទឹក​សម្លាប់​ខ្លួន ​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​ ដោយ​សារ​មាន​ការ​អស់​សង្ឃឹម ដែល​ផ្ទះ​របស់​គាត់ ​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​នៅ​មាន​មួយ​គ្រួសារ​ផ្សេង​ទៀត​ ប៉ុន​ប៉ង​សម្លាប់​ខ្លួន​មួយ​គ្រួសារ​តែ​ម្តង​ ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​នេះ​ដែរ​។​ ​តើ​ហេតុ​អ្វី​ បាន​ជា​រាជ​រដ្ឋាភិបាល​ មិន​ព្រម​ដោះស្រាយ​បញ្ហា​ដី​ធ្លី​មួយ​​ប្រាវ​​ឲ្យ​ចប់​ទៅ ​មុន​ពេល​បោះ​ឆ្នោត​ដូច​រាល់​ដង​? ហើយ​ធ្វើ​ឲ្យ​ដូច​អ្វី​ដែល​បាន​សន្យា​មុន​ពេល​បោះឆ្នោត​ មិន​ប៉ះ​ពាល់​ដី​ធ្លី​ពលរដ្ឋ ដី​បឹង ដី​ព្រៃ..។ល​។

អី​ចឹង​ហើយ​ បាន​ជា​មាន​មតិ​រិះ​គន់​ជា​ច្រើន និយាយ​ថា ​កាល​ពី​សម័យ​លោក ជា​ សុផារ៉ា ដែល​មាន​រហ័ស​​នាម​ថា​ បុរស​លក់​សួន​ច្បារ​ ធ្វើ​ការ៉ាស់​សាំង ក៏​មិន​ដល់​សម័យ​តំបន់​អភិវឌ្ឍន៍​របស់​លោក​ កែប ជុតិម៉ា​ ដែរ​ ដែល​ធ្វើ​ឲ្យ​រាស្រ្ត​នៅ​ទី​ក្រុង​ភ្នំពេញ​​ ជា​ពិសេស​ អ្នក​ភូមិ​បឹងកក់ ដែល​ស្រែក​ទ្រហោ​យំ​ស្ទើរ​ខ្សោះ​អស់​ទឹក​ភ្នែក ហើយ​ដេក​តែ​ភ័យ​ព្រួយ ខ្លាច​មិន​ដឹង​ថា​ ថ្ងៃ​ណា​គេ​ដេញ​ និង​ឈូស​កម្ទេច​ផ្ទះ​ចោល​​ទេ ​ហើយ​ក៏​មិន​ដឹង​ថា​ ទៅ​​រស់​នៅ​ឯ​ណា​ដែរ​ ដែល​ផ្ទះ​សព្វ​ថ្ងៃ​ថ្លៃ​ម្លឹងៗ​។ ​អ្នក​ភូមិ​បឹង​កក់​ខ្លះ​ ពេល​បុណ្យ​ទាន​ ចូល​ឆ្នាំ​ និង​ភ្ជុំ​ភ្ជរ​ម្តងៗ​ មិន​ហ៊ាន​ទៅ​លេង​ស្រុក​ទេ​ពីព្រោះ​ខ្លាច​គេ​បូម​ខ្សាច់​កប់​ពន្លិច​ ផ្ទះ​ ឬ​ឈូស​ផ្ទះ​កម្ទេច​ចោល រំលោភ​យក​ដី​ធ្លី​ សុខ​ចិត្ត​ទៅ​វត្ត​ក្បែរ​ៗ​ផ្ទះ​ហ្នឹង​ទេ​ ​ហើយ​ប្តូរ​វេន​គ្នា​ យាម​ចំា​ផ្ទះ​ទៀត​។ ​ការ​តាម​យាយី​ ញាំញី​ពី​ក្រុម​ហ៊ុន​និង​អាជ្ញាធរ​ទៅ​លើ​អ្នក​ភូមិ​ទាំង​នេះ​កើត​ឡើង ស្ទើរ​តែ​រាល់​ថ្ងៃ​​ ប្រមាណ​ជា ៥ ឆ្នាំ​មក​ហើយ​ ធ្វើ​​ឲ្យ​​ពួក​គាត់​ខ្លះ ​គិត​ខ្លី​ថា សុខ​ចិត្ត​ធ្វើ​អត្ត​ឃាត​វិញ​ ប្រសើរ​ជាង​រស់​នៅ​​ទាំង​ឈឺ​ចាប់ ដោយ​មិន​មាន​សិទ្ធិ​​ មាន​ទី​ជម្រក​សមរម្យ ដែល​ជា​សិទ្ធិ​​មូល​ដ្ឋាន​ របស់​មនុស្ស​ជាតិ។

ឱ​លោក​អើយ! ​កើត​មក​​មាន​ឈាម​​ជ័រ​​ជា​​ខ្មែរ​​ដូច​​គ្នា​​ ហេតុ​អ្វី​បាន​អ្នក​ធំ​ និង​អ្នក​មាន​ខ្លះ មាន​វីឡា​ជិត ១០ ខុនដូ ៥-៦ កន្លែង ឬ​មាន​ច្រើន​ជាង​នេះ និង​មាន​ដី​រាប់​ពាន់​ហិកតា ហើយ​ខ្លះ​ទៀត​ គ្រាន់​តែ​ដី​ផ្ទះ​នៅ​សោះ ​ធំ​ជាង​ ពហុ​កីឡដ្ឋាន ​ក្លិប​បាល់​ទាត់ ​ប្រឺម្ញ៉លីក ​នៅ​ប្រទេស​អង់គ្លេស​ទៅ​ទៀត​ ចំណែក​ឯ​ខ្មែរ​ខ្លះ ក្រ​សែន​ក្រ ក្រ​រក​តែ​អង្ករ​ច្រក​ឆ្នាំង​គ្មាន​ផង​ ហើយ​ខ្លះ​ទៀត​ មាន​ផ្ទះ​សម្បែង​ហើយ​ តែ​ត្រូវ​គេ​រំលោភ​យក​ទៅ​បាត់​ទៀត​។​ តើ​ឯណា​ទៅ​យុត្តិ​ធម៌​សង្គម សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន?

ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល ​រុក​រាន ​ទន្ទ្រាន​យក​តែ​ដី​ធ្លី​ផ្ទះ​សម្បែង តែ​របស់​ខែ្មរ​គ្នា​ឯង​បែប​នេះ​? ពូកែ​បាន​តែ​គ្នា​ឯង​ទេ​ ត្រង់​ជន​អន្តោ​ប្រវេសន៍​បរទេស​មួយ​ចំនួន​ធំ រស់​នៅ​ស្រុក​ខ្មែរ​ទាំង​ស្រប​​ច្បាប់ ទាំង​ខុស​ច្បាប់​ ទាំង​នៅ​លើ​គោក​ផង​ នៅ​លើ​ទឹក​ផង​ ឥឡូវ​នេះ​ នៅ​ក្នុង​ព្រៃ​ទៀត​ ក៏​មិន​ដែល​នឹក​នា​ទៅ​រក​រឿង​គេ​ដែរ​?​ ហេតុ​អ្វី​បាន​ជា​មិន​ហ៊ាន​ប៉ះ​ពួក​ទាំង​នោះ ​តើ​មាន​អ្វី​ជា​អាថ៌​កំបាំង​ នៅ​ពី​ក្រោយ​​? ស្រុក​ខ្មែរ​មាន​ច្បាប់​អន្តោ​ប្រវេសន៍ ​ហេតុ​អ្វី​មិន​ហ៊ាន​អនុវត្ត​ច្បាប់​?​ ឬ​មួយ​អនុវត្ត​ច្បាប់​នេះ ក្នុង​គោល​បំណង​នយោបាយ​តែ​ប៉ុណ្ណោះ? ​ឬ​អនុវត្ត​បាន​តែ​អន្ទិត​មេ​ដឹក​នាំ​អាវ​លឿង​ថៃ​ត្រឹម​ ​២​ នាក់ ​នៅ​ព្រៃ​ស ​ទេ​?​  បើ​ច្បាប់​កម្ម​សិទ្ធិ​ដី​ធ្លី​ សម្រាប់​ផ្ទះ​ជន​បរទេស​វិញ​ គឺ​ទិញ​បាន​តែ​ផ្ទះ​ចាប់​ពី​ជាន់​ទី ១​ ឡើង​ទៅ ​តែ​មាន​ជន​បរទេស​ខ្លះ​ ដើរ​ទិញ និង​នៅ​ម៉ាសេរី ហើយ​នៅ​លើ​ទូក​ តាម​ទឹក​ មិន​ចាំបាច់​មាន​ប្លង់​ផង ក៏​បាន​ដែរ​ មិន​ដែល​ឃើញ​អាជ្ញាធរ​ទៅ​ឈឺ​ក្បាល​វិល​មុខ​ជា​មួយ​ពួក​គេ​ទេ​។

នេះ​អាច​និយាយ​បាន​ថា ហ្នឹង​ហើយ​ពូជ​ខ្មែរ​ ពូជ​អ្នក​ចំបាំង ដែល​ខ្លាំង​បាន​តែ​ជាមួយ​រាស្រ្ត​ទន់​ខ្យោយ​ ជា​មួយ​នឹង​បរទេស​វិញ​រួញ​មិន​ហ៊ាន​ទេ​?

ម្នាក់​ៗ​ខំ​អរណាស់​ បាន​រំដោះ​ចេញ​ពី​របប​មួយ​ៗ ​ដោយ​សង្ឃឹម​ថា​ បាន​រស់​ស្រួល តែ​ទៅ​ជួប​របប​មួយ​ទៀត​លំបាក​ដដែល គ្រាន់​តែ​ទម្រង់​នៃ​ការ​លំបាក មាន​សភាព​ខុស​គ្នា​ៗ​តែ​ប៉ុណ្ណោះ​ទេ​ ជាង ​៤០​ ឆ្នាំ​ទៅ​​ហើយ​។ ​បើ​ចុះ​ទឹក​ទៅ​ក្រពើ​ ឡើង​លើ​ទៅ​ជួប​ខ្លា​ ចូល​ព្រៃ​បន្លា​ ចូល​ផ្សារ​ប៉ូលិស​បែប​នេះ តើ​ពេល​ណា ​​ទើប​ប្រជា​រាស្រ្ត​ខ្មែរ​ បាន​រស់​សុខ​ស្រួល​ បើ​ពី​របប​មួយ​ ទៅ​របប​មួយ​ ឃើញ​តែ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ធំ​ នៅ​តែ​វេទនា​ នៅ​តែ​ស្រែក​យំ​ដដែល​?​ ហេតុ​ដូច្នេះ​ហើយ ​ការ​ស្លាប់​ដោយ​ធ្វើ​អត្ត​ឃាត​ មិន​មែន​សុទ្ធ​តែ​បណ្តាល​មក​ពី​អំពើ​ ដែល​ខ្លួន​ឯង​ចង់​នោះ​ទេ​ គឺ​ក៏​មាន​បរិ​ស្ថាន​ខាង​ក្រៅ​បង្ខំ​ផង​ដែរ​​៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​  soprach.tong@phnompenhpost.com

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: