jump to navigation

ឆ្នាំ២០១១ គ្មានពិធីប្រកួតអុំទូក និងបណ្តែតប្រទីបទេ ! ខែតុលា 14, 2011

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
trackback

រដ្ឋាភិបាល​សម្រេច​លុប​ចោល​បុណ្យ​អុំទួក​ថ្នាក់​ជាតិ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​

ដោយ លាង ដឺលុច

កម្ពុជា – RFI- អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 13 តុលា 2011

នៅ​ក្នុង​​កិច្ច​​ប្រជុំ​​ពិសេស​​លើក​​ទី​​២​​ ​ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​និង​រក​វិធានការ​ដោះស្រាយ​​បន្ទាន់​​ចំពោះ​ផល​ប៉ះពាល់​ទឹកជំនន់​រដ្ឋាភិបាល បាន​សម្រេច​លុប​ចោល​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក​​ថ្នាក់​​ជាតិ​ក្នុង​ឆ្នាំ​នេះ។​ ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​រដ្ឋាភិបាល​អាច​បង្វែរ​​ថវិកា​​ទៅ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​វិញ។​

(RFI/Siv Channa) កិច្ច ប្រជុំ ពិសេស លើក ទី ២ ដើម្បី វា យ តម្លៃ ការ ខូចខាត និង រក វិធានការ ដោះស្រា យ បន្ទាន់ ចំពោះ ផល ប៉ះពាល់ ទឹក ជំនន់ ។

សេចក្តី​សម្រេច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​លុប​ចោល​ព្រះរាជពិធី​បុណ្យ​អុំទូក​នៅ​ថ្នាក់​ជាតិ ពោល​គឺ​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​តែ​កម្ពុជា​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់ ហើយ​ត្រូវ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។

ផ្ទុយទៅវិញ រដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​អាជ្ញាធរ​តាម​ខេត្ត​នានា ប្រសិនបើមាន​លទ្ធភាព អាច​រៀបចំ​ពិធីបុណ្យអុំទូក​នេះ​នៅតាម​មូលដ្ឋានខេត្ត​រៀងៗ​ខ្លួន។ សេចក្តីសម្រេច​មិន​ធ្លាប់​មាន​នេះ ត្រូវ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​លើក​ទី​២​នៃ​គណៈរដ្ឋមន្ត្រី​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​១៣​តុលា​នេះ។

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ ត្រូវ​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១​វិចិ្ឆកា។ ការ​សម្រេច​លុប​ការ​​រៀបចំ​ពិធី​បុណ្យ​អុំទូក​ថ្នាក់ជាតិ​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា គឺ​ដើម្បី​យក​ពេលវេលា និង​ថវិកា​ដែល​ត្រូវ​ត្រៀម​ប្រើប្រាស់​ក្នុង​ពិធី​អុំទូក​ទៅ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ដែល បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គឺ​មាន​ជិត​៣សែន​គ្រួសារ​​ដែល​ត្រូវ​ការ​ជំរក និង​ស្បៀង​អាហារ។

មន្ត្រី​គណៈកម្មាធិការ​បុណ្យ​ជាតិ​មួយ​រូប​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋ​តែង​បាន​​ចំណាយ​ថវិកា​ប្រមាណ ​២សែន​៥ម៉ឺន ​ដុល្លារ​​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក។

នេះ​គឺ​គ្រាន់​តែ​ជា​ចំណាយ​សម្រាប់​ការ​រៀបចំ​ទូទៅ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ជា​ប្រពៃណី សប្បុរសជន​អ្នកមាន​​ទ្រព្យ​សម្បត្តិ​ជាច្រើន​តែង​បាន​ជួយ​ឧបត្ថម្ភ​ចំពោះ​ទូក​នីមួយៗ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នានា។

ចំពោះ​ផល​ប៉ះពាល់​ឬ​ការ​ខូចខាត​ដោយ​ទឹក​ជំនន់ រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ផ្សាយ​របាយការណ៍​​​ចុងក្រោយ​នៅ​ឡើយ​ទេ។ របាយការណ៍​ផ្លូវការ​លើក​ទី​មួយ​របស់​ គណៈ​កម្មា​ធិការ​​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បង្ហាញ​ថា ទឹក​ជំនន់​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ចំនួន​២០៧​នាក់​ជន់លិច​ផ្ទៃដី​ស្រែ​ចម្ការ​ប្រមាណ​៣សែន​ហិចតា និង​មនុស្ស​ជាង​១លាន​២សែន​ត្រូវ​ប៉ះពាល់៕

នាយក​រដ្ឋមន្ត្រី​លុប​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ

Source : កាសែតភ្នំពេញប៉ុស្តិ៍ Friday, 14 October 2011 12:01 ម៉ៃ ទិត្យថារ៉ា 

ភ្នំពេញ: ក្នុង​សារ​ផ្ទាល់មាត់​ ក្រោយ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ពិសេស​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣​ តុលា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន បាន​ប្រកាស​អំពី​ការ​លុបចោល​រាជ​ពិធី​បុណ្យ​អុំទូក​ដែលនឹង​ប្រព្រឹត្ត​ទៅ​ នៅដើមខែ​វិច្ឆិកា​ឆ្នាំនេះ​ គឺ​ដោយសារ​តែ​មាន​មហន្តរាយ​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ ​ខណៈ​ដែល​លោ​ក​អះអាង​ថា មក​ដល់​ពេល​នេះ​មាន​អ្នក​រងគ្រោះ​បាត់បង់​ជីវិត​ដល់​ទៅ ​២៤៧នាក់​ហើយ​។

ក្នុង​សេចក្តី​ថ្លែង​សារ​ផ្ទាល់​មាត់ ប្រមាណ​៣០នាទី ​នៅ​វិមាន​សន្តិភាព ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ​សែន បាន​លើក​ហេតុផល​ពីការ​លុបចោល​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំនេះថា​ ដោយសារ​តែ​បញ្ហា​ទឹក​ធំ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០០០​។ លោក​មាន​ប្រសាសន៍ថា៖ «​រហូត​ដល់​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០១១ ទឹកទន្លេ​នៅ​តែ​ឡើង​ធំ លើស​ពី​កម្រិត​ប្រកាស​អាសន្ន នៅ​គ្រប់​ទីកន្លែង ពិសេស​នៅ​ភ្នំពេញ មុខ​ព្រះ​បរម​រាជវាំង ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក គឺ​ទឹក​ឡើង​ខ្ពស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថា​ហេតុ ដល់​ក្រុម​អ្នកអុំ​ទូក​ ង ​ដែល​មាន​ប្រមាណ​មិន​តិច​ជាង​ ៤​០០ គ្រឿង»។

រាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ​ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៩ ,១០ និងទី​១១​វិច្ឆិកា នៅ​ភ្នំពេញ​លោក​នាយក​រដ្ឋមន្រ្តី​លើក​ឡើង​ថា ​គឺ​នឹង​មាន​កម្លាំង​ចំណុះ​ទូក ​ជា​ប្រជា-កសិករ​មកពី​តាម​បណ្តា​ខេត្ត​នានា​នៅ ទូទាំង​ប្រទេស ​ឡើង​មក​ភ្នំពេញ​ ដែល​នាំ​ឲ្យ​ខាត​ពេលវេលា ក្នុងការ​ធ្វើ​ស្រែ​ចម្ការ​នៅ​ពេល​ទឹក​ស្រក​។ ម្យ៉ាង រដ្ឋា​ភិបាល​ក៏​ត្រូវ​ចាត់​កម្លាំង​ការពារ​សន្តិសុខ និង​ចំណាយ​ថវិកា​មិន​តិច​ជាង​១០​លាន​រៀលទេ​។ លោក​បញ្ជាក់​ថា៖ «​ដូច្នេះ​យើង​ត្រូវ​សន្សំ​ថវិកា និង​ធនធាន​មួយ​ចំនួន ដើម្បី​ស្តារឡើង​វិញ​នូវ​គ្រោះ​ទឹកជំនន់»។

ទោះជា​លោក​នាយក​រដ្ឋម​ន្ត្រី បាន​ប្រកាស​ឲ្យ​ផ្អាក​បុណ្យ​អុំទូក​ថ្នាក់​ជាតិក្តី​ ក៏​លោក​នៅបាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ ​និង​អាជ្ញាធរ​ ប្រារព្ធ​ពិធី​បុណ្យ​អុំទូក នៅ​តាម​វត្ត​អារាម និង​តាម​ខេត្ត​ស្រុក នានា ទៅតាម​លទ្ធភាព​បានដែរ​ ក្នុង​រយៈពេល​៣ថ្ងៃ​ នៃពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​។ ចំណែក​មន្ត្រី​រាជការ​ស៊ីវិល គឺ​នៅតែ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​៣ ថ្ងៃទៅតាម​ប្រតិទិន​បុណ្យជាតិ​ដដែល។

លោក​នាយក​រដ្ឋមន្ត្រី ​ក៏​ជម្រាប​ជា​សារ​ទៀត​ដែរ​ថា ពិធី​បុណ្យ​ផ្សេងៗ​ទៀត មាន​បុណ្យ​ឯករាជ​ជាតិ នា​ថ្ងៃ​ទី​៩ ​វិច្ឆិកា គឺ​នៅតែ​ប្រារព្ធ​ដូច​រាល់ឆ្នាំ​។ ចំណែក​ពិធី​បុណ្យ​ចំរើន​ព្រះ​ជន្ម​អតីតព្រះ​មហាក្សត្រ សម្តេចឪ​ នរោត្តម​ ​សីហនុ​ នៅ​ថ្ងៃ​ទី​៣០​តុលា គឺ​នៅតែ​ធ្វើ​ដដែល​ ដោយ​ភ្ជាប់​ជាមួយនឹង​ពិធី​បុណ្យ​គម្រប់២០​ឆ្នាំ នៃ​ដំណើរ​យាង​និវត្តន៍​របស់​សម្តេច​នរោត្តម ​សីហនុ​ យាង​ចូល​មក​កាន់​មាតុប្រទេស​វិញ កាលពី​ឆ្នាំ​១៩៩១ ​នោះផង​។

លើក​អំពី​របាយការណ៍​នៃ​គ្រោះ​មហន្តរាយ​ ​ដោយ​ទឹកជំនន់​វិញ ​លោក​ ហ៊ុនសែន ប្រកាស​ឲ្យដឹង​ថា ស្រូវ​សន្ទូង​ប្រមាណ​ជាង​ ៣៩​ ម៉ឺន​ហិកតា រង​ផល​ប៉ះពាល់ ស្មើនឹង១៦ ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​។ រីឯ​ផ្លូវលំ​ប្រវែង ៤ ៤៦៦ ​គីឡូម៉ែត្រ​ បាន​ខូចខាត​។​ ចំណែក​ផ្លូវ​ដែល​ទឹក​ហូរ​ច្រោះ​ដាច់​ប្រវែង ​៥​៨៣​ ​គី​ឡូម៉ែត្រ និង​ផ្លូវជាតិ​ត្រូវ​ខូចខាត​ ​ប្រវែង​៨៧​ គីឡូម៉ែត្រ​។ ប៉ុន្តែ​ ទោះជា​យ៉ាងដូចនេះ​ក្តី ​រដ្ឋាភិបាល​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ពី​កំណើន​សេដ្ឋកិច្ច​ នៅ​ឆ្នាំ​២០១១​ នេះ​ ដោយ​សង្ឃឹម​ថា ​នឹង​ស្ថិត​ក្នុងរង្វង់​ ៦ ភាគរយ​ ឬ​អាច​ឡើង​លើស​នេះ​ផង។

លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជាក់ ក្នុង​សារផ្ទាល់​មាត់​នេះដែរ​ថា គិតត្រឹម​ថ្ងៃ​ទី​១៣​ ខែតុ​លា ម្សិលមិញ​ ទឹកជំនន់​សម្លាប់​មនុស្ស​អស់​២៤៧នាក់ នៅ​ទូទាំង​ប្រទេស​ ហើយ​លោកក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​ឆ្នាំ​នេះ។

នៅ​ចំពោះមុខ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​ធំ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើកឡើង​ថា ​រដ្ឋា​ភិបាល​កម្ពុជា ​​បានសហការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា និង​សប្បុរស​ជន​នានា​ បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពល​រដ្ឋ​រងគ្រោះ ដែល​គិត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​៧៦​ ៥​៩៥ គ្រួសារ​បានទទួល​ជំនួយពី​រដ្ឋាភិបាល​រួច​ហើយ​ ​ហើយ​ខាង​កាកបាទ​ក្រហម​កម្ពុជា​ ក៏​ផ្តល់​ជំនួយ​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ​៥២​ ១​៣​៦ ​គ្រួសារ​ដែរ​។ ដោយឡែក ​សប្បុរស​ជន​នានា​ ​ក៏បាន​ផ្តល់​ដល់​ពលរដ្ឋ​រងគ្រោះ​ចំនួន​១ ​៩៧​៩​ ​គ្រួសារ ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក៏​បាន​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ​បាន​ចំនួន ៥ ៣៤០ គ្រួសារ​ហើយ​ដែរ។

ទាក់​ទិន​ជំនួយ​បរទេស​ លោក​ ហ៊ុន-សែន ​ក៏បាន​លើកឡើង​ថា ​ប្រទេស​ចិន​បាន​ផ្ត​ល់​ជំនួយ​ច្រើន​ជាង​គេ ​ប្រមាណ​ ​៨​ លាន​ដុល្លារ រួម​ជាមួយ​ថ្នាំពេទ្យ។ ​ចំណែក រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​គិត​ជា​ទឹកប្រាក់​៣០ម៉ឺន​ដុល្លារ​ អាមេរិក​។ រីឯ​សហរដ្ឋ​អាមេរិក ក៏បាន​ផ្តល់​ជំនួយ​ប្រមាណ​ជា​ ៥ ម៉ឺន​ដុល្លារ​រួច​ហើយដែរ។

លោក​ ហ៊ុន សែន ​ចាត់ទុក​ការ​ខូចខាត​បណ្តាល​មកពី​គ្រោះទឹក​ជំនន់​ពេល​នេះថា​ មាន​ទំហំ​ធំធេង​ណាស់​ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ពី​ការ​វាយ​តម្លៃ​ខូចខាត​នោះ​នៅ​ឡើយ ​ដោយ​គ្រាន់​តែ​ប្រកាស​អំពាវនាវ​ឲ្យមាន​ការ​រួប​រួម​គ្រប់​និន្នាការ​នយោបាយ ​ទាំងអស់ ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ៕

 

 

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: