jump to navigation

ឥទ្ធិពល Facebook បន្លាច បទឧក្រិដ្ឋ នៅកម្ពុជា ខែកញ្ញា 6, 2011

Posted by មេឃា in កខគឃង.
trackback

សកម្មភាពប្លន់ស្ត្រីអ្នកប្តូរប្រាក់ម្នាក់ នៅចោមចៅ កាលពីថ្ងៃទី ២៨ សីហា ២០១១ ត្រូវ កាម៉េរ៉ាសុវត្ថិភាព របស់ក្រុមហ៊ុន មួយ នៅក្បែរ ទីតាំងកើតហេតុ ថតបាន ហើយ បង្ហោះចែកផ្សាយ តាមហ្វ៊ែសប៊ុក និង យូធូប កំពុងបង្ហាញការគម្រាម និងបន្លាចដល់ ឧក្រិដ្ឋជន ក្រោយ ការផ្សព្វផ្សាយបន្ត តាមរយៈបណ្តាញផ្សព្វ ផ្សាយ សង្គម និងបណ្តាញ សារព័ត៌មានក្នុងស្រុក។ មន្ត្រីប៉ូលីស ដែលមានសមត្ថកិច្ចបាន ដុតដៃ ដុតជើង ដើម្បីបំបែក រឿងក្តីមួយនេះ ហើយ ចាត់ទុកថា ជា រឿងក្តី ដ៏សំខាន់មួយ ខុសពី ករណី ប្លន់សម្លាប់ ផ្សេងៗ។

តាមការណ៍សង្កេត ប្រតិកម្មរហ័ស របស់ សមត្ថកិច្ចបែបនេះ បានធ្លាយចេញពី ប្រតិកម្មរបស់ ប្រជាពលរដ្ឋ ទូទៅ ដែលបានទស្សនា រូបភាព នៃសកម្មភាពប្លន់ កណ្តាលទីក្រុង ហើយ មានការកើតទុក្ខមិន សុខចិត្ត បានផ្ញើញាតិ ប្តឹងដល់ សមត្ថកិច្ចឱ្យជួយ ដោះស្រាយ និងចាត់វិធានការណ៍អន្តរាគមន៍ កុំឱ្យកើតមាន ហេតុការណ៍ អកុសល បែបនេះទៀត។

ជាលទ្ធផល មិនដល់មួយសប្តាហ៍ផង មន្ត្រីនគរបាល មានសមត្ថកិច្ច មកពី ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ សហការណ៍ជាមួយនឹង អាជ្ញាធរមូលដ្ឋាន បានដឹកនាំដល់ ការចាប់ខ្លួន ជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ៣ កញ្ញា ២០១១ នៅឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យដែល សមត្ថកិច្ច ឃាត់ខ្លួន ហើយបានចោទពី បទប្លន់នេះ មានឈ្មោះ ឡាយ វណ្ណៈ ហៅ ឥណ្ឌា ជាអតីតមន្រ្តីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌដូនពេញ មានលំនៅដ្ឋាន ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧ មរា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បណ្តាញសេវាសង្គម ហ្វ៊ែសប៊ុក មួយនេះ ត្រូវបានគេដឹងឭថា ធ្លាប់បានដឹកនាំដល់ ការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសផ្តាច់ការ មួយចំនួនផងដែរ ហើយ បច្ចុប្បន្ន មានអ្នកប្រើប្រាស់ ហ្វ៊ែសប៊ុក ច្រើនជាង ៧៥០ លាននាក់ នៅទូទាំងពិភពលោក។

ព័ត៌មានទាក់ទង និងបន្ថែម ៖

ឃាតករ​ចោរ​ប្លន់ ​ឡាយ​ វណ្ណៈ ហៅ​ឥណ្ឌា ហៅ​ខ្លិង តុលាការបញ្ជូន​​ ទៅ​ ឃុំខ្លួន​​បណ្តោះអាសន្ន​ ​នៅក្រសួងមហាផ្ទៃ

ដោយ​ ប្រុសកោះ

ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៨:២៦

រាជធានីភ្នំពេញ ៖ ​ជន​​ជាប់សង្ស័យ​​ ចោរ​ប្លន់​​បាញ់ ​សម្លាប់ ​ស្ត្រី​អាជីវ​ករ​ប្តូរ​ប្រាក់​ ​ត្រូវ​បាន ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីសួរ​នាំ​ពី​បទល្មើស​​រ​បស់​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃទី​៥ កញ្ញា​ ២០១១ រហូត​ដល់​វេលា​៥​ល្ងាច​ថ្ងៃ​ដដែល ជន​ជាប់​​សង្ស័យ​​ម្នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​ផ្ញើ​ទុក​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​នៅ​នាយក​ដ្ឋាន​​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​​វិញ ​រង់ចាំ​សាក​សួរ​​នៅ​ថ្ងៃក្រោយ ។

ជនសង្ស័យឈ្មោះឡាយ វណ្ណៈ ហៅវែង ហៅឥណ្ឌា ករណី ប្លន់អ្នកប្តូរប្រាក់ នៅ ចោមចៅ

ជន​សង្ស័យ​​ឈ្មោះ​​ឡាយ វណ្ណៈ ​ហៅវែង ហៅ​ឥណ្ឌា ​​ហៅខ្លឹង ​​ជា​អតីត​មន្ត្រី​នគរ​បាល​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដូន​ពេញ ​ដែលបាន​បោះ​បង់​ចោល​ការ​ងារ​ជាង​១​ឆ្នាំ​ហើយ ​ស្នាក់​នៅ​ផ្ទះ​លេខ​៣៣៤E4 ​មហា​វិថី​​កម្ពុជា​ក្រោម​ សង្កាត់​​មិត្តភាព ខណ្ឌ​៧​មករា ។ សំណុំ​រឿង​​ជន​សង្ស័យ​ខាង​លើ​នេះ ​ស្ថិត​នៅ​​ក្នុង​ដៃ​លោក​សុខ រឿន ព្រះរាជ​អាជ្ញា​​​រង ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ​ក្រោយ​ពី​តំណាង​អយ្យ​ការ​​ធ្វើ​ការ​សាក​សួរ​ជន​រូប​នេះ​​ត្រូវបាន​ចោ​ទ​​ប្រកាន់​​ពី​​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន ពោល​គឺ​​​បាញ់​សម្លាប់​​ប្លន់​​យក​ប្រាក់​ជាង​១០០​​លាន​រៀល ពី​ស្ត្រី​អាជីវ​ករ​​ប្តូរប្រាក់​​កាលពី​វេលា​ម៉ោង​១០​​និង​៥​នាទី ថ្ងៃទី​២៨ សីហា ២០១១ នៅ​ចំណុច​​ដង​នង្គ័ល​មុខ​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​​ភ្នំពេញ ស្ថិត​​ក្នុង​​ភូមិ​ព្រៃ​ទា ​សង្កាត់​​ចោម​ចៅ ខណ្ឌ​ដង្កោ ​កន្លែង​លក់​​​ខោ​អាវ​ជជុះ ។
បន្ទាប់​ពីតំណាង​​អយ្យ​ការ​​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ​​នោះ​ សំណុំ​រឿង​​​ជន​ត្រូវចោទ​បាន​ចាត់​បញ្ជូន​​ទៅ​ចៅក្រម​​ស៊ើប​សួរ ដើម្បី​សុំ​ការ​សម្រេច​​ឃុំ​ខ្លួន​ជន​សង្ស័យ​​ដាក់​ពន្ធនាគារ​​ជា​​បណ្តោះ​អាសន្ន​​ រង់​ចាំ​​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់ថា ​ជន​ជាប់​​ស​ង្ស័យ​​ចោរ​ប្លន់​​ឈ្មោះ​​ឡាយ វណ្ណៈ នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភូមិ​អរិយ​ក្សត្រ ​ឃុំ​អរិយ​ក្សត្រ ​ស្រុក​ល្វា​ឯម ​ខេត្ត​កណ្តាល ​កាលពី​ព្រឹក​ថ្ងៃទី​៣ កញ្ញា ២០១១ ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ឯក ​ម៉ក់ ជីតូ ​ប្រធាន​នាយក​​ដ្ឋាន​កណ្តាល​​នគរបាល​​យុត្តិ​ធម៌​ក្រសួង​មហា​ផ្ទៃ​ និង​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ឡឹក វណ្ណៈ ​​អនុ​ប្រធាន​​នាយក​ដ្ឋាន​​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន និងរឹប​អូស​បាន​កាំភ្លើង​​​កែច្នៃ​​ជាច្រើន​ដើម​​ផង​ដែរ ​ប​ន្ទា​ប់​មក​សមត្ថ​កិច្ច​បាន​នាំ​យក​មក​ឆែក​ឆេរ​​នៅផ្ទះ​មួយ​ទៀត​ស្ថិត​​ក្នុង​សង្កាត់​​មិត្តភាព ខណ្ឌ​៧​មករា ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​រក​មើល​មិន​ឃើញ​កាំភ្លើង​ ​និង​វត្ថុ​​តាង​ច្រើន​ទេ ​ក្រៅ​​តែ​ពី​ទូ​ដែក​មួយ ។ ឡាយ វណ្ណៈ ​ត្រូវ​បាន​នាំ​ខ្លួន​​ទៅ​សាក​សួរ​នៅ​ការិយា​ល័យ​​ព្រហ្ម​​កម្រិត​ធ្ងន់​​​នៃ នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​មុន​ពេល​បញ្ជូន​​ទៅតុលា​ការ និង​កំពុងតាម​ប្រមាញ់​បក្ស​ពួក​​រប​ស់​គេ​២​នាក់​ជា​បន្ត​​ទៀត ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ជួន ​ធារ៉ា ​អាយុ​៤៨​ឆ្នាំ ​មុខ​​របរ​ប្តូរប្រាក់​​នៅ​រង្វង់​មូល​ចោម​ចៅ ​ត្រូវ​ចោរ​បាញ់​៣​គ្រាប់​​ត្រូវចំ​លើ​ដើម​ទ្រូង​ខាង​​ឆ្វេង​ធ្លាយ​ទៅ​ក្រោយ ។ ចំណែក​កូន​ប្រុស​​រប​ស់​គាត់​ឈ្មោះ​ផុន ឡាទី អាយុ​២១​ឆ្នាំ ​មិន​មាន​រង​របួស​អ្វីទេ ​ព្រោះ​​រត់​គេច​ខ្លួន​ទាន់​ពេល​វេលា ឯ​ម្តាយ​ទៀត​សោត​ស្តាយ​​ប្រាក់​ខំ​រត់​ទៅ​ដណ្តើម​​កេស​ប្រាក់​​ពី​ចោរ​ ទើប​ពួក​ចោរ​បាញ់​យ៉ាង​ឃោរ​ឃៅ​​​បែប​នេះ ។ ​ពួកគេ​រស់​នៅក្បែរ​​រង្វង់​មូល​​ថ្នល់​បំបែក​​ចោម​ចៅ​​ និង​​​បើក​តូប​លក់​មាស​ប្តូរ​ប្រាក់​នៅ​ផ្សារ​ចោមចៅ ៕

Advertisements

មតិ»

1. pkay_sour - ខែកញ្ញា 6, 2011

ហើយ ធ្លាប់ធ្វើ​ខាងច្បាប់ដែរតែចិត្តជាងសត្វទៅទៀត បាញ់សម្លាប់​ដូច​ស្លាប់ហើយស្អែកវិលវិញបានចឹង។

2. ហនុមាន - ខែកញ្ញា 7, 2011

ព្រោះតែវាធ្លាប់ខាងច្បាប់ទើបវាហ៊ានធ្វើដូច្នេះ ខ្ញុំថាគួរយកវាទៅបាញ់ចោលទើបសម ។ តែគួអោយស្តាយ មើលទៅគ្មានផ្លូវរកយុទ្ធិធម៌ជូនគ្រួសារអ្នករងគ្រោះបានទេ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: