jump to navigation

តុង សុប្រាជ្ញ ៖ គួរស្ម័គ្រចិត្ត ចូលបម្រើយោធា ល្អជាង បង្កជម្លោះ ខែមិថុនា 8, 2011

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល.
trackback

ដកស្រង់ទាំងស្រុង ចេញពី កាសែតភ្នំពេញប៉ុស្តិ៍ ៖ ផ្សាយថ្ងៃ Monday, 06 June 2011 14:04

តុង សុប្រាជ្ញ (អ្នកវិភាគឯករាជ្យ)

គួរស្ម័គ្រចិត្ត ចូលបម្រើយោធា ល្អជាង បង្កជម្លោះ

អត្ថបទដើម ៖ តុង សុប្រាជ្ញ

ភ្នំ​ពេញ​: កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​ ឆ្នាំ​ ២០​១១​ ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ពិនិត្យ​ឡើង​វិញ​ និង​​​សម្រេច​អនុម័ត​លើ​​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​នេះ​ថា​​ យោធិន​ជាប់​កិច្ច​សន្យា​ដែល​រៀប​ចំ​ដោយ​ក្រសួង​ការ​ពារ​ជាតិ​ គឺ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ស្ម័គ្រ​ចិត្ត​។ ខ្ញុំ​គិត​ថា ​ច្បាប់​នេះ​កាន់​តែ​ប្រសើរ​ឡើង​ហើយ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​យុវ​វ័យ​​ស្ម័គ្រ​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​ក្រុម​យុវជន​ទំនើង​នៅ​ក្នុង​រាជធានី​ ខេត្ត/ក្រុង និង​ក្រុម​អ្នក​ញៀន​ថ្នាំ​ផង​ដែរ ​ឲ្យ​ហ្វឹក​ហ្វឺន​ផ្នែក​យោធា ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ខែ​ផង ​និង​ចំណេះ​ដឹង​ក្បួន​ច្បាប់​ ក្នុង​ការ​ការ​ពារ​ជាតិ​ជា​​ជាង​​ដើរ​លេង​ឥត​ប្រយោជន៍​ និង​បង្ក​បញ្ហា​អសន្តិ​សុខ​​ក្នុង​សង្គម​។​ ​ជា​ពិសេស​ជា​កូន​លោក​ធំ​ៗ​ និង​អ្នក​មាន​ចូល​ចិត្ត​​លេង​កាំភ្លើង​​ និង​តារា​ៗ​ទំនើង​បាញ់​បោះ​នៅ​ក្នុង​ទី​ក្រុង​ និង​​ក្រុម​អ្នក​លេង​ដាវ​សាមូរ៉ៃ​ ​ដែល​ចូល​ចិត្ត​បង្ក​បញ្ហា​តាម​ភូមិ​-​ឃុំ ពេល​មាន​ពិធី​បុណ្យ​ទាន​ អាពាហ៍​ពិពាហ៍ ឬ​ក៏​រាំរែក​ម្តង​ៗ ហើយ​ពេល​​ខ្លះ​មាន​របួស​ធ្ងន់​ធ្ងរ​ និង​ស្លាប់​ក៏​មាន​ដែរ។

កាល​ពី​សបា្តហ៍​មុន​ ក្រុម​អ្នក​លេង​ដាវ​សាមូ​រ៉ៃ ​២​ក្រុម​កាប់​គ្នា​ទាំង​ព្រឹក​នៅ​ក្នុង​ខណ្ឌ​ចំការ​មន​។ សកម្ម​ភាព​ទាំង​នេះ​ មិន​ទាន់​ឃើញ​មាន​មន្ត្រី​ជាន់​ខ្ពស់​ណា​មួយ​បាន​ធ្លាក់​ចេញ​ពី​តំណែង​នៅ​ ឡើយ​ទេ​ មិន​ដូច​ដែល​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ធ្លាប់​ប្រកាស​ថា ​«អស់​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ ឬ​ដក​តំណែង​​អភិបាល​ក្រុង​-​ខេត្ត​ ខណ្ឌ​-​ស្រុក​​ ណា​ដែល​មិន​អាច​បង្រ្កាប​សកម្ម​ភាព​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​ទេ។​​ តើ​ចាំ​ដល់​ពេល​ណា​ ទើប​មាន​ចំណាត់​ការ​?

ថ្មី​​ៗ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​ឌីស​ខោវ័រី​ (Discovery)​​ បង្ហាញ​ពី​ការ​ហ្វឹកហាត់​របស់​យុវជន​សិង្ហបុរី​ដែល​​ជាប់​កិច្ច​សន្យា​យោធា​។ ជា​លទ្ធ​ផល គឺ​យុវ​ជន​បង្ហាញ​ពី​សេចក្តី​ក្លាហាន​និង​ការ​សប្បាយ​ផង​។​​ ពួក​គេ​មិន​​ត្រឹម​​តែ​ចេះ​ក្បួន​​យុទ្ធ​សាស្រ្ត​យោធា​ទេ​ ​តែ​​ថែម​ទាំង​ចេះ​សាមគ្គី​គ្នា​យ៉ាង​ស្អិត​ល្មួត​ និង​ចេះ​ពី​សាង​សង់​លេណដ្ឋាន​ អគារ​ ស្ពាន​ ថ្នល់​ទៀត​ផង​ ដូច​កង​វិស្វកម្ម​យើង​អ៊ីចឹង​ដែរ។  នេះ​ជា​មេ​រៀន​មួយ​សម្រាប់​យុវជន​កម្ពុជា​យើង​ដែល​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ ហើយ​បន្ទាប់​ពី​បញ្ចប់​​កាតព្វ​កិច្ច​យោធា​១៨​ខែ​គឺ​ មួយ​ចំនួន​ធំ ពួក​គាត់​អាច​ក្លាយ​ជា​មនុស្ស​ល្អ អាច​ផ្តាច់​ការ​ញៀន​ថ្នាំ​ផង និង​អាច​រក​ការ​ងារ​ដោយ​ស្រួល​ផង ​ដោយ​យក​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ​ពី​ការ​ហ្វឹក​​ហាត់​នេះ​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​មាន​សេច​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​​ចម្បងៗ​មួយ​ចំនួន​ ដែល​រាជ​រដ្ឋាភិបាល​គួរ​តែ​បញ្ជាក់​បន្ថែម​នូវ​គោល​នយោបាយ​មួយ​ទៀត​ ដើម្បី​គាំទ្រ​អនុ​ក្រឹត្យ​នេះ​ចំពោះ​ការ​លើក​ទឹក​ចិត្ត​​យុវ​ជន​ឲ្យ​ ស្ម័គ្រ​ចិត្ត​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​យោ​ធិន​​ជាប់​កិច្ច​សន្យា​​នេះ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ថា​៖

ទី​១-​ ការ​​ប្រើ​ប្រាស់​ថវិកា​​ជាតិ មិន​ត្រូវ​​ចាយ​យ៉ាង​សន្ធឹក​សន្ធាប់​លើ​វិស័យ​យោធា​ជា​ថ្មី​ម្តង​ទៀត​ ដែល​​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ អប់រំ​ និង​សុខា​ភិបាល​។

ទី២-​ កង​កម្លាំង​យោ​ធិនជាប់​កាត​ព្វ​កិច្ច​ទាំង​អស់​ មិន​ត្រូវ​បាន​ប្រើ​ក្នុង​ផល​ប្រយោ​ជន៍​នយោ​បាយ​និងអំ​ណាច​របស់​អ្នក​ដឹក​ នាំ​ទេ។ ទី៣-​ កង​កម្លាំង​យោធិន​កាត​ព្វកិច្ច​ទាំង​អស់​មិន​ត្រូវ​ប្រើ​ក្នុង​ការ​​វាយ​ បំបែក​ហ្វូង​ ឬ​ក៏​វាយ​បង្ក្រាប​បាតុ​ករ​អហិង្សា​ ឬ​ក៏​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​។​ ទី៤-​ ពួក​គេ​ទាំង​នោះ​មិន​ត្រូវ​ប្រើ​ក្នុង​ផល​ប្រយោជន៍​បុគ្គល​ ឬ​ក៏​ក្រុម​ហ៊ុន​ទេ​ ដូច​ជា​ ទៅ​យាម​ផ្ទះ​ ចំា​ចំ​ការ​ បើក​រថ​យន្ត​ឲ្យ​​ចៅ​ហ្វាយ​ជា​មេ​ទ័ព​និង​ទៅ​បម្រើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ណា​នោះ ​ទេ​។

ខ្ញុំ​គិត​ថា​ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​បង្កើត​បាន​នូវ​គោល​នយោបាយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​ពង្រឹង​ទាំង​សមត្ថ​ភាព​​កសាង​ និង​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កាន់​តែ​រឹង​មាំ ​បន្ថែម​ទៀត​។

បន្ទាប់​ពី​សង្គ្រាម​រ៉ាំ​រ៉ៃ​ ព្រះ​រាជា​ណា​ចក្រ​ដ៏​កំសត់​នេះ​ ​បាន​ធ្វើ​ការ​កែ​ទម្រង់​ដោយ​កាត់​បន្ថយ​​ការ​ចំណាយ​ថវិកា​ជាតិ​លើ​វិស័យ យោធា​ ដើម្បី​ផ្ទេរ​ថវិកា​ជាតិ​មក​ពង្រឹង​វិស័យ​នានា​វិញ​ ​តាម​រយៈ​ការ​កាត់​បន្ថយ​​ចំនួន​កង​ទ័ព​​ ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ ជា​ពិសេស​ធនាគារ​ពិភព​លោក​។​ ជា​អកុសល​កម្ពុជា​ត្រូវ​បាន​ប្រទេស​ថៃ​ឈ្លាន​ពាន​បូរណ​ភាព​ទឹក​ដី​នៅ​តាម​ព្រំ​ដែន​ក្នុង​ខេត្ត​ព្រះ​វិហារ និង​ឧត្តរ​មានជ័យ ខណៈ​ដែល​រាជ​រដ្ឋា​ភិបាល​កំពុង​ព្យាយាម​បញ្ចៀស​សង្គ្រាម​។

បន្ទាប់​ពី​មាន​សភាព​ការណ៍​តានតឹង​និង​សង្គ្រាម​ម្តង​ម្កាល​តាម​ព្រំ​ដែន​ដែន​ជា​មួយ​កង​ទ័ព​ថៃ​​ ពី​ខែ​កក្កដា ​២០០៨​ មក ថវិកា​ជាតិ​ដែល​សភា​ជាតិ​បាន​អនុម័ត​ការ​ចំណាយ​ទៅ​លើ​វិស័យ​យោធា​បាន​ កើន​ឡើង​ជា​លំដាប់​បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​២០០៩​គឺ​១៦០​លាន​ដុល្លារ​​និង​ឆ្នាំ​២០១១​​ គឺ​​១៩០​ លាន​ដុល្លារ ហើយ​បើ​តាម​រយៈ​ស្ថាប័ន​កង​ទ័ព​ជើង​គោក​សម្រាប់​អនាគត​ប្រចំា​អាស៊ី​ Future Land Force in Asia បាន​ប៉ាន់​ប្រមាណ​ការ​ចំណាយ​រួម​ទាំង​សព្វា​វុធ​សម្រាប់​ឆ្នាំ​២០១១​ គឺ​​កើន​ឡើង​ដល់​ ២៩៨​ លាន​ដុល្លារ​​។

ជា​មួយ​គ្នា​នេះ​ដែរ​ រាជ​រដ្ឋា​ភិបាល​ក៏​ចាប់​ផ្តើម​ព្យាយាម​លើក​យក​ច្បាប់​កាតព្វ​កិច្ច​យោធិន​ ដែល​រដ្ឋ​សភា​​​​បាន​​អនុម័ត​កាល​ពី​ឆ្នាំ​២០០៦​ បញ្ជាក់​ថា ​យុវ​ជន​ទាំង​អស់​អាយុ​ពី ១៨​ដល់​៣០​ឆ្នាំ ​​ត្រូវ​តែ​មាន​​កាតព្វ​កិច្ច​​យោធិន​រយៈ​ពេល​ ១៨ ​ខែ​។​ តែ​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​​ស្តី​ពី​យោធិន​ជាប់​កិច្ច​សន្យា​ ដោយ​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្រ្តី ​ត្រូវ​បាន​ពន្យារ​ដោយ​សារ​មាន​ការ​ផ្តល់​​យោបល់​ពី​សាធារណៈ​មតិ​ សង្គម​ស៊ីវិល​ និង​អ្នក​នយោ​បាយ​មួយ​ចំនួន​ផង​ថា ​ច្បាប់​នេះ​គួរ​តែ​ត្រូវ​អនុ​វត្ត​ដោយ​មាន​ការ​ស្ម័គ្រ​ចិត្ត​។

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស ​នៅ​ពេល​ពិធី​ផ្តល់​​អាហា​រូបករណ៍ ​ទៅ​ឲ្យ​និស្សិត​​ នៅ​ឯ​វិទ្យា​ស្ថាន​អប់​រំ​ជាតិ​ថា​​៖ «​ក្មួយ​ៗ​និស្សិត​កុំ​ភ័យ​​ពី​ការ​ចាប់​ទាហាន​នោះ ​រាជរដ្ឋា​ភិបាល​មាន​ទាហាន​គ្រប់​គ្រាន់​ហើយ​ ចំពោះ​ការ​ប្រយុទ្ធ​ជា​មួយ​​សត្រូវ​ឈ្លាន​ពាន​នោះ​។​​​ ដូច្នេះ​ក្មួយ​និស្សិត​​ទាំង​​អស់​គ្នា​ត្រូវ​តែ​ទៅ​សាលា​រៀន​ និង​គិត​តែ​ខំ​រៀន​ទៅ​​ដើម្បី​អភិវឌ្ឍ​ប្រទេស​​»​៕

សូមចូលរួមផ្តល់យោបល់តាមរយៈ  soprach.tong@phnompenhpost.com

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: