jump to navigation

RFI : តើអ្នកនិពន្ធ ស្នាដៃទទួលបានការ ការពារបែបណាខ្លះ? ខែមិថុនា 6, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ប្រភព ៖ វិទ្យុ បារាំង RFI ផ្សាយព្រហស្បតិ៍ 02 មិថុនា 2011

ការ​រក្សាសិទ្ធិ៖ តើ​អ្នកនិពន្ធ​ស្នាដៃ​ទទួលបាន​ការ​ការពារ​បែបណា​ខ្លះ?

ដោយ សេង ឌីណា

សេង ឌីណា នៅក្នុងបន្ទប់់ផ្សាយ RFI

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅថ្ងៃនេះ (ព្រហស្បតិ៍ ០២ មិថុនា ២០១១) សេង ឌីណា សូម​ធ្វើ​ការ ​បកស្រាយ​ ពន្យល់​ អំពី​សិទ្ធិ​អ្នក​និពន្ធ។

តើ​អ្នក​និពន្ធ​ស្នាដៃ​មួយ​ ​ទទួល​បាន​ការការពារ​បែបណា​ខ្លះ?

តើ​​សាធារណជន​ជាទូទៅ អាច​ប្រើប្រាស់​ស្នាដៃ​មួយ​ត្រឹម កម្រិតណា ដែល​មិនចាំបាច់​សុំ​ ការអនុញ្ញាត ​ពី​អ្នក​និពន្ធ?

តើ​អ្វី​ទៅ​ជា​សិទ្ធិ​អ្នក​និពន្ធ”?

សិទ្ធិអ្នកនិពន្ធ (ការ​រក្សា​សិទ្ធិ) គឺ​ជា​​មែកធាងមួយ នៃ​កម្មសិទ្ធិ​បញ្ញា។

“កម្មសិទ្ធិបញ្ញា” (កម្មសិទ្ធិ + បញ្ញា) គឺ​ជា​ សិទ្ធិ​​របស់​បុគ្គល ​ណាមួយ (ទោះជា​ រូបវ័ន្ត​បុគ្គល ​ក៏ដោយ ឬជា​នីតិបុគ្គល​ ក៏ដោយ) ​ជា​ ម្ចាស់​​កម្មសិទ្ធិ​​ផ្តាច់មុខ​ ទៅ​លើ​​​ស្នាដៃ ឬ​ក៏​អ្វី​ផ្សេងទៀត ដែល​ជា​ផលផ្លែ កើតចេញ​ពី​គំនិត-បញ្ញា ​របស់​ខ្លួន។  “កម្មសិទ្ធិបញ្ញា” ត្រូវ​ចែកចេញ​ជា​ ពីរផ្នែក​ធំៗ៖

កម្មសិទ្ធិឧស្សាហកម្ម៖ ដូចជា រូបគំនូរ​ឧស្សាហកម្ម, សញ្ញា​ពាណិជ្ជកម្ម, ការ​រកឃើញ ឬ​ការ​ច្នៃប្រឌិត​ អ្វី​មួយ (តក្កកម្ម) ដូចជា ការ​រកឃើញ​ ផលិតផល​អ្វីមួយ ឬ​ក៏​ដំណើរ ការ​ផលិតកម្ម​ណាមួយ ។ល។ នៅ​កម្ពុជា សិទ្ធិ​ទាំងនេះ ត្រូវបាន​ការ​ពារ ​ដោយ​ ច្បាប់​ ស្តីពី​ ប្រកាសនីយបត្រ​តក្កកម្ម, វិញ្ញាបន បត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​ គំនូរ​ឧស្សាហកម្ម ដែល​សភា​អនុម័ត​ កាល​ពីឆ្នាំ​២០០២។

សិទ្ធិអ្នកនិពន្ធ៖ គឺ​សំដៅ​លើ​ ស្នាដៃ​​ខាងផ្នែក​អក្សរសាស្រ្ត, វិទ្យាសាស្រ្ត, សិល្បៈ, តូរ្យតន្រ្តី ដែល​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត បង្កើត​ឡើង​ដោយ​ គំនិត​ប្រាជ្ញា​ ឬ​ដោយ​មនោសញ្ចេតនា។ ស្នាដៃ​ទាំង​អស់នេះ​ ទទួល​បាន​ការ​ការពារ​ពី​ ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ​ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​សភា​អនុម័ត កាល​ពី​ឆ្នាំ​២០០៣។

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​ដោយ​សិទ្ធិ​អ្នក​និពន្ធ តើ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​អ្វីខ្លះ?

ដើម្បី​ឲ្យ​ស្នាដៃ​មួយ ​អាច​ទទួល​បាន​ការការពារ​ ពី​សិទ្ធិ​អ្នក​និពន្ធ ស្នាដៃ​នោះ​​ ត្រូវ​តែ​មាន ​ទម្រង់​ណាមួយ​ជាក់លាក់ មិនមែន នៅ​ជា​គំនិត​អរូបិយ។ គំនិត ដែល​​ស្ថិត​នៅ​​ជា​ លក្ខណៈ​អរូបិយ ​​គេ​មិន​អាច​ការពារ បានទេ។ គេ​ការពារ​បាន​ លុះត្រាតែ​គំនិត​នោះ ​ត្រូវ​បញ្ចេញ​ មក​ខាងក្រៅ ក្នុង​ទ្រង់ទ្រាយ ណាមួយ​ជាក់លាក់ ដែល​តាម​ច្បាប់ គេ​​ឲ្យ​ឈ្មោះ​ថា “ស្នាដៃ” ដូចជា៖

  • ការ​និពន្ធ​៖ សៀវភៅ, ​បទភ្លេង, ចម្រៀង, ប្រលោមលោក, ភាពយន្ត
  • ការ​សម្តែង៖ ការ​សម្តែង​​របាំ ឬការប្រគំតន្រ្តី
  • ការផ្សាយ​ជា​សំឡេង, រូបភាព ឬ​ឯកសារ​នានា ​តាម​វិទ្យុ ឬ ទូរទស្សន៍ ។ល។

យោង តាម​មាត្រា ៣ នៃ​ច្បាប់​ស្តីពី​ សិទ្ធិ​អ្នកនិពន្ធ គឺ​ស្នាដៃ​ទាំងនេះ​ហើយ ដែល​ទទួល​បាន​ការ ការពារ​ពីច្បាប់។

លក្ខខណ្ឌ​ទី២ ​ស្នាដៃ ដែល​ទទួល​បាន​ការការពារ ដោយ​សិទ្ធិអ្នកនិពន្ធ ត្រូវតែ​ជា​ស្នាដៃ​ដើម ពោល គឺ​ជា​ស្នាដៃ​ ដែល​បង្កើត​ឡើង​ ​តាម​គំនិត​ប្រាជ្ញា​ផ្ទាល់​ របស់​អ្នក​និពន្ធ មិនមែន​​ធ្វើ​តាម​គេ។

ជាឧទាហរណ៍​ជាក់ស្តែង តើ​ស្នាដៃ​អ្វី​ខ្លះ ដែល​ទទួល​បាន​ការ ការពារ​ពី​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ?

ចំណុច​នេះ គឺ​មាន​ចែង​ក្នុង​មាត្រា ៣​ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ៖

  • សៀវភៅ​អាន​គ្រប់ប្រភេទ ឬ​ក៏​ឯកសារ​ផ្សេងៗ​ទៀត ស្តីពី​អក្សរសាស្រ្ត, សិល្បៈ វិទ្យាសាស្រ្ត និង​ការ​អប់រំ
  • អត្ថបទ​បឋកថា សង្កថា ឬ​ធម្មទេសនា
  • ការតែងទំនុកច្រៀង, ​បទភ្លេង
  • ការសម្តែង​របាំ, ការសម្តែង​សៀក ឬ​ការ​សម្តែង​កាយវិការ
  • ស្នាដៃ​ជា​ផ្ទាំងគំនូរ, រូបចម្លាក់, រូបថត, ផែនទី, ប្លង់​ស្ថាបត្យកម្ម
  • កម្មវិធី​កុំព្យូទ័រ
  • ផលិតផល​សិប្បកម្ម ដូចជា តម្បាញ ឬ​ក៏​ម៉ូដ​សម្លៀកបំពាក់ ។ល។ និង​។ល។

ស្នាដៃមួយ ដើម្បី​ទទួល​បាន​ការការពារពី​សិទ្ធិអ្នក​និពន្ធ តើ​គេ​ត្រូវ​​ធ្វើ​ការ​ចុះ​បញ្ជី​​អ្វី​ដែរ​ឬទេ?

សិទ្ធិអ្នកនិពន្ធ មិនតម្រូវ​ឲ្យ​មាន​ ការ​ចុះ​បញ្ជី​អ្វីទេ។ ឲ្យ​តែ​ស្នាដៃ​នោះ​ កើតឡើង​ចេញ​ជា ​ទម្រង់​ជាក់លាក់​ណាមួយ ហើយ​ជា​ស្នាដៃ​ដើម ​របស់​អ្នកនិពន្ធ គឺ​អាច​ទទួល​បាន​ការ​ ការពារ​ពី ​សិទ្ធិ​អ្នក​និពន្ធ។

យោង តាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ សិទ្ធិអ្នកនិពន្ធ ឆ្នាំ​២០០៣ ចែងថា ស្នាដៃមួយ ទោះបី ពុំទាន់​ចប់សព្វ គ្រប់ក្តី ឬពុំទាន់​ បាន ​ផ្សព្វផ្សាយ​ជា​ សាធារណៈក្តី ស្នាដៃនោះ ត្រូវ​ចាត់ទុក​ថា​ បាន​បង្កើតឡើង ​ដោយ​ចំណេះដឹង​ពិតប្រាកដ ​តែមួយ​គត់ ​ពីគំនិត​ ប្រាជ្ញា​អ្នកនិពន្ធ​ដែរ ពោល​គឺ ត្រូវ​ទទួលបាន​ការ ការពារ​ពី​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ដូច្នេះ ចំពោះ​សិទ្ធិ​អ្នកនិពន្ធ ច្បាប់​​​មិនតម្រូវ ​ឲ្យ​មាន​ ការ​ចុះ​បញ្ជី​អ្វី​ទេ។ ក៏ប៉ុន្តែ ការ​យក​ស្នាដៃ​ ទៅ​ចុះ​បញ្ជី នៅ​ស្ថាប័ន​ មាន​សមត្ថកិច្ច គឺ​វាមាន​ប្រយោជន៍​ ​ដល់​ម្ចាស់​ស្នាដៃ ព្រោះ​ថា ការចុះបញ្ជី​ គឺ​​ជា​ភស្តុតាង​ បញ្ជាក់​​​​អំពី​កម្មសិទ្ធិ​ លើ​ស្នាដៃ។

តើ​សិទ្ធិអ្វី​ខ្លះ ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​អ្នកនិពន្ធ?

យោង តាម​​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ ត្រង់មាត្រា ១៨៖ អ្នកនិពន្ធ​ស្នាដៃ គឺ​ជា​​ ម្ចាស់​កម្មសិទ្ធិ ​ផ្តាច់មុខ​លើ​ស្នាដៃ​នោះ ហើយ​ជា​សិទ្ធិ ដែល​ជន​គ្រប់រូប​ ​ត្រូវ​តែ​ទទួល​ស្គាល់។ សិទ្ធិ​នេះ​បែងចែក​ចេញ​ជាពីរ៖

សិទ្ធិសីលធម៌

  • សិទ្ធិ​សម្រេច​ អំពី​​ទម្រង់ និង​ពេលវេលា​ នៃ​ការផ្សព្វផ្សាយ ​ស្នាដៃ​របស់​ខ្លួន ​ជា​សាធារណៈ
  • សិទ្ធិ​តម្រូវ​​ឲ្យ ​គេ​ដាក់​ឈ្មោះ និង​ឋានៈ សម្រាប់ ​ទាក់ទង​ជាមួយ ​សាធារណជន
  • សិទ្ធិ​ធ្វើ ការជំទាស់​​ នូវ​គ្រប់រូបភាព ​នៃ​ការ​បំផ្លើស​ ឬ​ការកែប្រែខ្លឹមសារ ក្នុង​ស្នាដៃ​របស់ខ្លួន ដែល​ជាហេតុ​​ធ្វើ​ឲ្យ​ ខូច​​កេរ្តិ៍ឈ្មោះ អ្នក​និពន្ធ

សិទ្ធិបេតិកភណ្ឌ គឺ​ សិទ្ធិ​ប្រកបអាជីវកម្ម ​លើ​ទ្រព្យ ដែល​ជា ស្នាដៃ​របស់​ខ្លួន តាមរយៈ​​ ការ​បោះផ្សាយ​ជាសាធារណៈ ឬ​ក៏​តាមរយៈ​​ ការ​បង្កើត​ស្នាដៃ​បន្ត។ យោង តាម​មាត្រា ២១ នៃ​ច្បាប់ ស្តីពី​ សិទ្ធិអ្នកនិពន្ធ អ្នកនិពន្ធ ​មាន​សិទ្ធិ​ផ្តាច់មុខ ធ្វើ​ដោយ​ខ្លួន​ឯង ឬ​ក៏​អនុញ្ញាត​ឲ្យ​គេ​ ធ្វើ​បន្ត នូវកិច្ចការ​ដូចតទៅ៖

  • ចែកចាយ ​ជា​សាធារណៈ  តាម​ការលក់ ការជួល ឬ​តាម​មធ្យោបាយ ផ្សេង​ទៀត នូវច្បាប់ដើម ឬ​ច្បាប់​ចម្លង
  • ការបកប្រែ ​ជា​ភាសា​បរទេស
  • ការយកលំនាំតាម ឬ​ការ​កែសម្រួល​ ផ្សេងៗ​ទៀត ដូចជា ការ​យក ​រឿងប្រលោមលោក និពន្ធ​ជា សៀវភៅ ទៅ​ធ្វើ​ជា​ ខ្សែភាពយន្ត
  • ការផលិត​ស្នាដៃ​ ឡើងវិញ ដូចជា ការ​យក​សៀវភៅ​ ទៅ​បោះពុម្ពឡើងវិញ ឬក៏យក​ខ្លឹមសារ​ ទៅ​ផ្សព្វផ្សាយ ​តាមប្រព័ន្ធ​អ៊ីនធ័រណិត ។ល។ និង​។ល។

សូមបញ្ជាក់ថា ទាំងនេះ គឺ​ជា សិទ្ធិ​ផ្តាច់មុខ ​របស់​អ្នក​និពន្ធ មានន័យថា មាន​តែ​ អ្នក​និពន្ធ​ទេ ដែល​អាច​ធ្វើ​ការ​ទាំងអស់​ នេះ​បាន។ គ្មាន​អ្នកណា​ផ្សេង ​អាច​ធ្វើ​បានទេ លុះត្រាតែ​មាន​ ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ។

តើ​​សិទ្ធិអ្នកនិពន្ធ ទទួល​បាន​នូវការការពារ​ ពី​ច្បាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ?

បើនិយាយ​អំពី ​សិទ្ធិសីលធម៌ គឺ​មានលក្ខណៈ​អចិន្រ្តៃយ៍ (​មាត្រា ១៩ ច្បាប់​ស្តីពី ​សិទ្ធិ​អ្នក​និពន្ធ)។
បើ​និយាយ​អំពី​ សិទ្ធិ​បេតិកភណ្ឌ វិញ មានន័យថា សិទ្ធិ​ផ្តាច់មុខ ​ក្នុងការប្រកបអាជីវកម្ម ​លើ​ស្នាដៃ គឺ​ទទួលបានការ ការពារ​​ពេញ​មួយ​ជីវិត ​របស់​អ្នក​និពន្ធ បូកថែម ៥០​ឆ្នាំ ក្រោយ​ពី​ អ្នកនិពន្ធ​ទទួល មរណភាព​ទៀត (មាត្រា ៣០ ច្បាប់​ស្តីពី​ សិទ្ធិ​អ្នក​និពន្ធ)។

ផុតពី​រយៈពេល​នេះ​ទៅ ស្នាដៃ​ត្រូវ​ក្លាយ​ជា​ សម្បត្តិ​សាធារណៈ ដែល​សាធារណជន​ ទូទៅ​អាច​យក​ទៅ​​ប្រើប្រាស់​បាន។

តើ​​ស្នាដៃ ចាំបាច់​ត្រូវ​តែ​មាន ​ដាក់​សញ្ញា​ “©រក្សាសិទ្ធិទើប​ទទួល​បាន​ការ ការពារ​សិទ្ធិ​អ្នកនិពន្ធ ឬ​យ៉ាងណា?

តាមច្បាប់ នៅប្រទេស​ខ្លះ គេ​តម្រូវ​ឲ្យ​​ដាក់​​សញ្ញា​ “©រក្សាសិទ្ធិ” លើ​ស្នាដៃ​ណាមួយ ទើប​អាច​ទទួល​បាន​ការ ការពារ​​សិទ្ធិ​អ្នក​និពន្ធ។

ក៏ប៉ុន្តែ តាម​ច្បាប់ នៅ​កម្ពុជា ក៏​ដូចជា ប្រទេស​ផ្សេងទៀត ដែល​ជា​ហត្ថលេខី នៃ​អនុសញ្ញាក្រុង​ប៊ែន (Berne) គេ​មិនតម្រូវ​ឲ្យ ​មាន​ដាក់​សញ្ញា “©រក្សាសិទ្ធិ”​ទេ។ បើទោះជា​ស្នាដៃ​ ដែល​គ្មាន​ ដាក់​សញ្ញា​ “©រក្សាសិទ្ធិ” ក៏​ទទួល​បាន​ការ ការពារ​​ដោយ ​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ក៏ប៉ុន្តែ សញ្ញា “©រក្សាសិទ្ធ” មានប្រយោជន៍ ក្នុង​ការ​ជូនដំណឹង​ដល់ ​សាធារណជន​ថា ស្នាដៃ​នេះ ស្ថិត​ក្រោម​​ការរក្សាសិទ្ធិ។ ប្រសិន​បើគ្មាន​សញ្ញា “©រក្សាសិទ្ធិ” វា​អាច​ចោទ ជាបញ្ហា នៅពេល​មាន​ក្តីក្តាំ។ ចុងចោទ​ គេ​អាច​ដោះសារថា គេ​មិនបាន ដឹង ដោយ​ស្មានថា ស្នាដៃ​នេះ​ ​មិនមាន​រក្សាសិទ្ធិ។ ប្រសិនបើ​មាន ​ដាក់​សញ្ញា “©រក្សាសិទ្ធិ” គេ​មិន​អាច​​ ដោះសារ​ថា មិន​បាន​ដឹងនោះទេ។

ការចម្លង​ឡើងវិញ​ នូវ​ស្នាដៃ​និពន្ធមួយ ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដោយ​មិន​យក​ទៅ ធ្វើ​អាជីវកម្ម តើ​ជា​ការរំលោភ​សិទ្ធិ​ អ្នកនិពន្ធ​ដែរឬទេ?

បើ​តាម​ច្បាប់ នៅប្រទេស​ខ្លះ (ដូចជា ​បារាំង​ ជាដើម) ការ​ចម្លង​ស្នាដៃ​មួយ ដូចជា ចម្លង​សៀវភៅ​ជាដើម អាច​ធ្វើ​ទៅបាន​ ទាល់តែ​ការ​ចម្លង ​នេះ​ធ្វើ​ឡើង​ តែ​មួយ​ផ្នែក​តូចមួយ។ ក៏ប៉ុន្តែ នៅ​កម្ពុជា​វិញ ច្បាប់​ស្តីពី ​សិទ្ធិអ្នក​និពន្ធ ត្រង់មាត្រា ២៤ ចែងថា ការផលិតឡើងវិញ​ ចំនួន​មួយច្បាប់ ជាលក្ខណៈ​ឯកជន​ នូវស្នាដៃ ដែល​បាន​បោះពុម្ព​រួចហើយ ដើម្បី​យក​មកប្រើប្រាស់​ ផ្ទាល់ខ្លួន គឺ​អាច​ធ្វើ​ទៅបាន ដោយ​មិនចាំបាច់​មាន ​ការ​អនុញ្ញាត ​ពី​អ្នក​និពន្ធ​ឡើយ។ ក៏ប៉ុន្តែ ​ការចម្លង​​យក ​ទៅប្រើប្រាស់​ ផ្ទាល់ខ្លួន​នេះ មិនអាច​ធ្វើ​ទៅបាន​ទៅបាន​ទេ ក្នុង​ករណី​មួយចំនួន ដូចជា៖

  • ការចម្លង ​កម្មវិធី​កុំព្យូទ័រ
  • ការចម្លង​​​ ប្លង់​ស្ថាបត្យកម្ម
  • ការចម្លង​​ ចេញ​ពី​​ប្រព័ន្ធ​អ៊ីនធ័រណិត
  • ឬ​ការ​ចម្លង​ ឬ​ការ​ផលិតឡើងវិញ នូវ​ស្នាដៃ​ណាមួយ ដែល​ធ្វើ​ឲ្យ ​ប៉ះពាល់​ដល់​ ការធ្វើ​អាជីវកម្ម​ ជាប្រក្រតី​​នៃ​​ស្នាដៃ​នោះ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ផលប្រយោជន៍​ ស្របច្បាប់​​របស់​ អ្នក​និពន្ធ។

ការដកស្រង់ ខ្លឹមសារ​មួយ​ ផ្នែក​នៃ​ស្នាដៃ​មួយ ដើម្បី​យក​មកផ្សព្វផ្សាយ តើ​ចាំបាច់ត្រូវ​ សុំ​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ ​ដែរឬទេ?

ការដកស្រង់ខ្លឹមសារ​នេះ អាច​ធ្វើ​ទៅបាន ដោយ​មិនចាំបាច់​សុំ ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ​ទេ យោង​ទៅតាម​មាត្រា ២៥ នៃ​ច្បាប់​ស្តីពី​សិទ្ធិអ្នកនិពន្ធ។ ក៏ប៉ុន្តែ ត្រូវមាន​លក្ខខណ្ឌ​ពីរ៖

  • ជាការ​ដកស្រង់ ​តែមួយផ្នែកខ្លីៗ មិនមែន​ដកស្រង់​ទាំងស្រុង
  • ត្រូវមាន​ការ​បញ្ជាក់​យ៉ាង ច្បាស់លាស់​នូវឈ្មោះ​ របស់​អ្នកនិពន្ធ និង​ប្រភព​នៃ​ស្នាដៃ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: