jump to navigation

នេះ គឺ រាជ សម្បត្តិ ខែ​ឧសភា 12, 2011

Posted by មេឃា in កំណត់ហេតុមេឃា, Cambodia Feature Stories.
trackback

មេឃា ៖ ប្រពន្ធ័ផ្សព្វផ្សាយ និងពលរដ្ឋកម្ពុជា ជាច្រើន បានសម្តែងនូវមរណៈទុក្ខ ចំពោះ លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ដែលបានទទួល​មរណភាព ​នៅ​យប់ ​ថ្ងៃ​ទី ១១ ឧសភា ឆ្នាំ ២០១១ ដោយ​សារ​ បែក​សរសៃ​ឈាម​ក្នុង​ខួរក្បាល។

កើត​នៅ​ឆ្នាំ​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ ហើយបានក្លាយ ជា​កូន​កំព្រាម្នាក់ ​ដោយសារ​ឪពុក​ម្ដាយ ​ត្រូវ​បាន​ស្លាប់​ ក្នុង​ជំនាន់ ​កម្ពុជា​ប្រជាធិបតេយ្យ លោក រាជ សម្បត្តិ តស៊ូរហូតដល់ក្លាយជា អ្នកសារព័ត៌មានខ្មែរ ដ៏លេចធ្លោម្នាក់ ជាសាស្រ្តាចារ្យ ឯកទេស ប្រពន្ធ័ផ្សព្វផ្សាយ និង កិត្តិនាម ជា ប្រធានផ្នែក កិច្ចការសាធារណៈ នៃអង្គជំនុំវិសាមញ្ញក្នុងតុលាការកម្ពុជា ចុងក្រោយ លោក រាជ សម្បត្តិ បានចាកលោក ក្នុងវ័យ ៤៧ ឆ្នាំ ដោយបន្សល់ទុក ភរិយា និងបុត្រាបុត្រី ៣ រូប ទាំងសោកស្តាយបំផុត។

លោក រាជ សម្បត្តិ និងក្រុមគ្រួសារ

លោក រាជ សម្បតិ្ត ចាប់ផ្តើម ជីវិតថ្មី ក្រោយរបប ខ្មែរក្រហម តាំងពី ឆ្នាំ ១៩៨១ (សាលាវត្តភ្នំ ថ្នាក់ទី ៥) ។ លោក ធ្លាប់ រត់កង់ឌុប អស់រយៈពេល ជាច្រើនឆ្នាំ។ ឆ្នាំ ១៩៨៨ លោកបាន ទទួលអាហារូបករណ៍ ទៅសិក្សានៅ ប្រទេសឥណ្ឌា ជំនាញ កសិកម្ម  (ខែតុលា ១៩៨៨ ដល់ ១៩៩២)។ ដោយមិនបាន ឆ្លងកាត់សាលារៀន វិជ្ជាជីវៈ អ្នកសារព័ត៌មាន តែមាន មូលដ្ឋាន ភាសាអង់គ្លេស លោកបានក្លាយជា អ្នកយក​ព័ត៌មាន ​នៃ​ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP​ តាំងពី​ ទសវត្ស ​៩០​ ។ លោក មានឱកាសសិក្សា វិជ្ជាជីវៈកាសែតដំបូងនៅ សាកលវិទ្យាល័យ ​ចុឡាលុងករណ៍ ប្រទេស​ថៃ ក្រោយមកទៅ សិក្សានៅ កាលីហ្វ័រនីញា (៦ ខែ)។ លោក បាន​ធ្វើជា ​គ្រូ​បណ្តុះ​បណ្តាល វិស័យ​ព័ត៌មាន ​នៅ​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​លោក​ បាន​ទទួល​ សញ្ញា​ប័ត្រ​អនុបណ្ឌិត​ ផ្នែក​សារ​ព័ត៌មាន ​នៅ​សាកល​ វិទ្យាល័យ​ខូឡំប៊ៀ (Columbia ​University) ​ស.រ.អា.​ ដ៏​ល្បី​ល្បាញ។​ កាលពី​ឆ្នាំ​ ២០០៦​ លោក​បានចូល​ បម្រើ​ការងារ​ជា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បន្ទាប់មក​ត្រូវ​បាន ​ដំឡើង​ឋានៈជា ​ប្រធាន​ផ្នែក​ការិយា​ល័យ ​កិច្ចការ​ សារធារណៈ​ នៃ​សាលាក្តី​ខ្មែរក្រហម។

លោក រាជ សម្បត្តិ ស្វាគមន៍ ប្រធាន តុលាការ កំពូល ឡាវ ពេលមក ទស្សនកិច្ច សាលាក្តី ខ្មែរក្រហម

លោក រាជ សម្បត្តិ ត្រូវ​បាន​បញ្ជូន​ទៅ ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ តាំង​ពី​ល្ងាច​ថ្ងៃ​ទី ១០ ឧសភា ​ហើយ​បាន​ស្លាប់​នៅ ​ម៉ោង​ជីត ៩ យប់​ថ្ងៃ​ទី ១១ ឧសភា ឆ្នាំ ២០១១។

លោក រាជ សម្បត្តិ បានផ្តល់សម្ភាស៍ ក្នុងនាទី ជីវិត ជោគជ័យ របស់វិទ្យុ បារាំង RFI កាលពីថ្ងៃទី ២២ កុម្ភៈ ២០១១ ដោយរៀបរាប់លម្អិត ពី ជីវប្រវត្តិផ្ទាល់ខ្លួន មាគ៌ា ជីវិតពិត … ៖  រាជ សម្បត្តិ៖ « ឡេ នីន ​និយាយថា​ រៀនហើយ រៀន​ទៀត ​រៀនទាល់តែ​សា្លប់ »

កង់ ដែល លោក រាជ សម្បត្តិ អះអាងថា ធ្លាប់រត់ឌុប អស់ជាច្រើនឆ្នាំ

ព័ត៌មានទាក់ទង ៖

រាជ សម្បត្តិ នៅក្នុង ទំព័រ នរណាខ្លះនៅកម្ពុជា ?

[ឈ្មោះ] រាជ សម្បត្តិ
[កំណើត] ១៧ កក្កដា ១៩៦៥
[
មរណភាព] ១១ ឧសភា ២០១១ (៤៧​ឆ្នាំ)
[ឋានៈ]  ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរ​ក្រហម

លោក រាជ សម្បត្តិ [អាន​ថា៖ រាជ-សំ-បាត់] គឺ​​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់, សាស្ត្រាចារ្យ​ និង​ជា​​ប្រធាន​ផ្នែក​កិច្ចការ​ សាធារណៈ​ របស់​តុលាការ​ខ្មែរ​ក្រហម។

| ប្រវត្តិ |

លោក រាជ សម្បត្តិ កើត​នៅ​ឆ្នាំ ​១៩៦៥ ជា​កូន​កំព្រា​ ដោយ​ឪពុក​ម្ដាយ​របស់​លោក​ត្រូវ​ បាន​ស្លាប់​ ក្នុង​ជំនាន់​កម្ពុជា​ប្រជាធិបតេយ្យ។

ការ​សិក្សា |

លោក រាជ សម្បត្តិ បាន​សិក្សា​ផ្នែក​សារព័ត៌មាន ​ពី​សាកលវិទ្យាល័យ​ ប្រទេស​កូឡូប៊ី, អាល្លឺម៉ង់, សហ​រដ្ឋ​អាមេរិក និង​សាកលវិទ្យាល័យ ​ចុឡាលុងករណ៍ ប្រទេស​ថៃ។​

តំណែង |

លោក រាជ សម្បត្តិ គឺ​ជា​ អតីត​អ្នក​សារព័ត៌មាន​ ជើង​ចាស់ ប្រចាំ​ទី​ភ្នាក់ងារ​ ព័ត៌មាន​ល្បី​ៗ​ មួយ​ចំនួន ដូច​ជា អេ​អេហ្វ​ភី មុន​នឹង​លោក​ បាន​ក្លាយ​ជា ​អ្នក​នាំ​ពាក្យ​ សម្រាប់​អង្គ​ជំនុំ​ជម្រះ​ វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០០៦។ ក្រោយ​មក​លោក ​បាន​ក្លាយ​ជា​ប្រធាន​ ផ្នែក​កិច្ច​ការ​សាធារណៈ​នៃ​សាលា​ក្ដី​ ខ្មែរ​ក្រហម។

លោក រាជ សម្បត្តិ ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក ​សារព័ត៌មាន​ នៅ​ដេប៉ាតឺម៉ង់​ព័ត៌មាន និង​សារគមនាគមន៍​ នៃ​សាកល​វិទ្យាល័យ ​ភូមិន្ទ​ភ្នំពេញ​ផង ​ដែរ។

ជីវិត​ផ្ទាល់​ខ្លួន |

លោក រាជ សម្បត្តិ បាន​រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​៣​នាក់ (ប្រុស​២ ស្រី​១)។​

មរណភាព |

លោក រាជ សម្បត្តិ បាន​ទទួល​មរណភាព ​នៅ​វេលា​ម៉ោង ​៩​ យប់ ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​លោក​ ត្រូវ​បាន​បញ្ជូន​ ទៅ​សង្គ្រោះ​ជា​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១១ (អាយុ​បាន​៤៧​ឆ្នាំ)។

ប្រភព​ព័ត៌មាន ​ពី​ វេជ្ជបណ្ឌិត​ មន្ទីរ​ពេទ្យ​កាល់ម៉ែត ​បាន​ឲ្យ​ដឹង​ថា លោក រាជ សម្បត្តិ បាន​ដាច់​សសៃ​ឈាម​ខួរ​ក្បាល​ផ្នែក​ ខាង​ក្រោយ ដែល​ជា​ អាការ​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​បំផុត។

VOA : មរណភាពលោករាជ សម្បត្តិ ត្រូវគេចាត់ទុកថាជាការបាត់បង់ដ៍ធំសម្រាប់កម្ពុជា

ដោយ សុខ ខេមរា វីអូអេ | វ៉ាស៊ីនតោន

ថ្ងៃពុធ, 11 ខែឧសភា 2011

លោក​ រាជ សម្បត្តិ​ ​អ្នក​នាំ​ពាក្យ ​សាលាក្តី​ខ្មែរក្រហម ​បាន​ទទួល​មរណ​ភាព ​កាល​ពី​យប់ ​ថ្ងៃ​ពុធ ​ទី​១១​ ឆ្នាំ​២០១១​ ដោយ​សារ​ជំងឺ​លើស​ឈាម​ ឬ​ដាច់​សរសៃឈាម។​ ជាមួយ​គ្នា ​នឹង​ការ​ចូល​រួម​មរណ​ទុក្ខ​ ដ៏​ក្រៀម​ក្រំ​ ហើយ​នឹង ​ការ​ចង​ចាំគុណ​សម្បត្តិ​ ដ៏​ច្រើន​របស់​លោក​ រាជ ​សម្បត្តិ ​ផង​នោះ​ អ្នកយក​ព័ត៌មាន​កម្ពុជា ​​មិត្ត​ភក្តិ​ និងមន្ត្រី​ រដ្ឋា​ភិបាល​ បាន​ចាត់​ទុក​ថា​ មរណ​ភាព​នេះ​គឺ ​ជា​ការ​បាត់បង់​ដ៏ធំ​សម្រាប់​កម្ពុជា។

លោក​ រាជ ​សម្បត្តិ​ អាយុ​ ៤៧ ​ឆ្នាំ ​មាន​កូន​ ៣ នាក់​ ធ្លាប់​ធ្វើជា​អ្នកយក​ព័ត៌មាន​ នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ បារាំង​AFP​ តាំងពី​ទសវត្ស​៩០​ ធ្លាប់​ធ្វើជា​ គ្រូ​បណ្តុះ​បណ្តាល វិស័យ​ព័ត៌មាន​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន ​ទទួល​សញ្ញា​ប័ត្រ ​អនុបណ្ឌិត​ ផ្នែក​សារ​ព័ត៌មាន ​នៅ​សាកល​ វិទ្យាល័យ​ ខូឡំប៊ៀ (Columbia ​University) ​ស.រ.អា.​ ដ៏​ល្បី​ល្បាញ។​ កាលពី​ឆ្នាំ ​២០០៦​ លោក​បាន ចូល​បម្រើ​ការងារ​ជា ​អ្នក​នាំពាក្យ​ សាលាក្តី​ខ្មែរក្រហម​ បន្ទាប់មក​ ត្រូវ​បាន ​ដំឡើង​ឋានៈ ជា​ ប្រធាន​ផ្នែក​ការិយា​ល័យ ​កិច្ចការ​ សារធារណៈ​  នៃ​សាលាក្តី​ខ្មែរក្រហម។

លោក​ កឹម ​គុណវឌ្ឍន៍​ អគ្គ​នាយក​ ទូរទស្សន៍​ជាតិ​កម្ពុជា ​ដែល​ចូលរួម​ បណ្តុះ បណ្តាល​ វគ្គ​វិជ្ជាជីវៈ​សារព័ត៌មាន ​ជាមួយ ​លោក ​រាជ ​សម្បត្តិ​ បាន​ថ្លែង ​ទាំង​ក្រៀមក្រំ​ថា ៖ ​មរណភាព​ លោក​ រាជ ​សម្បត្តិ​ គឺ​ ជា​ការ​បាត់​បង់​ដល់​កម្ពុជា​ ជា​ពិសេស​ផ្នែក​ធនធាន​មនុស្ស។

«អ្វី​ដែល​យើង​ សោក​ស្តាយ​ខ្លាំង ​បំផុត​នោះ​គឺ ​សមត្ថ​ភាព​បុគ្គល​ ហើយ​នឹង​បទ ពិសោធន៍​ពោរ​ពេញ​ទៅ​ដោយ ​សមត្ថភាព​នៅក្នុង​ វិស័យ​ព័ត៌មាន​ ហើយ ​ក្នុង​វិស័យ ផ្សព្វ​ផ្សាយ។​ ជា​ពិសេស​នោះ​គឺ​ ការ​បម្រើ​រយៈ​ពេល បី​ឆ្នាំ ​កន្លង ​ទៅ​នៅ​ឯ​សាលាក្តី ខ្មែរក្រហម​ ដែល​លោក​ រាជ សម្បត្តិ​ បាន​បម្រើ​វិស័យ​នេះ​ យ៉ាង​សក្តិសម ​និង​មាន ប្រសិទ្ធិ​ភាព​ ដោយ​បាន​ផ្តល់ភាព​ងាយ​ ស្រួល​ និង​ផ្តល់​ទំនាក់​ទំនង ​ដល់​គ្រប់សារ ព័ត៌មាន​ ទាំង​អស់​ ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដែល​ខ្ញុំ​ចង់​និយាយ​ថា​ ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ ទូរទស្សន៍​ជាតិ​កម្ពុជា​ នៅគ្រប់​វេទិកា​ នៃ​ដំណើរ​ការ​នៃ សាលាក្តី​ខ្មែរក្រហម»។

លោក គុណវឌ្ឍន៍ ​បាន​បរិយាយ​ថា​ លោក​ រាជ ​សម្បត្តិ​ ជា​មនុស្ស​រស់​រាយ​ ជា​អ្នក មាន​សមត្ថភាព​អាច ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ស្ងប់​ រវាង​អ្នក​ដើម​ចោទ​ និង​ចុង​ចោទ​ក្នុង សាលាក្តី​ខ្មែរក្រហម។

លោក​ ទៀង​ សុភៈវិជ្ជា​ ប្រធាន​ស្តីទី​ នៃ​សិក្ខា​ល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍ ​នៃ​សាកល ​វិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​ បាន​សម្តែង​ការ​ សោក​ស្តាយ​ចំពោះ​ មរណភាព​ លោក​រាជ​ សម្បត្តិ​ ដោយ​ថ្លែង​ថា​ លោក​ រាជ សម្បត្តិ​ ជា​អ្នក​កាសែត ​ដ៏ល្បី​ក្នុង​ចំណោម​អ្នក​ល្បី​ ដែល​មាន​ចំនួន​តិច​ ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​ចំណេះ​ដឹង​ខ្ពស់ ​ខាង​កាសែត​ និង​ជា​អ្នក​នាំ​ពាក្យ​ ដ៏ល្បី​សម្រាប់ ​សាលាក្តី​ខ្មែរក្រហម។

«ការ​បាត់​បង់​គាត់​គឺ​ ជា​ការ​បាត់បង់​ដ៏ធំ​ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដ៏ធំ​ សម្រាប់​ជាតិ​ក៏​ដូច​ជា​សម្រាប់​ សាលាក្តី​ខ្មែរក្រហម​ ក៏​ដូច​វិស័យ​សារ​ព័ត៌មាន​ ក៏ដូច​សាលា​ព័ត៌មាន​ទាំង​មូល ​ដែរ​ បាទ»។

លោក​ សុភៈវិជ្ជា​ បាន​បរិយាយ​ថា ​លោក ​រាជ​ សម្បត្តិ​ ជា​មនុស្ស​ល្អ ​រស់​រាយ​ ចូល ចិត្ត​លែង​សើច​ច្រើន​ ចូល​ចិត្ត​សប្បាយ​ តែ​ហ្មត់ចត់​នឹង​ការងារ​ ។ ​លោក សុភៈវិជ្ជា​ បាន​ដក​ស្រង់​ ការ​រៀប​រាប់​របស់​គ្រួសារ ​លោក​ រាជ​ សម្បត្តិ​ មកបញ្ជាក់​ថា ៖ ​គាត់​មាន​ជំងឺ​លើស​ឈាម​ យូរ​ហើយ​ តែ​មិន​ធ្លាប់​ធ្វើ​ទុក្ខ​ខ្លាំង​ទេ៖

«គ្រួសារ​ និង​បង​ប្អូន​គាត់​ប្រាប់​ ថា​ គាត់​មាន ​ជំងឺ​លើស​ឈាម​ជិត ​១០​ឆ្នាំ​ ហើយ​ ប៉ុន្តែ​វា​អត់​មាន​បញ្ហា ​ធ្វើ​ទុក្ខអ្វី​ទាំងអស់ ​កន្លង​មក​ ហើយ​ជា​អកុសល​ បង ​(រាជ សម្បត្តិ)​ គាត់​អត់​ដែល​ លេង​កីឡា​ គាត់​អត់​ដែល ​បារម្ភ​រឿងអី ​ទាំង​អស់​ តែ​គាត់​មាន​ ជំងឺ​ហ្នឹង។​ បើ​តាមខ្ញុំ​ដឹង​ គាត់​ធ្លាប់​លេប​ថ្នាំ​ ការពារ​ជំងឺ​ លើស​ឈាម ​រហូត​ ហើយ​ដល់​ពេល​ហ្នឹង​ វា​ខ្លាំង ​វា​ដាច់​តែ​ម្តង​បាទ»។

លោក រាជ​ សម្បត្តិ​ ត្រូវ​គេ​បញ្ជូន​ចូល​ ទៅ​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ កាល ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​ សន្លប់​មិន​ដឹង​ខ្លួន។​ មួយ​ថ្ងៃ​បន្ទាប់​មក​ ​លោក​បាន​ស្លាប់​ មុន​ពេល​ដែល​គេ​ប្រុង​ប្រៀប ​បញ្ជូន​ទៅ​ព្យាបាល ​នៅ​ប្រទេស​ថៃ។

កិច្ចការ​របស់​លោក​ រាជ​ សម្បត្តិ​ ចុង​ក្រោយ​មួយ​ដែល​ VOA​ បាន​សម្ភាស​គឺ បេសក​កម្ម​​របស់​លោក​ ទៅ​កាន់​ខេត្ត​បាត់​ដំបង ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន​ ដើម្បី​ចូលរួម​ចែក​ចាយ ​សៀវភៅ​ស្តីពី​ដំណើរ​ការ ​សាលាក្តី​ខ្មែរក្រហម​ ដល់​ សិស្សា​នុសិស្ស​នៅ​ទីនោះ។​ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​ លោក​បាន​ចូលរួម​ជាមួយ​អង្គការ ​Peace​ Corps ​របស់​ស.រ.អា.​ដើម្បី​បង្រៀន​ភាសា​អង់​គ្លេស​ នៅ​ខេត្ត​បាត់ដំបង​ផង ដែរ។

ថ្លែងប្រាប់ ​VOA​ តាម​ទូរស័ព្ទ​ ពី​ខេត្ត​បាត់ដំបង ​កាលពី​សប្តាហ៍​មុន​ លោក​សម្បត្តិ បាន​បញ្ជាក់​ថា៖​ លោក​ត្រៀម​ជួប​សិស្សា​នុសិស្ស​ ៤០០០​នាក់ ​ក្នុង​សាកល​វិទ្យាល័យ​បាត់​ដំបង​ ដើម្បី​អប់រំ ​និង​ពន្យល់​អំពី​ដំណើរ​ការ​សាលាក្តី​ ខ្មែរក្រហម​ ប្រវត្តិ​នៃ​ការ​កកើត​ របប​ប្រល័យ​​ពូជ​សាសន៍​ ជំហរ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ និង​អ.ស.ប​. ក្នុង​រឿង​កាត់​ទោស​ខ្មែរក្រហម។

«នៅ​បាត់ដំបង​នេះ​ ពី​ល្ងាច​មិញ​ តាម​សំណើរ​របស់​ ជនជាតិ​អាមេរិកាំង​ ដែល​ជា​គ្រូ​បង្រៀន​ Peace ​Corp ​នៅ​ក្នុង​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ យើង​បាន​ជួប សិស្សា​នុសិស្ស​ជិត​ ៥០០​នាក់។ ​ដោយ​ឡែក​សិស្សា​នុសិស្ស​ នៅ​ក្នុង​សាលាហ្នឹង​ជាង ​១០០០​នាក់ ​ដែល​គេ​កំពុង​រៀន​ហ្នឹង​ ​យើង​បាន​ផ្តល់សៀវ​ភៅ​ ១០០០​ក្បាល ​សម្រាប់​ សាលា​វិទ្យាល័យ​ឯកភ្នំ។​ ហើយ​សាលា​ដ៏ទៃ​ទៀត​ ដែល​មាន​ US Peace ​Corps ​ទៅ​បង្រៀន​ក្រោម​ការ​ឧបត្ថម ​របស់ ​ស.រ.អា.​ ហ្នឹង​ ក៏​បាន​ស្នើ​ជាច្រើន​ដូចជា​ នៅ​ខាង​វាលរិញ​ នៅ​ខាង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ឥឡូវ​នេះ​ គាត់​មក​ខេត្ត​បាត់ដំបង។ ​អញ្ចឹង​គឺ ​យើង​ធ្វើ​គ្រប់​កន្លែង​ណា៎​ ហើយ​សិស្សានុសិស្ស​គេ​សប្បាយ​អបអរ។​ ដោយ​ឡែក​មួយទៀត ​នៅ​ព្រឹក​ថ្ងៃ​ ស្អែក ​យើង​នឹង​ជួប​និស្សិត​ចំនួន ​៤០០០ ​នាក់ ​នៅ​សាកល​វិទ្យាល័យ​ បាត់​ដំបង​ ដើម្បី​និយាយ​អំពី​ការ​វិវត្តន៍​ របស់ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា​ ហើយ​យើង​មិន​បញ្ចប់​ទេ។​ កិច្ចការ​នេះ​ គឺ​យើង​ព្យាយាម​ធ្វើ​ឲ្យ បាន​ច្រើន​ជា​អតិបរមា​ តាម​ដែល​យើងធ្វើ​ទៅ​បាន»។ ខាងលើ​នេះ​ ជា​អត្ថា​ធិប្បាយ​របស់​លោក ​រាជ​ សម្បត្តិ​ ចុង​ក្រោយ​ ដែល​និយាយ​អំ​ពី​កិច្ចការ​ របស់​លោក​ មុន​មរណ​ភាព។

លោក​ ខៀវ​ កូឡា​ អ្នក​អត្ថា​ធិប្បាយ​ទូរទស្សន៍ ​CTN​ បាន​ថ្លែងថា​ មរណភាព​ របស់​លោក​រាជ​ សម្បត្តិ​គឺជា​ការ​បាត់បង់​ដ៏ធំ​ ហើយ​ពិបាក​រក​អ្នក​ជំនួស។

«ការ​បាត់បង់ ​លោក​សម្បត្តិ​នេះ ​គឺជា​ការ​បាត់បង់​ដ៏ធំ ​នៅក្នុង​វិស័យ​សារ ​ព័ត៌មាន កម្ពុជា​ ព្រោះ​ថា​ លោក​ រាជ ​សម្បត្តិ​ ​បាន​ឧទ្ទិស​ជីវិត​លោក ​សម្រាប់​ការ​បម្រើ ​អ្នក​សារ​ព័ត៌មាន​ កម្ពុជា​ ហើយ​ក្នុង​ឋានៈ​ ជា​ប្រធាន​ការិយា​ល័យ​ កិច្ចការ​សាធារណៈ ​ អ្នកនាំ​ពាក្យ​សាលាក្តី​ ខ្មែរក្រហម​ លោក​បាន​ខិត​ខំ​ ខ្នះខ្នែង​ជា​អតិបរមា​ដើម្បី​បម្រើ​ អ្នកសារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដោយ​គ្មាន​គិត​ពី​យប់​ ថ្ងៃ ក្តៅ ​រងារ​ ត្រជាក់​ទេ»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ អំពី​មរណភាព​ របស់​លោក​ រាជ​ សម្បត្តិ​ ដោយ​បង្ហាញ​ពី ការ​សោក​ស្តាយ​ជា​ពន់​ពេក៕

មតិ»

1. ឌីយ៉ា - ខែ​ឧសភា 12, 2011

សូមស្តាប់បទ “If I die young” បទនេះ​គឺសម្រាប់គាត់!

2. Lovepeehs05 - ខែ​ឧសភា 13, 2011

សូមចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារសពនិងបងប្អូនញាតិមិត្តទាំងអស់ នៃសព ខ្ញុំក៏មានសេចក្តីសោកស្តាយជាពន់ពេកណាស់ ដោយនឹកស្មាន មិនដល់ថាមានហេតុដ៏តក់ស្លុតនេះកើតឡើងសោះ កាលពីប៉ុន្មានថ្ងៃមុន នេះឯង ឮសូរសម្លេងនិយាយកោកៗ តាមវិទ្យុ ដូចជាមិនគួរជឿសោះ ! សូមអោយព្រលឹងវញ្ញាណរបស់លោក រាជ សម្បត្តិ បានទៅកាន់ សុខតិភព ដែលជាភពដ៏សុខក្សេមក្សាន្ត រួចហើយបែរមកជួយសណ្ឋិត ក្នុងព្រលឹងវិញ្ញាណអ្នកដឹកនាំខ្មែរគ្រប់រូប អោយចេះស្រឡាញ់ខ្មែរ ចេះការពារផលប្រយោជន៍ខ្មែរ ចេះការពារទឹកដីខ្មែរ កុំអោយមានសត្រូវ ណា មកបៀតបៀនបានឡើយ និងសូមអោយជួយសណ្ឋិតស្មារតីកងទ័ព ខ្មែរទាំងអស់ អោយបានរឹងប៉ឹងក្លាហាន ឈ្នះអស់មារសត្រូវគ្រប់ពេល វេលា កុំបីឃ្លៀងឃ្លាតឡើយ !

3. somada - ខែ​ឧសភា 13, 2011

សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និង សាច់ញាត្តិ​របស់គាត់ ។

4. ខ្វាក់ព្រះនេត្រ - ខែ​ឧសភា 14, 2011

ឆ្ងល់ទៀតហើយ!!!!

អ្នកខ្លះពេលនៅរស់មិនដែលឃើញធ្វើអីទេ
តែស្រាប់ដល់ពេលងាប់សុទ្ធតែផ្កាយ,សាស្ត្រាចារ្យ
បណ្តិទ,អែកអុដំ,អុតដំសេណី.

5. សៅ ផល​រាសីហ៍ - ខែ​ឧសភា 18, 2011

ខ្វាក់ព្រះនេត្រ អ្នក​ឯង​ពិត​ជា​ខ្វាក់​មែន មិន​ត្រឹម​តែ​ខ្វាក់​ទេ ប៉ុន្តែ​អត់​វិចារណញាណ​ជា​មនុស្ស​ទៀត

ឌីយ៉ា - ខែ​ឧសភា 19, 2011

បំរាមៈ “ខ្វាក់ព្រះនេត្រ” មិនមែនជាមនុស្សទេ​ គ្រាន់តែជាម៉ាស៊ីនដែលគេ​ដាក់មតិអូតូម៉ាទិក (និយាយលេង តែខ្ញុំគិតថាមែនទែន) សម្រាប់ទន្រានវើតប្រេសប៉ុណ្ណោះទេ! ខ្ញុំបានដាក់មតិគាត់ជាស្ប៉ាមសម្រាប់ប្លកខ្ញុំហើយ! ព្រោះមតិរបស់គាត់គ្មានគំនិតកែលំអ ហើយនិយាយតែពាក្យអសុរស មិនសមជាមនុស្សទេ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: