jump to navigation

នេះគ្រាន់ជា បញ្ហារបស់ អ្នកភូមិ​បឹងកក់ ខែ​មេសា 22, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល, ភូមិបាល ៖ ដីធ្លី, Cambodia Feature Stories.
trackback

 

មេឃា ៖ ខុសច្បាប់ដែរ ប្រសិនបើ មនុស្សមួយក្រុមទាមទា សិទ្ធិរបស់ខ្លួន !?

សិទ្ធិរស់រាន្តមានជីវិត មានសេចក្តីថ្លៃថ្នូ សិទ្ធិជ្រកកោន សិទ្ធិមិនឱ្យរំលោភលើលំនៅដ្ឋាន សិទ្ធិប្តឹងតវ៉ា… ជាសិទ្ធិដែលរដ្ឋ ត្រូវធានាការពារ ទទួលពិនិត្យ ដោះស្រាយយ៉ាងហ្មត់ចត់ ជូនពលរដ្ឋរបស់ខ្លួន។  

រូបភាព ទីតាំងតំបន់បឹងកក់ មើលពី ផ្កាយរណប

ជម្លោះដីធ្លី ក្រោមស្លាក អភិវឌ្ឍ ក្នុងតំបន់បឹងកក់ ដែលបាន ផ្ទុះឡើងតាំងពីឆ្នាំ ២០០៧ រវាងអ្នកភូមិ រាប់សិបគ្រួសារ ជាមួយនឹង ក្រុមហ៊ុន​ស៊ូកាគុ​អ៊ីន ហ៊ាក់បង្ហាញឱ្យឃើញ នូវភាព ភ្ញាក់ផ្អើលតិចតួច ភាពអាណិតអាសូរតិចតួច សម្រាប់ ប្រជាជាតិមួយ ដែល ខ្វះបេះដូង ចិត្ត ថ្លើម និងឈាមជ័រ តែមួយ។

គេឃើញ មានត្រឹមតែ អង្គការសង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស កាសែតក្នុងស្រុក តិចតួចប៉ុណ្ណោះ ដែលចាប់អារម្មណ៍ ហើយបានសម្តែងការឈឺឆ្អាល ទៅលើជនរងគ្រោះ ខណៈពលរដ្ឋទូទៅ ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ហ៊ាក់ មើលរំលង ឬធ្វើជា មើលមិនឃើញ ពីភាពវេទនា ភាពអមនុស្សធម៌ ដោយសារការ បង្រ្កាប និងបំពាន ពីសំណាក់ អ្នកខ្លាំង។

ជាចំណាប់អារម្មណ៍ របស់មនុស្សជាតិ ចំពោះ អំពីបង្រ្កាប ឬការប្រើអំណាច ពីសំណាក់អ្នកខ្លាំង ទៅលើ អ្នកទន់ខ្សោយ គឺ មិនត្រឹមត្រូវ។ តាមរបត់ ប្រវត្តិសាស្រ្ត អំពើគាបសង្កត់ ជិះជាន់ ធ្ងន់ធ្ងរ អាចឈានដល់ ការបះបោល នឹងផ្តួលរំលំ របបគ្រប់គ្រង តែក្នុងបរិបទ កម្ពុជា សព្វថ្ងៃ ការធ្វេសប្រហែស បណ្តោយឱ្យ កម្លាំងយោធា និងអាវុធ ដោះស្រាយជម្លោះ មិនប្រើ វិធីសាស្រ្ត សន្តិវិធី ដើម្បីដោះស្រាយ បានធ្វើឱ្យ ប្រទេសកម្ពុជាមួយនេះ ល្បីល្បាញខាង កាប់ ចាក់ វ៉ៃ ដំ ច្រំ ធាក់ ជាតិសាសន៍ ឯង។ តើវាមាន ន័យអ្វី ត្រឹមពាក្យ អភិវឌ្ឍ របស់អ្នកខ្លាំង ដែលនាំត្រឹមតែ ទឹកភ្នែកដល់ អ្នកទន់ខ្សោយ !?

ព័ត៌មានក្តៅៗ ពី តំបន់ជម្លោះបឹងកក់ (២១ មេសា ២០១១)

ប្រភព ៖ វិទ្យុបារាំង RFI (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 21 មេសា 2011)

អ្នកភូមិ​បឹងកក់​ត្រូវ​បង្ក្រាបយ៉ាង​ហិង្សា និង​ចាប់ខ្លួន នៅ​ពេល​ប្រមូល​ផ្តុំ​តវ៉ា​មុខ​សាលាក្រុង

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ២១ មេសា ២០១១​នេះ យ៉ាងហោច​ណាស់ មាន​អ្នកភូមិ ៤ នាក់ ទទួល​រងរបួស ដួលសន្លប់​បែកក្បាល​ហូរ​ឈាម នៅ​កន្លែងធ្វើ​បាតុកម្ម នៅមុខ​សាលាក្រុង​ភ្នំពេញ ដោយសារ​កងកំលាំង វាយដំ ដោយ​ប្រើ​ដំបងឆក់។ ចំណែក​អ្នកភូមិ​បឹងកក់ ១១ នាក់ ផ្សេងទៀត ត្រូវបាន​ចាប់​បោះបញ្ចូល​ក្នុង​ឡាន​ទ្រុងប៉ូលិស យក​ទៅ​ឃុំឃាំង នៅ​ស្នងការដ្ឋាន​នគរបាល។

© ស៊ីវ ចាន់ណា (អ្នកភូមិបឹងកក់ដែលឈរតវ៉ានៅមុខសាលាក្រុងត្រូវប៉ូលិសវាយបង្រ្កាបយ៉ាងធ្ងន់ធ្ងរ)

ក្រុម​អ្នក​ភូមិ​បឹងកក់ ភាគច្រើន​ជា​ស្ត្រី​រាប់សិប​នាក់ បាន​ប្រមូល​តវ៉ា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ ដើម្បី​បញ្ឈប់​ការបូម​ខ្សាច់ លុប​បឹងកក់ ដែល​នាំ​ឲ្យ​លិច​ផ្ទះសម្បែង​អ្នកភូមិ។ ក៏​ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ បន្ទាប់​ពី​មាន​ការជួប​ពិភាក្សា មិន​ត្រូវ​គ្នា​រវាង​អ្នកភូមិ ជាមួយ​តំណាង​សាលាក្រុង​ភ្នំពេញ​រួច​មក កងកំលាំង​ប្រដាប់​អាវុធ​រាប់រយ​នាក់ បាន​ចូល​វាយ​បំបែក​ហ្វូង​អ្នកភូមិ ដោយ​ធ្វើ​ការវាយដំ ទាត់​ធាក់ ឆក់​នឹង​ដំបងឆក់ ទៅលើ​អ្នក​ភូមិ​យ៉ាង​សាហាវ​ឃោឃៅ នៅ​ចំពោះមុខ​មន្ត្រី​សាលាក្រុង ដែល​កំពុងតែ​ឈរ​ឱបដៃ​មើល​ការប្រើ​អំពើហិង្សា​នោះ។

 
ស្ត្រី​អ្នកភូមិ​បឹងកក់ ៤ នាក់ បាន​ដួលសន្លប់ ដោយសារ​ប៉ូលីស​វាយ។ ស្ត្រី​ចំណាស់​ម្នាក់ បែកក្បាល​ហូរឈាម។ ប៉ូលីស​ក៏បាន​ចាប់ខ្លួន​អ្នក​ភូមិ​បឹងកក់ ១១ នាក់​ផ្សេង​ទៀត ក្នុងនោះ មាន​កុមារា អាយុ​ជាង​១០ ឆ្នាំ ២ នាក់ និង​ស្ត្រី​ម្នាក់ ត្រូវ​ប៉ូលីស​វាយ​បាក់​មេដៃ។
 
អ្នក​ភូមិ​ទាំង ១១ នាក់ ត្រូវ​ដឹក​តាម​ឡាន​ឃ្លុប​របស់​ប៉ូលីស​ក្រុង យក​ទៅ​ឃុំឃាំង សួរចម្លើយ នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង។ ​រហូត​ដល់​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ូលីស មិនទាន់​ដោះលែង​អ្នក​ភូមិ​បឹងកក់ មក​វិញ​ទេ។ ប៉ុន្តែ បើតាម​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ជួបចរចា​ជាមួយ​សមត្ថកិច្ច បាន​ឲ្យដឹង នៅល្ងាច​ដដែល​ថា ប៉ូលីស​នឹង​ដោះលែង​ក្រុម​អ្នកភូមិ​បឹងកក់​ទាំង ១១ នាក់ នៅព្រឹកថ្ងៃសុក្រ​ទី ២២ មេសា ២០១១។ ដំបូងឡើយ សមត្ថកិច្ច​ប៉ូលីស​ប្រុង​នឹង​កសាង​សំណុំរឿង​បញ្ជូន​អ្នកភូមិ​ទាំងនោះ ទៅកាន់​តុលាការ៕
 
លោក ទូច ណារ៉ុថ ស្នងការ​ប៉ូលីស​ក្រុងភ្នំពេញ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានឡើយ។ យ៉ាងណា​ក៏ដោយ ក្រុម​អង្គការ​សិទ្ធិមនុស្ស បាន​ថ្កោលទោស ចំពោះ​ការប្រើ​អំពើហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ ដែល​បាន​វាយ​បង្ក្រាប​ទៅលើ​អ្នកភូមិ​រងគ្រោះ​បឹងកក់ នៅ​ព្រឹក​ថ្ងៃទី​២១​មេសា ឆ្នាំ​២០១១។
 
អ្នកភូមិ​បឹងកក់ បានទាមទារ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លងមកហើយ បន្ទាប់​ពី​រដ្ឋាភិបាល បាន​យក​ដី​ក្នុង​តំបន់​បឹងកក់ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគុ​អ៊ីន កាលពី​ឆ្នាំ​២០០៧។ រហូតមកដល់​សព្វថ្ងៃ​នេះ ពួកគាត់​បាន​នាំ​គ្នា​បន្ត​ការទាមទារ ទទូច​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ ដី​អភិវឌ្ឍន៍​នៅនឹងកន្លែង ស្របតាម​គោលនយោបាយ​ដោះស្រាយ​របស់​រដ្ឋាភិបាល និង​ដោះស្រាយ​ផ្ទះ​របស់​ពួកគាត់​ដែល​ត្រូវបាន​លិចលង់​ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ជា​បន្តបន្ទាប់​មក៕

ប្រភព ៖ VOA – Khmer

ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2011

ប៉ូលីស វាយបំបែកនិង​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ាបឹងកក់

«គេវាយខ្ញុំត្រូវបែកក្បាលនិងត្រូវដៃហើម។ ពួកប៉ូលីសវាយខ្ញុំនឹងដំបងឆក់ ដាក់ខ្ញុំមួយដំបងហើយ ហើយថែម មួយដំបងទៀត។ ខ្ញុំរងដៃ ត្រូវដៃ។ ខ្ញុំទៅតវ៉ាដើម្បីតែផ្ទះរបស់ខ្ញុំ ហើយស្រាប់តែយកកម្លាំងមកវាយធ្វើបាបខ្ញុំអញ្ចឹង ខ្ញុំចាស់ហើយ ខ្ញុំមានកម្លាំងណាទៅវាយអ្វីឈ្នះវា»

រូបថត៖ ដោយ ជន សក្តា (អ្នកស្រីង៉ែត ឃុន អាយុ ៧១ឆ្នាំ ជនរងគ្រោះជាអ្នកភូមិបឹងកក់ដែលត្រូវប៉ូលីសវាយបែកក្បាល)

ប៉ូលីស​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​បឹងកក់​យ៉ាងតិច​១១នាក់​ខណៈ​ដែល​មាន​អ្នកតវ៉ា​បួននាក់​ផ្សេង​ទៀត​បាន​ទទួល​រងរបួស​ពី​ការវាយ​ដុំ​របស់​ប៉ូលីស​នៅក្នុង​ការបង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

សាក្សី​ បាន​និយាយថា​ ប៉ូលីស​ជាង​១០០នាក់​ប្រដាប់​ដោយ​ដំបង​ឆក់​ និង​ខែល បាន​សំរុក​ចូល​ទៅក្នុង​ហ្វូងអ្នក​តវ៉ា​បឹងកក់​ដែល​មានគ្នា​ប្រមាណ​១០០នាក់​ដែល​កំពុង​ឈរ​តវ៉ា​ទាមទារ​សិទ្ធិ​លំនៅដ្ឋាន​និង​សិទ្ធិ​ដីធ្លី​នៅ​ខាងក្រៅ​សាលាក្រុង​ភ្នំពេញ។

អ្នកទាំង​១១​នាក់នេះ​ រួមមាន​ក្មេងប្រុស​ពីរនាក់​និង​ស្ត្រី​ជាតំណាង​អ្នកភូមិ​បឹងកក់​ចំនួន​ប្រាំបួន​នាក់​ គឺ​អ្នកស្រី​ ទេព វណ្ណី ​អាយុ​២៨ឆ្នាំ ​អ្នកស្រី ​លី មុំ ​អាយុ​ ៤៤ឆ្នាំ ​អ្នកស្រី​ រស់ ស្រីនាង ​អាយុ ​៣៧ឆ្នាំ ​អ្នកស្រី​ ហេង មុំ​ អាយុ​៤៦ឆ្នាំ​ អ្នកស្រី​ កឹម វាន់នី​ អាយុ ​៤៦ឆ្នាំ​ អ្នកស្រី ​សុន សុភ័ណ្ណ ​អាយុ ​២៦ឆ្នាំ ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ការឃុំឃាំង​នៅ​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ។ នេះ បើតាម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​ប្រាប់​ឱ្យ​ដឹង។

អ្នកស្រី​ ង៉ែត ឃុន ​អាយុ៧១ឆ្នាំ ​នៅភូមិ​២២ ​ជា​ជនរងគ្រោះ​ក្នុង​ការបង្ក្រាប​របស់​ប៉ូលីស​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖

«គេ​វាយ​ខ្ញុំ​ត្រូវ​បែកក្បាល​និង​ត្រូវ​ដៃហើម។ ពួក​ប៉ូលីស​វាយ​ខ្ញុំ​នឹង​ដំបង​ឆក់ ដាក់ខ្ញុំ​មួយ​ដំបង​ហើយ​ ហើយ​ថែម មួយ​ដំបង​ទៀត។ ខ្ញុំ​រងដៃ​ ត្រូវ​ដៃ។ ខ្ញុំ​ទៅ​តវ៉ា​ដើម្បី​តែ​ផ្ទះ​របស់​ខ្ញុំ ហើយ​ស្រាប់តែ​យក​កម្លាំង​មក​វាយ​ធ្វើបាប​ខ្ញុំ​អញ្ចឹង​។ ខ្ញុំ​ចាស់​ហើយ​ ខ្ញុំ​មាន​កម្លាំង​ណា​ទៅ​វាយ​អ្វី​ឈ្នះ​វា»។

អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការវាយដំ​និង​ការចាប់​ខ្លួន​អ្នក​តវ៉ា​បឹងកក់​ចំពោះ​ការប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​វាយ​បង្ក្រាប​ទៅលើ​អ្នកភូមិ​រងគ្រោះ​បឹងកក់​ ដោយ​គ្រាន់តែ​ធ្វើការ​ទាមទារ​តវ៉ា​ដោយ​អហិង្សា​នៅមុខ​សាលាក្រុង​ភ្នំពេញ។

លោក​ចាន់ សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស ​អាដហុក ​បាន​ថ្លែងថា​ អាជ្ញាធរ​ បាន​ប្រើ​កម្លាំង​បាយ​ខ្លាំង​ជ្រុលពេក​ទៅលើ​អ្នក​តវ៉ា​បឹងកក់។

«យើង​មើលឃើញ​កម្លាំង​ ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ វាខុស​ពី​ធម្មតា ​ដែល​យើង​ចាត់​ទុកថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​ជាពិសេស​គាត់​អត់បាន​គិត​ពី​មនុស្សជាតិ​ដែល​មាន​សេចក្តី​ត្រូវការ​និង​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ដ៏យុត្តិធម៌​នោះ។ យើង​ចាត់ទុក​ថា​ទង្វើ​នៃ​ការប្រើ​អំពើ​ហិង្សា​គឺជា​អំពើ​ខុសច្បាប់​និង​ជា​ការរំលោភ​សិទ្ធិ​មនុស្ស»។

លោក​អ៊ូ វីរៈ ​ប្រធាន​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​នេះ​ជារឿង​តក់ស្លុត​និង​ការឆ្លើយតប​យ៉ាង​អយុត្តិធម៌​ចំពោះ​ការតវ៉ា​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​បឹងកក់​លែង​ឱ្យ​មាន​សេរីភាព​ ហើយ​ការចាប់ខ្លួន​កូនក្មេង​និង​ការវាយដំ​មនុស្ស​ចាស់​បង្ហាញ​នូវ​ការធ្លាក់​ចុះ​ថ្មីមួយ​ ក្នុង​អ្វី​ដែល​បាន​ខំប្រឹងប្រែង​តស៊ូ​នឹង​រឿង​ជម្លោះ​ដីធ្លី។

សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​សាលាក្រុង​ភ្នំពេញ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើអំពើហិង្សា​និង​ឱ្យ​ដោះលែង​អ្នកតវ៉ា​បឹងកក់​និង​បញ្ឈប់​ការតាមចាប់​ខ្លួន​អ្នកភូមិ​ដទៃទៀត​ហើយ​បន្ត​យន្តការ​ដោះស្រាយ​ទំនាស់​នេះ​ដោយ​សន្តិវិធី។

លោក​ចាន់ សាវ៉េត​ ​បាន​ថ្លែង ក្រោយ​ពី​ជំនួប​រវាងក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ជាមួយ​លោក​កែប ជុតិមា ​អភិបាល​ក្រុង​ភ្នំពេញ​ ថា​សាលាក្រុង​ ភ្នំពេញ​នឹង​ពិចារណា​ដោះលែង​អ្នក​ទាំង១១​នាក់​នៅថ្ងៃស្អែក​បើពួកគាត់​ទទួលស្គាល់​នូវ​អ្វី​ដែល​បាន​ធ្វើ​ខុស៕

ប្រភព ៖ វិទ្យុ អាស៊ីសេរី

ដោយ ខែ សុណង 2011-04-21

អាជ្ញាធរ​ប្រើ​ហិង្សា​បង្ក្រាប​អ្នក​ភូមិ​បឹងកក់ មនុស្ស​១១​នាក់​ត្រូវ​ចាប់​ខ្លួន

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​តំបន់​បឹងកក់ ៣​នាក់​សន្លប់ ១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​រង​របួស ក្នុង​គ្រា​ដែល​កង​កម្លាំង​ប៉ូលិស​ប៉េអឹម បាន​ប្រើ​អំពើ​ហិង្សា​វាយ​បង្ក្រាប​ដោយ​ខែល និង​ដំបង​ឆក់​ទៅ​លើ​អ្នក​តវ៉ា​ទាំង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មេសា នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។

RFA/Khe Sonorng (សមត្ថកិច្ចចាប់ក្រៀកអ្នកភូមិបឹងកក់ បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ)

អ្នកស្រី សុធន់ ពលរដ្ឋ​តំបន់​បឹងកក់ រស់​នៅ​ភូមិ​១ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ថ្លែង​ថា កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​វាយ និង​ឆក់​ទៅ​លើ​ស្ត្រី ដោយ​គ្រាន់តែ​ពួកគេ​ទៅ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ធ្វើ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា ៖ «គ្មាន​ទាមទារ​ដើម្បី​អី​ទេ គេ​ថា ដោះស្រាយ គេ​អត់​ដោះស្រាយ​ឲ្យ​ទេ ទឹក​លិច​អស់​ហើយ ខ្ញុំ​ឈឺ​ចាប់​ណាស់ ខ្ញុំ​ឈឺ​ចាប់​ជា​ទីបំផុត។ ខ្ញុំ​ខ្មែរ​ដូច​តែ​គេ​ដែរ​ហេតុ​អី​បាន​គេ​ធ្វើ​អ៊ីចឹង​ដាក់​ប្រជាជន? គេ​វាយ គេ​អត់​មាន​អាណិត​អាសូរ​ប្រជាជន​រក​ដំណោះស្រាយ​ទេ»

នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ទៅ​លើ​អ្នក​ភូមិ​បឹងកក់ ដែល​ភាគ​ច្រើន​លើសលប់​ជា​ស្ត្រី​នោះ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង ១០០​នាក់ បាន​ប៉ះ​ទង្គិច​ដាក់​គ្នា​ជា​ច្រើន​លើក។ ក្រុម​បង្ក្រាប​បាន​វាយ​ដោយ​ដំបង​ឆក់ និង​លើក​អ្នក​ភូមិ​បោះ​ចូល​ទៅ​លើ​រថយន្ត រួម​ទាំង​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​អ្នក​ភូមិ។ ការ​ប៉ះ​ទង្គិច​នេះ​បាន​បង្ក​ឲ្យ​ស្ត្រី​ចំនួន ៣​នាក់​បាន​សន្លប់ ស្ត្រី​វ័យ​ជាង ៧០​ឆ្នាំ​ម្នាក់​រង​របួស​ក្បាល និង​ស្ត្រី ៩​នាក់ ព្រមទាំង​ក្មេង​ប្រុស​អាយុ ១១​ឆ្នាំ ២​នាក់​ទៀត ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​នេះ​ដែរ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​សរសេរ​ថា បន្ទាប់​ពី​អ្នក​ភូមិ​បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ រួម​មក សហគមន៍​នៅ​តែ​តវ៉ា ពីព្រោះ​ពុំ​មាន​លទ្ធផល​ជា​វិជ្ជមាន​នោះ កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​វាយ​បំបែក​អ្នក​ភូមិ ដោយ​ធ្វើការ​វាយ​ដំ ឆក់​នឹង​ដំបង​ឆក់ ទាត់ ធាក់​ទៅ​លើ​អ្នក​ភូមិ​យ៉ាង​សាហាវ​ឃោរឃៅ​នៅ​ចំពោះ​មុខ​មន្ត្រី​សាលា​រាជធានី ដែល​បាន​ឈរ​ឱប​ដៃ​មើល​អំពើ​ហិង្សា​នេះ។

លោក អំ សំអាត អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​ចាត់​ទុក​ការ​បង្ក្រាប​របស់​កម្លាំង​ប៉ូលិស​ប៉េអឹម​នេះ​ថា ជា​ការ​ប្រើប្រាស់​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ ៖ «ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់​នេះ​គឺ​វា​ជ្រុល​ហើយ ទោះ​បី​យើង​បញ្ចៀស​ការ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ក៏ដោយ ក៏​ត្រូវ​ដោះស្រាយ​ទៅ​តាម​សន្តិវិធី​ឲ្យ​អស់​លទ្ធភាព​សិន យើង​មិន​កាន់​ជើង​ទេ ថា​មាន​ទៅ​មាន​មក​ដែរ ប៉ុន្តែ​គ្រាន់​ថា ប្រជាជន​គាត់​ប្រើ​ទឹក​សុទ្ធ ឬ​ក៏​ដៃ​អី​រុញ​ច្រាន​ណាស់ ប៉ុន្តែ​យ៉ាង​ណា​យើង​អាជ្ញាធរ​ត្រូវ​អត់ធ្មត់​ជាង​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ផង​ដែរ»

ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​ភូមិ​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រទេស​ផ្ដល់​ជំនួយ​មក​ឲ្យ​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ មេសា ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​សន្យា​អភិវឌ្ឍ​កម្ពុជា ឲ្យ​បាន​ស៊ី​ជម្រៅ រួម​ទាំង​​បញ្ហា​កែ​ទម្រង់​ដីធ្លី​ផង​ដែរ។

បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​អ្នក​ភូមិ​មក​ មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​អន្តរាគមន៍​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះលែង​ពលរដ្ឋ​វិញ​រហូត​មក​ដល់​ម៉ោង​ប្រមាណ ៥​ល្ងាច តែ​ពុំ​បាន​សម្រេច។

ទាក់​ទង​បញ្ហា​នេះ ស្នងការ​រង​រាជធានី​ភ្នំពេញ លោក ប៉ុល ភិធេយ្យ បាន​ថ្លែង​ថា លោក​កំពុង​រង់ចាំ​គោលការណ៍​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក កែប យុតិមា ជា​មុន​សិន ៖ «គាត់​មាន​បញ្ហា​ជេរ ការ​បំពារបំពាន​លើ​សមត្ថកិច្ច​ក្នុង​ពេល​បំពេញ​ភារកិច្ច»

តែ​ទោះ​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ មនុស្ស​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​ឡើយ៕

មតិ»

1. enana88 - ខែ​មេសា 22, 2011

ដោយសារតែ “លុយ”

2. somada - ខែ​មេសា 26, 2011

ដូចជាគ្មានធម៌មេត្តាសោះ សូម្បីមនុស្សចាស់ក៏វាយគាត់ដែរ នេះបានចំ​ជាឆ្កែបម្រើគេពិតមែន ! តើលើលោកនេះមានយុត្តិធម៌ទេ ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: