jump to navigation

នាយករដ្ឋមន្រ្តីខ្មែរ ប្រកាសទ្រព្យសម្បត្តិ មុនវ័យ៥៩ ឆ្នាំ ខែ​មេសា 4, 2011

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
trackback

មេឃា ៖ នៅរសៀលថ្ងៃទី ១ មេសា ឆ្នាំ២០១១ ពោលគឺ ថ្ងៃសុក្រ ថ្ងៃជោគថ្ងៃជ័យ មុនឆ្លងចូលវ័យ ៥៩ ឆ្នាំ របស់ខ្លួន លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានចូលខ្លួន ទៅប្រកាស ទ្រព្យសម្បត្តិ ដែលខ្លួនមាន  នៅអង្គភាពប្រឆាំងអំពើពុករលួយ នាក្រុងភ្នំពេញ។

នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន ចូលប្រកាសទ្រព្យសម្បតិ្ត ក្នុងក្របខ័ណ្ឌប្រឆាំងអំពើពុករលួយ

 

ទោះបីមិនបានបង្ហើបឱ្យដឹងថា លោក​មានទ្រព្យសម្បត្តិប៉ុន្មាន ដែលបាន រាយការណ៍នៅក្នុង សំបុត្រសម្ងាត់ តែលោក នាយក រដ្ឋមន្រ្តី រូបនេះបាន ត្អួញត្អែរ ហើយដាក់ខ្លួនថា ទ្រព្យសម្បត្តិ របស់លោក ទៅថ្ងៃអនាគត ប្រហែលជា ថយចុះ ព្រោះ ប្រាក់ខែ ក្នុងតំណែងជា នាយករដ្ឋមន្រ្តីខ្មែរ មាន ត្រឹម​ចំនួន ៤​លាន ៦សែន​រៀល ស្មើ​ប្រមាណ ១.៥០០ ដុល្លារ ក្នុង​មួយ​ខែ ប៉ុណ្ណោះ។

តាមការអំពាវនាវរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី​៧ ​មេសា ឆ្នាំ​២០១១ ដែល​ជា​កាលបរិច្ឆេទ​ចុងក្រោយ ហើយលោក ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធាន អង្គភាព ប្រឆាំងអំពើពុករលួយ ​បាន​បញ្ជាក់​ថា អ្នក​ដែល​មិន​បាន​ ប្រកាស​ទ្រព្យសម្បត្តិ​ នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី ១ខែ ទៅ ១ឆ្នំា និង​បង់ប្រាក់ពិន័យ​​ពី ១លានរៀល ទៅ ៤លានរៀល។ តាម​លោក ឱម យ៉ិនទៀង អ្នក​ជាប់​កាតព្វកិច្ច ក្នុង​ស្ថាប័នរដ្ឋ មាន​ជាង ២៤.០០០ នាក់។ តែ​មកដល់​ថ្ងៃនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជាង ១០.០០០ នាក់។​

តាមមាត្រា ១៧ នៃ​ច្បាប់​ ស្តីពីការ ប្រឆាំង​អំពើ​ពុករលួយ សមាសភាពបុគ្គល ដែលត្រូវ ប្រកាសទ្រព្យសម្បត្តិ និងបំណុល រូមបញ្ចូល (១).សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិក រាជរដ្ឋាភិបាល (២). មន្រ្តីសាធារណៈ ដែលមាន អាណត្តិជ្រើសតាំង (៣). សមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើ ពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តី ទាំងអស់ នៃ អង្គភាព ប្រឆាំង អំពើពុករលួយ (៤). មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការ សាធារណៈ ផ្សេងទៀត ដែលត្រូវបាន តែងតាំងដោយ ព្រះរាជក្រឹត្យ ឬអនុក្រឹត្យ (៥). មន្រ្តីផ្សេងទៀត ដែលតែងតាំង ដោយប្រកាស ហើយត្រូវបាន កំណត់ឱ្យ ប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជី ដែលរៀបចំ ឡើងដោយ អង្គភាព ប្រឆាំងអំពើពុករលួយ បន្ទាប់ពីបាន ពិគ្រោះយោបល់ ជាមួយ ក្រុមប្រឹក្សាជាតិ ប្រឆាំង អំពើពុករលួយ (៦). ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និង អាជ្ញាសាលា (៧). ថ្នាក់ដឹកនាំ នៃសង្គមស៊ីវិល។


ប្រភេទទ្រព្យសម្បត្តិ ដែល អង្គភាពប្រឆាំងអំពើពុករលួយ បានតម្រូវ ឱ្យប្រកាស រាប់បញ្ចូល ៖ »អចលនទ្រព្យចុះបញ្ជី »យានយន្ត »ចំណូល »អាជីវកម្ម »ប្រាក់ដែលខ្លួនមាន…

ព័ត៌មានទាក់ទង ៖

ប្រភព ៖ គេហទំព័រ វិទ្យុបារាំង RFI ខេមរភាសា

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 01 មេសា 2011

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​ប្រកាស​ទ្រព្យសម្បត្តិ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

ដោយ លី ម៉េងហួរ

នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ១ មេសា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលខ្លួន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ការប្រកាស​ទ្រព្យសម្បត្តិ ដែល​ស្រប​តាម​ប្រឆាំង​អំពើពុករលួយ ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​ស្រោមសំបុត្រ មិន​មាន​ការប្រកាស​ដល់​សាធារណជន​ឡើយ។ យ៉ាងណា​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ជាប់​កាតព្វកិច្ច ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ឲ្យបាន​មុន​ថ្ងៃ​៧​មេសា ដើម​សប្តាហ៍​ក្រោយ។

ក្រោយពី​ប្រគល់​ឯកសារ ដល់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងការណ៍​ទៅកាន់​ក្រុមអ្នកកាសែត តាម​ក្បាល​មីក្រូ ដែល​រៀបចំ​ទុក​ជា​ស្រេច។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា លោក​បាន​បំពេញ​កាតព្វកិច្ច ដោយ​ប្រកាស​ទ្រព្យសម្បត្តិ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រឆាំង​អំពើពុករលួយ។

 
តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ធ្វើឡើង​ដោយ​សម្ងាត់ បិទ​ក្នុង​ស្រោម​សំបុត្រ។ រីឯ លុយ​ក្នុង​ធនាគារ​មិន​តម្រូវ​ឲ្យ​ប្រកាស​ទេ។
 
លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ម្តង​ហើយ ម្តងទៀត ដល់​មន្ត្រីរាជការ និង​មន្ត្រី​ប៉ូលិស​កងទ័ព ដែល​ជាប់​កាតព្វកិច្ច ត្រូវ​ចូល​ខ្លួន មក​ប្រកាស​ទ្រព្យសម្បត្តិ ឲ្យបាន​យ៉ាង​យូរ ត្រឹម​ថ្ងៃទី​៧​មេសា ឆ្នាំ​២០១១ ដែល​ជា​កាលបរិច្ឆេទ​ចុងក្រោយ។
 
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​មិន​មាន​ចំណូល​អ្វី ក្រៅ​តែ​ពី​ប្រាក់ខែ​ទេ។ ប្រាក់ខែ​លោកនាយក​រដ្ឋមន្ត្រី មាន​ចំនួន ៤​លាន ៦សែន​រៀល ស្មើ​ប្រមាណ ១.៥០០ ដុល្លារ ក្នុង​មួយ​ខែ។
 
វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​ពេលនេះ ត្រូវ​បាន​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​ចាត់ទុក​ថា ជា​ជំនួយ​មួយ​ធំ​ណាស់ សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ព្រោះ​គ្រាន់តែ​ជូនដំណឹង​ពីរ​ថ្ងៃមុន ពី​វត្តមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី មក​ប្រកាស​ទ្រព្យសម្បត្តិ មាន​មន្ត្រី​ជាង ៥.០០០ នាក់ បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល។
 
តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ មន្ត្រីរាជការ​ស៊ីវិល តាម​ក្រសួង​ស្ថាប័ន​រដ្ឋ ចាប់​ពី​ប្រធាន​នាយកដ្ឋាន យោធា នគរបាល ចាប់ពី​ស័ក្តិ​៥ មន្ត្រី​តុលាការ និង​អ្នក​ដែល​ត្រូវបាន​តែងតាំង​ពី​ការបោះឆ្នោត រួមមាន​៖ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​ជាប់​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល។
 
តាម​លោក ឱម យ៉ិនទៀង អ្នក​ជាប់​កាតព្វកិច្ច ក្នុង​ស្ថាប័នរដ្ឋ មាន​ជាង ២៤.០០០ នាក់។ តែ​មកដល់​ថ្ងៃនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជាង ១០.០០០ នាក់។
 
ដោយឡែក រដ្ឋសភា​ព្រឹកថ្ងៃ​សុក្រ ទី ១ មេសា បាន​បោះឆ្នោត​អនុម័ត យល់ព្រម​លើ​ការកែប្រែ​មាត្រា​ខ្លះ ក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដើម្បី​ផ្តល់​អំណាច​បន្ថែម​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ដើម្បីចាប់ផ្តើម​អនុវត្ត​ជំពូក​ទី​៦ ស្តីពី ការផ្តន្ទាទោស​ជន​ពុករលួយ៕

 

គេហទំព័រ ៖ វិទ្យុអាស៊ីសេរី

នាយករដ្ឋមន្ត្រី​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

(ដោយ សុខ សេរី ៖ 2011-04-01)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១​នេះ បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ផ្ទាល់​នៅ​ឯ​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​បង្ហាញ​ស្រោម​សំបុត្រ​ដែល​បញ្ជាក់​ពី​ទ្រព្យ​សម្បត្តិ​ដែល​លោក​មាន មក​ដាក់​ប្រកាស​នៅ​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១ បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ផ្ទាល់​នៅ​ឯ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដោយ​លោក​បាន​ទទូច​សុំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នានា ដែល​មិន​ទាន់​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ ប្រញាប់ប្រញាល់​មក​ប្រកាស​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១១ ជា​ថ្ងៃ​បញ្ចប់​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​នានា​ទូទាំង​ ប្រទេស ដែល​មាន​ភារកិច្ច​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ។

ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ទ្បើង​ដោយ​សម្ងាត់ គឺ​ឯកសារ​ត្រូវ​បាន​បិទ​ក្នុង​ស្រោម​សំបុត្រ​ប្រគល់​ជូន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ផ្ទាល់​ដៃ​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល អ្នក​ច្បាប់ និង​អ្នក​កាសែត នៅ​ឯ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១ ខែ​មេសា​ថា លោក​មិន​មាន​ជំពាក់​បំណុល​អ្នក​ណា​ទេ ហើយ​ក៏​មិន​មាន​អ្នក​ណា​ជំពាក់​បំណុល​លោក​ដែរ ៖ «អ្វី​ដែល​មាន​នៅ​ថ្ងៃ​នេះ តម្រូវ​ឲ្យ​ខ្ញុំ​ប្រកាស​ទ្រព្យ​សម្បត្តិ​សា​ជា​ថ្មី​ទ្បើង​វិញ​នៅ​រយៈ​កាល ២​ឆ្នាំ​ក្រោយ។ មាន​សេចក្ដី​ថា នៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​៣១ ខែ​មករា ឆ្នាំ​២០១៣ ដូច្នេះ​ពេល​នោះ​ខ្ញុំ​នឹង​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​សា​ជា​ថ្មី​ម្ដង​ទៀត។ ខ្ញុំ​បាន​គិត​ថា ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ ២​ឆ្នាំ​ក្រោយ​នេះ ប្រហែល​ជា​នឹង​មិន​មាន​ការ​កើន​ទ្បើង​ទេ ប្រហែល​ជា​មាន​ការ​ថយ​ចុះ​ច្រើន​ជាង។ ក្រៅ​ពី​ប្រាក់​ប្រចាំ​ខែ មិន​មាន​ប្រាក់​ចំណូល​ឯ​ណា​ផ្សេង។ ប៉ុន្តែ​ខ្ញុំ​នឹង​មាន​ការ​ឧបត្ថម្ភ​ពី​កូនៗ​របស់​ខ្ញុំ ពួកគេ​មិន​ឲ្យ​ខ្ញុំ​ស្លាប់​នោះ​ទេ»

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រាក់​ខែ​របស់​លោក​គឺ​មាន​ចំនួន ៤,៦​លាន​រៀល​ក្នុង​មួយ​ខែ ស្មើ​នឹង ១.១៥០​ដុល្លារ​អាមេរិក ប៉ុន្តែ​រាល់​ចំណាយ​លើ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស គឺ​រដ្ឋ​ជា​អ្នក​ជួយ​ឧបត្ថម្ភ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា ការ​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​ការ​ផ្ញើ​សា​ទៅ​មន្ត្រី​ដទៃ​ទៀត ៖ «ប៉ុន្តែ​នយោបាយ​ជា​រួម ការ​អនុម័ត​ច្បាប់ ការ​ដាក់​ចេញ​នូវ​គោលការណ៍ មាគ៌ា​ផ្សេងៗ ក្នុង​ការ​ធ្វើ​ឲ្យ​តម្លាភាព​ផ្សេងៗ និង​លទ្ធផល​ជាក់ស្ដែង​របស់​យើង​នេះ យើង​ខ្ញុំ​គិត​ថា ជា​ស្នា​ដៃ​រួម​មួយ​របស់​រដ្ឋាភិបាល​ដែរ ដែល​ឲ្យ​សញ្ញា​ទៅ​ឲ្យ​ក្នុង​ប្រទេស​យើង ក៏​ដូច​ក្រៅ​ប្រទេស​ថា យើង​នឹង​ខិតខំ​ដោះស្រាយ ​បញ្ហា​អ្វី​ដែល​ជា​ការ​លំបាក​ក្នុង​ផ្លូវ​ចិត្ត»

លោក​បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គ្រោង​ពន្យារ​ពេល​មួយ​ចំនួន​ដល់​មន្ត្រី​ណា​ដែល​ជាប់​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស ឬ​មាន​ជំងឺ​ជា​ដើម ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល មាន​ហេតុផល​ជាក់លាក់។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​លោក​នាយករដ្ឋមន្ត្រី ជា​រូបភាព​ល្អ ដើម្បី​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​តាម។ ប៉ុន្តែ​នីតិវិធី​នៃ​ការ​ប្រកាស​នេះ មិន​បាន​ធ្វើ​ជា​ចំហ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ និង​ងាយ​តាម​ដាន​ឡើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចុះ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១  បាន​ឲ្យ​ដឹង​ថា មាន​ក្រសួង​ស្ថាប័ន​ចំនួន ៣៧ ស្មើ​នឹង ២៤.៨៥៤​នាក់ បាន​រាយការណ៍​ឲ្យ​អង្គភាព​នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បន្ត​ថា គិត​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១១ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​មន្ត្រី​ដែល​ប្រកាស​ទ្រព្យ​សម្បត្តិ និង​ចំណូល​ចំនួន ១១.៣២៩​នាក់ ស្មើ​នឹង ៤៦%។

កន្លង​មក​មន្ត្រី​ជាន់​ខ្ពស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ឲ្យ​ដឹង​ថា មុខ​សញ្ញា​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់។

តាំង​ពី​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មក គេ​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន​ជាង ២០០ ផ្តោត​លើ​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: