jump to navigation

ស្រឡាញ់ស្រី មិនទាន់គ្រប់អាយុ អាចប្រឈមនឹង បទល្មើស រំលោភសេពសន្ថវៈ ខែ​កុម្ភៈ 28, 2011

Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ, ព័ត៌មាននីត្យានុកូល.
trackback

ព័ត៌មានដកស្រង់ពី គេហទំព័រ កាសែតកោះសន្តិភាព

បញ្ឆោតអោយកូនប្រុស ទៅលួងលោមកូនស្រី ចូលផ្ទះវិញ ពេលមកដល់ ម្តាយខាងស្រី ប្តឹងចាប់ខ្លួន

ដោយ ៖ កោះឯករាជ្យ ថ្ងៃ អាទិត្យ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១១

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​យុវជន​​ម្នាក់​បាន​ក្លាយ​ជា​​​អ្នកទោស​​​ពីបទ​រំលោភ​​សេពសន្ថវៈ​​ ហើយ​​ត្រូវ​ឪពុកម្តាយ​​ខាងស្រី​​ដាក់ពាក្យបណ្តឹង​​ចោទប្រកាន់​​​ ត្រូវ​ប៉េអឹម​ឃាត់ខ្លួន​​​កាលពី​​ថ្ងៃទី​​​២១ កុម្ភៈ វេលាម៉ោង​​​​៩​និង​​​៣០នាទីយប់​ និង​នាំខ្លួន​​​ទៅដាក់​សាលា​​​ដំបូង​ខេត្ត​​​​​ឧត្តរ​មាន​ជ័យ ​។ យុវជន​​ជាប់ចោទ​ឈ្មោះ​ជា វត្ថា ​អាយុ​​​១៩​ឆ្នាំ រស់នៅ​​ភូមិ​ថ្នល់​​កែង ឃុំ​​ត្រពាំង​​ប្រាសាទ ​ស្រុកត្រពាំង​ប្រាសាទ ​រី​ឯ​នារី​​ជា​សង្សារ​​មាន​​​អាយុ​​​១៦​ឆ្នាំ ។ ​លោក​​ទី ដា ​អាយុ​​​៤៥​ឆ្នាំ ​ជា​កសិករ​ ​រស់នៅ​ភូមិ​​ថ្នល់កែង ឃុំត្រពាំង​ប្រាសាទ ​ស្រុក​​ត្រពាំង​​ប្រាសាទ​ ត្រូវជា​​ឪពុក​​យុវជន​​​ជាប់ចោទ​​បាន​អះអាង​​​ឱ្យ​​ដឹង​ថា ​កូន​ប្រុសរបស់គាត់​​ និង​នារី​​នោះ​​​​បានស្រឡាញ់គ្នា​​អស់រយៈ​ពេល​​៤​ទៅ​៥ខែមកហើយ ​ហើយ​រូបគាត់ត្រូវ​​ជា​ឪពុក​​​​ខាង​ប្រុស ​តែង​​​​ឃើញ​កូ​នប្រុស-ស្រី​ទាំង​ពីរ​​​​ដើរ​លេង​​ជាមួយ​​គ្នា​ជា​ញឹកញាប់​​​។​

ឪពុក​ខាង​​កូនប្រុស​បាន​បញ្ជាក់​​​ទៀត​ថា រូប​គាត់​​ទាំង​ពីរនាក់​​​ប្តីប្រពន្ធ​​​ពេល​​ឃើញ​ហេតុ​ការណ៍​​នេះ​ក៏​​​បាន​​​សាកសួរ​ទៅពួកគេ​​ទាំង​ពីរនាក់​​ថា បើ​កូនទាំង​​២នាក់​ស្រឡាញ់​គ្នា រូបគាត់​​នឹ​ងចូល​ស្តី​ដណ្តឹង​​ទៅតាមប្រពៃណី តែនៅ​​ពេល​ដែលរូប​គាត់​​ទៅ​​សាកសួរ​​​​ឪពុក​ម្តាយ​​ខាង​កូនស្រី​នោះ គេ​មិន​​​​ព្រម​ឱ្យ​​ទេ ។ ទោះបីជា​​​មេបា​បដិ​សេធ​ក្តី​ កូន​ស្រីនោះ​នៅតែមកលេង​ដដែល ​​ហើយ​​នាព្រឹក​ថ្ងៃ​ទី​​​១៨ កុម្ភៈ កូនប្រុស​របស់គាត់​បាន​បរ​គោយន្ត​​​កន្ត្រៃ​​​ទៅ​ដឹកឈើ​​នៅឯ​ព្រៃ​ចំណុច​​ដី​ក្រហម​​ចម្ងាយ​​​​​ពីភូមិ​​​៩គីឡូម៉ែត្រ ​ស្រាប់តែ​​កូន​ស្រី​​នោះ​​​ទៅ​​ជាមួយ​​កូន​ប្រុស​របស់គាត់​​ ជិះ​​គោ​យន្ត​ទៅ​ឯ​ព្រៃ​​​ទាំង​​​២នាក់ ។ លុះ​ដល់​​វេលាម៉ោង​​​៤​រសៀល​​ថ្ងៃដដែល​​កូនស្រី​នោះ​បាន​ជិះម៉ូតូ​មកដល់​ផ្ទះវិញ​ ។ ​កូន​ប្រុស​​គាត់​​​រហូត​ដល់​វេលា​ម៉ោង​​​៦​ល្ងាច​ទើប​​បានដឹក​​ឈើមក​​ដល់ផ្ទះ​។ លុះ​ដល់ថ្ងៃទី​​​២១ កុម្ភៈ ​ស្រាប់តែ​​ឪពុក​ម្តាយ​ខាង​កូន​ស្រី​​បានជេរ​ស្តី​​បន្ទោស​ដល់​កូន​ស្រី​របស់ខ្លួន ស្រាប់​តែ​​កូនស្រី​នោះ​បានរត់ចេញ​​ពីផ្ទះ​ដោយ​​យកម៉ូតូ​ម៉ាក​ស្មាស់​​រីវ៉ូ និង​យក​​លុយ​ចំនួន​​២០០ដុល្លារ ទៅតែម្នាក់​ឯង​ ។ ចំណែក​កូនគាត់​ពុំ​បាន​​ទៅជាមួយ​ទេ គឺ​បាន​​ទៅ​ដឹក​ឈើនៅ​ឯ​ព្រៃ។ ​បន្ទាប់មក​​​ស្រាប់​តែ​​​ឪពុកម្តាយ​​​ខាង​ស្រី​​បាន​ឆោ​ឡោ​ឡើង ព្រោះ​​​បាត់​កូន​ពីផ្ទះ​​ ហើយ​បាន​​នាំគ្នា​ទៅ​​​​រក​នៅ​​ផ្ទះ​របស់គាត់​​។ ចំណែក​​រូប​គាត់មិននៅ​ផ្ទះ​​ទេ ឯ​កូន​ប្រុស​​​គាត់​​មក​ពី​​ដឹក​​ឈើ​វិញ ក៏​បាន​​ជួបហើយបង​ប្អូនខាងស្រី​បាន​សាក​សួរ​​​ពីនារី​​​ដែលបាត់​ខ្លួន​​នោះ​ តែ​កូន​ប្រុសគាត់​​​​ឆ្លើយ​​ថា មិន​ដឹង ។ ​

បន្ទាប់​មក​​បង​ប្អូន​ខាងស្រី​​បានហៅ​កូន​គាត់​​ទៅ​ផ្ទះខាងស្រី ហើយធ្វើ​ការ​សាកសួរ​​ទៀត តែ​កូន​របស់គាត់​​​នៅតែ​​ឆ្លើយ​​​ថា មិនដឹង​ដដែល​តែ​បាន​​ស្គាល់​លេខទូរស័ព្ទ​របស់នាង ​​ក៏​ត្រូវ​ឪពុក​ម្តាយ​​​ខាង​កូនស្រី​​​ឱ្យទូរស័ព្ទ​​​សួរ​ទៅនារីនោះ​នៅ​ឯណា? បើ​​ដឹង​នៅ​ឯណា​នោះ ​ទៅយកមកវិញ ​នឹងរៀប​ការ​​ឱ្យ​ ។ ពេលនោះ​កូន​របស់គាត់​​បា​ន​​ទូរស័ព្ទ​​​ទៅកូនស្រី​​​នោះ ទើប​ដឹង​ថា ​នៅក្នុង​ស្រុក​អន្លង់​​វែង ។ បន្ទាប់មក​​កូនរបស់គាត់​​បានជិះ​ម៉ូតូ​ទៅ​យក​តែ​កូនស្រីនោះ​មិនព្រម​​មក​​ទេ ដោយ​បាន​​​ដាក់​លក្ខខណ្ឌ​ថា ​បើ​ចង់​​ឱ្យ​នាង​​មក​​​ទាល់តែ​ឪពុក​ម្តាយ​ទាំង​សង​ខាង​​​រៀប​ការ​​ឱ្យ​ពួកគេ ទើប​​ព្រម​វិល​ត្រឡប់​ទៅវិញ​​ ។ ពេល​សន្ទនា​តាម​ទូរស័ព្ទ​នោះ​រូបគាត់​ជា​ឪពុក​ម្តាយ​ខាង​កូន​ប្រុស​ហុច​ទូរស័ព្ទ​​នោះ​ទៅ​​ឱ្យ​​ឪពុក​ម្តាយ​​កូន​​ស្រី​និយាយ​​​តប​ទៅវិញ​​ជាមួយនឹង​កូន​របស់ខ្លួន ហើយ​​​និយាយ​ថា វិលមក​​​វិញ​ចុះ​ឪពុកម្តាយ​​រៀប​ចំ​ឱ្យ ។​

បន្ទាប់មក​​​កូន​​ទាំង​២នាក់​​បានជិះម៉ូតូមកវិញ ​ហើយបានកាន់ដៃ​គ្នាទាំង​​២នាក់​​ ឡើង​ទៅលើ​ផ្ទះ​សំពះ​​​ថ្វាយបង្គំ​​ដល់​លោក​ឪពុក​ម្តាយ​​ខាងស្រី​​ដើម្បី​​​សុំទោស​​កំហុសរបស់​ខ្លួន​​​ទាំង​​២​ដែល​បាន​ស្រឡាញ់​​​គ្នា ស្រាប់តែ​​​ម្តាយ​ខាង​កូនស្រី​បានស្ទុះ​​មក​ទះកំផ្លៀង​​កូនប្រុស​របស់​គាត់​ ហើយ​​ដាក់​ពាក្យ​​បណ្តឹង​​​ទៅ​សមត្ថកិច្ច​​ប៉េអឹម​ស្រុក​​ត្រពាំង​ប្រា​សាទ​ ឱ្យធ្វើការ​​ឃាត់ខ្លួន​​កូនប្រុសរបស់គាត់​​​យក​ទៅទីបញ្ជាការ​​ប៉េអឹម​​ ។ ពេល​ឃាត់ខ្លួន​នោះ​បាន​​ទាមទារ​​ឱ្យ​បង់លុយ​​ចំនួន​​​៥​ពាន់​​ដុល្លារ​ ដើម្បី​​​​​​សង​ជំងឺ​ចិត្ត​​​ តែ​រូបគាត់​ពុំមាន​លុយ​ ​ទើប​ត្រូវប៉េអឹម​បញ្ជូន​កូនគាត់​ទៅសាលា​ដំបូង​​ខេត្ត ។​

បន្ទាប់​​មក​​រូបគាត់ជា​ឪពុកម្តាយ​​ខាង​កូន​ប្រុសបាន​ដាក់ពាក្យ​​បណ្តឹង​ទៅ​អង្គការ​​អាដ​ហុក ប្រចាំ​ខេត្ត​​​ឧត្ត​រ​មានជ័យ ឱ្យជួយ​រក​យុត្តិធម៌​ ក្នុងការ​ចោទប្រកាន់​​ទៅលើ​​កូន​ប្រុសរបស់គាត់​​ថា ​ចាប់កូន​​​ស្រី​គេ​រំលោភ​​​សេព​សន្ថវៈ​​ ​ព្រោះ​តែ​​កូន​ទាំង​​២នាក់​នេះ ព្រម​ព្រៀង​​ស្រឡាញ់​គ្នា​ដោយ​​​ចិត្ត និង​ចិត្ត ។

កោះ​សន្តិភាព​បាន​ព្យាយាម​​ជួប​ឪពុកម្តាយ​ខាង​កូនស្រី​​ដែរ​តែមិន​​បាន​ជួប​​ទេ ដើម្បី​​សុំការ​បំភ្លឺ​ ។​ លោកអនុសេនីយ៍​​ឯក ជួរ ប៊ុន​សុង នាយ​ការិ​យាល័យ​​ស្រាវជ្រាវ​​បទល្មើស​​ព្រហ្មទណ្ឌ​​ខេត្ត​ឧត្តរ​មានជ័យ បាន​ឱ្យ​កោះសន្តិភាព​​​ដឹង​ថា សមត្ថ​កិច្ច​​​ប៉េអឹម​​​មុន​ពេល​ធ្វើការ​ឃាត់ខ្លួន​​ជនសង្ស័យ​​រូបនេះ គឺ​បានទទួលពាក្យ​បណ្តឹង​ពី​ឪពុកម្តាយ​​​នារី​រងគ្រោះ​ដោយ​បាន​ចោទប្រកាន់​​ពីបទ​​ចាប់​រំលោភ​​​​សេព​សន្ថវៈ​​​ទៅលើ​កូន​ស្រីរបស់​​គាត់​កាល​ពីថ្ងៃទី​​​១៨ កុម្ភៈ កន្លង​ទៅ​ ។ លុះ​ដល់​ថ្ងៃទី​​​២១ កុម្ភៈ ​សមត្ថ​កិច្ច​​​បាន​ចុះ​​​​ឃាត់ខ្លួន​​ជន​​នោះ​​នាំ​មក​កាន់​​ទីបញ្ជា​ការ​ប៉េអឹម​​​​ស្រុក​ត្រពាំង​​ប្រាសាទ​​ដើម្បី​​សាកសួរ​ ។ បន្ទាប់មក​យោង​ទៅ​​តាម​ពាក្យ​​បណ្តឹង​​និង​យោង​តាម​ចម្លើយ​​​សារភាពរបស់​ជន​សង្ស័យ​​ដែល​​​បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​​ខ្លួន​ប្រាណ​​​គ្នា​​ប្រាកដ​មែន ទើប​​​​សមត្ថ​កិច្ច​​​កសាង​សំណុំ​រឿង​​បញ្ជូនទៅសាលា​ដំបូង​​ខេត្ត​។ ពិតជា​​មាន​កំហុស​​សម្រាប់​យុវជន​​រូបនេះ​ ដែល​មាន​​​សម្ព័ន្ធ​​​​​ភាព​ផ្លូវ​ភេទ​ជាមួយក្មេង​ស្រីអាយុ​១៦​ឆ្នាំ ទោះបី​ស្រឡាញ់​គ្នា​​ក្តី ក៏​ក្មេងស្រី​ស្ថិត​​ក្នុង​​វ័យ​អនី​តិ​​ជន​នៅឡើយ​ ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: