jump to navigation

ក្មេងស្រែ តែមានទេពកោសល្យ ខែ​កុម្ភៈ 15, 2011

Posted by មេឃា in កំពូលយុវវ័យ/Top Youth.
trackback

ដោយ ៖ ខែ សុណង (អ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរី)

ផ្សាយ ៖ 2010-12-24

កុមារី សុជាតា អាយុ​១០​ឆ្នាំ មាន​ទេពកោសល្យ​ខាង​តន្ត្រី

RFA/Khe Sornong ៖ កុមារី ចែម សុជាតា អាយុ១០ឆ្នាំ នៅស្រុកកៀនស្វាយ មានទេពកោសល្យខាងតន្ត្រី

នៅ​ស្រុក​កៀនស្វាយ មាន​កុមារី​វ័យ ១០​ឆ្នាំ ម្នាក់ ក្នុង​ចំណោម​យុវជន​មួយ​ក្រុម​កំពុង​រៀន​ចុច​ឧបករណ៍​ភ្លេង​សម័យ​មួយ​យ៉ាង​ញាប់​ដៃ។

កុមារី ចែម សុជាតា មាន​សម្បុរ​ខ្មៅ​ស្រអែម សក់​ត្រង់​ត្រឹម​ចង្កេះ បច្ចុប្បន្ន​នាង​រៀន​អក្សរ​ខ្មែរ​ថ្នាក់​ទី​៤ ក្រៅ​ពី​នោះ នាង​បាន​ទៅ​រៀន​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ហើយ​បាន​ឆ្លៀត​ពេល​ហាត់​រៀន​ភ្លេង និង​ច្រៀង​នៅ​ឯ​ផ្ទះ​ទៀត​ផង។ សុជាតា មាន​ឪពុក​ម្ដាយ​ដែល​មាន​ជីវភាព​ពុំ​ធូរធារ​នោះ​ទេ ក៏​ប៉ុន្តែ​នាង​បាន​រៀន​សូត្រ​បាន​ច្រើន​បែប​នេះ ដោយសារ​តែ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​អ្នក​ជួយ​ទំនុក​បម្រុង ៖ “ម៉ាក់​ខ្ញុំ​ក្រ​អត់​សូវ​មាន​លុយ​មាន​កាក់​អី​ទេ ខ្ញុំ​រាល់​ថ្ងៃ​នៅ​ជា​មួយ​លោក​តា ខ្ញុំ​ខំ​ឲ្យ​ចេះ​អក ចេះ​ច្រៀង ចេះ​គ្រប់​មុខ​ដូច​លោក​តា គាត់​ជួយ​បង្រៀន​ភ្លេង​ខ្ញុំ ពេល​ណា​ខ្ញុំ​អត់​ចេះ​អក្សរ​ខ្មែរ អក្សរ​អង់គ្លេស កុំព្យូទ័រ​អី​គាត់​បង្រៀន​ទាល់​តែ​ចេះ”

សព្វ​ថ្ងៃ កុមារី សុជាតា ចេះ​លេង​ភ្លេង​ចំនួន ២០​បទ ដែល​មាន​ដូច​ជា ចង្វាក់​ស៊្លូ រាំវង់ សារាវាន់ ឡាំលាវ ជា​ដើម។ ដោយ​មាន​ការ​ជួយ​បង្ហាត់​បង្រៀន​ពី​លោក ស្វាយ ស ជា​ម្ចាស់​ក្រុម​តន្ត្រី​ឈ្មោះ ស្វាយ ស ស្ថិត​នៅ​ឃុំ​វាល​ស្បូវ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ កុមារី​រូប​នេះ​ធ្លាប់​ចេញ​ទៅ​សំដែង​ម្ដង​ម្កាល​ដែរ ជាមួយ​ក្រុម​តន្ត្រី​មួយ​វង់​មាន​គ្នា​ចំនួន ៨​នាក់។

លោក ស្វាយ ស ដែល​ជា​ម្ចាស់​ក្រុម​តន្ត្រី ស្វាយ ស អាយុ​៧៥​ឆ្នាំ ជា​អតីត​ជន​ភៀស​ខ្លួន ដែល​បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ជប៉ុន​អស់​រយៈ ១៦​ឆ្នាំ ហើយ​និង​ជា​អតីត​អ្នក​ប្រគំ​ភ្លេង​ជើង​ចាស់​មួយ​រូប មាន​ប្រសាសន៍​ថា លោក​បាន​ជួយ​ទំនុក​បម្រុង​នាង ដោយ​សារ​គាត់​មាន​និស្ស័យ និង​ក្ដី​អាណិត​អាសូរ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​លោក​មាន​អាជីព​ជា​អ្នក​តន្ត្រី លោក​ក៏​ចែក​មរកត​នេះ​ឲ្យ​នាង ៖ “ជីវិត​ខ្ញុំ​ដូច​ជា​ជំពាក់ជំពិន​និង​កូន​ខ្មែរ​ច្រើន​ណាស់ ខ្ញុំ​ស្រលាញ់​អ៊ីចឹង សុខ​ចិត្ត​បែក​ប្រពន្ធ ប្រពន្ធ​ខ្ញុំ​ហៅ​ទៅ​ស្រុក​ក្រៅ ខ្ញុំ​អត់​ទៅ ខ្ញុំ​សុខ​ចិត្ត​នៅ​លេង​ជា​មួយ​ក្មេង ខ្ញុំ​ដូច​អត់​មាន​ចង់​បាន​ស្អី​ពី​កូន ហ្នឹង​អត់ សន្តាន​ចិត្ត​ខ្ញុំ​ចង់​តែ​បណ្ដុះ​បណ្ដាល​អ៊ីចឹង​ហ្មង អ្នក​ខ្សោយ អ្នក​ណា​ក្រ​អ៊ីចឹង​មក​ខ្ញុំ​អាច​ជួយ​បាន ខ្ញុំ​ចង់​ឲ្យ​វា​មាន​អនាគត​ផ្នែក​ខាង​ភ្លេង​តែ​ម្ដង”

លោក ស្វាយ ស បាន​ឲ្យ​ដឹង​ថា គាត់​បាន​យក​កុមារី សុជាតា និង​ឪពុក​ម្ដាយ​របស់​គេ​មក​រស់​នៅ​ជា​មួយ​បាន​រយៈ​ពេល ២​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​មុន​នេះ តាំង​ពី​នាង​មាន​អាយុ​៣ ទៅ​៤​ឆ្នាំ លោក​តែង​តែ​ឧបត្ថម្ភ​ដល់​នាង មូល​ហេតុ​ដែល​គាត់​ចង់​បណ្ដុះ​បណ្ដាល​នាង ដោយ​សារ​តែ​ជីវភាព​គ្រួសារ​នាង​មាន​ភាព​ក្រ​លំបាក ហើយ​គួប​ផ្សំ​និង​អត្តចរិត​របស់​នាង​ផង។ លោក​ថា កុមារី​រូប​នេះ មាន​លក្ខណៈ​សម្បត្តិ​មួយ​ប្លែក នៅ​ពេល​ទំនេរ​នាង​មិន​សូវ​ចូល​ចិត្ត​លេង​ល្បែង​ដូច​ជា​ក្មេង​ដទៃ​ទៀត​នោះ​ទេ ក្រៅ​អំពី​ហាត់​រៀន​ជា​មួយ​ឧបករណ៍​ភ្លេង​នៅ​ក្នុង​ផ្ទះ ៖ “វា​មាន​ចំណុច​មួយៗ វា​ចង់​ខ្លួន​វា​តែ​ម្ដង ខ្ញុំ​ចង់​ដឹង​ថា វា​ចេះ​ប៉ុណ្ណឹង​ហើយ យើង​អត់​បាច់​ហៅ​ទេ គឺ​វា​ដឹង​ពេល​វា​ខ្លួន​វា​មក​អង្គុយ​មុខ​អក​អ៊ីចឹង​ទៅ វា​បើក​សៀវភៅ​មើល វា​ចេះ​គ្រាប់​ណោត​ភ្លេង វា​ចេះ​អក្សរ​ខ្មែរ​ហើយ​វា​ចេះ​អង់គ្លេស​ទៀត ប៉ុន្តែ​ចម្រៀង​ខ្លះ​ខ្ញុំ​ច្រៀង​ឲ្យ​វា​ស្ដាប់​ទៅ​វា​ច្រៀង​បាន”

ទន្ទឹម​និង​ការ​បង្ហាត់​បង្រៀន​នាង​បណ្ដើរ លោក​មាន​ក្ដី​សង្ឃឹម​បណ្ដើរ​ថា កុមារី​រូប​នេះ​កំពុង​មាន​ការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​ជា​បណ្ដើរ​ៗ​ហើយ ៖ “ខ្ញុំ​មើល​ឃើញ​វា​ដូច​ជា​ទៅ​មុខ​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ត្រូវ​កៀប​សង្កត់​ផ្លូវ​ចិត្ត​វា​ទេ ក្នុង​ផ្ទះ​ខ្ញុំ​មាន​ភ្លេង​គ្រប់ វា​អផ្សុក​វា​ចង់​វាយ​ស្គរ​ទៅ វា​ទៅ​កេះ​ហ្គីតា​ទៅ ខ្ញុំ​ទិញ​ខ្លុយ​ឲ្យ​វា​រៀន​ផ្លុំ វា​ផ្លុំ​ទៀត តែ​វា​ចាប់​អារម្មណ៍​មែនទែន គឺ​អក​កា​ដង់​ហ្នឹង​តែ​ម្ដង វា​មិន​ពូ​កែ​អី​ទេ​ក្មេង​អាយុ​១០​ឆ្នាំ​នោះ ម្រាម​ដៃ​វា​ឈោង​ផុត​ៗ បើ​សិន​ជា​អនុគ្រោះ​អោយ​វា​ស្ដាប់​ថា វា​អាយុ​១០​ឆ្នាំ ទើប​តែ​រៀន​បាន​១​ឆ្នាំ ខ្ញុំ​ថា​វា​គ្រាន់​បើ​ហើយ”

អ្នក​ស្រី សួស ផល​ឡេង មាន​ស្រុក​កំណើត​នៅ​រាំង​ឪ ខេត្ត​កំពង់ចាម ដែល​ត្រូវ​ជា​ម្ដាយ​កុមារី ចែម សុជាតា កំពុង​អង្គុយ​ឌិន​លើ​ក្រណាត់​ប៉ាក់​ក្បែរ​ផ្ទះ​ខ្ទម​ប្រក់​ស័ង្កសី បាន​សំដែង​ពី​ក្តី​រីករាយ​ចំពោះ​កូន​ស្រី​គាត់ ដែល​បាន​ហាត់​ចេះ​ច្រៀង និង​លេង​ភ្លេង​បាន​ខ្លះ​ដូច្នេះ ៖ “រាល់​ថ្ងៃ​បង​ត្រេក​អរ​ណាស់ ដែល​គាត់​បាន​បង្ហាត់​បង្រៀន​កូន​ឲ្យ​ចេះ​ច្រៀង ចេះ​ភ្លេង​អី​ទៅ ខ្ញុំ​គិត​ថា អនាគត​ទៅ​វា​អាច​ជួយ​ម្ដាយ​ឪពុក​ខ្លះ ព្រោះ​យើង​ទី​ទាល់​ក្រ”

ថ្វី​ត្បិត​តែ​កុមារី សុជាតា នៅ​វ័យ​ក្មេង​ក៏​ដោយ តែ​នាង​មាន​គោល​ដៅ​យ៉ាង​ច្បាស់​នៅ​ក្នុង​ជីវិត​របស់​នាង ពី​ព្រោះ​នាង​តែង​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​លោក​តា ស្វាយ ស ៖ “ច្រើន​ដង​ហើយ​គាត់​ថា ឲ្យ​ខំ​ប្រឹង​រៀន​ឡើង កិត្តិយស​ខ្លួន​ឯង​នៅ​ថ្ងៃ​ហ្នឹង​ទេ។ ខ្ញុំ​សង្ឃឹម​ថា នៅ​ថ្ងៃ​ក្រោយ​ខ្ញុំ​ក្លាយ​ជា​អ្នក​ចម្រៀង ហើយ​អ្នក​ភ្លេង”

ក្រៅ​ពី​ក្តី​សង្ឃឹម​របស់​ក្រុម​គ្រួសារ និង​កុមារី​រូប​នេះ លោក ស្វាយ ស ដែល​ជា​អ្នក​ឧបត្ថម្ភ និង​បង្ហាត់​បង្រៀន​នោះ ក៏​គាត់​មាន​ក្ដី​សង្ឃឹម​ផង​ដែរ លោក​ថា​ភ្លេង​គឺ​ជា​ឧបករណ៍​កម្សាន្ត​ជីវិត​មួយ​ដ៏​រីករាយ ៖ “ខ្ញុំ​យល់​ឃើញ​ថា ភ្លេង​ហ្នឹង​ជា​ថ្នាំ​មួយ ដែល​សម្រាប់​កំដរ​ជីវិត តែ​បើ​យើង​យក​ភ្លេង​សម្រាប់​ដូរ​ស្រា ដូរ​ស្រី ដូរ​ល្បែង​នោះ ជា​រឿង​មួយ​ខុស អ៊ីចឹង​បាន​ខ្ញុំ​ចាប់​ក្មេង​ហ្នឹង ដើម្បី​ឲ្យ​កម្សាន្ត​ជីវិត​របស់​វា ខ្ញុំ​ចង់​ឲ្យ​វា​មាន​អនាគត​ផ្នែក​ខាង​ភ្លេង​ហ្នឹង​ហ្មង ជា​អាជីព​មួយ ដើម្បី​ជួយ​ម្ដាយ​នៅ​ថ្ងៃ​ក្រោយ​ទៀត”

Advertisements

មតិ»

1. somada - ខែ​កុម្ភៈ 17, 2011

ព្យាយាមឡើងប្អូនស្រី ! ម្អូនពិតជាមានសំណាងមែន អ្នកខ្លះមានទេព​កោសល្យ​​ តែគ្មានវាសនាដូចជាប្អូនទេ ។
(មើលចំណងជើង ស្មានតែក្មេងស្រែអត់ពាក់អាវពាក់តែមួកនោះតើ)


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: