jump to navigation

ពង្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជា ពង្រាងច្បាប់លាក់គំនួច ខែមករា 12, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ដោយ ៖ មេឃា

មានការវិភាគ ការផ្តល់អនុសាសន៍ និងកង្វល់ជាច្រើន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ដែលបានចែកផ្សាយដោយក្រសួងមហាផ្ទៃ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១០ ដើម្បីជូនដល់ អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធមកពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើការសិក្សា នឹង ពិភាក្សាពិគ្រោះ យោបល់ ថ្នាក់ជាតិ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១១ ខាងមុខ។

បើពិនិត្យលម្អិត លើសេចក្តីព្រាងច្បាប់ដំបូងមួយនេះ គោលបំណងនៃអនាគតច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាលនេះ បានលាក់គំណួចនៅក្នុងមាត្រាទាំង ៥៨ នៅក្នុងសេចក្តីព្រាងច្បាប់។ តាម ពង្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានបង្ហាញឲ្យឃើញនូវចេតនា របស់រាជរដ្ឋា ភិបាល ក្នុងការលូកដៃ ចូលរួមពាក់ពន្ធ័គ្រប់ការអនុវត្តសកម្មភាពការងារ និងកិច្ចការផ្ទៃក្នុងរបស់សមាគម និង អង្គការមិនមែនរដ្ឋាភិបាល។ ពង្រាងច្បាប់នេះ បានតម្រូវឲ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងដល់រដ្ឋាភិបាល នូវគ្រប់ស្ថានភាពសកម្មភាព ការផ្លាស់ប្តូរ និងហិរញ្ញវត្ថុ របស់ខ្លួនជាប្រចាំ ខណៈដែលមិនទាន់មានច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ហើយរដ្ឋាភិបាល ក៏មិនទាន់មាន ធនធាន មនុស្ស គ្រប់គ្រាន់ ដើម្បីគ្រប់គ្រងទិន្នន័យទាំងនោះ និងដើម្បីសហការអនុវត្តសកម្មភាពគម្រោងនានា ជាមួយ នឹង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ពង្រាងបទប្បញ្ញត្តិថ្មីនេះ បានណែនាំថា រាល់សកម្មភាពការងារ ឬ ការអនុវត្តគម្រោងរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវមានទំនាក់ទំនង ជាមួយនឹង ក្រសួងឬសា្ថប័នរាជរដ្ឋាភិបាលជាមុន។ ជាក់ស្តែង មាត្រា ៤៤ បានណែនាំថា ក្នុងករណីផ្លាស់ប្តូរ ឬបញ្ឈប់ ឬ បណ្តេញចេញ ឬដកហូតដំណែង បុគ្គលិក សមាជិក ប្រធាន ឬថ្នាក់ដឹកនាំរបស់ខ្លួន ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងច្បាប់ជាធរមាន សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរទៅក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភ្ជាប់ជាមួយ នូវសំណុំ លិខិតថ្មី។ តាមសេចក្តីព្រាង ច្បាប់នេះមានគោលបំណង លើកកម្ពស់ការអនុវត្តសិទ្ធិ សេរីភាពរបស់ ប្រជាពលរដ្ឋ ខ្មែរ ក្នុងការបង្កើតសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីរួមគ្នាការពារ ផល ប្រយោជន៍ស្របច្បាប់ របស់ខ្លួន និងផលប្រយោជន៍សាធារណៈ។ ផ្តល់ឪកាសឲ្យអង្គការមិនមែន រដ្ឋាភិបាល បរទេស បានចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគម្រោង ឬ កម្មវិធីជំនួយនានា។ លើកទឹកចិត្តឲ្យមានការចូលរួមសហប្រតិបត្តិការជាមួយរាជរដា្ឋភិបាល ដើម្បីអភិវឌ្ឍន៍ សង្គមកម្ពុជា។ ប៉ុន្តែ បើស្រង់ជាទិដ្ឋភាពដែលរំលេចចេញពីសេណារីយ៉ូនៃសេចក្តីព្រាងច្បាប់ដំបូងនេះ ចំណោទបញ្ហាធំ បី ហ៊ាក់បង្ហាញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាឧបសគ្គ ក្នុងការការពារ​ផលប្រយោជន៍សាធារណៈ ហើយច្បាប់នេះ ជាឧបករណ៍ ដែលអាចធ្វើបាប រំខាន មិនឲ្យសមាគម​ធ្វើការងារកើត ចាំតែចាប់ទោស ពង្រីកឲ្យទៅជារឿងធំ បំបិតសម្លេងតាមប្រពន្ធ័តុលាការទៅវិញ។ បញ្ហាទាំងនោះ គឺ ការចុះបញ្ជី កាតព្វកិច្ច និងទោសប្បញ្ញត្តិ។

ការចុះបញ្ជី នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៖ សេចក្តីព្រាងច្បាប់ថ្មីនេះ តម្រូវឲ្យសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ជាង ១០០០ ដែលកំពុងប្រតិបត្តិសកម្មភាពការងាររបស់ខ្លួន ត្រូវប្រញាប់ ប្រញាល់មកចុះបញ្ជីឡើងវិញឲ្យរួចរាល់ យ៉ាងយូរបំផុតត្រឹមរយៈពេល ១៨០ ថ្ងៃ ក្រោយពេលច្បាប់នេះ ចូលជាធរមាន (គិតតាមរយៈពេលនេះ ក្រសួងមហាផ្ទៃត្រូវចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យបាន តិចបំផុត ១០ ក្នុងមួយថ្ងៃ) បើហួសរយៈពេលនេះ មិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាព នៅក្នុង ព្រះរាជាណាចក្រកម្ពុជាទៀតទេ ខណៈពុំមានគំរូនៃសេចក្តីណែនាំ និងនីតិវិធី ក្នុងការបដិសេធន៍សំណុំ លិខិត នៃការស្នើសុំ គ្រប់គ្រាន់ត្រូវបានតាក់តែង និងពិភាក្សាជាមុន។ ការបដិសេធន៍នៃការចុះបញ្ជី ឬ ចុះអនុស្សរណៈ ដោយក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនមាន ណែនាំនូវនីតិវិធីប្តឹងឧទ្ធរណ៍ទៅតុលាការថ្នាក់ឧទ្ធរណ៍ ថ្នាក់កំពូល ឬក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសើរើ សេចក្តីសម្រចរបស់ក្រសួងមានសមត្ថកិច្ចទាំងនោះទេ។ ប្រសិនបើ សមាគម និងអង្គការមិនមែន រដ្ឋាភិបាល ដែលមានស្រាប់ មិនអាចចុះបញ្ជីឡើងវិញទាន់ពេលទេ ស្ថាប័នទាំងនោះ នឹងត្រូវបានចាត់ទុក ថា ជាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពខុសច្បាប់។ នីតិវិធីនៃការចុះបញ្ជី ដែលបានព្រាង ក្រសួងមហាផ្ទៃ មានពេល ៤៥ ថ្ងៃ នៃថ្ងៃធ្វើការ (មិនបានបញ្ជាក់ថាគិតចាប់ ពីថ្ងៃបានទទួលពាក្យស្នើសុំ) ដើម្បីសម្រេចយល់ព្រម ឬមិនយល់ព្រមឲ្យ សមាគម ឬអង្គការមិនមែន រដ្ឋាភិបាលចុះបញ្ជី ហើយអាចពន្យាពេលរហូត ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពេលទទួល សំណុំលិខិត កែតម្រូវ ក្នុងការសម្រេចចុះបញ្ជី។

ជាការអនុវត្តតាមច្បាប់ស្តីពី គណបក្សនយោបាយ ឆ្នាំ១៩៩៧ បានណែនាំឲ្យ ក្រសួងមហាផ្ទៃធ្វើលិខិតជូនដំណឹងផ្ញើជូនទៅសាមីគណបក្សនយោបាយដែលបានស្នើសុំចុះបញ្ជីគណបក្សនយោបាយ យ៉ាងយូរក្នុងរយៈពេល ៣០ ថ្ងៃ ពីសេចក្តីសម្រេចយល់ព្រម ឬមិនយល់ព្រម គិតចាប់ពីថ្ងៃបានទទួលពាក្យស្នើសុំ។ ករណីក្រសួងមហាផ្ទៃបានចេញលិខិតមិនយល់ព្រមឲ្យចុះបញ្ជីគណបក្សនយោបាយ គណបក្សនយោបាយមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចក្នុងរយៈពេលយ៉ាងយូរ ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹងរបស់សាមីគណបក្សនយោបាយ។

កាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៖ កាតព្វកិច្ចចំបងដែលសេចក្តីព្រាងច្បាប់នេះបានដាក់កំហិតឲ្យ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល គឺត្រូវធ្វើរបាយការណ៍ស្តីពីសកម្មភាព និងស្ថានភាពថវិកាប្រចាំឆ្នាំកន្លងមក និងផែនការសកម្មភាពសម្រាប់ឆ្នាំ បន្ទាប់ដើម្បី ផ្ញើជូនក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ពន្ធ័មិនឲ្យហួសពីដំណាច់ខែមករា។ ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ ទើបបានក្លាយជា ក្តីបារម្ភ និងការមិនទុកចិត្តក្នុងពេលអនុវត្តជាក់ស្តែង។ ជា ការណែនាំបន្ថែម អង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវសហការណ៍ជាមួយក្រសួង ឬសា្ថប័នពាក់ពន្ធ័របស់ រាជរដ្ឋាភិបាលកម្ពុជា នៅពេលរៀបចំគម្រោងផែនការត្រួតពិនិត្យ និងការបូកសរុបវាយតម្លៃលទ្ធផល សកម្មភាព ដែលបានអនុវត្តរួចហើយ។ ក្នុងករណីមានគម្រោង ឬកម្មវិធីជំនួយនានារបស់ខ្លួននៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវជូនដំណឹងទៅសាលារាជធានីភ្នំពេញ ឬសាលាខេត្តពាក់ពន្ធ័ និងក្រសួង ឬសា្ថប័នរបស់រាជរដ្ឋាភិបាលជាដៃគូ ដើម្បីត្រៀមសហការ។

ជាការអនុវត្តតាមច្បាប់ស្តីពី គណបក្សនយោបាយ ឆ្នាំ១៩៩៧ បានប្បញ្ញត្តិណែនាំឲ្យគណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយ ត្រូវធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបាន មុនថ្ងៃទី ៣១ ខែធ្នូ រៀងរាល់ឆ្នាំ។ របាយការណ៍ត្រូវមានខ្លឹមសារ សកម្មភាពសំខាន់ៗរបស់គណបក្សនយោបាយ តារាងតុល្យភាពដែលបង្ហាញនូវប្រាក់ចំណូល និងប្រាក់ចំណាយប្រចាំឆ្នាំតាមប្រភេទ បញ្ជីតុល្យការគណនីរបស់គណបក្សនយោបាយនៅក្នុងធនាគារ និងបញ្ជីតុល្យការនៃទ្រព្យសម្បត្តិទាំងអស់ រាប់បញ្ចូលទាំង ទ្រព្យសម្បត្តិជាកម្មសិទ្ធិ ឬផលក្នុងកម្រៃក្នុងជំនួញ និងបំណុលរបស់គណបក្សនយោបាយ។

ទោសប្បញ្ញត្តិ ៖ សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានរំលេចត្រឹម​តែ​បទល្មើសនឹងមាត្រា ៤៦ ដែលបានប្បញ្ញត្តិតម្រូវឲ្យ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ត្រូវធ្វើ​របាយការណ៍ សកម្មភាព និងស្ថានភាពថវិកាប្រចាំឆ្នាំកន្លងមក និងផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ ដើម្បី​ផ្ញើជូនក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងពាក់ពន្ធ័ មិនឲ្យហួសពីដំណាច់ខែមករា។ ការប្រព្រឹត្តល្មើសនេះ ត្រូវទទួលរងនូវការ​ព្រមានជាលាយលក្ខណ៍អក្សរ ហើយអាចឈានដល់ការផ្អាកសកម្មភាពជាបណ្តោះអាសន្នក្នុងរយៈពេលពី ១ ខែ ទៅ ៣ខែ ឬអាចផ្អាកសកម្មភាព និងបញ្ចប់សុពលភាពអនុស្សរណៈ។ បើវិភាគតាម កម្រិតនៃបទល្មើសនេះ មិនបានបង្កឲ្យអន្តរាយ ដល់ផលប្រយោជន៍សាធារណៈទេ តែបើជា បណ្តាលឲ្យកម្មវិធីអភិវឌ្ឍត្រូវរាំងស្ទុះទៅវិញ។

ជាការអនុវត្តតាមច្បាប់ស្តីពី គណបក្សនយោបាយ ឆ្នាំ១៩៩៧ បានប្បញ្ញត្តិណែនាំត្រឹមពិន័យជាប្រាក់ ចំនួន ៣ លានរៀល ចំពោះគណបក្សនយោបាយណា ដែលមិនបាន ធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបាន មុនថ្ងៃទី ៣១ ខែធ្នូ រៀងរាល់ឆ្នាំ ហើយស្ថានទម្ងន់មានរហូតដល់ ទោសពិន័យជាប្រាក់ទ្វេមួយជាពីរ ហើយអាចផ្អាកសកម្មភាពគណបក្សនយោបាយជាបណ្តោះអាសន្ន។

ខណៈដែលរាជរដ្ឋាភិបាល ចង់បានការគាំទ្រ និងទំនុកចិត្តពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាល គួរតែ តាក់តែងច្បាប់មួយប្រកបដោយតម្លាភាព និង បើកចំហរឲ្យមានកិច្ចពិភាក្សារកចំណុចកណ្តាលមួយជាមួយនឹងភាគីពាក់ពន្ធ័សំខាន់ៗ។ អនាគតច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ត្រូវការពេលវេលាមួយដ៏សមស្រប និងប្រសើរជាងនេះទៀត ដើម្បីពិនិត្យ និង សើរើ មាត្រាប្រទាំងប្រទើសមួយចំនួន ដើម្បីការពារផលប្រយោជន៍សាធារណៈ និងអភិវឌ្ឍសង្គមកម្ពុជា ពិតប្រាកដ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: