jump to navigation

លោក ហ៊ុន សែន អំពាវនាវ កុំឲ្យកម្មករធ្វើកូដកម្ម និងនិយោជក ដកពាក្យបណ្តឹង ខែតុលា 1, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

ព័ត៌មានថ្មីៗពី វិទ្យុ អេប៊ីស៊ី អូស្ត្រាលី 15:09:33, 30 September 2010

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិត បញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៩ ខែកញ្ញា មានប្រសាសន៍ថា កម្មករកាត់ដេរ ដែលបានធ្វើកូដកម្ម និងការចរចាតដំឡើងប្រាក់ខែ ក្នុងរយៈពេល ប៉ុន្មាន ថ្ងៃមកនេះ ឲ្យបញ្ចប់ការធ្វើ កូដកម្ម និងនាំគ្នាចូលធ្វើការជាធម្មតាឡើងវិញ។

លោកបន្ថែមថា ទាំងនិយោជក ជាថៅកែក្រុមហ៊ុន និងសហជីពការពារសិទ្ធិកម្មករ ត្រូវ រួមគ្នាចរចារ រក្សាឆ្នាំងបាយ ព្រមទាំងរក្សា ស្ថិរភាព វិស័យកាត់ដេរ នៅកម្ពុជា ដោយមិនត្រូវឈ្លោះទាស់ទែងគ្នានោះទេ។
ប្រធានសហភាពការងារកម្ពុជា លោកអាត់ ធន់ មានប្រសាសន៍ថា ក្រោយបញ្ចប់ការធ្វើកូដកម្មរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា មានតំណាងសហជីព និងសកម្មជនកម្មករ តាមរោងចក្រជិត ៣០០នាក់ មកពីរោងចក្រជាង ២០ ត្រូវបានថៅកែរោងចក្រ បញ្ឈប់ ពីការងារ និងប្តឹងទៅកាន់តុលាការ។

ចំណាត់ការតាមផ្លូវច្បាប់ របស់ថៅកែរោងចក្រ ត្រូវបាន លោកជាតិ ខេមរា មន្ត្រីជាន់ខ្ពស់សមាគមកាត់ដេរកម្ពុជា បញ្ជាក់ឲ្យដឹងថា គ្រាន់តែជាវិធានការទប់ស្កាត់ការធ្វើកូដកម្ម របស់មេដឹកនាំសហជីព និងសកម្មជនកម្មករ ដើម្បីឲ្យកម្មករចូលធ្វើការវិញ។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១០ បានជំរុញ ទៅមេដឹកនាំសហជីពការពារ សិទ្ធិកម្មករ និងថៅកែរោងចក្រ ឲ្យបញ្ឈប់ការឈ្លោះប្រកែកគ្នា និងបញ្ឈប់ការប្តឹងផ្តល់គ្នា តទៅទៀត ដើម្បីរក្សា ស្ថិរភាពវិស័យកាត់ដេរនៅកម្ពុជា៕

( កញ្ញា ទូច រង្សី )

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​

ដោយ ជន សក្តា វីអូអេ​ ខ្មែរ | ភ្នំពេញ ថ្ងៃពុធ, 29 ខែកញ្ញា 2010

នៅ​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​តំណាង​កម្មករ​​និង​មេ​ដឹកនាំ​សហជីព​ ដែល​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​កាល​ពី​សប្តាហ៏​មុន​ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ហើយ​ឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។​ សេចក្តី​អធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​GMAC​ បាន​ច្រាន​ចោល​សំណើ​របស់​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ដែល​បាន​សុំ​ឱ្យ​ភាគី​ក្រុមហ៊ុន​ ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​តំណាង​កម្មករ​ ចំពោះ​ការ​ធ្វើ​កូដកម្ម​ពី​តុលាការ​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ធ្វើការ​វិញ។​ តំណាង​សហជីព​ បាន​ស្វាគមន៏​ដល់​សំណើរ​បស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​ចង់​ឱ្យ​មាន​វិធានការ​ទាំង​ឡាយ​ ដែល​ត្រូវ​រក​ការ​ស្រុះស្រួល​គ្នា​តាម​រយៈ​ ការ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​បញ្ឃប់​ការប្តឹង​ផ្តល់​គ្នា។

«ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ ចំពោះ​កម្មករ​ និង​មេដឹកនាំ​សហជីព ​ហើយ​សុំ​គ្រប់​រោងចក្រ​មេត្តា​ទទួល​យក​កម្មករ​ឱ្យ​ចូល​ធ្វើការ​វិញ។​ នេះ​គឺ​ជា​​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ចាក់​ថា​ បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ប្តឹងផ្តល់​នៅ​តុលាការ​ ការ ធ្វើ​កូដកម្ម​នៅ​តែ​បន្ត។

«ថៅកែ​រោងចក្រ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​របស់​កម្មករ​ ប្រាក់ឈ្នួល​ និង​ប្រាក់​កម្រៃ​ផ្សេងៗ។​ បើ​ ថៅកែ​រោងចក្រ​អាច​ដំឡើង​បាន​ ថៅកែ​ខិតខំ​ដំឡើង។​ ឯ​កម្មករ​ត្រូវ​ខំ​ប្រឹង​ធ្វើការ​ឱ្យ​បានល្អ ​ដើម្បី​រោង ចក្រ​បាន​ចំណេញ»។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែងថា ​នេះ​ជា​កាយវិការ​មួយ​ដ៏ត្រឹមត្រូវរ​បស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ។

«តំណាង​កម្មករ​ និង​សកម្មជន​ប្រមាណ​ ១៥០​នាក់​ មក​ពី​១៧​រោងចក្រ​នៅ​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ​ ត្រូ​វបាន​ប្តឹង​ទៅ​តុលាការ ​និង​មិន​ឱ្យ​ចូល​ធ្វើការ»។

លោក​ ខេន លូ ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បាន​បដិសេធ​ការ​អធិប្បាយ​អំពី​ប្រសាសន៏​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក​បាន​បញ្ជាក់​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ពី​តុលាការ​ទេ។

មន្ត្រី​តុលាការ​ខេត្ត​កណ្តាល ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ទទួល​បាន​សំណើ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​នឹង​ធ្វើការ​ពិនិត្យ​ទៅ​តាម​ផ្លូវ​ច្បាប់។

សហជីព ​និង​រោងចក្រ​កាត់ដេរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ដែល​មាន​ប្រាំបួន​ចំណុច​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ឯកភាព​ដំណើរការ​ជំហ៊ាន​ជា​បន្តបន្ទាប់​ ដើម្បី​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ។

ចំណុច​ទាំង​ប្រាំបួន​នេះ​រួមមាន​ ការ​លើក​ទឹកចិត្ត​កម្មករ​និង​ថៅកែ​រោងចក្រ​នៅ​កម្រិត​សហគ្រាស​ ដើម្បី​ពិភាក្សា​ការផលិត​ជាថ្មី​និង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នៅ​កម្រិត​សហគ្រាស។​ ដំណោះស្រាយ​ជម្លោះ ​និង​អធិការកិច្ច​ការងារ។​ ភាគី​ទាំងអស់​ឯកភាព​អនុវត្ត​នូវ​ការ​ស្រាវជ្រាវ​រួមគ្នា​ រក​ការពិត​អំពី​ប្រេវ៉ាឡង់ ​និង​ចរឹក​នៃ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។​ ថៅកែ​រោងចក្រ ​និង​សហជីព​ប្តេជ្ញា​ស្វែង​រក​ឱកាស​ភ្ជាប់​កិច្ច ​សន្យា​ដោយ​សេចក្តី​ជឿ​ទុកចិត្ត ​និង​ការ ចរចា​ថ្នាក់​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ផលិតភាព​កាន់តែ​ប្រសើរ​ ហើយ​ភាគី​ទាំងអស់​ឯកភាព​ពិភាក្សា​លើ​ដំណើរការ​ជ្រើសរើស​អាជ្ញា​កណ្តាល​ ដើម្បី​ធានា​នូវ​សេចក្តី​ជឿ​ទុកចិត្ត​នៅ​ក្នុង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​គ្រប់​ភាគី៕

មតិ»

1. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - ខែតុលា 1, 2010

ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​គាត់​ឈប់​ស៊ី​លុយ​ក្រោម​តុ​ពី​ម្ចាស់​រោង​ចក្រ​ច្រើន​ពេក ព្រោះ​បើ​​នៅ​តែ​អញ្ចឹង​ម្ចាស់​រោងចក្រ​មិន​អាច​តំលើង​ប្រាក់​ខែ​អោយ​កម្មករ​បាន​ទេ។

មេឃា - ខែតុលា 1, 2010

ម្តងនេះ ចាំមើលនរណាខ្លាំងជាងនរណា !?​ នាយករដ្ឋមន្ត្រីខ្មែរ ឬសមាគមរោងចក្រកាត់ដេរនៅកម្ពុជា !? ព្រោះមុននេះបន្តិច (កាលពីថ្ងៃអង្គារ) ខាងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ថា មិនព្រមដកពាក្យបណ្តឹងទេ !

ក្នុងរឿងបណ្តឹងទៅតុលាការកម្ពុជា នាយករដ្ឋមន្ត្រីខ្មែរ ចាញ់ក្តីតែ រឿងកប៉ាល់កាស៊ីណូ ណាហ្គា មួយប៉ុណ្ណោះ ក្នុងមួយអាជីពរបស់លោក ដែលបានធ្វើជានាយករដ្ឋមន្ត្រីខ្មែរ !!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: