jump to navigation

នាយករដ្ឋមន្ត្រី ខ្មែរ នៅតែខ្លាំងដូចដើម (ទើបតែស្បើយពី គ្រុនផ្តាសាយជ្រូក) ខែកក្កដា 20, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

 

©សុវណ្ណារា (នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន)

ក្រោយពីបាត់មុខ និង បាត់សម្លេង អស់រយៈ ពេលជិត មួយខែ នៅ ព្រឹកថ្ងៃទី ១៩ កក្កដា ២០១០ នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រែក សាកសម្លេង ដោយ មិន​ខ្លាចលាប់​ជម្ងឺគ្រុន​ផ្តាសាយជ្រូក ជាថ្មី ក្នុងវេទិកា សម្ពោធ អគារ និងចែកសញ្ញា ប័ត្រ ដល់និស្សិត នៅ សាកលវិទ្យាល័យស្វាយរៀង… សូមអានព័ត៌មានដកស្រង់ចេញ ពី ប្រពន្ធ័ផ្សព្វផ្សាយនានា… 

  

ហ៊ុន សែន៖​ អ្នកចាប់ខ្លួន ហ៊ុន សែន​ នឹងត្រូវទទួលបាន​ការឆ្លើយតប​ដោយកំលាំង​

ដោយ លាង ដឺលុច  

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​នេះ។ បើ​តាម​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី គណបក្ស​ប្រឆាំង​បាន​ឆ្លៀត​ឱកាស​ពិភាក្សា​គ្នា​ជុំ​វិញ​បញ្ហា​សុខភាព​របស់​លោក ហើយ​ថា​បាន​បញ្ចេញ​មតិ​សង្ស័យ​ថា លោក​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​ផង។ ការ​ពិភាក្សា​លើ​ប្រធានបទ​នេះបាន​តម្រូវ​អោយ​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចេញ​មុខ​ប្រតិកម្មនិង​បំភ្លឺ។ 

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា​នេះ ក្នុង​វេទិកា​សម្ពោធ​អគារ និង​ចែក​សញ្ញា​ប័ត្រ​​ដល់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ស្វាយរៀង លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ប្រាប់​អោយ​ដឹង​ថា នៅក្នុង​អំឡុងពេល​ដែល​លោក​មាន​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​​ប្រឆាំង​ដែល​គេ​អាច​យល់​បាន​ថា ជា​គណបក្ស​សម រង្ស៊ីបាន​បើក​ការ​ប្រជុំ​និយាយ​អំពី​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​គណក្ស​ប្រឆាំង​មួយ​ទៀត។ លោក​ហ៊ុន សែន​បញ្ជាក់​ថា មុន​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​និយាយ​ពី​ប្រធានបទ​ចងសម្ព័ន្ធភាព​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ពិភាក្សា​គ្នា​អំពី​ករណី​របស់​លោក។ 

 
លោក​នាយក​រដ្ឋមន្ត្រី​ប្រាប់​ថា​លោក​ដឹង​ទាំងអស់ លោក​បាន​លឺ​ទាំង​អស់​​ថា អ្នកណា​និយាយ​អ្វីៗ។ លោក​ហ៊ុន សែន​ថ្លែង​ថា នៅ​ពេល​ប្រជុំ​នោះ មន្ត្រី​គណបក្ស​ប្រឆាំង​ខ្លះ​និយាយ​ថា លោក​មាន​បញ្ហា​ភ្នែក​ទេ។ មន្ត្រី​ខ្លះ​ទៀត​លើកឡើង​ថា លោក​ត្រូវ​គេ​ចាប់​ខ្លួន​យក​ទៅ​បរទេស។ ហើយ​ថា អ្នកខ្លះ​ទៀត​សង្ស័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ។ ការ​អត្ថាធិប្បាយ​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​អោយ​លោក​ហ៊ុន សែន​ទ្រាំ​មិន​បាន ហើយ​ត្រូវ​ចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ​តែ​ម្តង។ ព្រោះ​វា​ប៉ះពាល់​ទៅ​ដល់​អំណាច​និង​តួនាទី​របស់​លោក។
 
លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ការ​សន្និដ្ឋាន​នានា​របស់​ក្រុម​គណបក្ស​ប្រឆាំង​ថា ជា​ការ​សន្និដ្ឋាន​ឆោតល្ងង់ និង​ថា​ជាការ​ធ្វើ​តេស្ត​តែ​ប៉ុណ្ណោះ។ ប្រមុខ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ទៅ​ក្រុម​គណបក្ស​ប្រឆាំង​ថា បើ​សង្ស័យ​ថា​លោក​ត្រូវ​បាន​គេ​ចាប់​ហើយ​នោះ ហេតុអ្វី​មិន​បញ្ចេញ​សកម្មភាព​ធ្វើ​បាតុកម្ម​តែ​ម្តង​ទៅ? ​លោក​ហ៊ុន សែន​បាន​ពន្យល់​ថា ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួនមែន​នោះ នោះ​វា​មាន​ន័យ​ស្មើនឹង​រដ្ឋ​ប្រហារ​យោធា​ហើយ។ ហើយ​ការ​ផ្ទុះ​អាវុធ​ក៏​ត្រូវ​តែ​បានចាប់ផ្តើម​ដែរ។ពីព្រោះ​ថា បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី គ្មាន​អ្នកណា​ហ៊ាន​ចាប់​ហ៊ុន សែន​ទេ។ គឺ​មាន​តែ​លោក​ចាប់​ខ្លួន​គេវិញ។ មក​ដល់​ត្រង់​នេះ លោក​ហ៊ុន សែន​បាន​ស្រែក​ព្រមាន​តែម្តង​ថា អ្នកណា​ក៏​ដោយ​ចុះ ដែល​ចង់​ទំលាក់​លោក​ដោយ​មិន​ស្របច្បាប់ នឹង​ត្រូវ​ទទួល​បាន​ការ​ឆ្លើយ​​តប​ដោយ​កំលាំង​អាវុធ។ លើស​ពីនេះ​ទៀត​លោក​នាយក​រដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​រហូត​ដល់​ថា ឆ្ពោះ​ទៅ​កាន់​តំណែង​រហូត​ដល់​ឆ្នាំ​២០២៨​ទៀត​ផង។
 
អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី លោក​យឹម សុវណ្ណ​ហាក់ដូច​ជា​មិន​ភ្ញាក់ផ្អើល​អ្វី​ទៅ​នឹង​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឡើយ។ ទាក់ទងនឹង​ការ​បើក​កកាយ​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​គណបក្ស​សម រង្ស៊ី​ដែល​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ដឹង​នោះ ក៏​លោក​យឹម សុវណ្ណ​តាម​បែប​ម្យ៉ាង​ថា គណបក្ស​លោក​ជា​គណបក្ស​ប្រជាធិបតេយ្យ គ្មាន​អ្វី​ជា​ការ​សម្ងាត់​ទេ។ ហើយ​ថា អ្នកណា​ក៏​អាច​ចូល​ស្តាប់​កិច្ចប្រជុំ​នៅក្នុង​បក្ស​របស់​លោក​បាន​ដែរ។
 
ហើយ​បើ​អត្ថាធិប្បាយ​លើ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ថា​កាន់​អំ​ណាច​​ដល់​ឆ្នាំ​២០២៨​នោះ លោក​យឹម សុវណ្ណ​និយាយ​ថា បើ​ប្រជា​ពល​រដ្ឋ​បោះឆ្នោត​គាំទ្រ​លោក​ហ៊ុន សែន​រហូត​នោះ ហើយ​មាន​ការ​បោះ​ឆ្នោត​​​ដោយ​សេរី យុត្តិធម៌ គ្មាន​ការ​បន្លំ​សន្លឹកឆ្នោត ទិញ​សន្លឹក​ឆ្នោត​នោះ ក៏​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ទៅ៕ 

អត្ថបទចេញផ្សាយដោយ វិទ្យុអាស៊ីសេរី ខេមរភាសា ថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១០ 

ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ឲ្យ​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ

ដោយ គឹម ពៅ 

  

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​១៩ កក្កដា​នេះ បាន​ព្រមាន​មន្ត្រី​គណបក្ស សម រង្ស៊ី សូម​ឲ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក រឿង​ការងារ​របស់​រដ្ឋាភិបាល និង​រឿង​គណបក្ស​ប្រជាជន។ 

សេចក្ដី​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​លើក​ដំបូង​បំផុត ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​អវត្តមាន​អស់​រយៈពេល​ប្រហែល​កន្លះ​ខែ​មក​ហើយ មិន​ចេញ​មុខ​នៅ​ក្នុង​ជំនួប​នានា និង​ការ​ថ្លែង​ជា​សាធារណៈ ដោយសារ​តែ​លោក​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1)។ 

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ខេត្ត​ស្វាយរៀង លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ថា​ជា​មន្ត្រី​មិន​មាន​ការ​ចេះ​ដឹង ជា​ការ​ធ្វើ​ការ​សាកល្បង ដើម្បី​ចង់​ដឹង​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​គេ​ចាប់​ខ្លួន ឬ​ក៏​អត់។ 

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «បញ្ហា​ដែល​គួរ​ចាប់​អារម្មណ៍ បើ​លោក​និយាយ​ត្រឹម​ជំងឺ វា​មិន​អី​ទេ! តែ​លោក​ឈាន​ដល់​ការ​ដែល​គេ​ចាប់​ឃុំ​ក្នុង​ផ្ទះ ឬ​ចាប់​ឃុំ​ទៅ​បរទេស​ទៅ​ហើយ! អ៊ីចឹង​ករណី​បែប​នេះ អស់​លោក​ជា​អ្នក​ច្បាប់​ដែល​ត្រូវ​ការពារ​ច្បាប់​ដែរ ម៉េច​ក៏​មិន​ប្រតិកម្ម! អ៊ីចឹង​បាន​ជា​មាន​រឿង​អ្នក​នាំ​ពាក្យ​បង្ហាញ​ពី​ការ​ចង់​ដឹង​របស់​ប្រជា​ពលរដ្ឋ​នៃ​សុខភាព​នាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​តេស្ត តើ ហ៊ុន សែន ត្រូវ​គេ​ចាប់​ខ្លួន​ដែរ​អត់! អ៊ីចេះ​វិញ​ទេ!»។ 

ក្នុង​អំឡុង​ពេល​អវត្តមាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ រហូត​ដល់​ថ្ងៃ​ទី​១៩ កក្កដា ថ្វីបើ​មាន​ការ​ប្រកាស​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ថា លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ចំនួន ៥​រូប​ផ្សេង​ទៀត បាន​ទទួល​រង​នូវ​ជំងឺ​គ្រុន​ផ្ដាសាយ A(H1N1) ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​ខាង​ក្រៅ ជុំវិញ​ស្ថានភាព​អវត្តមាន​របស់​លោក ដោយ​ធ្វើ​ការ​សង្ស័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​គេ​ចាប់​ខ្លួន ឬ​ឃុំ​ទុក​នៅ​ក្នុង​ផ្ទះ​ជាដើម។ 

ស្រប​ពេល​នោះ​ដែរ កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ កក្កដា សប្ដាហ៍​មុន អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​អំពី​សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ចង់​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​លោក ហើយ​បើ​សិន​ជា​មេ​ដឹកនាំ​មាន​បញ្ហា​សុខភាព ត្រូវ​មាន​អ្នក​ជំនួស​ដើម្បី​រក្សា​ដំណើរការ​របស់​រដ្ឋាភិបាល។ 

លោក​នាយក​រដ្ឋមន្ត្រី​មិន​ត្រឹមតែ​បកស្រាយ​អំពី​ជំងឺ​របស់​លោក ហើយ​និង​បញ្ជាក់​អំពី​ការ​ប្រឹងប្រែង​ធ្វើ​ការងារ​នៅ​ក្នុង​អំឡុង​ពេល​នោះ លោក​ក៏​បាន​ព្រលយ​ពាក្យ​ថា លោក​នឹង​មាន​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ទប់ទល់ បើ​សិន​ជា​មាន​ការ​ទម្លាក់​លោក​ដោយ​មិន​ស្រប​ច្បាប់​ណា​មួយ។ 

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ប្រើ​ពាក្យ​អ្នក​ណា​ក៏​ដោយ​ចុះ ប៉ុនប៉ង​ទម្លាក់ ហ៊ុន សែន ដោយ​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ ត្រូវ​ឆ្លើយ​តប​ដោយ​កម្លាំង ដើម្បី​ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ សូម​បញ្ជាក់! ហើយ​កោត​តែ​បក្ស​ប្រឆាំង​អាច​គាំទ្រ​ទៅ​រួច ដឹង​ថា​គេ​ចាប់ ហ៊ុន សែន ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ឬ​គេ​ចាប់​យក​ទៅ​បាត់ ម៉េច​ក៏​មិន​ប្រតិកម្ម?»។ 

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា លោក​មិន​ចាប់​អារម្មណ៍​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ដែល​បាន​ទទួល​ដំណឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ជា​សះស្បើយ។ 

លោក​ថ្លែង​បន្ត​ទៀត​ដូច្នេះ ៖ «តាម​ធម្មតា សម្ដេច​តែងតែ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណ​បក្ស​ប្រឆាំង​ជាប់​ជានិច្ច​ហ្នឹង! នេះ​ជា​រឿង​ទម្លាប់ ជា​រឿង​ធម្មតា​របស់​សម្ដេច​ហើយ! ហើយ​ពួក​យើង​ខ្ញុំ​ក៏​អត់​មាន​ភ្ញាក់​ផ្អើល​អី​ទេ! ប៉ុន្តែ​វា​ទាល់​តែ​គណបក្ស សម រង្ស៊ី ជា​គូ​ប្រជែង​របស់​គណបក្ស​ប្រជាជន​នេះ​ហើយ បាន​ជា​គេ​បារម្ភ ហើយ​តែងតែ​លើក​ឡើង​ជានិច្ច!»។ 

ក្នុង​អំឡុង​ពេល​នៃ​អវត្តមាន លោក​នាយក​រដ្ឋមន្ត្រី​បាន​អាក់ខាន​ក្នុង​ការ​ជួប​ជាមួយ​មន្ត្រី​ទូត​អាល្លឺម៉ង់ ទូត​ឥណ្ឌូណេស៊ី និង​ការ​ជូន​ដំណើរ​ព្រះ​មហា​ក្សត្រ​យាង​ទៅ​គង់​នៅ​ប្រទេស​ចិន​វិញ។ ក៏ប៉ុន្តែ​កិច្ចការ​ជា​ច្រើន ដូច​ជា​ការ​ឆ្លើយ​តប​សារ និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ប្រជុំ​សំខាន់​ៗ ត្រូវ​បាន​លោក​បញ្ជាក់​ថា លោក​បាន​បំពេញ​មិន​ឲ្យ​សេស​សល់​ឡើយ៕ 

ដកស្រង់ចេញពី វិទ្យុអ៊េប៊ីស៊ី អូស្រ្តាលី ខេមរភាសា (ព័ត៌មានថ្មីៗ 15:07:40, 20 July 2010) 

លោក ហ៊ុន សែន ប្រកាសបន្តកាន់ដំណែងដល់ឆ្នាំ២០២៨

  

(របាយការណ៍ដោយ សយ សុភា) 

ថ្លែងពីខេត្តស្វាយរៀង ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានសម្តែង នូវជំនឿ យ៉ាងមុតមាំ ថា សុខភាព របស់លោក នឹងអនុញ្ញាត ឱ្យ លោកបន្ត កាន់តំណែង ជា នាយករដ្ឋមន្រ្តី រហូតដល់ឆ្នាំ ២០២៨។ លោក ហ៊ុន សែន ដែលទើបជា សះស្បើយពី ជំងឺ គ្រុនផ្តាសាយថ្មី និងអវត្តមាន ជាង២សប្តាហ៍ មកនោះ បានថ្លែងទៀតថា លោកនឹង ធ្វើដំណើរ ឆ្ពោះទៅកាន់ដំណែងរហូតដល់ឆ្នាំ២០២៨ នៅគ្រាដែលគណបក្ស ប្រជាជន របស់លោកបានបន្ត គាំទ្ររូបលោកជា បេក្ខភាព នាយករដ្ឋមន្រ្តីផងដែរនោះ។ 

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់តំណែង ចាប់តាំងពី ឆ្នាំ១៩៨៥ មកនោះ បានធ្វើឡើង បន្ទាប់ពីមាន ការលើកឡើងថា លោកនាយករដ្ឋមន្រ្តី ដែលឆ្លង ជំងឺផ្តាសាយថ្មី នោះ មិនអាចបន្តការងារ តទៅទៀត បាន ហើយនិងមាន ការជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី ជំនួសរូបលោក។ 

ទាក់នឹងការអត្ថាធិប្បាយនេះ និស្សិតបញ្ចប់ ថ្នាក់អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ បៀលប្រាយ លោក ស៊ា កុសល បានថ្លែងថា នរណាដឹកនាំក៏បាន ឱ្យតែនាំប្រទេស ឆ្ពោះ ទៅរកការអភិវិឌ្ឍ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង សេដ្ឋកិច្ចនោះ។ តែយ៉ាងណាក៏លោកមាន ជំនឿថា វត្តមានរបស់លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន នឹងមិនធ្វើឱ្យប្រទសជាតិធ្លាក់ក្នុង ភ្លើងសង្រ្គាមនោះឡើយ។  

យ៉ាងណាក៏ដោយការប្រកាសរបស់ លោកនាយករដ្ឋមន្រ្តីនេះសោត ក៏ពុំមែនជារឿងអ្វី ដែលថ្មីនិងប្លែក នោះឡើយ មន្រ្តីអង្គការ សង្គមស៊ីវិលនោះឡើយ។ នាយកប្រតិបត្តិ អង្កការឃ្លាំមើលដំណើរការ បោះឆ្នោត លោក គល់ បញ្ញា ធ្លាប់បានប្រាប់វិទ្យុអូស្ត្រាលី ផងដែថា នោះក៏ព្រោះតែ លោក នាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសបែបនេះ ជាញយដង មកហើយ។ 

គួររម្លឹកថា នៅក្នុងឱកាសខួបកំណើតគណបក្សប្រជាជន កម្ពុជា នាថ្ងៃ២៨ខែមិថុនា កន្លងទៅនេះ លោកប្រធាន គណបក្ស ជា ស៊ីម ដែលមាន វ័យ ៧៨ ឆ្នាំ បានប្រកាស គាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលដំណែង នាយករដ្ឋមន្រ្តី នៃគណបក្សនេះ បន្តជាបេក្ខភាពនាយករដ្ឋមន្រ្តី នា ការបោះឆ្នោត ក្រោយៗ ទៀត៕ 

 

សម្តេច ហ៊ុន សែន រិះគន់បក្សប្រឆាំងថា ល្ងង់ចំពោះការនិយាយ អំពីសុខភាពរបស់សម្តេច

សរសេរដោយ ភ្នំពេញដេលីញូវ ៖ ចេញផ្សាយថ្ងៃអង្គារ ទី ២០ ខែកក្កដា ឆ្នាំ២០១០ (០២:៤០)

កាលពីម្សិលមិញសម្តេចនាយករដ្ឋ  មន្ត្រី ហ៊ុន សែន បានព្រមានគណបក្សប្រឆាំង មួយ ដោយ មិនបញ្ចោញ ឈ្មោះឱ្យឈប់ និយាយពីសុខភាពរបស់លោក ដោយចោទ ប្រកាន់ ក្រុមមេដឹកនាំគណបក្ស ប្រឆាំងចំពោះ ការសន្និដ្ឋាន  ថា លោកនាយករដ្ឋមន្ត្រី ពិត ជាបានស្ថិត ក្រោមការឃុំខ្លួនឱ្យនៅតែក្នុងផ្ទះអំឡុងពេលលោក កើតជំងឺ គ្រុនផ្តាសាយ A(H1N1) ដែលមានការផ្សព្វផ្សាយយ៉ាងខ្លាំងនាពេលថ្មីៗនេះ ។ សម្តេចថា ពួកល្ងង់ ! កុំចង់ លេងជាមួយ ហ៊ុន សែន ។

      លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅឯពិធីប្រគល់សញ្ញាបត្រនៅក្នុងខេត្តស្វាយរៀងថា “នេះមិនមែនជាការគាប់ជួននោះទេ ដែលក្រុមមេដឹកនាំគណបក្សប្រឆាំង បាន ប្រាប់អ្នក នាំពាក្យ រ បស់ ខ្លួនឱ្យធ្វើការបញ្ជាក់ពីសុខភាពរបស់នាយករដ្ឋមន្ត្រី ពីព្រោះ ពួកគេចង់ ធ្វើតេស្តិ៍ មើលថា តើ ហ៊ុន សែន ត្រូវគេចាប់ខ្លួនដែរ ឬអត់ ?” ។

លោកនាយករដ្ឋមន្ត្រីបានបន្តថា “ហើយមានជំទាវម្នាក់ដែលបាននិយាយថា គេបាន ឃុំខ្លួន (ខ្ញុំ) ឱ្យនៅតែក្នុងផ្ទះដើម្បីរកមនុស្សជំនួសតំណែង (ខ្ញុំ) ដើម្បីចៀសវាង ប្រតិកម្ម ណាមួយ” ។ “ហើយកោតតែបក្សប្រឆាំងអាចគាំទ្រទៅរួចដឹងថាគេចាប់ ហ៊ុន សែន ឃុំខ្លួនឱ្យ នៅតែ ក្នុងផ្ទះឬ គេចាប់យកទៅ បាត់ម៉េចក៏មិនប្រតិកម្ម” ។

លោកបានបន្តថា “ខ្ញុំសូមព្រមាន (អស់លោក) ឱ្យឈប់និយាយអំពីបញ្ហានេះ” ដោយ លោកបន្ថែមថា កុំលេងជាមួយ ហ៊ុន សែន លើបញ្ហានេះឱ្យសោះ” ។ លោក ហ៊ុន សែន បានបន្តអះអាងថា គណបក្សប្រឆាំង ដែលលោក មិនបញ្ចោញឈ្មោះ នេះបាននិយាយ អំពីបញ្ហាសុខភាព របស់លោក អស់រយៈពេល ២០ នាទី និង ៥៨ វិនាទី អំឡុងជំនួបមួយ នៅដើមខែនេះ ។

លោកបានមានប្រសាសន៍ថា “ពេលអស់លោកកំពុងនិយាយនោះខ្ញុំ កំពុងស្តាប់ អស់លោក “ដោយ លោកបន្ថែមថាអស់លោកមុខជាឆ្ងល់ហើយថា តើនរណាជាអ្នក ប្រាប់ដំណឹងនេះដល់ខ្ញុំ ។ កុំឆ្ងល់អី ។ គណបក្សមួយនោះ គឺពេញទៅដោយមនុស្ស របស់ខ្ញុំ” ៕

មតិ»

1. ផែន ភារុន (ព័ត៌មានវិទ្យា) - ខែធ្នូ 7, 2010

តាំងនាមអោយនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សូមថ្លែងអំណរគុ
ណដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោជំទាវ
បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ដែលលោកឆ្លៀតពេលដ៏មានតម្លៃ ក្នុងមកជួបនិង
ធ្វើពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យស្វាយរៀង ។និង
លោកបានផ្តល់នូវអាគារជាច្រើនដល់សាកលវិទ្យា យើងខ្ញុំទាំងអស់គ្នាសូ
មជូនពរអោយសម្តេចនិងលោក ជំទាវជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ
ក្នុងការបំពេញតួនាទីជាអ្នកដឹកនាំដ៏ឈ្លាសវៃ ។ សូមអរគុណ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: