jump to navigation

សំណុំរឿង001 ៖ នាយករដ្ឋមន្ត្រីខ្មែរឈ្នះក្តី… តែចាញ់ចិត្តស្ត្រី… ខែមិថុនា 3, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី, ព័ត៌មាននីត្យានុកូល.
trackback

@លោកស្រី មួរ សុខហួរ តំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី និង @លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា

ដោយ ៖ មេឃា

  

នៅទីបំផុត លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន​ បានឈ្នះក្តី នៅតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា លើ បណ្តឹងបរិហារកេរ្តិ៍ ជាមួយនឹង អ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង លោកស្រី មូរ សុខហួរ ហើយ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១០។ ដើមហេតុ នៃបណ្តឹងមួយនេះ កើតចេញពី សម្តីដៀមដាម ជា សាធារណៈដាក់គ្នា រវាងតារាដ៏ល្បីល្បាញ លើឆាកអន្តរជាតិ ទាំងពីរ ហើយ ជាលទ្ធផល លោកជំទាវ មូរ សុខហួរ ត្រូវបានតុលាការប្រកាស ឲ្យបង់ប្រាក់ ចំនួន ១៦.៥ លានរៀល។

សម្រាប់ការតស៊ូតាមផ្លូវច្បាប់រវាងភាគីទាំងពីរ ហ៊ាក់មានភាពបញ្ច្រាសគ្នា ដោយសារ ភាគីដែល សាធារណជន​ទូទៅ យល់ថា លោកជំទាវ មូរ សុខហួរ ជាជនរងគ្រោះ បែរក្លាយជា ចុងចោទ ទើបរុញច្រានឲ្យតំណាងរាស្រ្តស្រ្តី គណបក្សប្រឆាំងរូបនេះចាញ់ក្តី(ដោយប្រៀប) លោកនាយករដ្ឋមន្ត្រីទៅវិញ។ លោកជំទាវ មូរ សុខហួរ បានក្លាយជា ចុងចោទ ដោយសារបណ្តឹងរបស់លោកស្រី ប្តឹង លោកនាយករដ្ឋមន្រ្តី ដែលមានភ្ជាប់សម្តីរបស់លោក  (កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០០៩ បានថ្លែងជាសាធារណៈ នៅខេត្តកំពត) ជាភស្តុតាង ថា «នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា​ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ​ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ​បាន​ដឹង​ថា​ទៅ​ដោយ​គេ​មិន​ហៅ​ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង» ត្រូវបានតុលាការច្រានចោល តែបែរជាសម្រេចទទួលបណ្តឹង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹងបក ទៅតំណាងរាស្ត្រស្រ្តី ដោយសំអាង ប្រសាសន៍របស់ លោកជំទាវ គណបក្សប្រឆាំង បានថ្លែងចំ ឈ្មោះលោក នាយករដ្ឋមន្រ្តី ​នៅ​ក្នុង​សន្និសីទ​ សារព័ត៌មានមួយ ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ២០០៩ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​ នៃ​គណបក្ស​សមរង្ស៊ី​ក្នុង​ ក្រុង​ភ្នំពេញ។

ជ័យជំនៈរបស់លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន តាមផ្លូវច្បាប់ជាប់ៗគ្នា (រាប់ចាប់ពីសាលាដំបូងរាជធានី តុលាការឧទ្ធរណ៍ និងតុលាការកំពូល ជាធម្មតា អាចយកធ្វើជាយុត្តិសាស្រ្ត សម្រាប់រឿងក្តីបែបនេះផ្សេងទៀតបាន) ត្រូវបានគេជឿជាក់ថា ដោយសារតែសំណាង ឬខ្សែចង្កេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ។ លោក​ស្រី មូរ សុខហួរ មិនទាន់អស់ចិត្ត ហើយកំពុង​ស្វែង​ឲ្យ​មាន​ការ​ពិចារណា​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជាបន្ត​ទៀត។  ទោះបីជាយ៉ាងណា ជ័យជំនៈនេះ មិនទាន់បាន ស្តារមុខមាត់នាយករដ្ឋមន្ត្រី ក្នុងជម្លោះជាមួយនឹងស្ត្រីម្នាក់ទេ មានន័យថា បានឈ្នះក្តី តែចាញ់ចិត្តស្ត្រី…

គតិបញ្ហាចំបងដែលរំជើបរំជួលដល់ញាណរបស់មនុស្សជាតិនៅពិភពលោក ហើយមិនអាចប៉ះពាល់បាន គឺ​អំពើ​ទាំងឡាយដែលបំពានទៅលើ ១.ស្រ្តី ២.កុមារ ៣.សាសនា ៤.ព្រះមហាក្សត្រ និង៥.ប្រជាធិបតេយ្យ

សូមរកមើល ព័ត៌មានលម្អិតខាងក្រោម ដើម្បីស្វែងយល់អំពីដំណើររឿងក្តីបណ្តឹង បរិហាកេរ្តិ៍ ទៅវិញទៅមក …

តុលាការ​កំពូល​សំរេច​តម្កល់​សាលដីកាសាលាឧទ្ធរណ៍កំណត់​ឱ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ឈ្នះក្ដី ចំណែក​លោកស្រី មូរ សុខ​ហួរ មិន​ព្រម​បង់ប្រាក់​សំណង 

http://kohsantepheapdaily.com.kh/article/20100602-01006.html

 (ប្រុសកោះ / កាសែតកោះសន្តិភាព on line)

ថ្ងៃ ពុធ ទី ២ ខែ មិថុនា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បានសំរេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ដែល​កាត់ក្ដីស្រប​តាម​សាលាដំបូង​រាជធានីភ្នំពេញ កំណត់​ឱ្យ​លោកស្រី​មូរ សុខ​ហួរ បង់ប្រាក់​សំណង​១៦,៥​លាន​រៀលទៅ​ឱ្យ​សម្ដេច តេ​ជោហ៊ុន សែន ដើមចោទ និង​ជា​អ្នក​ឈ្នះលើ​ការ​ជំនុំ​ជំ​រះ​នេះ និង​ជា​ប្រាក់​សំរាប់​ប្រដាប់ក្ដី​របស់​តុលាការ​ផង​ដែរ ។

នៅ​ក្នុង​ការ​ចាញ់ក្ដី​ដំណាក់កាល​ទី​៣​នេះ លោកស្រី​មូរ សុខ​ហួរ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​កាត់ក្ដី​អយុត្ដិធម៌​បំផុត ហើយលោកស្រី​មិន​ព្រម​ចុះចាញ់​ទេ គឺ​ត្រូវ​តែ​តស៊ូតទៅ​ទៀត ។ ចំណែកឯ​ការ​តម្រូវ​ឱ្យ​បង់ប្រាក់​របស់​តុលាការ​នោះ​គឺ​លោកស្រី​មិន​ព្រម​បង់​ជា​ដាច់ខាត លោកស្រី​នឹង​នៅ​តែ​រឹង​ពឹងទៅ​តាម​ការ​សន្យា​របស់​លោកស្រី​…​អ្នក​ណា​ចង់​ចាប់ចង​លោកស្រី ធ្វើ​អ្វី​…​ក៏​ធ្វើ​ទៅ​…​តាម តែ​អំណាច​របស់​គេ​ទៅ​ចុះ ។

ជំ​លោះ​បរិហារកេរ្ដិ៍​នេះ​បាន​អូស​បន្លាយអស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ រវាងសម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី​មូរ សុខ​ហួរ សមាជិក​សភា​មក​ពីគណបក្ស​សម រ​ង្ស៊ី ហើយ​លើក​នេះ​ទៀត​គឺ ជា​បណ្ដឹងសាទុក្ខ​របស់​លោកស្រី​មូរ សុខ​ហួរ ក្នុង​ដំណាក់កាល​ទី​៣ជំទាស់​នឹង​ការ​កាត់ទោស​លោកស្រី​ពី​បទ​បរិហារកេរ្ដិ៍​ឱ្យ​បង់ប្រាក់​១៦,៥​លាន​រៀល កាលពី​ខែសីហា ឆ្នាំ​មុនរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ការតម្កល់​ការ​សំរេច​របស់​សាលាឧទ្ធរណ៍ ។
នៅ​ក្នុង​សវនាការ​ជំនុំ​ជំ​រះ​នា​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១០ មាន​អ្នកចូលរួម​ស្ដាប់ និងសង្កេត​ប្រមាណ​២០០​នាក់ មក​ពី​គណបក្សនយោបាយ តំណាងរាស្ដ្រ មន្ដ្រី​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​នានា ។ មាន​ចៅក្រម​៥​នាក់ ប្រធាន​ចៅក្រមជំនុំ​ជំ​រះ​គឺ លោក​ខឹ​ម ផុ​ន​, ព្រះរាជអាជ្ញា​លោក​ឈួ​ន ច​ន្ថា​, ក្រឡាបញ្ជី​លោក​ឈាង វ៉ា​ន់​ថា​, មេធាវី ដើមចោទ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​លោក​គី តិច​, ចំណែក​លោកស្រី​មូរ សុខ​ហួរ គ្មាន​មេធាវី​ទេ គឺ​ខ្លួន​លោកស្រី​ផ្ទាល់​ជា​អ្នក ឆ្លើយ​ចំពោះ​មុខការ​ចោទសួរ ។

នៅ​ខាងក្រៅ​បរិវេណ​តុលាការ​កំពូល ខណៈ​បញ្ចប់​អង្គ​ជំនុំ​ជំ​រះ​នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់ទី​២ មិថុនា ២០១០​នេះ លោកស្រី​មូរ សុខ​ហួរ បាន​បញ្ជាក់​ថា នេះ​ជា​ការ​កាត់ក្ដីយ៉ាង​អយុត្ដិធម៌​បំផុត​របស់​តុលាការ​កំពូល ដែល​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​តម្រូវឱ្យ​លោកស្រី​បង់ប្រាក់​១៦,៥​លាន​រៀល ។  លោកស្រី​មិន​បង់ប្រាក់​ពិន័យ​ដែល​តុលាការកំណត់​នោះ​ទេ ហើយ​សុខចិត្ដ​ជាប់​ពន្ធនាគារដើម្បី​បុព្វហេតុ​របស់​លោកស្រី គោល​ជំហររបស់​លោកស្រី​គឺ​នៅ​ដដែល លោកស្រី​មិន ខ្លាច​ពន្ធនាគារ​ឡើយ ។

លោក​គី តិច មេធាវី​រាជរដ្ឋាភិបាលតំណាង​ដើមចោទ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​កាត់ក្ដី​ដ៏​ត្រឹមត្រូវ​មួយ​របស់​តុលាការ​កំពូល​ដែលតម្កល់​សាលដីកា​ដើម ហើយ​ប្រសិនបើ​លោកស្រី​មូរ សុខ​ហួរ នៅ​តែ​បដិសេធ​មិន​បង់ប្រាក់ពិន័យ ឬ​ជំងឺ​ចិត្ដ​នោះ លោក​នឹង​ស្នើ​ឱ្យ​តុលា ការ​ចាត់វិធានការ ។ តាម​មាត្រា​៥២៤​នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជន​ណា​ដែល​តុលាការ ព្រហ្មទណ្ឌ​សំរេច​ថា មាន​ពិរុទ្ធអាច​ជាប់ពន្ធនាគារ ប្រសិនបើ​ជន​នោះ​មិន​បង់ប្រាក់​ពិន័យ ឬ​ប្រាក់​ជំងឺ​ចិត្ដ ឬ​សំណង​ការ​ខូចខាត ដែលតុលាការ​បាន​កំណត់​ទេ​នោះ ។ បើ​តាម​ក្រមនេះ ប្រាក់​ពិន័យ​ប្រមាណ​៤.១០០​ដុល្លារ ដូចដែល​តម្រូវ​ឱ្យ​លោកស្រី​មូរ សុខ​ហួរ បង់​កាលនៅ​តុលាកា​ក្រុងភ្នំពេញ​នោះ អាច​នាំ​ឱ្យ​មានទោស​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ។

ការ​តស៊ូ​តាម​ផ្លូវច្បាប់​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកស្រី​មូរ សុខ​ហួរ សមាជិ​ក​សភា​របស់​គណបក្ស​សម រ​ង្ស៊ី បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៤ មេ​សា ២០០៩ បន្ទាប់​ពីសម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​សុន្ទរ​កថា​មួយ​នៅ​ភូមិ​អភិវឌ្ឍន៍​យោធិន​ពិការ​ឃុំកោះ​ស្លា ខេត្ដកំពត ដែល​ពេល​នោះ សម្ដេចតេ​ជោ​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ស្ដ្រី​មិន បញ្ចេញ​ឈ្មោះ​ម្នាក់​ថា ជា “​ជើង​ខ្លាំង​” ហើយត្រូវ​បាន​លោកស្រី​មូរ សុខ​ហួរ ចាត់​ទុក​ថា​ជាការ​ប្រមាថមើលងាយ​…៕

តុលាការ​កំពូល​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​និង​ឧទ្ធរណ៍​ជុំវិញ​ករណី​មូរ​សុខហួរ

http://www.rfa.org/khmer/indepth/musochua-case-06022010083836.html

ដោយ គឹម ពៅ (Radio Free Asia ៖ 2010-06-02)

តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ទុក​ការ​កាត់​សេចក្ដី​របស់​តុលាការ​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ ថា​ជា​ការ​ត្រឹមត្រូវ ជុំវិញ​សំណុំ​រឿង លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី។

ក្រុម​ឃ្លាំ​មើល និង​ក្រុម​សិទ្ធិ​មនុស្ស រិះគន់​ថា ការ​កាត់​សេចក្ដី​បែប​នេះ​កំពុង​តែ​ជំរុញ​ឲ្យ​ស្ថានភាព​ផ្នែក​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដាំ​ក្បាល​ចុះ​ក្រោម ដោយសារ​គេ​យល់​ថា អ្នក​ស្រី មូរ សុខហួរ ដែល​ជា​ជន​រង​គ្រោះ រង​ការ​ប្រមាថ ហើយ​បាន​ធ្វើ​សន្និសីទ​កាសែត​និយាយ​ពី​ការ​ប្រមាថ​នោះ តែ​បែរ​ជា​ត្រូវ​គេ​ផ្ដន្ទា​ទោស​ទៅ​វិញ។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ថ្លែង​ថា លោក​ស្រី​នឹង​មិន​បង់​ប្រាក់​ចំពោះ​ការ​ពិន័យ​របស់​តុលាការ​ឡើយ ទោះ​បី​ជា​តុលាការ​កំពូល​បាន​សម្រេច​សេចក្ដី​ឲ្យ​លោក​ស្រី​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​២ មិថុនា​នេះ ក៏​ដោយ។

មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​កំពូល​ក្នុង​ក្រុង​ភ្នំពេញ ក្រោយ​ការ​កាត់​សេចក្ដី​អស់​រយៈពេល​មួយ​ព្រឹក​ធំ​រួច​មក លោក​ស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា លោក​ស្រី​នឹង​ត្រៀម​ខ្លួន​ប្រឈម​មុខ បើ​សិន​ជា​លោក​ស្រី​ត្រូវ​គេ​ចាប់​ខ្លួន ដោយសារ​រឿង​មិន​បង់​ប្រាក់​នោះ​មែន។

លោក​ស្រី មូរ សុខហួរ បាន​អះអាង​ថា ៖ «ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​មិន​បង់​ជា​ដាច់ខាត! សម្បជញ្ញៈ​របស់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង់​មួយ​កាក់ មួយ​សេន​ទេ! បើ​សិន​ជា​អត់​បង់ ខ្ញុំ​នឹង​ប្រឈម​ទៀត! តែ​សម្បជញ្ញៈ​របស់​ខ្ញុំ​ជា​សម្បជញ្ញៈ​នៃ​គណបក្ស សម រង្ស៊ី ជា​អ្នក​តស៊ូ​រក​យុត្តិធម៌ ចាប់​ខ្ញុំ​យក​ទៅ​ពេល​ណា ចាប់​យក​ទៅ​ចុះ! ចង់​ចាប់​ពេល​នេះ​ក៏​ចាប់​យក​ទៅ​ចុះ!»

ការ​ថ្លែង​របស់​លោក​ស្រី មូរ សុខហួរ នៅ​មុខ​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់ ដោយ​មាន​សកម្មជន​របស់​បក្ស​ប្រឆាំង​នៅ​ហែហម​ជាមួយ ដោយ​ធ្វើ​ការ​អុជ​ភ្លើង​ទៀន​ផង​នោះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​កំពូល​នៅ​ថ្ងៃ​ដដែល​នេះ បាន​សម្រេច​តម្កល់​ការ​កាត់​សេចក្ដី​របស់​តុលាការ​ថ្នាក់​ក្រោម ថា​ជា​បាន​ការ ចំពោះ​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចោទ​លោក​ស្រី​ពី​បទ​បរិហារ​កេរ្តិ៍។

ការ​ជជែក​នៅ​ក្នុង​បន្ទប់​សវនាការ​អស់​ជា​ច្រើន​ម៉ោង ដោយ​គេ​មិន​ឃើញ​មាន​មេធាវី​របស់​លោក​ស្រី មូរ សុខហួរ ទេ លោក គី តិច ដែល​ជា​មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា អ្វី​ដែល​លោក​ស្រី មូរ សុខហួរ ធ្វើ​ជា​អំពើ​ខុស​ច្បាប់ ពីព្រោះ​លោក​ស្រី​មិន​ទាន់​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី​ផង ប៉ុន្តែ​បាន​ធ្វើ​សន្និសីទ​កាសែត​លើក​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី ទៅ​ភ្ជាប់​ជាមួយ​នឹង​ស្ត្រី​ទូទៅ ដែល​នាំ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​ស្ថាប័ន សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មក​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក គី តិច បន្ថែម​ទៀត​ថា មេធាវី​របស់​លោក​ស្រី មូរ សុខហួរ មាន​តួនាទី​ត្រឹម​តែ​ការពារ​ក្ដី​ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត។ ការ​ធ្វើ​ដូច្នេះ​ខុស​វិជ្ជាជីវៈ ហើយ​ក្រោយ​មក​មេធាវី​រូប​នោះ​បាន​ដឹង​កំហុស ហើយ​ក៏​បាន​សុំ​ទោស។ លោក គី តិច ចោទ​ជា​សរុប​ថា ទង្វើ​របស់​លោក​ស្រី មូរ សុខហួរ គឺ​អំពើ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​នាយក​រដ្ឋមន្ត្រី។

ប្រធាន​ចៅក្រម​ក្នុង​អង្គ​ជំនុំ​ជម្រះ លោក ឃឹម ប៉ុន បាន​ប្រកាស​ថា អ្វី​ដែល​លោក​ស្រី មូរ សុខហួរ បាន​ថ្លែង គឺ​មិន​ត្រឹមត្រូវ​ទេ។ យោង​ទៅ​តាម​មាត្រា​ទី​១១៤ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី តុលាការ​បាន​សម្រេច​តម្កល់​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ក្រុង និង​សាលា​ឧទ្ធរណ៍ ជា​ការ​ត្រឹមត្រូវ។

លោក​ស្រី មូរ សុខហួរ បាន​សំដែង​ថា លោក​ស្រី​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​កាត់​សេចក្ដី​បែប​នេះ ៖ «ទាំង​តុលាការ​ដំបូង តុលាការ​ឧទ្ធរណ៍ តុលាការ​កំពូល អត់​មាន​យក​ធាតុ​ផ្សំ​ទាំង​អស់​នោះ យក​មក​ពិចារណា​ទាល់​តែ​សោះ! ដូច្នេះ​កាត់​ឲ្យ​ខ្ញុំ​ចាញ់ គ្រប់​ជាន់​ទាំង​អស់​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​មិន​មែន​ជា​ប្រព័ន្ធ​តុលាការ​មួយ​ដែល​យើង​អាច​សង្ឃឹម​បាន​ទេ!»

មន្ត្រី​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត បាន​ហៅ​ការ​សម្រេច​សេចក្ដី​បែប​នោះ​ថា កំពុង​តែ​ទាញ​ឲ្យ​ការ​គោរព​ច្បាប់​នៅ​កម្ពុជា​ធ្លាក់​ចុះ ដោយសារ​តែ​អ្នក​នយោបាយ​កំពូល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​សម្រាប់​កាច់​បំបាក់​គ្នា យក​ឈ្នះ​ចាញ់។

ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ទាំង​តុលាការ​ថ្នាក់​ក្រោម និង​តុលាការ​កំពូល មិន​បាន​ស៊ើប​អង្កេត​ដិតដល់ គឺ​មិន​បាន​យក​ករណី​របស់​លោក​ស្រី មូរ សុខហួរ ដែល​រង​ការ​ប្រមាថ​នោះ មក​ធ្វើ​ការ​ពិចារណា​ឡើយ។

ក្រោយ​ការ​កាត់​សេចក្ដី​របស់​តុលាការ​កំពូល លោក​ស្រី មូរ សុខហួរ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង បាន​នាំ​គ្នា​ដង្ហែ​ជា​ក្បួន​ឆ្ពោះ​ទៅ​អុធ​ទាន នៅ​ព្រះ​អង្គ​ដងកើ មុខ​ព្រះ​បរម​រាជ​វាំង ហើយ​ក៏​ត្រូវ​ប៉ូលិស​រារាំង។ ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ដោយ​រុញ​ច្រាន​គ្នា មិន​បាន​នាំ​ឲ្យ​មាន​ការ​រង​របួស​ទេ។

មក​ដល់​ពេល​នេះ លោក​ស្រី មូរ សុខហួរ កំពុង​ស្វែង​ឲ្យ​មាន​ការ​ពិចារណា​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

 

 

តំណាង​រាស្រ្ដ​បក្ស​ប្រឆាំង​នឹង​ដាក់​ពាក្យ​ទៅ​រដ្ឋ​សភា​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្រ្តី​នៅ​ឯ​ខេត្ត​កំពត

http://www.rfa.org/khmer/indepth/opposition-mp-requests-pm-2explain-his-remarks-04062009061042.html

ដោយ សាន សុវិទ្យ (2009-04-06)

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​នៃ​ខែត្រ​កំពត របស់​គណបក្ស​សមរង្ស៊ី រួម​ជាមួយ​នឹង​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​ទាំង​អស់ នឹង​ដាក់​ពាក្យ​ទាមទារ​ទៅ​ស្ថាប័ន ​រដ្ឋ​សភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ធ្វើ​សេចក្តី​ពន្យល់​ប្រកប​ដោយ​ភស្តុតាង​ច្បាស់​លាស់ អំពី​សេចក្តី​ថ្លែង​របស់​លោក នៅ​ខែត្រ​កំពត កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ។

 អ្នក​តំណាង​រាស្រ្ត​ស្រ្តី មូរ សុខហួរ នៃ​ខែត្រ​កំពត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពន្យល់​ពី​ហេតុផល​ក្នុង​សេចក្តី​ថ្លែង​របស់​លោក​នោះ អ្នក​តំណាង​រាស្រ្ត​រូប​នេះ​នឹង​ដាក់​ពាក្យ​ប្តឹង​សារទុក្ខ ទៅ​កាន់​គណៈកម្មការ​ការពារ​សិទ្ធិ​អ្នក​តំណាង​រាស្រ្ត​របស់​អង្គការ​អន្តរ​សភា ដែល​ជា​អង្គការ​ពិភព​លោក​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​ពិភពលោក​ផង​ដែរ។

លោកស្រី មូរ សុខហួរ បាន​ប្រាប់​ឲ្យ​ដឹង​ដូច្នេះ ៖ «ដើម្បី​ខ្ញុំ​បំពេញ​តួនាទី​ខ្ញុំ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ដ​នេះ ខ្ញុំ​និង​គណបក្ស​ប្រឆាំង​នឹង​សូម​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្រ្តី ផ្ដល់​នូវ​ការ​ពន្យល់​ដោយ​យក​ភស្តុតាង​ដែល​លោក​បាន​មាន​ប្រសាសន៍​ឲ្យ​បាន​ពិត​ប្រាកដ ពីព្រោះ​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្រ្តី​ជា​ប្រសាសន៍​សាធារណៈ ហើយ​ជា​ប្រសាសន៍​តំណាង​នៃ​រដ្ឋាភិបាល​ទាំង​មូល មិន​មែន​ជា​ការ​និយាយ​លេង​សើច​ទេ»

សូម​ជម្រាប​ថា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ មេសា នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​គណបក្ស​ប្រឆាំង ដែល​តាម​ប្រសាសន៍​របស់​លោក​បាន​រិះ​គន់​អ្នក​តំណាង​រាស្រ្ត​ស្ត្រី ដោយ​មិន​ចេញ​ឈ្មោះ ដោយ​បាន​លើក​ឧទាហរណ៍​ទាក់​ទង​នឹង​ទំនាស់​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ផង។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា​ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ​ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ​បាន​ដឹង​ថា​ទៅ​ដោយ​គេ​មិន​ហៅ​ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​រូប​នេះ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា ការ​ប្រើ​ពាក្យ​សម្តី​បែប​នេះ គឺ​ជា​ការ​មើល​ងាយ​ដល់​ស្រ្តី​ខ្មែរ​គ្រប់​រូប ហើយ​និង​ជា​បទ​បរិហារ​កេរ្ដិ៍​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទៀត​ផង។

ទោះ​បី​យ៉ាង​ណា​ក្តី អ្នក​តំណាង​រាស្រ្ត មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​នៅ​រង់​ចាំ​មើល​ការ​ដោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ពី​ស្ថាប័ន​កំពូល​របស់​ជាតិ​ជា​មុន​សិន មុន​នឹង​នាំ​ករណី​មួយ​នេះ​ឡើង​កាន់​តុលាការ​យុត្តិធម៌៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

មន្ត្រី​សិទ្ធិ​មនុស្ស​សោក​ស្ដាយ​ចំពោះ​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​មក​លើ​តំណាងរាស្ត្រ​ស្រ្តី

http://www.rfa.org/khmer/indepth/rights-activist-regrets-pm-remarks-04092009050329.html

ដោយ ឃឹម សារ៉ង (2009-04-09)

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោកស្រី ពុង ឈីវកេក បាន​សម្ដែង​ការ​សោក​ស្តាយ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​តំណាងរាស្ត្រ​ភេទ​ស្ត្រី​នៃ​គណបក្ស​សម​រង្ស៊ី​នៅ​ខេត្ត​កំពត កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​ថ្លែង​រំឭក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹក​ញយ ធ្លាប់​មាន​ប្រសាសន៍​ថា នឹង​លើក​ស្ទួយ​តួនាទី​របស់​ស្ត្រី ហើយ​ចង់​ឲ្យ​មាន​ស្ត្រី​កាន់​តែ​ច្រើន​ឡើងៗ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ជាមួយ​ដៃ​គូ​បុរស។

លោកស្រី ពុង ឈីវកេក ថ្លែង​ដូច្នេះ​ថា ៖ «ឃើញ​រដ្ឋាភិបាល​លោក​មិន​ពេញ​ចិត្ត​នឹង​តំណាងរាស្រ្ដ​ស្រ្ដី​របស់​គណបក្ស​ប្រឆាំង​អី​ហ្នឹង ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មាន​ការ​សោក​ស្ដាយ​មែន​ទែន ព្រោះ​អី​ចង់​ឃើញ​ថា​បើ​មាន​ស្រ្តី​ហ៊ាន​ចេញ​មុខ​មាន​រិះគន់​មាន​អី​គឺ​ជា​ការ​ល្អ​ទៅ​វិញ។ នៅ​ក្នុង​រដ្ឋសភា ពាក្យ​អង់គ្លេស​គេ​និយាយ​ថា Check and balance បាន​ន័យ​ថា​ឲ្យ​គណបក្ស​ជំទាស់​អ្នក​រិះគន់​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ឱកាស​កែប្រែ​ដើរ​ផ្លូវ​ឲ្យ​បាន​ល្អ​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ប្រទេស​ដែល​គេ​ហៅ​ថា​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គេ​តែង​តែ​ឃើញ​តួនាទី​គណបក្ស​ជំទាស់​ហ្នឹង​ខ្លាំង​ដើម្បី​ជួយ​តម្រង់​ផ្លូវ​ទៅ​ដល់​រដ្ឋាភិបាល​ក្នុង​បំណង​ល្អ គឺ​ជំរុញ​ប្រទេស​ជាតិ​យើង​ឲ្យ​ដើរ​ផ្លូវ​ត្រង់​ឲ្យ​ដើរ​ផ្លូវ​ល្អ»

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដោយ​រួម​ទាំង​អ្នក​តំណាងរាស្ត្រ​ស្ត្រី​ដែល​លោក​មិន​ចេញ​ឈ្មោះ​ផង ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវ​អាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ​ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ បាន​ដឹង​ថា​ទៅ​ដោយ​គេ​មិន​ហៅ​ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​ប៉័ងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​ខេត្ត​កំពត​និង​ជា​អគ្គលេខាធិការ​រង​នៃ​គណបក្ស​សម​រង្ស៊ី​បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ដែល​លោកស្រី​ខិត​ខំ​បំពេញ​កន្លង​មក​នេះ គឺ​ជា​តួនាទី​និង​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ​ប៉ុណ្ណោះ ពុំ​មែន​ជា​អំពើ​ខុស​ឆ្គង​អ្វី​ឡើយ៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

មូរ សុខហួរ គ្រោង​ដាក់​ពាក្យ​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ពី​បទ​បរិហារ​កេរ្តិ៍

http://www.rfa.org/khmer/indepth/musochua-2sue-hunsen-04232009223818.html

ដោយ ហ្សាការីយ៉ា (2009-04-23)

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​និង​ជា​អគ្គលេធិការ​រង​ផង​នោះ គឺ​លោកស្រី មូរ សុខហួរ បាន​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ប្តឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​លោកស្រី​កាលពី​ពេល​ថ្មី​នេះ និង​ទារ​សំណង​ចំនួន​៥០០​រៀល​នៅ​ក្នុង​ការព្រមាន​និង​រក្សា​តម្លៃ​នៃ​ស្រ្តី​ខ្មែរ​ទាំងអស់។

 ការថ្លែង​ដូច្នេះ​គឺ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៣ មេសា​នេះ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សមរង្ស៊ី​ក្នុង​ក្រុង​ភ្នំពេញ។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​និយាយ​នេះ ខ្ញុំ​ដាក់​ពាក្យ​នេះ ក្នុង​នាម​ខ្ញុំ​ជា​ស្រ្តី​ខ្មែរ កិត្តិយស​ជូន​ដល់​ស្ត្រី​ខ្មែរ»

កាលពី​ថ្ងៃ​ទី​៤ មេសា​កន្លង​ទៅ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ជន​ពិការ​នៅ​ឃុំ​តាកែន ខេត្ត​កំពត លោក ហ៊ុន សែន បាន​ថ្លែង​ដោយ​ប្រយោល​ថា នៅ​ក្នុង​ខេត្ត​កំពត​មាន​ស្រ្តី​ជើង​ខ្លាំង​ដែល​ពូកែ​ខាង​រក​រឿង​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត លោក​ស្រី​រូប​នោះ​រត់​ទៅ​ឱប​គេ​សោះ បែរ​ជា​បន្ទោស​ថា​គេ​ធ្វើ​របូត​ឡេវ​អាវ​របស់​លោក​ស្រី ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​គេ​ថែម​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឌឺដង​ដោយ​ហៅ​ក្រុម​លោកស្រី​ថា​ជា​ក្រុម​មុខ​ក្រាស់​ទាំង​ស្រី​ទាំង​ប្រុស។

ជាមួយ​គ្នា​នេះ​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្រ្ត​ផង​នោះ គឺ​លោក ជាម យៀប មាន​ប្រសាសន៍​ថា ការដាក់​ពាក្យ​បណ្តឹង​របស់​លោកស្រី មូរ សុខហួរ គឺ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «សម្ដេច​លោក​មាន​ប្រសាសន៍​ខ្ញុំ​តាមដាន​រហូត ពិនិត្យ​ទៅ​ថា សម្ដេច​អត់​មាន​ប្រសាសន៍​កន្លែង​ណា​មាន​ឈ្មោះ​ស្រី មូរ សុខហួរ នោះ​ទេ។ លោក​គ្រាន់តែ​លើក​ឡើង​ជា​ឧទាហរណ៍​ទេ»

ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​លោកស្រី មូរ សុខហួរ វិញ បាន​ចាត់ទុក​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​គឺ​បាន​សំដៅ​លើ​រូប​លោកស្រី មូរ សុខហួរ ហើយ ដោយសារ​តែ​លោកស្រី​បាន​ធ្វើការ​នៅ​ខេត្ត​កំពត ហើយ​មាន​ទំនាស់​កាល​ពី​មុន​បោះឆ្នោត​ជាមួយ​អាជ្ញាធរ​នៅ​ទី​នោះ។

លោក​មេធាវី គង់ សំអុន បាន​ថ្លែង​ថា ៖ «ជើង​ខ្លាំង​ខាង​រក​រឿង ដូច្នេះ​បាន​ន័យ​ថា​ជា​ការវាយ​តម្លៃ​ដោយ​ប្រមាថ​មួយ​ហើយ ហើយ​ក្នុង​អំពើ​នៃ​ការចោទ​ប្រកាន់​បែប​នេះ បើ​គ្មាន​ភស្តុតាង​ទេ​គឺ​ជា​ការខុស​ច្បាប់​មួយ»

លោក​មេធាវី គង់ សំអុន បាន​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែ​ទទួល​ខុស​ត្រូវ​នូវ​ការបរិហារកេរ្តិ៍​កូន​ក្តី​របស់​លោក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ជា​អ្នក​តំណាង​រាស្រ្ត​និង​តម្លៃ​ជា​នារី​ខ្មែរ​ផងដែរ ហើយ​លោក​នឹង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ មេសា អំពី​ករណី​នេះ ព្រោះ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការដាក់​ពាក្យ​បណ្តឹង ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​បញ្ចេញ​ឈ្មោះ​លោកស្រី មូរ សុខហួរ ក៏​ដោយ៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

រដ្ឋាភិបាល​គ្រោង​ប្តឹង មូរ សុខហួរ ពី​បទ​បរិហារកេរ្តិ៍​នាយក​រដ្ឋមន្ត្រី

http://www.rfa.org/khmer/indepth/gov-2sue-musochau-over-defamation-04252009090324.html

ដោយ សោភ័ណ (2009-04-25)

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ស្គាល់​ថា លោក​បាន​ទទួល​ដំណឹង​អំពី​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ពិត​ជា​មាន​គម្រោង​ប្តឹង​លោកស្រី​តំណាង​រាស្រ្ត មូរ សុខហួរ ពី​បទ​បរិហារកេរ្តិ៍​ប្រមុខ​រដ្ឋាភិបាល​ពិត​ប្រាកដ​មែន។ 

តំណាង​រាស្រ្ត ជាម យៀប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ទី​២៤ មេសា លោក ឱម យ៉ិនទៀង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល បាន​ប្រកាស​ថា គ្រោង​នឹង​ប្តឹង​បក​ទៅ​លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សមរង្ស៊ី​ពី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ៖ «តាម​ស៊ីធីអិន​ឮ​សូរ​ឯកឧត្ដម ឱម យ៉ិនទៀង ទេស​រដ្ឋមន្ត្រី​និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្ដេច ដែល​លោក​ដាក់​ប្ដឹង​លោក​ជំទាវ មូរ សុខហួរ ពី​បទ​បរិហារ​កេរ្តិ៍»

ការប្តឹង​បក​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ប្រកាស​ថា​នឹង​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​ដែរ​នោះ។

ឆ្លើយតប​នឹង​ប្រតិកម្ម​ខាង​លើ​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​មាន​ការតក់ស្លុត​អ្វី​ទាំងអស់​ចំពោះ​ដំណឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្តឹង​អ្នកស្រី​តប​វិញ​នោះ ដោយ​អ្នកស្រី​រង់ចាំ​ប្រឈម​មុខ​នឹង​តុលាការ។

អ្នកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​រដ្ឋាភិបាល​ដាក់​ពាក្យ​បណ្ដឹង​លើ​ខ្ញុំ ចាស! អញ្ជើញ​ទៅ​ចុះ! ទុក​ជូន​តុលាការ​កាត់​ទៅ វិនិច្ឆ័យ​ទៅ»

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៤ មេសា​នេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​យោធា​ពិការ​នៅ​ឃុំ​តាកែន ខេត្ត​កំពត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដោយ​ប្រយោល​ថា នៅ​ក្នុង​ខេត្ត​កំពត​មាន​ស្រ្តី​ជើង​ខ្លាំង​ដែល​ពូកែ​ខាង​រក​រឿង​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត លោក​ស្រី​រូប​នោះ​រត់​ទៅ​ឱប​គេ​សោះ បែរ​ជា​បន្ទោស​ថា គេ​ធ្វើ​របូត​ឡេវ​អាវ​របស់​លោក​ស្រី ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​គេ​ថែម​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​រិះគន់​ថា ៖ «ទី​១ ទោះបី​មិន​បញ្ចេញ​ឈ្មោះ ទោះបី​ការវាយ​ប្រហារ​ទៅ​លើ​ស្ត្រី​ណា​ក៏​ដោយ គឺ​ខ្ញុំ​ថា​ជា​រឿង​មួយ​អសីលធម៌ រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​ខ្ញុំ​ថា យើង​គួរតែ​គោរព​នូវ​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​យើង​គ្រប់​រូប​ទោះបី​នរណា​ក៏​ដោយ»

សូម​ជម្រាប​ថា កន្លង​មក​ធ្លាប់​មាន​អ្នក​ដឹកនាំ​និង​អ្នក​នយោបាយ​មួយចំនួន​មាន​ការប្តឹងផ្តល់​ជាមួយ​លោក ហ៊ុន សែន ដែរ តែ​មិន​ដែល​ឃើញ​អ្នក​ណា​ដែល​ឈ្នះ​ក្តី​ម្តង​ណា​ឡើយ ដោយ​ចុង​ក្រោយ​អ្នក​ទាំង​នោះ​មាន​ទាំង​សរសេរ​លិខិត​សុំ​ទោស​ទៀត​ផង៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

ជម្លោះ​រវាង​នាយក​រដ្ឋមន្ត្រី​និង​តំណាង​រាស្ត្រ​ស្ត្រី​នៃ​បក្ស​ប្រឆាំង

http://www.rfa.org/khmer/indepth/pm-sochua-lawsuits-04272009223145.html

ដោយ មណ្ឌលកែវ (2009-04-27)

អ្នក​តំណាង​រាស្ត្រ​ស្ត្រី​នៃ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ពី​បទ​បរិហារ​កេរ្តិ៍​លោកស្រី ចំណែក​ឯ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​នឹង​ប្ដឹង​តប​វិញ។

ស្រ្តី​ខ្មែរ​ដែល​ជា​អ្នក​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ស្រ្តី​ខ្មែរ​កំពូលៗ​ជា​ច្រើន​នាក់​បាន​រារែក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ជម្លោះ​រវាង​អ្នកស្រី មួរ សុខហួរ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​បន្ទាប់​អំពី​បណ្តឹង​មួយ​របស់​លោកស្រី មួរ សុខហួរ កាល​ពី​ពេល​ថ្មី​នេះ​ថា លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រមាថ​ដល់​តម្លៃ​ស្រ្តី​ខ្មែរ ហើយ​ជម្លោះ​នោះ​កំពុង​នាំ​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ព្យាយាម​ដក​អភ័យ​ឯកសិទ្ធិ​លោកស្រី​ទៅ​ទៀត។

ប្រធាន​អង្គការ​ស្រ្ដី​មាន​វិបត្តិ​ដែល​បាន​ធ្វើ​ការងារ​ច្រើន​ក្នុង​ការ​លើក​កម្ពស់​យេនឌ័រ​របស់​ស្រ្តី កញ្ញា សាយ វឌ្ឍនី បដិសេធ​ថា រឿង​របស់​លោកស្រី មួរ សុខហួរ ជា​រឿង​នយោបាយ គេ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ៖ «រឿង​ហ្នឹង​ពិបាក​និយាយ​ដែរ ព្រោះ​រឿង​ហ្នឹង​ដូច​ប៉ះពាល់​រឿង​នយោបាយ។ បើ​សិន​ខ្ញុំ​គិត​ទៅ ខ្ញុំ​ថា អត់​ចង់​មាន​មតិ​យោបល់​អី​ទេ»

ក្រសួង​កិច្ចការ​នារី​និង​កាកបាទ​ក្រហម​ដែល​មាន​មេដឹកនាំ សុទ្ធសឹង​ជា​ស្រ្តី​និង​បាន​ធ្វើ​ការងារ​ដង្ហែ​ក្បួន​ពេញ​ទីក្រុង​អំពី​សិទ្ធិ​ស្រ្តី​នៅ​រាល់​ពេល​ថ្ងៃ​សិទ្ធិ​នារី​នោះ ពេល​នេះ​មិន​លើក​ទូរស័ព្ទ​ឡើយ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី​ព្យាយាម​ទាក់ទង​តាំង​ពី​ព្រឹក​ដល់​ល្ងាច។

ដូច​គ្នា​នេះ​ដែរ មេដឹកនាំ​របស់​វិទ្យុ​ស្រ្តី FM 102 ដែល​តែង​ផ្សព្វផ្សាយ​អំពី​ការ​តស៊ូ​មតិ ហើយ​បាន​យក​លុយ​ពី​អន្តរជាតិ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជំរុញ​ទឹក​ចិត្ត​ស្រ្តី​ឲ្យ​ចូលរួម​ក្នុង​សង្គម​និង​មាន​កម្មវិធី​ច្រើន​ទៀត​សម្រាប់​ជួយ​ដល់​ស្រ្តី នៅ​ពេល​នេះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​អ្នកស្រី មួរ សុខហួរ ឡើយ។

ការ​រារែក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​រ៉ាវ​របស់​អ្នកស្រី មួរ សុខហួរ បាន​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​លោកស្រី មួរ សុខហួរ កំពុង​ត្រូវ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ព្រមាន​ដក​អភ័យ​ឯកសិទ្ធិ ក្រោយ​ពី​អ្នកស្រី​ព្រមាន​ប្តឹង​លោក​នាយក​រដ្ឋមន្រី្ត ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍ និង​ប្រមាថ​ដល់​ភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ដោយសារ​អ្នកស្រី​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឌឺ​ដង​នៅ​ក្នុង​ទី​សាធារណៈ​មួយ​នៅ​ខេត្ត​កំពត យ៉ាង​ដូច្នេះ​ថា ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ដែល​ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ​នោះ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ បាន​ដឹង​ថា ទៅ​ដោយ​គេ​មិន​ហៅ ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

បើ​ទោះ​បី​ជា​ស្ត្រី​មេដឹកនាំ​ជា​ច្រើន មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​រឿង​នេះ ក៏​មាន​ស្ត្រី​មួយ​ចំនួន បាន​រិះគន់​ថា ពាក្យ​ពេចន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​នឹង​នាំ​ឲ្យ​ស្រ្តី​បាក់​ទឹក​ចិត្ត ហើយ​ការ​ជំរុញ​យេនឌ័រ​នៅ​កម្ពុជា​នឹង​ជួប​បញ្ហា​មិន​ខាន។

កញ្ញា សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «មួរ សុខហួរ ជា​តំណាង​រាស្រ្ដ​មួយ ជា​ស្រ្តី​ដែល​បាន​តស៊ូ​មតិ​ចំពោះ​សិទ្ធិ​របស់​ស្រ្តី យើង​ឃើញ​ថា ប្រសិន​បើ​គេ​អាច​គាប​សង្កត់​គាត់ ហើយ​គាត់​មាន​ឋានៈ​ប៉ុណ្ណឹង​ហើយ គេ​អាច​គាប​សង្កត់​គាត់ នេះ​ជា​ការ​ឆ្លុះ​បង្ហាញ​អំពី​សភាព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ»

ប្រធាន​អង្គការ​សម្ព័ន្ធ​ដើម្បី​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា លីកាដូ លោកស្រី​វេជ្ជ​បណ្ឌិត ពុង ឈីវកេក បាន​សម្ដែង​ការ​សោក​ស្តាយ​ចំពោះ​ករណី​ជម្លោះ​ដែល​អាច​ឈាន​ដល់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​របស់​អ្នក​នយោបាយ​ខ្មែរ។ លោកស្រី​បន្ត​ថា ប្រសិន​បើ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នកស្រី មួរ សុខហួរ វា​អាច​បង្ហាញ​ពី​ការ​រើស​អើង​ចំពោះ​ស្រ្តី​ក្នុង​សង្គម​បច្ចុប្បន្ន។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «គោលដៅ​របស់​រដ្ឋាភិបាល​និង​គោលដៅ​របស់​គណបក្ស​ប្រឆាំង គឺ​ដូចគ្នា គឺ​ចង់​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​របស់​ស្រ្តី ព្រោះ​កុំ​ភ្លេច​ថា ប្រទេស​កម្ពុជា​យើង​បាន​ចុះ​សច្ចាប័ន​ជាមួយ​នឹង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ចំពោះ​នារី​ភេទ​តាំង​ពី ៩២។ ដូច្នេះ​អនុសញ្ញា​ហ្នឹង ដែល​អង់គ្លេស​គេ​ហៅ CEDAW ហ្នឹង បាន​និយាយ​ច្បាស់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រើស​អើង​ទៅ​លើ​ស្ត្រី​ទេ»

កម្មការិនី​រោងចក្រ ជៀន ពីង អ្នកស្រី ពូន ស្រីមុំ មាន​ប្រសាសន៍​ថា អ្នកស្រី​គាំទ្រ​ចំពោះ​គម្រោង​ដាក់​ពាក្យ​បណ្តឹង​របស់​អ្នកស្រី មួរ សុខហួរ ព្រោះ​ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ស្រ្ដី​ខ្មែរ ៖ «បើ​សិន​អ្នកស្រី​គាត់​ចង់​មាន​គំនិត​ថា ដើម្បី​រក្សា​កិត្តិយស​របស់​គាត់ គាត់​គិត​ថា គាត់​ប្ដឹង គឺ​ត្រឹម​ត្រូវ​របស់​គាត់​ដែរ​ហ្នឹង បើ​តាម​ការ​គិត​ខ្លួន​ខ្ញុំ​ផ្ទាល់»

គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​អ្នក​លឿង អ្នកស្រី ផាត់ សុធារី សម្ដែង​ពី​ការ​អស់​សង្ឃឹម​ចំពោះ​អនាគត​ប្រទេស​ជាតិ​នៅ​ពេល​ដែល​មាន​ជម្លោះ​រវាង​អ្នក​នយោបាយ​ជាន់​ខ្ពស់។

អ្នកស្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ជា​បុរស​គួរ​តែ​យោគ​យល់​ស្ត្រី​ឲ្យ​ច្រើន ព្រោះ​ស្ត្រី យេនឌ័រ»

អ្នកស្រី​វេជ្ជបណ្ឌិត ឡាក់ សុភាព មាន​ប្រសាសន៍​ថា រាល់​ការ​គាប​សង្កត់​និង​គំរាម​កំហែង​ណា​មួយ​មក​លើ​លោកស្រី មួរ សុខហួរ គឺ​ជា​ការ​បន្ទាប​តម្លៃ​ស្ត្រី​ខ្មែរ​យ៉ាង​ពិត​ប្រាកដ ៖ «គាត់​មិន​ឲ្យ​តម្លៃ​ស្ត្រី គាត់​បែរ​ជា​វាយ​តម្លៃ​ស្រ្តី​ដែល​ជា​អ្នក​ដឹកនាំ​ថ្នាក់​ជាន់​ខ្ពស់ អ៊ីចឹង​មាន​ន័យ​ថា គាត់​មិន​ឲ្យ​តម្លៃ​ស្ត្រី​ទូទាំង​ប្រទេស​តែ​ម្ដង»

តំណាង​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក អ្នកស្រី លឹម មុនី មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល។ ដំណោះស្រាយ​ណា​មួយ​ដែល​ខ្វះ​ភាព​យុត្តិធ៌ម​ក្នុង​ករណី​លោកស្រី មួរ សុខហួរ អាច​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ទូទៅ​មាន​ការ​រា​រែក​និង​ភ័យ​ខ្លាច។

អ្នកស្រី លឹម មុនី ថ្លែង​ដូច្នេះ​ថា ៖ «រាជ​រដ្ឋាភិបាល​យើង​កំពុង​តែ​មាន​គោលការណ៍​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ស្រ្តី​ដើម្បី​មាន​តួនាទី មាន​សេចក្ដី​ក្លាហាន មាន​ការ​ចេះ​ប្រើ​សិទ្ធិ អនុវត្ត​សិទ្ធិ ហើយ​និង​ការ​ជួយ​ផ្ដល់​ឱកាស​អំពី​សង្គម​យើង​ច្រើន​ណាស់។ គោលការណ៍​ទាំង​នេះ​ហើយ ដែល​ជា​គោលការណ៍​មួយ​ក្នុង​ការ​ជំរុញ​ស្ត្រី ហើយ​បើ​ស្រ្តី​មាន​សេចក្ដី​ក្លាហាន​នឹង​ធ្វើ​អ្វី​ផ្សេងៗ គួរ​តែ​នាំ​គ្នា​អនុវត្ត​នូវ​គោលការណ៍​នេះ»

នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ លោកស្រី មួរ សុខហួរ នឹង​ដាក់​ពាក្យ​បណ្តឹង​ជុំវិញ​រឿង​នេះ ចំណែក​ខាង​រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​បញ្ច្រាស​មក​វិញ​ដែរ ដោយ​ចោទ​ថា លោកស្រី​បង្ខូច​កិត្តិយស​នាយក​រដ្ឋមន្ត្រី។ ហើយ​មក​ដល់​ពេល​នេះ អ្នកស្រី មួរ សុខហួរ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា កន្លង​មក នៅ​ពេល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ស្រ្តី​ខ្មែរ​ត្រូវ​គេ​ជួញដូរ ឬ​វ៉ិបសាយថ៍​សរសេរ​រឿង​អាសអាភាស គេ​តែង​ឃើញ​មាន​ប្រតិកម្ម​ពី​សំណាក់​អង្គការ​ស្រ្តី​ជា​ច្រើន។

ប៉ុន្តែ ករណី​លោកស្រី មួរ សុខហួរ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ពី​សំណាក់​អង្គការ​ស្ត្រី​និង​ក្រសួង​កិច្ចការ​នារី​នៅ​ឡើយ​ទេ៕

Copyright © 1998-2010 Radio Free Asia. All rights reserved

មូរ សុខហួរ ដាក់​ពាក្យ​ប្ដឹង​នាយក​រដ្ឋមន្រ្តី​ពី​បទ​បរិហារកេរ្ដិ៍

http://www.rfa.org/khmer/indepth/Mu-Sochua-sues-pm-04282009062240.html

ដោយ មុំ សុផុន (2009-04-28)

ការ​ឌឺ​ដង​ពាក្យ​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី មណ្ឌល​កំពត បាន​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ហើយ។

លោកស្រី មូរ សុខហួរ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មេសា នេះ ដើម្បី​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ និង​ការ​ជេរ​ប្រមាថ​លោកស្រី​នៅ​ទី​សាធារណៈ​នា​ពេល​កន្លង​មក ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់ ៥០០​រៀល។

លោក គង់ សំអុន មេធាវី​របស់​លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​បា្រប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ពាក្យ​បណ្តឹង​បាន​ដាក់​ទៅ​ការិយាល័យ​រដ្ឋបាល​តុលាការ​ក្រុង​ភ្នំពេញ ជា​ផ្លូវ​ការណ៍​ហើយ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា​តុលាការ​ដើម្បី​ចាត់​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក គង់ សំអុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​ចាត់​ការ ព្រោះ​ខាង​អយ្យកា​គេ​មាន​ពេល​យូរ​បំផុត​ពីរ​ខែ។ ករណី​បទ​បរិហារកេរ្ដិ៍ និង​ការ​ជេរ​ប្រមាថ​តាម​មាត្រា ៦៣​ថ្មី នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល»

ករណី​ប្តឹង​ពី​លោក​នាយក​រដ្ឋមន្ត្រី​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​នៅ​ឯ​ឃុំ​តាកែន ខេត្ត​កំពត កាល​ពី​ដើម​ខែ​មេសា នេះ ដោយ​បាន​ថ្លែង ឌឺ​ដង​ទៅ​លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ដ​គណបក្ស​សមរង្ស៊ី មណ្ឌល​កំពត នោះ។

លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍ ​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ដែល​ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ប្រជុំ​គេ​មិន​ហៅ ក៏​ចូល​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

បើ​តាម​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធា្លប់​បាន​ឲ្យ​ដឹង​ថា លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​បាន​ប្រកាស​ថា គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​បក​ទៅ​លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សមរង្ស៊ី វិញ ពី​បទ​បរិហារ​កេរ្ដិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ថ្ងៃ​ទី ២៧ មេសា នេះ មិន​ទាន់​អាច​ទំនាក់​ទំនង​មេធាវី​រដ្ឋាភិបាល​ដើម្បី​បញ្ជាក់​ពី​ការ​ប្តឹង​តប​វិញ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក ប៉ាល់ ច័ន្ទតារា មេធាវី​រដ្ឋាភិបាល​បាន​បង្វែរ​ឲ្យ​សួរ​ទៅ​លោក គី តិច វិញ ហើយ​លោក គី តិច មិន​ទាន់​អាច​ទាក់​ទង​បាន។

ក្នុង​ករណី​បណ្តឹង​របស់​លោកស្រី មូរ សុខហួរ ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍ និង​ការ​ជេរ​ប្រមាថ​នេះ ក៏​មាន​មតិ​ខុស​គ្នា​រវាង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដោយ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា ទំនាស់​ពាក្យ​សម្តី​រវាង​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​គួរ​តែ​សម្រប​សម្រួល​គ្នា ជា​ជាង​ការ​ប្តឹង​ទៅ​ដល់​តុលាការ។ ប៉ុន្តែ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ករណី​របស់​អ្នក​នយោបាយ​ជាន់​ខ្ពស់​ទាំង​ពីរ​នេះ គួរ​តែ​ដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ហាញ​ពី​វិស័យ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​ផង ហើយ​គួរ​តែ​ជៀស​វាង​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

 

រដ្ឋាភិបាល​ប្ដឹង មូរ សុខហួរ និង​មនុស្ស​ផ្សេងៗ​ទៀត ទារ​សំណង​១០​លាន​រៀល

http://www.rfa.org/khmer/indepth/musochua-pm-exchange-law-suits-04282009233045.html

ដោយ មុំ សុផុន (2009-04-29)

រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​បក​ទៅ​អ្នក​តំណាងរាស្ត្រ​បក្ស​សមរង្ស៊ី មណ្ឌល​កំពត រួម​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត​ដោយ​ទាមទារ​សំណង​ជា​ប្រាក់​១០​លាន​រៀល ខណៈ​ដែល​លោកស្រី មូរ សុខហួរ បាន​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ពី​បទ​បរិហារ​កេរ្តិ៍ ហើយ​ទាមទារ​សំណង​តែ​ប្រាក់​៥០០​រៀល​នោះ។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​តុលាការ​ក្រុង​ភ្នំពេញ​នឹង​ចាត់ការ​យ៉ាង​ណា​ចំពោះ​ករណី​បណ្តឹង​របស់​អ្នក​នយោបាយ​ថ្នាក់​កំពូល​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​បក​ទៅ​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​មណ្ឌល​កំពត រួម​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ភស្តុតាង​ច្បាស់លាស់​ក្នុង​ករណី​នេះ​ឡើយ។

លោក គី តិច មេធាវី​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ថា ក្រោយ​ពី​បាន​ដាក់​ពាក្យ​បណ្តឹង​ហើយ រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ការឆ្លើយ​តប​ត​ណា​មួយ​ពី​តុលាការ​ក្រុង​ក្នុង​រឿង​បណ្តឹង​នោះ​នៅ​ឡើយ​ទេ។

លោក គី តិច បាន​បញ្ជាក់​ថា ៖ «យើង​ទាមទារ​សំណង​ជំងឺ​ចិត្ត អ៊ីចឹង​ខ្ញុំ​បាន​ប្ដឹង​ទាមទារ​ក្នុង​ម្នាក់ៗ​១០​លាន​រៀល។ ក្នុង​ហ្នឹង​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ប្ដឹង​ទី​១ គឺ​លោក​ជំទាវ មូរ សុខហួរ ហើយ​ទី​២ ជន​ដែល​ពាក់ព័ន្ធ។ សូម​ជម្រាប​ថា​ជន​ពាក់ព័ន្ធ​វា​អាស្រ័យ​លើ​សមត្ថកិច្ច​តុលាការ​គាត់​អ្នក​រក យើង​ភាគី​ដើម​បណ្ដឹង​យើង​សរសេរ​តែ​អង្គហេតុ សរសេរ​តែ​អ្វី​ដែល​យើង​មិន​សុខ​ចិត្ត ហើយ​ការវែក​រក​គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ បើ​សិន​ជា​ឃើញ​មាន​បុគ្គល​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ ហើយ​មាន​បទល្មើស​គឺ​គាត់​អាច​ចោទ​បាន»

លោក គី តិច មេធាវី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ទៀត​ថា ភស្តុតាង​នានា​បាន​ដាក់​ទៅ​តុលាការ​រួចរាល់​អស់​ហើយ។

រដ្ឋាភិបាល​បាន​ប្តឹង​បក​ទៅ​លោកស្រី មូរ សុខហួរ ក្នុង​ពេល​ដំណាល​គ្នា​ដែល​លោកស្រី មូរ សុខហួរ បាន​ប្តឹង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​និង​ជេរ​ប្រមាថ ដោយសារ​តែ​ពាក្យ​សម្តី​ឌឺដង​ដល់​លោកស្រី​នៅ​ឯ​ឃុំ​តាកែន ខេត្ត​កំពត កាលពី​ដើម​ខែ​មេសា​មក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការយក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី​ដែល​ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត ប្រជុំ​គេ​មិន​ហៅ ក៏​ចូល​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស់ កាប់​១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៨ មេសា​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាត់ការ​លើក​ករណី​បណ្តឹង​របស់​លោកស្រី មូរ សុខហួរ ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហើយ​រដ្ឋាភិបាល​បាន​ប្តឹង​បក​វិញ​ទៅ​លោកស្រី មូរ សុខហួរ នោះ​ដែរ​ឬ​យ៉ាង​ណា​នៅ​ឡើយ។

ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​មិន​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការបញ្ជាក់​ពី​ដំណើរការ​ដោះស្រាយ​បណ្តឹង​របស់​អ្នក​នយោបាយ​ថ្នាក់​កំពូល​ទាំង​ពីរ​នេះ​បាន​នៅ​ឡើយ​ទេ។

រហូត​មក​ទល់​ពេល​នេះ​មន្រ្តី​គណបក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​មិន​ទាន់​ធ្វើការ​បញ្ជាក់​យ៉ាង​ណា​ចំពោះ​បណ្តឹង​របស់​ខ្លួន​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការចាត់​វិធានការ​ពី​តុលាការ​ជា​មុន​សិន៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: