jump to navigation

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ហាតូយ៉ាម៉ា​លាចេញ​ពីមុខតំណែង​ ខែមិថុនា 3, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

  

©Reuters (លោកនាយករដ្ឋមន្ត្រីជប៉ុនហាតូយ៉ាម៉ាលាចេញពីមុខតំណែង)

បទវិភាគរបស់​ សៀក​ សារិន / អ្នកឆ្លើយឆ្លងព័ត៌មាន វិទ្យុបារាំង RFI (02/06/2010) 

ប្រាំបួនខែ​ក្រោយ​ពី​បាន​ឡើងមក​កាន់​កាប់​អំណាច​ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​ហាតូយ៉ាម៉ា​ ដែល​មក​ពី​បក្ស​កណ្តាល​និយម​លំអៀង​ឆ្វេង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​លា​ចាក​ចេញ​ពី​មុខ​តំណែង។​ នេះ​គឺ​ជា​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ទីបួន​ហើយ​ដែល​បាន​លាចេញ​ពី​មុខ​តំណែង​មុន​ចប់​អាណត្តិ​នារយៈ​ពេល​បួនឆ្នាំ​ចុងក្រោយ​នេះ។   

មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ហាតូយ៉ាម៉ា​លា ចេញ​ពី​មុខ​តំណែង​មុន​ចប់​អាណត្តិ​មាន​ច្រើន៖  

ទី១-​ប្រជាប្រិយភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហាតូយ៉ាម៉ា​ បាន​ធ្លាក់​ស្រុត​ចុះ​យ៉ាង​សែន​ខ្លាំងក្លា​ពី​៧០%​នៅ​ពេល​ដែល​លោក​ទើប​ឡើង​មក​កាន់​អំណាច​ធ្លាក់​មក​នៅ​ត្រឹម​តែ​១៨%​ប៉ុណ្ណោះ។
ទី២-​ការ​ពុំ​គោរព​ពាក្យ​សន្យា​ក្នុង​ការ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​មូលដ្ឋាន​យោធា​ចេញ​ពី​កោះ​អូគីណាវ៉ា។
ទី៣-​កង្វះ​ខាត​ការ​ពិសោធន៍។
ទី៤-​ការ​បញ្ឈប់​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ទៅលើ​សេវា​ប្រៃសណីយ៍​ជប៉ុន។
ទី៥-​អសមត្ថភាព​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទៅលើ​វិស័យ​សេដ្ឋកិច្ច។
ទី៦-​អសមត្ថភាព​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។
 
ក្រោយ​ពី​បាន​ខិតខំ​ធ្វើ​ការ​ទប់​ទល់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រួចមក​ នៅ​ទី​បំផុត​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហាតូយ៉ាម៉ា​អាយុ​៦៣ឆ្នាំ​ បាន​ត្រូវ​បង្ខំ​ចិត្ត​លា​ចាក​ចេញ​ពី​មុខ​តំណែង​ក្រោម​សម្ពាធ​ដែល​មាន​កាន់​តែ​ខ្លាំងឡើងៗ​ដោយហេតុ​តែ​ប្រជា​ប្រិយភាព​បាន​ធ្លាក់​ដួល​ដាំដូង​ដ៏​គួរ​ឲ្យ​បារម្ភ។​ ហើយ​មូលហេតុ​មួយ​ទៀត​គឺ​លោក​ហាតូយ៉ាម៉ា​ចង់​ចាក​ចេញ​ពី​មុខ​តំណែង​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី១១​កក្កដា​ខាង​មុខ​នេះ។
 
នៅ​ចំពោះ​មុខ​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់ៗ​នៃ​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន(​PDJ​) លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហាតូយ៉ាម៉ា​បាន​ប្រកាស​ទាមទារ​ផងដែរ​ឲ្យ​អគ្គ​លេខាធិការ​នៃ​ បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​លោក ​Ichiro Ozawa ​ដែល​ជា​ឥស្សរជន​ទីពីរ​នៃ​បក្ស​ឲ្យ​លា​ចេញ​ពី​មុខ​តំណែង​ ដោយ​ហេតុ​តែ​មាន​ជាប់​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
 
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហាតូយ៉ាម៉ា​ពុំ​គោរព​ពាក្យ​សន្យា​ក្នុង​ការ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​មូលដ្ឋាន​យោធា​ចេញ​ពី​កោះ​អូគីណាវ៉ា​ មក​ពី​លោក​ឋិត​នៅ​ក្រោម​សម្ពាធ​របស់​អាមេរិក​ ហើយ​និង​ម្យ៉ាង​ទៀត​លោក​យល់​ថា​ សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​គឺ​ជា​ការ​ចាំបាច់​សម្រាប់​រក្សា​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​នៅ​អាស៊ី​បូព៌ា។​ ទាំងនេះ​ហើយ​ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​ ជាពិសេស​ប្រជាជន​នៅ​កោះ​អូគីណាវ៉ា​ខឹង​ក្រេវ​ក្រោធ​​យ៉ាង​ខ្លាំង​ ហើយ​ក៏​ជា​មូលហេតុ​ជំរុញ​ឲ្យ​គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ទៅ​ចូល​រួប​រួម​ជា​មួយ​បក្ស​ប្រឆាំង​វិញ។
 
បេក្ខជន-នាយករដ្ឋមន្ត្រី​ដែល​គេ​យល់ថា​អាច​មាន​សមត្ថភាព​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន​បន្ត​ពី​លោក​ហាតូ​យ៉ាម៉ា​មាន​ចំនួន​បីនាក់៖
 


ទី១-​លោក​ Naoto Kan ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ដែល​មាន​អាយុ​៦៣ឆ្នាំ។​ លោក​Naoto Kan​បាន​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​បេក្ខជន-នាយក​រដ្ឋមន្ត្រី​ដ៏​ប្រសើរ​ដើម្បី​បង្រួប​បង្រួម​​គណបក្ស​ខុសៗ​គ្នាជា​ច្រើន​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ។​ លោក​ជា​អតីត​សកម្មជន​ឆ្វេង​និយម​និង​ជា​សមាជិក​ស្ថាបនិក​នៃ​ បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន(​PDJ​)។
 
អត្ថប្រយោជន៍​មួយ​ទៀត​គឺ​ លោក​Naoto Kan​ពុំ​បាន​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់​នឹង​បញ្ហា​មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះ​អូគីណាវ៉ា។​ លោក​បាន​ឡើង​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​នៅ​​ខែ​មករា​ឆ្នាំ២០១០។​ លោក​ជា​អ្នក​មាន​ទស្សនៈ​ប្រាកដ​និយម​នៅ​ក្នុង​ការ​ប្រឈម​មុខ​ទល់​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​ ដោយ​បាន​ថ្លែង​ឲ្យ​ដឹង​ជា​សាធារណៈ​ពី​ជំហរ​របស់​លោក​ក្នុង​ការ​គាំទ្រ​ការ​តម្លើង​ពន្ធ​ដារ​ទៅលើ​ការ​ទិញដូរ​ហូបចុក​ ហើយ​និង​ការ​ដាក់​កម្រិត​ទៅលើ​បរិមាណ​នៃ​ប្រាក់​បំណុល​របស់​រដ្ឋ។
 
ទី២-​លោក​ Katsuya Okadaរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​មាន​អាយុ​៥៦ឆ្នាំ​ លោក​ធ្លាប់​បាន​ធ្វើ​ជា​ប្រធាន​នៃ​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន(​PDJ​)​នៅ​ឆ្នាំ២០០៤​និង​ឆ្នាំ២០០៥។​ លោក​ជា​អតីត​គូ​ប្រជែង​របស់​លោក​ហាតូយ៉ាម៉ា។​ ដូច​លោក​ហាតូ​យ៉ាម៉ា​អ៊ីចឹង​ដែរ​ លោក​ធ្លាប់​មាន​សកម្មភាព​នយោបាយ​នៅ​ក្នុង​បក្ស​សេរី-ប្រជាធិបតេយ្យ​ជប៉ុន​មុន​នឹង​ចូល​ទៅក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន(​PDJ​)។​ លោក​ជា​កូន​អ្នក​មាន​ស្តុកស្ដម្ភ​នៃ​ម្ចាស់​ក្រុម​ហ៊ុន​ដ៏​ល្បី​ឈ្មោះ​Aeon ។​ លោក​Katsuya Okada​មាន​រហស្សនាម​ថា​”បុរស​ស្អាត​ស្អំ​” ហើយ​លោក​ឋិត​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​ប្រជាជន​ជប៉ុន​និយម​ចូលចិត្ត​ជាងគេ។
 
ទី៣-​លោក ​Seiji Maehara រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ មាន​អាយុ​៤៨ឆ្នាំ​ លោក​ធ្លាប់​បាន​ធ្វើ​ជា​ប្រធាន​នៃ​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន(​PDJ​)​នៅ​ឆ្នាំ២០០៥​និង​ឆ្នាំ២០០៦។​ លោក​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​និយាយ​អ្វីៗ​យ៉ាង​ចំៗ​មិន​ចេះ​លាក់​បាំង​ឡើយ។​ ហើយ​លោក​ក៏​មិន​រួញរា​នឹង​នឹង​ធ្វើ​ការ​ទិតៀន​ទៅ​លើ​កង្វះ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​​ហាតូ​យ៉ាម៉ា​ពាក់​ព័ន្ធ​នឹង​មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះ​អូគីណាវ៉ា​ឡើយ។
 
លោក​ជា​អ្នក​គាំទ្រ​នយោបាយ​ឯករាជ្យ​របស់​ប្រទេស​ជប៉ុន​ ដោយ​លោក​យល់​ថា​ កិច្ច​ការពារ​ប្រទេស​ជប៉ុន​គឺ​ជា​ភារកិច្ច​របស់​ជប៉ុន​ ពុំ​មែន​​​ភារកិច្ច​របស់​សហរដ្ឋ​អាមេរិក​ឡើយ។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​វិញ​ លោក​គាំទ្រ​នយោបាយ​វិមជ្ឈការ​ លោក​គាំទ្រ​ការ​កាត់​បន្ថយ​ឧនភាព​នៃ​ថវិកា​ជាតិ​ ហើយ​និង​គាំទ្រ​នយោបាយ​ជំរុញ​ឲ្យ​មាន​កំណើន​ប្រជា​ពលរដ្ឋ​ជប៉ុន៕
 

 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: