jump to navigation

Global Witness ប្រតិកម្ម​តប​នឹង​នាយក​រដ្ឋមន្ត្រី​ខ្មែរ ខែ​ឧសភា 31, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

ដោយ ជី វិតា (2010-05-28 )

Radio Free Asia : http://www.rfa.org/khmer/event/global_witness_reacts-2hunsen-05282010041904.html

អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ប្រតិកម្ម​តប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ថា មិន​បាន​ប្រើប្រាស់​ពេល​វេលា​សំខាន់​របស់​លោក ដើម្បី​រិះរក​វិធី​សាស្ត្រ​ទប់​ទល់​នឹង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​រុក​រក​រ៉ែ​នៅ​កម្ពុជា។

និមិត្តសញ្ញា របស់ អង្គការ Global Witness (www.globalwitness.org)

នៅ​ថ្ងៃ​ពុធ ទី​២៦ ឧសភា បាន​ប្រតិកម្ម​តប​ទៅ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន ថា​គួរតែ​ចំណាយ​ពេល​ពិនិត្យ​មើល​ការ​ចាត់ចែង​ប្រាក់​ចំណូល ដែល​បាន​មក​ពី​វិស័យ​ឧស្សាហកម្ម រ៉ែ ឲ្យ​បាន​ល្អ និង​មាន​តម្លាភាព ប្រសើរ​ជាង​ចំណាយ​ពេល​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល ដូច​ជា​អង្គការ Global Witness ដែល​ខិតខំ​ចង្អុល​បង្ហាញ​នូវ​អំពើ​មិន​ប្រក្រតី​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក។

លោក​ស្រី អេលីណា នីកូល (Eleanor Nichol) មន្ត្រី​នៃ​អង្គការ Global Witness បាន​ថ្លែង​ដូច្នេះ​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អង្គការ Global Witness ដោយ​ប្រសាសន៍​ធ្ងន់​ៗ កាល​ពី​ថៃ្ង​ពុធ ទី​២៦ ខែ​ឧសភា ទាក់ទិន​នឹង​របាយការណ៍​របស់​អង្គការ Global Witness ដែល​ចោទ​ថា ប្រាក់​មួយ​ចំនួន​ដែល​ក្រុមហ៊ុន BHP Billiton របស់​ប្រទេស​អូស្ត្រាលី បាន​ប្រគល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ការ​ធានា​ឲ្យ​បាន​នូវ​កិច្ច​សន្យា​រុក​រ៉ែ​នៅ​កម្ពុជា​នោះ បាន​បាត់​មិន​ឃើញ​មាន​នៅ​ក្នុង​គណនេយ្យ​របស់​រដ្ឋ។

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ឱកាស​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា នា​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​២៦ ឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​អង្គការ Global Witness ថា​ជា​ក្រុម​ចោរ ពីព្រោះ​អង្គការ​នេះ​ចោទ​ប្រកាន់​រដ្ឋាភិបាល​របស់​លោក​ថា ពុក​រលួយ​ដោយ​គ្មាន​មូលដ្ឋាន។

ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ លោកស្រី អេលីណា នីកូល នៃ​អង្គការ Global Witness បាន​ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​យក​ពេល​ដ៏​សំខាន់​នៃ​សន្និសីទ​នេះ ជជែក​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ចាត់ចែង និង​ត្រួត​ពិនិត្យ​បា្រក់​ចំណូល​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ឧស្សាហកម្ម​រ៉ែ​នៅ​កម្ពុជា។

លោក​ស្រី អេលីណា នីកូល បាន​បញ្ជាក់​ថា ៖ «វា​ជា​ការ​ស្រងាក​ចិត្ត​ខ្លាំង​ណាស់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ឱកាស​ក្នុង​វេទិកា​ជាតិ​ដ៏​សំខាន់​នេះ មក​រិះគន់​អង្គការ Global Witness ជាជាង​ជជែក​រក​ដំណោះស្រាយ​លើ​បញ្ហា​ធំ​ៗ​ទាំង​ឡាយ ដូច​ជា​ការ​គ្រប់គ្រង និង​អភិបាល​កិច្ច​លើ​វិស័យ​ឧស្សាហកម្ម​រ៉ែ​របស់​ប្រទេស​ជាតិ ក្នុង​នោះ​រួម​មាន​បញ្ហា​តម្លាភាព បញ្ហា​គណនេយ្យ​ភាព ឬ​ភាព​ទទួល​ខុស​ត្រូវ បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គម​ជាដើម។ ទាំង​អស់​នេះ​ជា​បញ្ហា​សំខាន់​ខ្លាំង​ណាស់ ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​វេទិកា​សាធារណៈ ដើម្បី​ធានា​ឲ្យ​បាន​ថា ឧស្សាហកម្ម​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ជា​បាន​គុណ​ប្រយោជន៍​ដល់​ប្រទេស​ជាតិ»។

ទាក់ទង​នឹង​ប្រាក់​ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន BHP Billiton វិញ​នោះ លោក​ស្រី អេលីណា នីកូល បាន​ឲ្យ​ដឹង​ថា អង្គការ Global Witness មិន​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​ពុក​រលួយ​ទាក់ទិន​នឹង​ប្រាក់​មូលនិធិ​ចំនួន ២​លាន ៥​សែន​ដុល្លារ​នោះ​ទេ។ ប៉ុន្តែ​អង្គការ Global Witness បាន​រាយ​ការណ៍​អំពី​ការ​បាត់​បង់ ដោយ​មិន​ឃើញ​ចូល​ក្នុង​គណនេយ្យ​របស់​រដ្ឋ​នូវ​ប្រាក់ ១​លាន​ដុល្លារ​ផ្សេង​ទៀត ដែល​ក្រុមហ៊ុន BHP Billiton ដដែល​នេះ បាន​ប្រគល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។

លោក​ស្រី អេលីណា នីកូល បាន​មាន​ប្រសាសន៍​ថា ៖ «ប្រាក់​សម្រាប់​មូលនិធិ​សង្គម​ចំនួន ២​លាន ៥​សែន (ដុល្លារ) ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន BHP Billiton គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង និង​ដោយ​ក្រុមហ៊ុន BHP Billiton ខ្លួន​ឯង​ផង ដើម្បី​ធានា​ថា មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ពុក​រលួយ ហើយ​ផ្អែក​តាម​ភស្តុតាង​ដែល​ខ្ញុំ​ឃើញ ប្រាក់​ទាំង​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ! អ្វី​ដែល​យើង​ចោទ​ជា​សំណួរ​នោះ គឺ​ប្រាក់ ១​លាន​ដុល្លារ​ផ្សេង​ទៀត។ ក្រុមហ៊ុន BHP Billiton បាន​ប្រាប់​យើង​ថា គេ​បាន​ចុះ​ហត្ថលេខា​ប្រគល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​បន្ថែម​ទៀត ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០០៦ សម្រាប់​ជា​ការ​ធានា​ឲ្យ​បាន​កិច្ច​សន្យា​ដី​សម្បទាន​ទំហំ ១​សែន​ហិកតារ​សម្រាប់​រុក​រក​រ៉ែ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។ នោះ​ហើយ​គឺ​ជា​សំណួរ​របស់​យើង​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​យើង ដែល​មាន​ឈ្មោះ​ថា “ប្រទេស​សម្រាប់​ដាក់​លក់” ថា​តើ​លុយ​នោះ​បាត់​ទៅ​ណា? ពីព្រោះ​វា​មិន​ឃើញ​មាន​នៅ​ក្នុង​បញ្ជី​គណនេយ្យ​របស់​រដ្ឋ​ទេ! ដូច្នេះ​ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា យើង​ចោទ​លោក​អំពី​ប្រាក់​មូលនិធិ​សង្គម​ចំនួន ២​លាន ៥​សែន​នោះ គឺ​លោក​ខុស​ហើយ!»។

លោក​ស្រី អេលីណា នីកូល បាន​ឲ្យ​ដឹង​បន្ថែម​ថា ផ្អែក​តាម​ការ​ស៊ើប​អង្កេត និង​ការ​ស្រាវជ្រាវ​របស់​អង្គការ Global Witness ប្រាក់​ដែល​បាន​មក​ពី​ក្រុមហ៊ុន​រុក​រក​រ៉ែ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា ក៏​មិន​ឃើញ​មាន​បង្ហាញ​នៅ​ក្នុង​គណនេយ្យ​របស់​រដ្ឋ​ផង​ដែរ៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

Advertisements

មតិ»

1. Samady KS - ខែ​ឧសភា 31, 2010

ខ្ញុំ​គាំ​ទ្រ​ចំពោះ​ចំណុច​ដែល​និយាយ​ថា វា​ជា​ការ​ស្រងាក​ចិត្ត​ខ្លាំង​ណាស់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ឱកាស​ក្នុង​វេទិកា​ជាតិ​ដ៏​សំខាន់​នេះ មក​រិះគន់​អង្គការ Global Witness ជាជាង​ជជែក​រក​ដំណោះស្រាយ​លើ​បញ្ហា​ធំ​ៗ​ទាំង​ឡាយ

មេឃា - ខែ​ឧសភា 31, 2010

ខ្ញុំក៏សុំគាំទ្រដែរ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: