jump to navigation

ប្រពន្ធ័ផ្សព្វផ្សាយស្រង់សម្តីលោកហ៊ុន សែន ហៅ Global Witness ជាមេចោរ ខែ​ឧសភា 28, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

  

នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន

 

លោកហ៊ុន សែន ហៅ Global Witness ជាមេចោរ 

 

(ដកស្រង់ចេញពី វិទ្យុអូស្រ្តាលី ខេមរភាសា)  

ព័ត៌មានថ្មីៗ 13:05:39, 27 May 2010  

ប្រភព ៖ http://khmer.radioaustralia.net.au/archives/current_affairs/?p=30674  

ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ នៅថ្ងៃពុធនេះ បានថ្លែងប្រតិកម្មជាសាធារណៈចំពោះ អង្គការ ឃ្លាំមើលបរិស្ថានអន្តរជាតិ ដែលមានទីស្នាក់ការនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា ជាមេចោរ នៅពេលដែលអង្គការបន្តរិះគន់រដ្ឋាភិបាលរបស់លោកមិនសំចៃ។  

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីការធ្វើអាជីវកម្មរ៉ែ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានប្រតិកម្មទៅនឹង Global Witness ដែលបានចោទរដ្ឋាភិបាលខ្មែរថា បាន ប្រព្រឹត្តអំពើ ពុករលួយទាក់ទងនឹងការប្រើប្រាស់ថវិកាជាតិ ទាក់ទងទៅនឹង ការ ជីករករ៉ែនៅក្នុងប្រទេសកម្ពុជា។  

ថ្លែងទៅកាន់បណ្តាអង្គទូតនិងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ដោយបានរំលឹកថា អង្គការអន្តរជាតិមួយនេះ តែងតែចងកម្មចងពៀរ ដោយផ្តើមចេញពីរឿងអាស្រូវផ្លូវភេទរបស់បុគ្គលិកស្រីម្នាក់ នៅក្នុងអង្គការនោះ តែប៉ុណ្ណោះ បើទោះជា អង្គការនេះ ធ្លាប់ត្រូវបានរដ្ឋាភិបាល ជួលឱ្យមកឃ្លាំមើល អំពីបរិស្ថានផងដែរ នោះ។  

លោកហ៊ុន សែន បានបញ្ជាក់ «អស់លោកលោកស្រី ខាងភ្នាក់ងារបរទេសទាំងឡាយ មិនឈឺក្បាលខ្លះទេឃើញ អាចោរ អាក្រុមចោរ Global Witness ចេះតែជេររដ្ឋាភិបាល អ្នកលោកធ្វើការជាមួយ អាពួកកូនចោរនៅពេញហ្នឹងឬយ៉ាងម៉េច ? យើងវាទៅជា រដ្ឋាភិបាលភ្នំពេញទៅជាចោរ ឥឡូវខ្ញុំជេរ អាមេចោរ និងអាកូនចៅនៅភ្នំពេញ លុយមិនទាន់បានផង វាទៅជាឯងចោរទៅហើយ វាមើលមកឯងហ្នឹង ដូចចោរ ក្នុងពេលដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យម៉ាប្រទេស…»  

ព្រមគ្នានេះមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បាន ស្នើជំរុញឱ្យមន្រ្តីរដ្ឋាភិបាល និងមន្រ្តីអង្គការបរិស្ថានមួយនេះ ជួបពិភាក្សារកដំណោះ ស្រាយ ជាជាងពង្រីកបញ្ហាកាន់តែធំទៅៗ។ លោកបានបញ្ជាក់ថា អង្គការមួយនេះ ធ្វើការជាអ្នកឃ្លាំ មើលនៅតាមបណ្តាប្រទេសជា ច្រើនដើម្បីជួយកែលំអរ តែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ថាពិតជាមិន មានផលចំណេញនោះទេ សម្រាប់ភាគីទាំងពីរ កាលបើមិនបានលើកយកបញ្ហា មកជជែកគ្នានោះ។   

«ក្នុងនាមខ្ញុំជាសង្គមស៊ីវិល ខ្ញុំមើលឃើ់ញថា ធម្មតាការធ្វើរបាយការណ៍ ការស្រាវជ្រាវ ការបង្ហាញនូវភស្តុតាង តឹកតាងផ្សេងៗ វាគួរតែយកមកជជែកគ្នាសិន យើងចង់ថា មុននឹងផ្សព្វផ្សាយព័ត៌មានណាមួយ គួរតែដាក់កិច្ចការងារនេះជជែកគ្នា កាលណាយើងជជែកគ្នា យើងនឹងយល់ពីការ របៀបនៃការផ្សព្វផ្សាយព័ត៌មាន របៀបទំនាក់ទំនងគ្នា…» លោក ចាន់ សាវ៉េត បានមានប្រសាសន៍។  

គួររំលឹកផងដែរថា មានរបាយការណ៍ជាច្រើនរបស់អង្គការGlobal Witness ចាប់តាំងពីឆ្នាំ២០០៥ មក បានទទួលរងការរិះគន់ពីរដ្ឋាភិបាលកម្ពុជា ទាក់ទង របាយការណ៍ ខ្សែស្រឡាយ អ្នកលួចជាតិ ប្រទេសសម្រាប់លក់ និងអំពើពុករលួយ ក្នុងវិស័យរ៉ែជាដើម។  

(របាយការណ៍ដោយ លោក សយ សុភា ៖ អ្នករាយការណ៍ព័ត៌មាន វិទ្យុអូស្រ្តាលី ខេមរភាសា)  

      

លោក​ហ៊ុន សែន ​បាន​វាយប្រហារ​អង្គការ​ Global​ Witness​ ជាថ្មី​ដោយ​ប្រើ​ពាក្យ​សំដី​ធ្ងន់ៗ 

ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ   

(ដកស្រង់ចេញពី វិទ្យុសម្លេងសហរដ្ឋអាមេរិក ខ្មែរ ផ្សាយថ្ងៃពុធ, 26 ខែឧសភា 2010) ប្រភព ៖ http://www1.voanews.com/khmer/news/cambodia/hun-sen-warns-Global-Witness-thief-94937579.html  

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ លោក​ហ៊ុន សែន​បាន​វាយប្រហារ​អង្គការ ​Global ​Witness ​របស់​ ប្រទេស​អង់គ្លេស ​ដោយ​ប្រើ​ពាក្យ​សំដី​ធ្ងន់ៗ​ នៅ​ថ្ងៃពុធ​នេះ ​ដោយ​លោក​បាន​ស្នើ​ដល់​ស្ថានទូត​អង់គ្លេស​ ប្រចាំ​ក្រុង​ភ្នំពេញ​ ជួយ​អន្ដរាគមន៍​ដើម្បី​រម្ងាប់​ការ​រិះគន់​របស់​អង្គការ​ការពារ​បរិដ្ឋាន​មួយ​នេះ។   

“ខ្ញុំ​ព្រមាន​អា​ឃ្លោបលវិតណេស។​ អាហ្នឹង​ក្រុម​មេចោរ ​ ព្រោះអានេះ​មិន​ដឹង​ថា​ ​វា​ធ្វើ​អ្វី​ខ្លះ​ទេ​ ចេះ​តែ​ជេរ​រដ្ឋា​ភិបាល។​ មើល​អគ្គ​រដ្ឋទូត​អង់គ្លេស​ ជួយ​ប្រាប់​ អា​ពួក​ហ្នឹង​បន្ដិច​មើល!”   

ប្រតិកម្ម​របស់​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ បើក​សន្និសីទ​អន្ដរ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ​ស្ដីពី​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ។​ សន្និសីទ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ខាង​រ៉ែ​ជាតិ​ និង​អន្ដរជាតិ​ រួម​ទាំង​តំណាង​ក្រុមហ៊ុន​ឯកជន​ សរុប​ប្រមាណ​៣០០​នាក់។   

ប្រតិកម្ម​របស់​លោក​ហ៊ុន សែន​ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​អំពី​ក្រុមហ៊ុន​រុករក​រ៉ែមាស​ BHP​ Billiton​ របស់​ប្រទេស​អូស្ត្រាលី​ ត្រូវ​ជាប់​សង្ស័យ​ថា​ បាន​ផ្ដល់​សំណូក​ចំនួន​២,៥លានដុល្លារ​អាមេរិក​ ទៅ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ​ដើម្បី​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​នៅ​ខេត្តរតនគិរី។   

នៅ​ក្នុង​របាយការ​របស់​ខ្លួន ​កាល​ពី​ខែ​មេសា ​ អង្គការ​ Global ​Witness​ បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ BHP​ មិន​មែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​បាន​ផ្ដល់​សំណូក​ដល់​រដ្ឋា​ភិបាល​ខ្មែរ​នោះ​ទេ។​ ពោល​គឺ​ នៅ​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ជាច្រើន​ទៀត​ បាន​ផ្ដល់​ប្រាក់​សំណូក​យ៉ាង​សម្បើម​ដល់​រដ្ឋា​ភិបាល​ខ្មែរ​ ដែល​ប្រាក់​ទាំងនេះ​មិន​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​គណនី​របស់​ប្រទេស​កម្ពុជា​ទេ។   

លោក ​ហ៊ុន សែន​​បាន​ព្រមាន​បន្ថែម​ទៀត​នៅ​ចំពោះ​មុខ​អង្គទូត​ និង​មន្ដ្រី​មក​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ នានា​ថា ​ អង្គការ​ Global ​Witness ​រាប់​ទាំង​ស្ថាប័ន​រូបិយ​វត្ថុ​អន្ដរ​ជាតិ​ធំៗ​ផង​ដែរ​ មិន​ត្រូវ​ផ្ដល់​មេរៀន​ពី​ការ​ ចាត់​ចែង​ចំណូល​ពី​ធនធាន​ធម្មជាតិ​ដល់​ប្រទេស​កម្ពុជា​ច្រើន​ពេក​នោះ​ទេ។   

“មិន​គួរ​ផ្ដល់​មេរៀន​ច្រើន​ពេក​ដល់​កម្ពុជា​លើ​ការ​ចាយ​លុយ​នោះ​ទេ។ ​ប៉ុន្មាន​ថ្ងៃ​នេះ​ ក្រុម​ចោរ​មួយ​ ក្រុម​ នៅ​ក្រុង​ឡុងដ៍​ ស្រែក​ទៀត​ហើយ។​ វា​សួរ​ថា​ អា​ហ្នឹង​យក​ទៅ​ដាក់​នៅ​ឯណា?​ វា​សួរ​ទៅ​ធនាគារ​អភិវឌ្ឍន៍​ជនបទ។ វា​សួរ​ថា ​តើ​មាន​ដាក់​មូល​និធិ​សង្គម​ហ្នឹង​ទេ”   

សូម​បញ្ជាក់​ថា ​ដើម្បី​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​គ្រប់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ចាំបាច់​ត្រូវ​បង់ប្រាក់​រង្វាន់​ពេល​ចុះ​ហត្ថលេខា​ដល់​រដ្ឋា​ភិបាល​ ​ហើយ​ក្រុមហ៊ុន​ខ្លះ​ទៀត​ផ្តល់​ប្រាក់​ជំនួយ​ផ្នែក​មូលនិធិ​សង្គម​បន្ថែម​ពីលើ​ប្រាក់​រង្វាន់​ចុះ​ហត្ថលេខា​នោះ​ទៀត​ ​ដោយ​ផ្អែក​តាម​ការ​ចរចា​ជាមួយ​រដ្ឋា​ភិបាល ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ រួម​ជា​មួយ​នឹង​តម្លាភាព​នៃ​ការ​គ្រប់​គ្រង​ចំណូល​ពី​ធនធាន​ធម្មជាតិ​ បាន​ក្លាយ​ជា ក្តី​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ម្ចាស់​ជំនួយ​មួយ​ចំនួន ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។   

លោក ​Jenny​ Bromley ​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​អង្គការ​ Global ​Witness ​ទទួល​បន្ទុក​ចំពោះ​ករណី​ទាក់ ទង​នឹង​ប្រទេស​កម្ពុជា​ មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ ​ដោយសារ​ទូរស័ព្ទ​ របស់​លោករោទ៍​ដោយ​គ្មាន​អ្នក​ទទួល៕    

ហ៊ុន​សែន​៖ មនុស្ស​របស់ Global Witness គឺ​ជា​ចោរ

 

http://www.rfa.org/khmer/indepth/hunsen-attacks-global-witness-05262010071018.html 

(ដោយ សុខ សេរី 2010-05-26) 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​២៦ ឧសភា​នេះ បាន​ប្រតិកម្ម​ជា​ថ្មី​ទៀត​បដិសេធ​ថា វា​ជា​ការ​មិន​ពិត​ចំពោះ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ​មួយ​ឈ្មោះ Global Witness ដែល​បាន​ចោទ​ប្រកាន់​ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​​បាន​ទទួល​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន​រាវ​រក​រ៉ែ​របស់​​អូស្ត្រាលី​​ចំនួន ២,៥​លាន​ដុល្លារ​កន្លង​មក។ 

លោក ហ៊ុន សែន បាន​ហៅ​ក្រុម​មនុស្ស​របស់​អង្គការ​នេះ​ថា​ជា​ក្រុម​ចោរ ដោយសារ​តែ​ក្រុម​មនុស្ស​ទាំង​នេះ​បាន​យល់​ដឹង​ច្រើន​អំពី​វិធី​លួច​លុយ និង​អំពើ​ពុក​រលួយ ហើយ​បែរ​ជា​មក​ប្រដៅ​រដ្ឋាភិបាល​របស់​លោក​ឲ្យ​ចេះ​ថែ​រក្សា​លុយ និង​ឲ្យ​ចេះ​ចាយ​លុយ​ពី​ធនធាន​រ៉ែ។ 

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្ដីពី ឱកាស​សម្រាប់​កម្ពុជា ធ្វើ​អាជីវកម្ម​រ៉ែ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា​នេះ បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ធ្ងន់​ៗ​ថា ៖ «ឥឡូវ​យើង​អត់​ទាន់​មាន​លុយ​សោះ ប៉ុន្តែ​គេ​បង្រៀន​យើង​ពី​របៀប​ចាយ​លុយ និង​រហូត​ដល់​គេ​ចោទ​ប្រកាន់​យើង​អំពី​អំពើ​ពុក​រលួយ​នៃ​ការ​ចាយ​លុយ​ដែល​មិន​ទាន់​មាន​សោះ! អ៊ីចឹង​មាន​ន័យ​ថា ក្រុម​នេះ​ជា​ក្រុម​ចោរ! ចោរ​វា​ធ្លាប់​លួច ទើប​វា​ដឹង​រឿង​ចោរ ឬ​វា​រៀន​ពី​ចោរ ឬ​វា​ជា​មេ​ចោរ បាន​វា​ដឹង​ថា តើ​ត្រូវ​លួច​របៀប​ណា!»។ 

តំណាង​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ Global witness នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ​នៅ​ឡើយ​ទេ ពីព្រោះ​គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅ​ឡើយ​អំពី​ប្រសាសន៍​របស់​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ 

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «នៅ​ពេល​បច្ចុប្បន្ន តើ​អ្វី​ដែល​និយាយ​ត្រូវ ឬ​មួយ​ក៏​ខុស ជាជាង​វាយ​ប្រហារ​គេ​ជា​បុគ្គល។ ខ្ញុំ​ថា វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​មួយ​អវិជ្ជមាន​ចំពោះ​ការ​រិះគន់!»។ 

អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រកាស​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០០២​កន្លង​ទៅ ក្រោយ​ពី​អង្គការ​នេះ​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​ជា​ច្រើន ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន និង​គ្រួសារ​សាច់​ញាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា​ជា​រឿង​មិន​ពិត ហើយ​មាន​ចរិត​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល។ 

កាល​ពី​ដើម​ខែ​ឧសភា​នេះ មាន​សេចក្ដី​រាយ​ការណ៍​ថា អង្គការ Global Witness បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ប្រាក់​សំណូក​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​ឈ្មោះ BHP Billiton ក្នុង​ការ​ទទួល​សិទ្ធិ​រាវ​រក​រ៉ែ​បុកស៊ីត​នៅ​កម្ពុជា​កន្លង​មក។ 

លោក ហ៊ុន សែន បាន​ប្រតិកម្ម​នៅ​ថៃ្ង​ពុធ​នេះ​ទៀត​ថា ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក​នោះ ជា​ប្រាក់​សម្រាប់​មូលនិធិ​សង្គម ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​សន្យា​ចូល​ក្នុង​ថវិកា​រដ្ឋ នៅ​គ្រា​ដែល​អង្គការ Global Witness បាន​ស្រាវជ្រាវ​រក​ប្រាក់​នេះ នៅ​ក្នុង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កន្លង​មក៕ 

Copyright © 1998-2010 Radio Free Asia. All rights reserved. 

សូមរកមើល របាយការណ៍របស់ Global Witness ពាក់ពន្ធ័នឹងប្រទេសកម្ពុជា ៖  

  

  

 

   

Advertisements

មតិ»

1. ឡង់ឌី - ខែ​ឧសភា 29, 2010

កាល​ពី​ថ្ងៃទី​៣០​មេសា ស្ថាន​ទូត​កម្ពុជា​នៅ​ក្រុង London បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ចោទ​ប្រកាន់ Global Witness ថា៖ «មិន​មាន​ការ​គ្រប់​គ្រង​និង អាច​បង្ក​គ្រោះ​ថ្នាក់» ក្រោយ​ពី​អង្គ​ការនេះ សួរសំនួរ​ស្តីពី ការបង់​ប្រាក់ 28,000,000 USD របស់​ក្រុមហ៊ុន TOTALបារាំង ដើម្បីទទួល​បាន​សិទ្ធិ​រុករក​ប្រេង​ក្រុង​ប្រទេស​កម្ពុជា។ អា ហោ ណាំបូរាំ (ឯកអគ្គរាជទូត​កម្ពុជា នៅ​អង់គ្លេស) ដែល​ត្រូវ​ជា​ប្អូន អា ហោ ណាំហុង បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា៖ «វា​ដល់​ពេល​ហើយ​ដែល​អង្គការ​នេះ ត្រូវ​បញ្ឍប់​ការ​តាម​ដាន​របស់​ខ្លួន​ ហើយ​ត្រូវ​ការ​តាម​ដាន​របស់​ខ្លួន ហើយ​ត្រូវ​ពន្យល់​វែក​ញែក​ឱ្យ​មាន​ភាព​យុត្តិធម៌ អំពីយុទ្ធនាការ​របស់​អង្គការ​នេះ ដែល​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល»
«យុទ្ធ​សាស្រ្ត​ដែល​មិន​អាច​ទទួល​យក​បាន​ របស់​អង្គការនេះ​ ចាំ​បាច់​ត្រូវ​តែ​បង្ហាញទៅ​មនុស្ស​ទាំង​ឡាយ​ឱ្យ​បាន​ដឹង» ក្នុង​សេចក្តី​ថ្លែង​ការនោះ​ បាន​ស្នើ​ឱ្យ​អង្គការ Global Witness មក​ពិភាក្សារ​ជាសាធារណៈ នៅ​ក្នុង​ទីក្រុង London or កន្លែង​ណា​ក៏បាន» ហើយ​អង្គការ​ GW ក៏បាន​យល់​ព្រមតាម ។
ប៉ុន្តែ​ត្រូវ អា ហោ ណាំ​បូរា អត់​ហ៊ាន​ចូលរួម​ក្នុង​ការ​ពិភាក្សារ​នោះទេ ដោយ​ខ្លាច​អង្គការ​មួយនេះ​ឆ្លៀត​ឱកាស​ ហែក​កេរ្តិ៍​ របស់រដ្ឋាភិបាល (លក់ជាតិ) ប្រាប់ពិភព​លោក​ ។
ពួក​អាឆ្កែ​បម្រើ​យួន ហូជីមិញអស់​នេះ​ វា​មិន​គិត​ពី​អនាគត​ប្រទេស​ជាតិ គិត​តែ​ផ្គាប់​ចិត្ត​ម្ចាស់​វា​ទេ…

មេឃា - ខែ​ឧសភា 31, 2010

របាយការណ៍របស់ Global Witness នឹងធ្វើឲ្យរដ្ឋាភិបាលអាម៉ាសមុខ… ទោះបីជារឿយៗ រដ្ឋាភិបាលបដិសេធន៍អំពីទិន្នន័យក្នុងរបាយការណ៍ តែការពិតនៅតែជាការពិត…

2. ឡង់ឌី - ខែ​ឧសភា 29, 2010

អរគុណ​សម្រាប់​សៀវ​ភៅ របស់​ Global Witness ខាង​លើ 😀

មេឃា - ខែ​ឧសភា 31, 2010

សូមដោនឡតដោយរីករាយ… កុំភ្លេចអានផងណា… 🙂

3. sambatt - ខែ​ឧសភា 30, 2010

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

មេឃា - ខែ​ឧសភា 31, 2010

មិនយូរទេ រដ្ឋាភិបាលនឹងសារភាពដោយខ្លួនឯងមិនខាន…

4. sambatt - ខែមិថុនា 1, 2010

នរណាចោរ ?Global Witness លួចអី បានហៅថាមេចោរ?

មេឃា - ខែមិថុនា 24, 2010

ពាក្យ «ចោរ» ពេលនេះ ប្រហែលជាមានន័យត្រឹម «Doo Mer Mei-ភាសាវៀតណាម» 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: