jump to navigation

ប៉ូលិស​ចរាចរណ៍​នៅ​សៀមរាប​រង​ការ​ចោទ​ថា​វាយ​បុរស​ម្នាក់​ឲ្យ​របួស​ធ្ងន់ ខែ​ឧសភា 12, 2010

Posted by មេឃា in កខគឃង.
trackback

យុវជន ឈ្មោះ សុក វុទ្ធី (ស្ដាំ) ផ្ដល់ បទ សម្ភាសន៍ ដល់ ក្រុម អ្នក កាសែត នៅ មុខ នគរបាល ប៉ុស្តិ៍ ស្វាយដង្គំ ក្នុង ទី រួម ខែត្រ សៀមរាប កាល ពី ថ្ងៃ ១១ ឧសភា ២០១០។

ប៉ូលិស​ចរាចរណ៍​នៅ​សៀមរាប​រង​ការ​ចោទ​ថា​វាយ​បុរស​ម្នាក់​ឲ្យ​របួស​ធ្ងន់

 

ដោយ ៖ ហង្ស សាវយុត / អ្នកឆ្លើយឆ្លងព័តមានវិទ្យុអាស៊ីសេរី (2010-05-11)

យុវជន​ម្នាក់​នៅ​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​ថា ប៉ូលិស​ចរាចរណ៍​ម្នាក់​បាន​វាយ​ដំ​ខ្លួន​ឲ្យ​មាន​របួស​ធ្ងន់។
ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​ជិត​ផ្សារ​ចាស់ សង្កាត់​ស្វាយដង្គំ ទី​រួម​ខេត្ត​សៀមរាប មាន​ការ​ភ្ញាក់​ផ្អើល​ចោមរោម​មើល​បុរស​វ័យ​ក្មេង​ម្នាក់ រង​របួស​ឈាម​ហូរ​ដាប​ស្រោច​ថ្ពាល់​មួយ​ចំហៀង​ខាង​ស្កាំ ប្រឡាក់​អាវ​ជោក កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​ឧសភា​នេះ ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ប៉ូលិស​ចរាចរណ៍​វាយ​ដំ។

មតិ​រិះគន់​ចោទ​ថា ប៉ូលិស​បាន​វាយ​បុរស​នោះ​នៅ​បន្ទាប់​ពី​គេ​ព្យាយាម​បញ្ឈប់​ដើម្បី​ផាក​ពិន័យ តែ​យុវជន​អ្នក​ជិះ​ម៉ូតូ​នោះ​មិន​ព្រម​ឈប់។ ម៉ូតូ​គាត់​គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ និង​គាត់​មិន​បាន​ពាក់​មួក​សុវត្ថិភាព។

បុរស​រង​គ្រោះ​ឈ្មោះ សុក វុទ្ធី អាយុ ២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ មាន​ប្រសាសន៍​នៅ​ពេល​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស ដែល​ឋិត​នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​ឧសភា​នេះ ថា គាត់​បាន​ជិះ​ម៉ូតូ​ដែល​គ្មាន​ស្លាក​លេខ, គ្មាន​កញ្ចក់ និង​មិន​បាន​ពាក់​មួក​សុវត្ថិភាព ចេញ​ពី​មន្ទីរ​ពេទ្យ​ធំ បម្រុង​ទៅ​ផ្សារ​ចាស់​រក​ទិញ​បបរ​យក​ទៅ​ឲ្យ​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ប៉ុន្តែ​នៅ​ពេល​ជិះ​ចេញ​បាន​បន្តិច ក៏​ស្រាប់តែ​មាន​ប៉ូលិស​ចរាចរណ៍​ម្នាក់​បាន​ចេញ​មក​ស្ទាក់​ពី​មុខ​ផ្លូវ ហើយ​ដោយសារ​ប្រថុចញ៉ុច​ពេក ប៉ូលិស​នៅ​ពី​មុខ​ទៅ​ហើយ ម៉ូតូ​គាត់​កំពុង​លឿន មិន​អាច​ចាប់​ហ្រ្វាំង​បាន​ភ្លាម​ៗ​ទេ គិត​ខ្លាច​បុក​ប៉ូលិស​ផង គាត់​ក៏​ព្យាយាម​កាច់​ចង្កូត​ម៉ូតូ​គេច​ចេញ​ពី​ប៉ូលិស ហើយ​ក៏​ត្រូវ​ប៉ូលិស​ចរាចរណ៍​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា អ៊ុក សាទៀង បាន​លើក​វិទ្យុ​ទាក់ទង​ម៉ាក Motorola វាយ​មក​ចំ​ក្បាល​គាត់ បណ្ដាល​ឲ្យ​បែក​ឈាម។

លោក សុក វុទ្ធី បាន​បញ្ជាក់​ថា ៖ «ចំណុច​កែង​ផ្សារ​ចាស់ ពី​ខាង​ពេទ្យ​មក ជិះ​ម៉ូតូ​រាង​លឿន​ដែរ រក​ទិញ​បបរ​ឲ្យ​អ្នក​ជំងឺ​នៅ​ពេទ្យ។ ការ​ពិត​គាត់​ឈរ​នៅ​អែប​ផ្លូវ ហើយ​ខ្ញុំ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ឃើញ​គាត់ គាត់​មិន​មែន​ឈរ​ឲ្យ​យើង​ឃើញ​ទេ! ពេល​ហ្នឹង​ខ្ញុំ​ជិះ​លឿន​មក គាត់​មក​ដល់​ចង្អុល​មុខ បើ​តាម​គំនិត​ខ្ញុំ គេ​ប្រុង​ផាក​ហើយ! ខ្ញុំ​ដឹង​ថា ម៉ូតូ​ខ្ញុំ​ខុស​ហើយ ប៉ុន្តែ​ខ្ញុំ​គេច​គាត់… ខ្ញុំ​ក៏​កាច់​គេច​គាត់​បន្តិច បើ​យើង​ជិះ​បុក​គាត់ យើង​ខុស​ទៀត។ អាយកូម​នៅ​នឹង​ដៃ​ក៏​គាត់​យារ​វ៉ៃ ប៉ូលិស​ពីរ នៅ​ក្រោយ​មួយ មុខ​មួយ នៅ​អែប​គ្នា​ហ្នឹង តែ​អ្នក​វ៉ៃ​តែ​ម្នាក់​ហ្នឹង​ទេ។ បើ​ដោះស្រាយ​គ្នា​បាន ខ្ញុំ​បញ្ចប់​ត្រឹម​ហ្នឹង បើ​ថា ដោះស្រាយ​គ្នា​មិន​បាន ខ្ញុំ​ត​ទៅ​លើ​ទៀត!»។

បន្ទាប់​ពី​កើត​ហេតុ​នោះ​ភ្លាម ទាំង​ជន​រង​គ្រោះ និង​ប៉ូលិស​ដៃ​ដល់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយដង្គំ នាំ​ទៅ​សាកសួរ​ដើម្បី​ធ្វើ​កំណត់ហេតុ។

លោក​វរសេនីយ៍​ត្រី វ៉ាន់ វីរៈ អនុ​ប្រធាន​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ដែល​បាន​ទៅ​ពិនិត្យ​មើល​ហេតុការណ៍ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មិន​ទាន់​បដិសេធ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ទទួល​យ៉ាង​ម៉េច​ដែរ ចាំ​ឲ្យ​គេ​បំភ្លឺ​ចប់​សិន! ប៉ូលិស​ប៉ុស្តិ៍​កំពុង​តែ​បំភ្លឺ​ប៉ូលិស​ខ្ញុំ​ហើយ ព្រោះ​អី​មធ្យោបាយ​ដែល​អ្នក​រង​គ្រោះ​ហ្នឹង​ជិះ វា​អត់​មាន​ត្រឹមត្រូវ​តាម​ច្បាប់។ បើ​សិន​ជា​ប្អូន​ហ្នឹង​ឈប់​តាម​បច្ចេកទេស​ដែល​ប៉ូលិស​ខ្ញុំ​ឃាត់ ប្រាកដ​ជា​គ្មាន​បញ្ហា!»។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប៉ូលិស​ចរាចរណ៍​ខេត្ត​សៀមរាប រង​ការ​ចោទ​ប្រកាន់​ថា បាន​វាយ​ដំ​លើ​អ្នក​បើកបរ​យាន​យន្ត​នៅ​តាម​ដង​ផ្លូវ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​កន្លង​មក ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​ដាក់​ពិន័យ និង​បញ្ឈរ​ជើង​ប៉ូលិស​ចរាចរណ៍​ខេត្ត​ចំនួន ៥​នាក់ មិន​ឲ្យ​ចេញ​បំពេញ​ការងារ​នៅ​តាម​ដង​ផ្លូវ​ម្ដង​រួច​មក​ហើយ ដោយសារ​តែ​ប៉ូលិស​បាន​ព្រួត​គ្នា​ចាប់ និង​វាយ​ដំ​អ្នក​បើកបរ​រថយន្ត​ក្រុមហ៊ុន​ម្នាក់ ដោយ​គាត់​គ្រាន់តែ​បើកបរ​ភ្លេច​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

មតិ»

1. មេឃា - ខែ​ឧសភា 12, 2010

«ទោសបង្ករបួសស្នាម»… គុក បានសមរម្យ !!! យ៉ាងហោចណាស់ក៏ត្រូវតែដាក់​ឲ្យ​បានមួយខែ​ដែរ ដើម្បីជាការព្រមានដល់ប៉ូលីសដទៃទៀត… មិនថា តែ​ប៉ូលីស​ចរាចរណ៍ទេ លោកនៅប៉ុស្តិ៍ក៏ដោយ…

លោកអ្នកគ្មានអាជ្ញាសឹកណាមួយ អាចធ្វើទណ្ឌកម្មជនដែលគ្មានអាវុធនៅក្នុងដៃ​បានទេ… រឹតតែធ្ងន់ធ្ងរថែមទៀត គឺនៅពេលដែលរកភស្តុតាងមកបង្ហាញបានថា លោកមានចេតនា… កម្ពុជាក៏ជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិ និងមានច្បាប់​ជាតិប្រឆាំងនឹង ការធ្វើទណ្ឌកម្មដោយរំពានទៅលើជនស្លូតត្រង់បែបនេះដែរ…

2. រឹទ្ធ - ខែកញ្ញា 19, 2011

ពួកប៉ូលីសមិនថាសៀមរាប​មិនថាទីណា ពួនចាំស្ទាក់ធ្វើមើលតែគេនឹងចោរ បើគេខុសចាប់ផាកទៅមានស្អី​​ ចាប់បាន
ផាកទៅ ចាប់មិនបានអត់ហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: