jump to navigation

នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ ខែ​មីនា 26, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល, អាពាហ៍ពិពាហ៍ និងគ្រួសារ.
trackback

ប្រភព ៖ http://www.rfi.fr/actukm/articles/123/article_4903.asp  

នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍

(ដោយ ៖ សេង  ឌីណា / អ្នកឆ្លើយឆ្លងព័ត៌មាន វិទ្យុបារាំង RFI)
(អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/03/2010)  

 
ការរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅកម្ពុជា ជាពិសេស នៅតាមជនបទ បានធ្វើទៅ​ដោយ​គ្រាន់តែមានរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីតែប៉ុណ្ណោះ ប៉ុន្តែមិនបានទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។  

ពិធីសែនចងដៃ តាមនីតិវិធីប្រពៃណីខ្មែរ

 

ចំណងអាពាហ៍ពិពាហ៍ ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណី ដោយគ្មានការចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍បែបនេះ មិនមានសុពលភាពតាមផ្លូវច្បាប់នោះទេ មានន័យថា បើទោះជាគូស្វាមីភរិយានេះ រស់នៅជាមួយគ្នា ដោយមានការទទួលស្គាល់ពីសង្គមថា ជាប្តី-ប្រពន្ធរៀបការពេញមុខពេញមាត់ហើយក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់ អ្នកទាំងពីរ​រស់នៅ​ដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេ។  

  

ចំណងអាពាហ៍ពិពាហ៍បែបនេះ អាចនឹងបង្កជាបញ្ហាស្មុគស្មាញ ជាពិសេស នៅពេល​មាន​ការលែងលះ ឬនៅពេលដែលភាគីណាមួយ ទៅលបលួចមានប្តី ឬប្រពន្ធផ្សេង។   

សំណួរសួរថា តើការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវធ្វើឡើង ដោយគោរពទៅតាម​នីតិវិធី​អ្វីខ្លះ?  

យោងតាមលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នីតិវិធីនៃការចុះសំបុត្រ​អាពាហ៍ពិពាហ៍ គឺមានជាលំដាប់លំដោយដូចតទៅ៖  

អនាគតកូនកម្លោះ ត្រូវដាក់ពាក្យសុំទៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ចេញសេចក្តីបញ្ជាក់ថា ខ្លួនពិតជាមិនមានជាប់ចំណងអាពាហ៍ពិពាហ៍​ចាស់ណាមួយមែន (នៅលីវ ឬពោះម៉ាយ)។  

ប្រសិនបើជាពោះម៉ាយដោយការលែងលះ ត្រូវមានដីកាតុលាការ អំពីការលែងលះ។ ប្រសិនបើជាពោះម៉ាយ ដោយប្រពន្ធស្លាប់ត្រូវមានលិខិតមរណភាពរបស់សពប្រពន្ធ។
ក្រោយពីបានលិខិតបញ្ជាក់ពីមេឃុំ-ចៅសង្កាត់រួចហើយ ភាគីខាងប្រុស ត្រូវយក​លិខិត​នេះ ព្រមទាំងសំណុំបែបបទមួយទៀត បំពេញដោយភាគីខាងស្រី ដាក់ជូនទៅ​សាលាឃុំ-សង្កាត់ខាងស្រី។ មន្រ្តីអត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់ខាងស្រី ជាអ្នកចេញ​សេចក្តីប្រកាសជូនដំណឹងអាពាហ៍ពិពាហ៍ ដើម្បីយកទៅបិទ នៅផ្ទះខាងស្រី ហើយ​សេចក្តីចម្លងមួយទៀត យកទៅបិទនៅផ្ទះខាងប្រុស។  

ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើមិនមានការតវ៉ាជំទាស់ណាមួយទេ ការធ្វើពិធីអាពាហ៍​ពិពាហ៍​តាមទំនៀមទម្លាប់ប្រពៃណីអាចរៀបចំធ្វើទៅបាន។​ក្រោយពិធីអាពាហ៍ពិពាហ៍​នេះ (យ៉ាងយូរ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោងនេះ ត្រូវត្រឡប់ទៅសាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បីផ្តិតមេដៃ ក្នុងសៀវភៅអត្រានុកូលដ្ឋាន ហើយមេឃុំ-ចៅសង្កាត់ ចេញសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការជូន។  

គួរបញ្ជាក់ថា នៅក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ភាគីទាំងពីរត្រូវមានសាក្សី  យ៉ាងតិច ២រូប (ម្នាក់សម្រាប់ខាងស្រី និងម្នាក់សម្រាប់ខាងប្រុស)។ សាក្សីនេះ អាចជា​ឱពុកម្តាយក៏បាន ជាសាច់ញាតិ ឬមិត្តភក្តិណាមួយក៏បាន (មានវ័យគ្រប់ការ)។​ចំពោះ​គូស្វាមី ភរិយា ដែលបានរៀបការកន្លងមក ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (ជាពិសេស អ្នករៀបការក្នុងរបបខ្មែរក្រហម) អាចទៅសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ពីសាលាឃុំ-សង្កាត់ ដែលខ្លួនរស់នៅ។  

ការដាក់ពាក្យសុំនេះ មិនទាមទារឲ្យមាននីតិវិធីប្រកាសផ្សាយជាសាធារណៈ ដូចការរៀបការថ្មីទេ ប៉ុន្តែ ត្រូវមានសាក្សី យ៉ាងតិច ២រូប ដែរ៕  

(ការពន្យល់របស់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់)

%d bloggers like this: