jump to navigation

កំណាព្យខ្មែរ… ខែ​មីនា 24, 2010

Posted by មេឃា in កំណត់ហេតុមេឃា.
trackback

ព្រឹកម៉ិញរៀបចំទុកដាក់សៀវភៅ និងឯកសារចាស់ៗ ឲ្យមានរបៀបរៀបរយបន្តិច… បានប្រទៈ​ឃើញសៀវភៅមួយក្បាលដែលមាន រូបព្រាបសធំ ហើរនៅចំកណ្តាល ហើយ​មានអមដោយចំណងជើងនៅខាងឆ្វេងថា កែវ ចន្ទ័បូរណ៍ នភហង្សផលា ​​សុខចន័្ទផល រីនៅផ្នែកខាងស្តាំវិញសរសេរថា កំណាព្យភាគ ៦ និងរឿង ក្រោមភ្លៀងកក់ខែ អក្សរដែលទំនងជាផ្ចង់ឡើងដើម្បីទាក់ទាញអ្នកអាន បានសរសេរ​ថា ស្មារតីខ្មែរ គុណធម៌ សីលធម៌…    

កំណាព្យស្មារតីខ្មែរ គុណធម៌ សីលធម៌

 

 គិតមួយសន្ទុះបាននឹកឃើញថា ជាសៀវភៅដែលមិត្តអ្នកនិពន្ធខ្មែរបានផ្តល់ជូន​ជា​អនុស្សាវរីយ៍ ក្នុងពិធីមួយកាលពីប៉ុន្មានឆ្នាំមុន… អានលេងបន្តិចសិន ! ព្រោះយ៉ាង​ហោច​ណាស់​ក៏បានស្គាល់អ្នកនិពន្ធ សុខ ចាន់ផល មួយដែរ !    

ស្កែនបានមួយត្រួស ក៏ចាប់អារម្មណ៍លើកំណាព្យរបស់បងស្រី កែវ ចន្ទ័បូរណ៍ ដែល​បាន​ផ្តល់ចំណងជើងថា ៖    

ថ្ងៃណាទើបភ្លឺ ?

ភ្លេងខ្មែរវង់ធំបែរហៅភ្លេងសៀម   សម្លខ្មែរត្រៀមបែរហៅម្ជូរយួន    

រាំវង់ខ្មែរល្បីបែរហៅឡាំថូន            រាំវង់ញាក់ខ្លួនបែរហៅឡាំឡាវ។    

ខោដេរសង្ហាហៅខោបារាំង            ចូលវត្តយើងគាំងបាលីជាផ្លូវ    

ភាសាបរទេសស្តាប់យល់អីទៅ      អាវច្រើនហោប៉ៅបែរហៅអាវចិន។    

ផ្លាកនៅមុខហាងខ្មែរអានមិនដាច់     អង់គ្លេសវាតខ្ទេចគ្មានអ្នកធុញទ្រាន់    

ឈុតអាវតាមផ្សារអ្នកលក់អួតលាន់    ឈុតសឿងសោភណ័ម៉ូដស្រុកកូរ៉េ។    

ខ្មែរណាស្បែកសហៅកូនជប៉ុន            ខ្មែរណាខ្មៅក្រិនហៅកូនសំរ៉ែ    

ផ្លែឈើណាល្អផ្លែស្រុកផន់គេ                ខ្មែរឯងនៅស្រែល្ងិតល្ងង់លង់ជ្រាំ។    

ទម្លាប់ខ្មែរខុសប្រមាថតែខ្លួន                 ពូជពង្សតាដូនភ្លេចស្ងួនថែទាំ    

លើកយសបរទេសជាន់ខ្លួនលិចកម្ម     ឪខ្មែរស្រងាំ… ថ្ងៃណាទើបភ្លឺ ?…    

កំណាព្យនេះ ប្រសិនបើខ្ញុំជាអ្នកនិពន្ធវិញ ប្រហែលជាត្រូវការសិក្សារាប់ខែហើយមើលទៅទើបអាចតែងបានប៉ុណ្ណឹង…

Advertisements
%d bloggers like this: