jump to navigation

បុរសភេទទីបីចង់ឲ្យមានច្បាប់អាចរៀបការភេទដូចគ្នា ខែ​មីនា 17, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល, អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

ប្រភព ៖ http://www.rfa.org/khmer/indepth/gay-men-want-gay-marriage-law-05272008071912.html

 បុរស​មួយ​ក្រុម​ដែល​ចូលចិត្ត​តុប​តែង​មុខ​មាត់ ស្លៀក​ពាក់​ដូច​ជា​មនុស្ស​ស្រី និយាយ​ស្តី​ថ្នម​ៗ សក់​ទុក​វែង​អន្លាយ និង​មាន​ចរិត​ដូចជា​មនុស្ស​ស្រី ត្រូវ​បាន​មជ្ឈដ្ឋាន​ជុំវិញ​ផ្តល់​រហស្សនាម​ឲ្យ​ថា ជា​ក្រុម​បុរស​ស្រឡាញ់​បុរស ឬ​បុរស​ភេទ​ទីបី ។

តាមលោក ជួប សុខចំរើន ប្រធាន​ក្រុម​គាំទ្រ​បច្ចេកទេស​របស់​អង្គការ ខាណា ដែល​មាន​កម្មវិធី​មួយ​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​នឹង​បុរស​ស្រឡាញ់​បុរស បាន​កំណត់​អត្តសញ្ញាណ​ក្រុម​នេះ​ជា​ពិសេស ដោយ​ផ្អែក​​ទៅលើ​អាកប្បកិរិយា​របស់​ពួកគេ រួមមាន​ដូចជា​ការរួម​ភេទ​ជាមួយ​នឹង​បុរស​ដូច​គ្នា ការ​គិត​របស់​ពួកគេ​ចង់មាន​ដៃគូ​រួម​ភេទ​ជា​បុរស ។ល។ ចំពោះ​រូប​កាយ​ខាង​ក្រៅ​​របស់​ក្រុមនេះ​មាន​ការបែង​ចែក​ជា​ពីរ​ប្រភេទ​ទៀត មាន​ប្រភេទ​សក់ខ្លី ដែល​មាន​រូប​រាង​ដូច​បុរស​ធម្មតា ហើយ​អាច​​រួម​ភេទ​ជាមួយ​នឹង​បុរស​ក៏បាន ឬ​ជាមួយ​នឹង​ស្រ្តី​ក៏បាន ។

ចំណែក​ប្រភេទ​សក់វែង មាន​អត្តចរិត​ដូចជា​មនុស្ស​ស្រី មាន​ចំណង់​រួមភេទ​តែ​ជាមួយ​នឹង​បុរស​ពេញ​លក្ខណៈ​ទេ ។

លោក ជួប សុខចំរើន ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ប្រសិន​បើ​ក្រុម​នេះ​មាន​ការផ្លាស់ប្តូរ​ភេទ មជ្ឈដ្ឋាន​ជុំវិញ​អាច​មាន​ការយល់​ផេ្សង​ទៅវិញ ។

លោក ជួប សុខចំរើន បាន​មាន​ប្រសាសន៍​ថា ៖ «ជា​បុរស​រួមភេទ​ជាមួយ​នឹង​បុរស​ហ្នឹង ខ្លួន​គាត់​ផ្ទាល់​នៅក្នុង​លិខិត​ឆ្លងដែន​ក្តី នៅ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ក្តី គាត់​នៅតែ​ដាក់​ថា គាត់​ជា​បុរស ព្រោះ​ប្រសិន​ជា​គាត់​ដាក់​ថា គាត់​ស្រី គេ​នឹង​អាច​មើល​គាត់​ក្នុង​ផ្លូវ​ផ្សេង»

បុរស​សក់វែង​ឈ្មោះ ផល ដែល​សព្វថ្ងៃ​មាន​វ័យ ៣៧​ឆ្នាំ​ហើយ បាន​ឲ្យ​ដឹង​ថា រូប​គេ​ធ្លាប់​បាន​សន្សំ​ចិត្ត​ប៉ង​ធ្វើជា​ស្រ្តី​មេ​ផ្ទះ​ជាង​ម្ភៃឆ្នាំ​មកហើយ និង​បាន​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​ថា រូបគេ​មាន​បេះដូង​ជា​​នារី តាំង​ពី​​សិក្សា​នៅវិទ្យាល័យ​មកម្ល៉េះ តែ​មិនមាន​អ្នកណា​គេ​ព្រម​ស្ម័គ្រ​ឡើយ ។

ផល គិត​ថា មកពី​រូបគេ​មិន​សូវ​មាន​លុយ ។ ផល និយាយ​ទាំងអស់​សង្ឃឹម ពេល​រំឭក​ពី​រឿង​រើស​គូស្រករ ។

ផល បាន​រៀបរាប់​ថា ៖ «ខ្ញុំ​ពិត​នឹង​ចង់​រៀបការ ប៉ុន្តែ​មើលទៅ វា​មិន​អាច​ទេ ព្រោះអី ខ្ញុំ​វា​សាម​ជាង​ហើយ គ្មាន​បុរស​ណា គេ​មក​ត្រូវ​ការខ្ញុំទេ»

យ៉ាងណាមិញ មិនមែន​បុរស​ភេទ​ទី​បី​ទាំងអស់​សុទ្ធតែ​ក្លាហាន​ចេញមុខ​ប្រកាស​ចង់​រៀបការ​ដូច ផល ទេ ។

ដូដូ អាយុ ២១​ឆ្នាំ ដែល​មាន​រូបរាង​ខាងក្រៅ​ជា​បុរស​សក់ខ្លី តែ​សារភាព​ថា មាន​ចិត្ត​បេតី​បុរស​ភេទ​ដូចគ្នា មិន​ទាន់​ហ៊ាន​ប្រកាស​ខ្លួន​ជាស្រី និង​គិតគូរ​ពី​រឿង​រៀបការ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ជាមួយ​នឹង​គ្រួសារ ។

ដូដូ បាន​ឲ្យ​ដឹង​ថា ៖ «ខាង​ម៉ាក់​ប៉ា​ខ្ញុំ គាត់​កំពុង​តែ​រើសអើង ខ្ញុំ​អត់​ហ៊ាន ទាន់​ធ្វើ​ខាង​ហ្នឹង​ទេ ចាំមើល​បើ​សិន​ជា​ថ្ងៃក្រោយ ចាំ​គិត​ទៀត»

មាន​ចំណូលចិត្ត​ដូច​បុរស​សក់វែង​ដទៃ​ទៀត​ដែរ សោភ័ណ ដែល​មាន​អាយុ ២៣​ឆ្នាំ ដឹងថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់​បុរស សម្គាល់​ខ្លួន​ឯង​ដោយ​ពេល​ឃើញ​មនុស្ស​ប្រុស គឺ​មាន​ការចាប់​អារម្មណ៍​ជាង​នារី និង​មាន​ចំណង់​ផ្លូវភេទ​ខ្ពស់​ទៅ​លើ​បុរស ។ សោភ័ណ មាន​កូនចិត្ត​មួយ ចង់​កែ​ប្រដាប់​ភេទ និង​រូបរាង​ខាង​ក្រៅ​ជា​ស្រី ព្រោះ​គិត​ថា អាច​រៀបការ​និង​រស់នៅ​ជាមួយ​បុរស​ដែល​ខ្លួន​ពេញ​ចិត្ត​បាន ។

សោភ័ណ បាន​បញ្ជាក់​ថា ៖ «ប្រហែល​ជា​អាច​ឈាន​ដល់​ការរៀបការ​ផង ព្រោះ​អី​ប្រសិន​បើ​យើង​មាន​ប្រដាប់​ភេទ​ជា​ស្រ្តី​អ៊ីចឹង បុរស​ដែល​គេមក​ស្រឡាញ់​យើង យើង​មាន​ប្រដាប់​ភេទ​ជា​ស្រ្តី​អ៊ីចឹង បុរស​ហ្នឹង គឺ​គេ​អត់ខ្មាស់​គេ​ទេ»

ទោះបី​ជា​យ៉ាងណា សោភ័ណ មាន​កង្វល់​មួយ​ក្នុង​ការវះ​កាត់​ប្តូរ​ភេទ ដូចជា ផល និង ដូដូ ដែរ គឺ​បញ្ហា​ថវិកា ហើយ​តាម​ស្ថានភាព​សព្វថ្ងៃ​នេះ សោភ័ណ ត្អូញត្អែរ​ថា ត្រូវការ​ពេល​វេលា​សន្សំ​ប្រាក់ ជា​ច្រើន​ឆ្នាំ ទម្រាំ​គ្រប់​ថ្លៃ​វះកាត់ ។ សោភ័ណ បាន​ដឹង​តាម​រយៈ​មិត្តភក្តិ​ថា ការវះ​កាត់​ប្តូរភេទ ត្រូវ​ចំណាយ​ថវិកា ជាង ២០០០​ដុល្លារ ។

លោកស្រី ព្រំ ដែន ប្រធាន​កម្មវិធី អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេរីភាព ដែល​ធ្វើការ​ស្និទ្ធស្នាល​ជាមួយ​នឹង​ក្រុម​បុរស​ស្រឡាញ់​បុរស​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​បុរស​ស្រឡាញ់​បុរស ពិតជា​ចង់​បាន​ច្បាប់​អាច​រៀបការ​ជាមួយ​នឹង​ដូចគ្នា តែ​មិនទាន់​មាន​ការទាមទារ​ឲ្យ​ដាច់ខាត​ណា​មួយ ជាមួយ​នឹង​រដ្ឋាភិបាល​ទេ ។

អង្គការ​នេះ​បាន​ត្រឹមតែ​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​សហគមន៍​បាន​ដឹង​ថា បុរស​ស្រឡាញ់​បុរស​មាន​ពិត​នៅក្នុង​សង្គម​កម្ពុជា​មែន ។

លោកស្រី ព្រំដែន បាន​ឲ្យ​ដឹង​ថា ៖ «ធ្វើ​ជា​លក្ខណៈ​ផ្សព្វផ្សាយ​ថា ឲ្យ​សហគមន៍​គាត់​បាន​ដឹង​ឮ  ហើយ​គាត់​ចង់​បាន​ភេទ​ដូចគ្នា​រៀបការ​ជាមួយ​គ្នា តែ​យើង​អត់​ធ្វើ​ជា​លក្ខណៈ​មួយ​ប្រឆាំង​តវ៉ា​ដាច់​ខាត​ទេ»

ប៉ុបពី ដែល​ជា​តារា​សម្តែង​ម្នាក់ មាន​ឈ្មោះ​ល្បី​ល្បាញ និង​មាន​ប្រជាប្រិយ​ភាព​នៅ​កម្ពុជា មិន​សូវ​ជា​មាន​បញ្ហា​នឹង​ភេទ​ទីបី​នេះ​ទេ ផ្ទុយ​ទៅវិញ ប៉ុបពី ទទួល​អំណរសាទរ​ពី​មជ្ឈដ្ឋាន​​ជុំវិញ​យ៉ាង​ច្រើន និង​អាច​រកចំណូល​តាម​រយៈ​ការសម្តែង​បាន​យ៉ាង​ពេញចិត្ត​ជាមួយ​នឹង​មុខងារ​ភេទ​ទី​បី​នេះ ។

ប៉ុបពី អះអាង​ថា បាន​ផ្លាស់ប្តូរ​អវៈយវៈ​ភេទ​ជា​ស្រី​ទាំងស្រុង​ហើយ ដែល​នេះ​គឺ​ជា​សុបិន​មួយ ដែល​បុរស​ភេទ​​ទី​បី​សក់វែង​ចង់​បាន បន្ថែម​ពី​លើ​សិទ្ធិ​ក្នុង​ការរៀបការ​ជាមួយ​នឹង​ភេទ​ដូចគ្នា ។ ប៉ុបពី នៅ​មាន​មហិច្ឆតា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយ​គ្នា​បាន​ផង​ដែរ ។

ប៉ុបពី ទទូច ថា ៖ «ប្រសិន​ជា​មាន​ឱកាស នាង​ខ្ញុំ​នឹង​ទាមទារ​សិទ្ធិ​មួយ​ថា ឲ្យ​ប្រទេស​យើង​ដូចជា​ប្រទេស​ជិត​ខាង​យើង ជា​ប្រទេស​មួយ អន្តរជាតិ តែ​ម្តង គឺ​ថា​មាន​សិទ្ធិ​ការ​ជាមួយ​ភេទ​ដូចគ្នា​តែ​ម្តង​»

ឆ្លើយតប​ភ្លាម​ៗ​ពី​ការកែប្រែ​ច្បាប់​ដើម្បី​គាំទ្រ​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយ​នឹង​ភេទ​ដូចគ្នា​បាន បុគ្គលិក​ពេទ្យ​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ចំណាប់​អារម្មណ៍​ប្រតិកម្ម​តប​ថា ៖ «ខ្ញុំ​អត់​គាំទ្រ​ទេ! សុំ​ឲ្យ​ច្បាប់​រៀបចំ​ថា ឲ្យ​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយ​នឹង​គ្នា​បាន វា​ដូចជា​ទៅ​រួច​ទេ»

ចំណែក​លោក ស៊ីម សេងហុក ជា​និស្សិត​ច្បាប់​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ចង់​ឲ្យ​រក្សា​ច្បាប់​នេះ​ដដែល តែ​យល់​ស្រប​ឲ្យ​ពួកគេ​អាច​រស់នៅ​ជាមួយ​គ្នា​បាន ។

លោក ស៊ីម សេងហុក បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំថា អត់ល្អ ក៏ប៉ុន្តែ​យើង​អាច​រស់នៅ​ជាមួយ​នឹង​គ្នា​បាន ក៏​ប៉ុន្តែ​ច្បាប់​មិនគួរ​ឲ្យ​កែ​ទេ»

មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​ណែនាំ​ថា មាន​ជម្រើស​ពីរ​សម្រាប់​មនុស្ស​ភេទ​ទី​៣ អាច​រៀបការ​បាន​ដោយ​ស្រប​ច្បាប់ គឺ​ទីមួយ ត្រូវ​ប្តូរ​ភេទ និង​ទី​ពីរ ត្រូវ​រង់ចាំ​ឲ្យ​មាន​ការកែប្រែ​ច្បាប់​ទទួលស្គាល់ ។

ពាក់ព័ន្ធ​នឹង​ការប្តូរ​ភេទ លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ណែនាំ​ថា ៖ «នៅក្នុង​ចំណុច​នេះ បើសិនជា​គាត់​ចង់​ដូរ ប្រហែល​ជា​ត្រូវ​ប្តឹង​ទៅ​តុលាការ​សាកមើល តើ​តុលាការ​គេ​សម្រេច ឬ​អត់ បើ​តុលាការ​អនុញ្ញាត ទទួល​គាត់​ថា ជា​ស្រី​អាហ្នឹង ខ្ញុំ​ជឿ​ថា ដូចជា​មិន​ទើសទាល់​ទេ មិន​ប្រឆាំង​ទេ ព្រោះ​ក្នុង​ផ្លូវ​ច្បាប់ គាត់ថា មួយ​ភេទ​ស្រី មួយ​ភេទ​ប្រុស ដូច្នេះ​អាច​រៀបការ​ជាមួយ​គ្នា​បាន​អ៊ីចឹង​ហើយ»

តាមច្បាប់​ស្តីពី​អាពាហ៍​ពិពាហ៍​និង​គ្រួសារ ឆ្នាំ​១៩៨៩ ដែល​កំពុងតែ​អនុវត្ត​នា​ពេល​បច្ចុប្បន្ន ក្នុង​មាត្រា​៦ បាន​ចែង​ថា ក្រៅពី​បុគ្គល​គ្មាន​ពលានុភាព​នៃ​លិង្គ អ្នក​មាន​ជំងឺ​របេង មហារីក កាមរោគ ដែល​មិន​ទាន់​ព្យាបាល​បាន​ជា​ដាច់ ជន​វិកល​ចរិត បុគ្គល​ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពីមុន​មិន​ទាន់​រលាយ បុគ្គល​មាន​ភេទ​ដូចគ្នា ក៏​មិន​អាច​រៀប​អាពាហ៍​ពិពាហ៍​ដោយ​ស្រប​ច្បាប់​បាន​ដែរ ។

លោក ម៉ោញ សាផាន អនុប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​បាន​ហាម​ឃាត់​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ទេ ព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ពួកគេ​អាច​រៀប​ការបាន​តាម​បែប​ប្រពៃណី តែ​ដោយសារ​មាន​ច្បាប់​ចែង​ហាមឃាត់​អាពាហ៍​ពិពាហ៍​នេះ មិន​មាន​ភាពស្រប​ច្បាប់​ទេ ។ លោក​បាន​បញ្ជាក់​ថា ទាល់តែ​មាន​ការសេចក្តី​ស្នើ​ច្បាប់​មក​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធន​កម្ម ។

លោក ម៉ោញ សាផាន ណែនាំ​ថា ៖ «រដ្ឋធម្មនុញ្ញ​យើង​ថា សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ ក្នុង​រដ្ឋធម្មនុញ្ញ​អត់​មាន​កំណត់​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការរៀប​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​ទេ ។ បើគាត់​នៅ​ជាមួយ​គ្នា ឬ​គាត់​រៀបការ​អី មាន​បញ្ហា​អី រៀបទៅ ! តែ​បើ​តាម​ច្បាប់ ផ្លូវ​ច្បាប់ ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​អី អត់​ធ្វើ​បាន​ទេ»

តាមលោក ជួប សុខចំរើន ប្រធាន​ក្រុម​គាំទ្រ​បច្ចេកទេស​របស់​អង្គការ ខាណា បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​បុរស​ស្រឡាញ់​​បុរស​ប្រហែល​ជា ១៤០.០០០ (ដប់​បួន​ម៉ឺន) នាក់ ។  លោកក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ផង​ដែរ​ថា ជារឿយ​ៗ គេតែង​ឃើញ​ក្រុម​នេះ​ប្រឈម​មុខ​នឹង​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​បងតូច​បងធំ ដែល​មិន​ចូល​ចិត្ត​ក្រុម​បុរស​ស្រឡាញ់​បុរស និង​បញ្ហា​ប្រឈមមុខ​ខ្ពស់​បំផុត គឺ​សុខភាព​របស់​ពួកគេ  ៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

 

Advertisements

មតិ»

1. មេឃា - ខែ​មីនា 17, 2010

ព័ត៌មាននេះខ្ញុំក៏មានចំណែកដែរ !
តាមពិតទៅ គំនិតដើមនៃអត្ថបទនេះ ចង់បង្ហាញពីវត្តមានរបស់ក្រុមបុរសស្រឡាញ់បុរសនៅកម្ពុជា តែពេលដែលសម្ភាសន៍ជាមួយនឹងពួកគេជាច្រើនរូប ទើបដឹងពីបំណងធំបំផុតរបស់ពួកគេ គឺចង់មានសិទ្ធិអាចរៀបការភេទដូចគ្នា …
អត្ថបទមានការណែនាំពីនីតិវិធីផ្លូវច្បាប់មួយចំនួនដែលពាក់ពន្ធ័នឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា ! 😀

2. wig - ខែ​មីនា 17, 2010

ចុះ​ចាប់​ប៉ាច​មាន​ច្បាប់​អី​អោយ​តែ​យល់​ព្រម​នៅ​ជា​មួយ​គ្នា​ទៅ​ក្លាយ​ទៅ​ជា​ប្តិ​ប្រពន្ទ
បាត់​ទៅ​ហើយ​។ 😀

3. មេឃា - ខែ​មីនា 17, 2010

បញ្ហាគឺមិនត្រឹមតែពាក់ពន្ធ័នឹងការរស់នៅជាមួយគ្នាទេ តែពួកគេចង់មានអត្តសញ្ញាណពិតប្រាកដមួយផងដែរ ! មានបុរសមួយចំនួន បានប្រឹងប្រែងបន្សំលុយដើម្បីវៈកាត់ប្តូរភេទ តែទោះបីជាមានរូបរាងដូចជានារី ក៏ពួកគេនៅតែជាបុរស (ក្នុងអត្តសញ្ញាណបណ្ណ) ។
កម្ពុជាមិនទាន់មានច្បាប់ណែនាំ ឬនីតិវិធីនៃការប្តូរភេទទេ !

lundi - ខែ​មីនា 17, 2010

ញ៉ុម​គ្រាន់​តេ​ថា​លេង​តើ
ពួក​គេ​ទាម​ទារ​សិទ្ធិ​របស់​ពួក​គេ​ហើយ ក៏​មាន​ប្រទេស​ជា​ច្រើន​ដែរ​ដែល​បាន​ផ្តល់​សិទ្ធ​ពេញ​លេញ​អោយ​ពួក​គេ​អាច​រៀប​ការ​និង​គ្នា​បាន​។
ចំពោះ​ប្រទេស​យើង​វិញ​មាន​មនុស្ស​ភេទ​ទី​បី​និង​តិច​ទេ, ដូច្នេះ​មិន​បាច់​បង្កើត​ច្បាប់​អី​អោយ​​សុំាំ​ញ៉ាំ​ច្រើន​ទេ 😀 jk

4. កុមារកាមទេព - ខែ​មីនា 17, 2010

បុរសស្រឡាញ់បុរស មានច្រើនក្រុមណាស់ តើចង់សំដៅណាមួយទៅ?
ប្រកាសនេះ មិនទាន់មានលក្ខណៈ សមស្របនៅឡើយទេ ឲ្យបង popi មកបកស្រាយវិញ។

5. ក្មេងទំនើង - ខែ​មីនា 17, 2010

មិនដឹងជាការបានអីផង! ហើយក៏មិនដឹងជាវះកាត់ប្តូរភេទបានអីដែរ??!! ខ្ញុំឆ្ងល់ ពួកហ្នឹងល្ងង់ម៉េះ? ប្រុសពិតឯណាគេមកស្រឡាញ់ខ្ទើយ? បើប្រុសពិតមកស្រឡាញ់ខ្ទើយ គេលែងហៅប្រុសពិតហើយ, មែនហ្អេស? ^_^ សំខាន់ឲ្យតានៅជាមួយគ្នាបាន សប្បាយចិត្ត មិនបាច់ការក៏បាន

6. មេឃា - ខែ​មីនា 18, 2010

Lundi : ជាការពិតមិនមែនមានត្រឹមតែកម្ពុជាទេ ដែលគិតថា ក្រុមនេះមានតិចតួច តែផលប៉ះពាល់អាចនឹងធំប្រសិនបើសង្គមជាតិ និងអន្តរជាតិ ព្រងើយនឹងបញ្ហារបស់ពូកគេ !
ទាំងនេះមកពីកង្វះខាតព័ត៌មាន និងនិន្នាការប្រពៃណី វប្បធម៌ !
បទប្បញ្ញត្តិច្បាប់នឹងញែកការរើសអើងទាំងនោះ ហើយធ្វើឲ្យក្រុមនេះមានភាពកក់ក្ទៅ ក្នុងការបង្ហាញខ្លួន និងទេពកោសល្យជាមនុស្សម្នាក់ដែលមានប្រយោជន៍ និងទទួលបានតម្លៃនៅក្នុងសង្គម ! ជាក់ស្តែងដូចជា ប៉ុបពី អីចឹង កាលពីមុន គ្មាននរណាចង់មើលមុខទេ តែដល់ពេលដែលគាត់មានទទួលគេស្គាល់ពីទេពកោសល្យក្នុងការសម្តែងរបស់គាត់ គេមិនចាត់ទុកគាត់ថា ជា ពួកពិភពផ្សេងទៀតទេ ! (គាត់គិតថា មកពីគាត់មានលុយ ៖ អាចត្រូវមួយចំណែកដែរ…)
កុមារកាមទេព ៖ អត្ថបទនេះសំដៅដល់ បុរសស្រឡាញ់បុរស (មិនមានអត្ថាធិប្បាយដល់ក្រុមស្រី្តស្រឡាញ់ស្រ្តីទេ ព្រោះអាចនាំឲ្យអ្នកស្តាប់វង្ងេង !) បើអានព័ត៌មាននេះអាចពិបាកយល់បន្តិចតែបើបាន down load មកស្តាប់វិញ ងាយយល់ជាង !
ក្មេងទំនើង ៖ (បើតាមការសម្ភាសន៍) ការវះកាត់ប្តុរភេទរបស់ក្រុមនេះ គឺ​ដើម្បីផ្គាប់ចិត្តដៃគូជាចំបង ហេតុផលបន្ទាប់បន្សំ អាចមកពីធ្វើតាមគ្នា ដោយហេតុឃើញគេស្អាត(ជឿឃោសនា !) ខ្វះអីអ្នកខ្មៅ ចង់ប្តូរពណ៌ឲ្យស អ្នកសក់ស្លូត ក្រងឲ្យរួញ ឯអ្នកសក់រួញ ពន្លាឲ្យត្រង់ ម៉េចមិនឆ្ងល់ផង ?
«ស្រឡាញ់» ខ្ញុំមិនដឹងថា ក្មេងទំនើងឯងធ្លាប់ស្រឡាញ់គេអត់ទេ ? តែបើស្រឡាញ់ហើយគ្មានហេតុផលទេ ! ស្រឡាញ់គួរតែមិនមែនជាកម្មវត្ថុនៃការចាប់កំហុសទេ ! ស្រឡាញ់គឺខ្វាក់ភ្នែកហើយ ! 😀

7. ក្មេងទំនើង - ខែ​មីនា 18, 2010

មែនហ្នឹង! ស្រឡាញ់គឺគ្មានហេតុផលមែន ញុមមិនដែលស្រឡាញ់គេផង ទើបអត់ដឹង ^_^

8. កុមារកាមទេព - ខែ​មីនា 18, 2010

យកល្អកុំអាលទាន់ចេញច្បាប់ហ្នឹងអី ព្រោះរដ្ឋកំពុងតែក្រ ហើយគេមិនទាន់យល់ច្បាស់ពីសភាពបែបនេះ បើចេញច្បាប់ទៅនោះ ប្រាកដជារញ៉េរញ៉ៃមិនខាន រញ៉េរញ៉ៃដល់កុមារទៀត។
ច្បាប់នៅស្រុកខ្មែរនៅមានភាពធូររលុងច្រើន ខ្វះចន្លោះក៏ច្រើនទៀត។
ឧទាហរណ៍ៈ
ក្មេងៗដែលស្រលាញ់គ្នា ទោះចាស់ៗដឹង ហើយបំបែកបំបាក់តាំងក្មេង ដល់ពេលវ័យគ្រប់កាលទៅនោះ ………….យល់ន័យខ្ញុំរឺអត់?
ជាង១៦លាន នាក់នេះ បើចេញច្បាប់នេះបាន នឹងដឹងថា អ្នកណាភេទទីបី ឬ ជិតក្លាយជាភេទទីបីមិនខាន ហើយអ្វីដែលធ្វើនោះ នឹងលាយឡំគ្នា ដូចពពុះសាប៉ូមិនខាន។ ច្បាប់នេះមិនមែនខ្ញុំមិនគាំទ្រនោះទេ តែវាមិនទាន់ដល់ពេលដែលត្រូវចេញ រឺធ្វើច្បាប់នេះឡើយ!!!! (អពាហ៍ពិពាហ៍ ភេទទីបី) ដល់ពេលនោះ សូម្បីតែក្មេងក៏មានគំរោងរួចជាស្រេចដែរ។
ដូចខ្ញុំនេះ មិនចង់បញ្ចេញមតិអីច្រើនទេ តែក៏ទាក់ទងហ្នឹងខ្ញុំខ្លះៗដែរ។
បំណងល្អពី រតនាតារាមុន្នី

9. មេឃា - ខែ​មីនា 18, 2010

ខ្ញុំយល់ស្រប ! ចំពោះច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា មិនទាន់ដល់ពេលដែលត្រូវចេញមែន ចុះច្បាប់ ឬនីតិវិធីក្នុងការសុំប្តូរភេទ ?
ជាក់ស្តែងដូចជា ៖ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាខ្លះ ទោះបីជាវះកាត់មានរូបរាងដូចជាស្រីក៏ដោយ ក៏មិនមានអត្តសញ្ញាណជាស្រីដែរ ព្រោះជាប់ឈ្មោះជាប្រុសតាំងពីកំណើត ! ពួកគេចង់ប្តូរភេទ ! ត្រូវធ្វើដូចម្តេច ?
មានអ្វីសម្គាល់ថា មនុស្សម្នាក់មានភេទប្រុស ឬស្រី ?
សម្គាល់លើអវយវភេទ ? ចុះបើអ្នកកើតមកជាស្រី តែមានដុសកុយ ?
មានករណីសិក្សានៅប្រភេទមួយចំនួន គឺបានទាញចេញពីចំណុចនេះទើបមានច្បាប់បែបនេះឡើង !
ជាការពិតច្បាប់អនុម័ត ត្រូវការថវិកាច្រើន…

សម្រាប់ពេលនេះ ខ្ញុំគ្រាន់តែចង់ទាញអារម្មណ៍អ្នកដែលមិនទាន់បានដឹងអំពីក្រុមស្រឡាញ់ភេទដូចគ្នា ថាក្រុមនេះមានវត្តមាននៅកម្ពូជា… ត្រង់គេគិតម៉េច ចាំមើលទៀតសិន !

បញ្ជាក់ ៖ ខ្ញុំមិនមែនជាសមាជិកនៃក្រុមស្រឡាញ់ភេទដូចគ្នាទេណា ! គ្រាន់តែខ្ញុំមានមិត្តភក្តិ អ្នករួមការងារ អ្នកជិតខាង ជាក្រុមប្រភេទនេះ ទើបដឹងរឿងខ្លះ ហើយមានបំណងចង់ធ្វើការផ្សព្វផ្សាយខ្លះដើម្បីជួយជាប្រយោជន៍ដល់សង្គម និងហ្វូងមនុស្សភ្នែកខ្មៅ !! 😀

10. កុមារកាមទេព - ខែ​មីនា 18, 2010

ហត់ណាស់ខ្ញុំ!! ទុកឲ្យគេ អ្នកចេះដឹងមានយោបល់ទៅចុះ
ហ្វូងមនុស្សភ្នែកខ្មៅ មាននរណាខ្លះ ជនជាតិអាស៊ីសុទ្ធភ្នែកមានពណ៌ខ្មៅ ពណ៌ ត្នោត កូនកាត់មានភ្នែកគ្រប់ពណ៌។ ចំនែកខ្ញុំមានភ្នែកពណ៌ ត្នោតខ្ចី បើកមកជួបផ្ទាល់ ទើបដឹងថា ភ្នែកពណ៌អីពិតប្រាកដ!!! :mrgreen:
សូមចប់តបប្រកាសត្រឹមនេះ ព្រោះទុកឲ្យគេតបម្តង!!!!!!!!!!!

11. មេឃា - ខែ​មីនា 18, 2010

អគុណដែលបានចំណាយពេលវេលាមកតបប្រកាស ហើយមានសុជីវធម៌មែន មែន មុននឹងចប់ ជំរាបលាសិនទៀត ! 😛
សូមរក្សា Collection អត្ថបទបទល្មើសកុមារបន្តទៀតណា !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: