jump to navigation

ពិភាក្សាច្បាប់

សួស្តី មិត្តអ្នកច្បាប់ និងនិស្សិត ច្បាប់ ជាទីរាប់អាន…

ដោយសារ មានសំណូមពរ ពី មិត្តម្នាក់ ឈ្មោះ Ratanak ដែលជា និស្សិតសិក្សាផ្នែកច្បាប់ បាន ចូល ទស្សនា ប្លុក របស់ខ្ញុំ ហើយបានផ្តួចផ្តើម ឱ្យមាន ទំព័រ ពិភាក្សាច្បាប់ មួយ សម្រាប់ ជា វេទិកា ពិភាក្សា បញ្ហា ផ្នែកច្បាប់ និង ចំណង គតិយុត្ត … នៅថ្ងៃនេះ ខ្ញុំ សម្រេច ចិត្ត បង្កើតទំព័រ មួយនេះ ឡើង ដោយសង្ឃឹមថា ទំព័រនេះ នឹងប្រមូល ផ្តុំ មតិ អ្នក​ច្បាប់​ទាំងឡាយ មកចែករំលែក ទស្សនៈ និងចំណេះ ជុំវិញ ប្រធានបទ នានា ជា ចង្កោម ដោយគ្រាន់តែ ឆ្លើយតប (reply) ជាបន្តបន្ទាប់…

YOU Limhuot – ខែកញ្ញា 30, 2011

សួស្តីមេឃា! ខ្ញុំមានសំណួរមួយ ទាក់ទងនឹង មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ អត្ថន័យ នៃ មាត្រានេះ គឺ​ចង់និយាយអំពី ការប៉ះពាល់ដល់សិទ្ធិ ខាងរូបភាពនៃបុគ្គល។ ក្នុងមាត្រានេះ បានចែងថា​ អំពើថតរូបភាព នៃ​បុគ្គល​នៅក្នុងទីកន្លែងឯកជន ដោយគ្មាន ការព្រមព្រៀង ពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី១​ (មួយ)​ ខែ ទៅ១ (មួយ) ឆ្នាំ​ និងផាក ពិន័យជា ប្រាក់ពី១០០ ០០០ (មួយសែនរៀល)​ ទៅ២ ០០០ ០០០ (ពីរលានរៀល) លើក​លែង តែ ករណីដែល ច្បាប់អនុញ្ញាត។

មានន័យថា ទាល់តែមានការអនុញ្ញាត ពីសាមីខ្លួនគេ ទើប យើងអាចថត រូបគេបាន ឬយ៉ាងម៉េច? បើសិនពុំមាន​ការអនុញ្ញាតទេ ប៉ុន្តែជនម្នាក់នោះ​កំពុងតែប្រព្រឹត្តបទល្មើស​ តើយើងអាចថតរូបនោះ ដើម្បីទុកជាភ័ស្តុតាង បាន​ដែរ ឬទេ? បើបាន តើមាត្រា ឬច្បាប់ណាបញ្ជាក់?  ចំពោះពាក្យថា លើកលែងតែករណីដែល ច្បាប់អនុញ្ញាត តើ​ច្បាប់​ណា ដែលអនុញ្ញាតឲ្យថតរូប? ហើយតើបុគ្គល ណាខ្លះដែល ច្បាប់អនុញ្ញាត ឲ្យថតរូប បាន? សូម​លើក ​យក មាត្រា ច្បាប់ មកបញ្ជាក់។ ខ្ញុំបាទ សូមអរគុណទុក ជាមុន។

មេឃាខែកញ្ញា 30, 2011

អរគុណ LIMHUOT សម្រាប់ការទស្សនា និងទម្លាក់វាចារ… សំណួរទាក់ទងនឹង សិទ្ធិខាងរូបភាពនៃបុគ្គល សេង ឌីណា បានលម្អិត លើតំណរភ្ជាប់ខាងក្រោម ៖ http://www.khmer.rfi.fr/what-is-image-rights

សង្ឃឹមថា មានប្រយោជន៍… ប្រសិនបើ នៅមានចម្ងល់ យើងអាចពិភាក្សាគ្នា ជាបន្តទៀត…

YOU Limhuot – ខែតុលា 1, 2011

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ​ មេឃា ក៏ដូចជាលោក សេង ឌីណា ដែល​បានធ្វើ បទបង្ហាញ យ៉ាងក្បោះក្បាយ ប៉ុន្តែ រូបខ្ញុំបាទ នៅតែ​មាន មន្ទិល នៅក្នុងចិត្ត មិនទាន់ រសាយនៅឡើយ ត្រង់ថា ប្រសិនបើយើង ថតរូបរបស់គេ ដោយពុំមានការ អនុញ្ញាត ពីម្ចាស់នោះទេ យើងនឹង ខុសច្បាប់ ចុះក្នុង ករណីដែល មានបុគ្គល មួយ​រូប ឬច្រើនរូប កំពុងតែ ប្រព្រឹត្តបទល្មើស បំផ្លេចបំផ្លាញ ទ្រព្យសម្បត្ត របស់យើង បើសិនជាយើង មិនថត​ ពីសកម្មភាព ជាក់ស្តែង របស់ ជនល្មើស និងគូកន នោះទេ យើងនឹង បាត់បង់ ភ័ស្តុតាង ដែល ចាំបាច់មួយ។ ក្នុង​ករណីនេះ ប្រសិនបើ យើងថតរូប ក៏ដូចជា សកម្មភាពរបស់ជនល្មើស តើមាត្រា ៣០២ មានអានុភាព អនុវត្ត​លើ​យើងដែរ ឬទេ? បើមាន តើ មេឃា មាន ដំណោះ ស្រាយ បែប ណា ដែរ? (សូមលើក​មាត្រា ច្បាប់​មក​បញ្ជាក់) ខ្ញុំបាទ​​សូមអរគុណ​ទុកជាមុន!!!

មេឃាខែតុលា 3, 2011 [Edit]

អរគុណ Limhuot សម្រាប់ការវិលត្រឡប់មកទម្លាក់វាចារ និងបញ្ហាបន្ថែមទៀត… ចំណោទ គតិយុត្តិក្នុងករណី របស់ Limhuot ដែលបានលើកឡើង គឺតើ បទប៉ះពាល់ ដល់សិទ្ធិ​ខាង​រូបភាព​នៃបុគ្គល មាន​អានុភាព​តតាំង​តតិយជន ក្រោម​ហេតុ​សំអាង ជា​រូបភាព​ខាងភស្តុតាង​ដែរ ឬទេ ?

ជាគោលការណ៍ បទល្មើសព្រហ្មទណ្ឌ បើគ្មានច្បាប់ចែង គឺគ្មានទោសទេ។ កម្រិតទោស នឹងត្រូវផ្អែកលើ ធាតុផ្សំ ១. នីត្យានុកូល ២. អត្តនោម័ត និង៣. សត្យានុម័ត។ តាម មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ “អំពើថត​រូបភាព​នៃ​បុគ្គល​នៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ពី១សែន ទៅ ២លានរៀល លើកលែងតែក្នុងករណីដែលច្បាប់អនុញ្ញាត” ។ ធាតុផ្សំ​សំខាន់​នៃ មាត្រានេះ គឺ សកម្មភាពថតរូប បំពាននៅ កន្លែងឯកជននៃបុគ្គល ហើយមិនមានការព្រមព្រៀងពី ម្ចាស់។ ក្នុងន័យនេះ ការថតរូបភាព នៅក្នុងកន្លែងឯកជន របស់ខ្លួន ទោះបីមិនមានការអនុញ្ញាតពី ម្ចាស់រូបភាព ក៏​មិន អាចយកមក បកស្រាយពន្លាតទុក្ខទោសដល់អ្នកថតរូបបានទេ។

មាត្រា ៣៣ បានអនុញ្ញាត ឱ្យបុគ្គលដែលប្រព្រឹត្តបទល្មើសដូចមាន ចែងក្នុងក្រមព្រហ្មទណ្ឌមួយចំនួន [បទប៉ះ​ពាល់​ដល់សិទ្ធិខាងរូបភាពនៃបុគ្គល] មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ដោយច្បាប់ចាត់ទុកថា ជាការការពារ​ស្របច្បាប់។ លក្ខខណ្ឌតតាំង ការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ… បទល្មើស​នឹងការឈ្លានពាន កើតឡើង ក្នុងពេលដំណាលគ្នា។

តាមប្បញ្ញតិ្តដែលបានស្រង់ចេញពី ក្រមព្រហ្មទណ្ឌខាងលើ ការថតភាព ជនល្មើស ដែលបានបំផ្លាញ ទ្រព្យ​សម្បត្តិ​របស់ខ្លួន នៅកន្លែងរបស់ខ្លួន ស្របពេល មានការឈ្លានពានកើតឡើង មិនទទួលខុសត្រូវ ព្រហ្មទណ្ឌ​ទេ។

ទោះបីជាយ៉ាងណា ក្នុងរឿងព្រហ្មទណ្ឌ ការសម្រេចថា រូបថតដែលថតបាន ជាភស្តុតាង ឬមិនមែន គឺជា សមត្ថកិច្ចរបស់ ព្រះរាជអាជ្ញា ព្រោះតាមច្បាប់កម្ពុជា ទាំងដើមចោទ និងចុងចោទ មិនត្រូវបានអនុញ្ញាតឱ្យ រកភស្តុតាង មកដាក់ ឬដោះបន្ទុកឡើយ។

មតិ»

1. មេឃា - ខែសីហា 22, 2011

ប្រធានបទ ដំបូង ៖ កិច្ចសន្យាមួយ អាចចាត់ទុកថា ស្របនឹង គោលការណ៍ ច្បាប់ ហើយមាន សុពលភាព បាន លុះណាតែ បំពេញលក្ខខណ្ឌ ៣ យ៉ាង [1-ការព្រមព្រៀង 2-កម្មវត្ថុស្របច្បាប់ និងអាចសម្រេចបាន 3-សមត្ថភាពគូភាគី]

ផ្អែកតាម គោលការណ៍ខាងលើនេះ តើ សេចក្តីស្រឡាញ់ អាចយកមកធ្វើ ជាកម្មវត្ថុ នៃកិច្ចសន្យា បានដែរ ឬទេ ?

khiev sochetra - ខែវិច្ឆិកា 30, 2012

សួស្តី បង ៗ អ្នកចួលរួមពិភាក្សាច្បាប់ទាំងអស់ជាទីរាប់អាន!!! ខ្ញុំបាទឈ្មោះ ចិត្រា នៅពេលដែលខ្ញុំបាទបានអានឃា្លខាងលើ ដែល មេឃា បានសរសេរនៅទីនោះថាៈ (ទោះបីជាយ៉ាងណា ក្នុងរឿងព្រហ្មទណ្ឌ ការសម្រេចថា រូបថតដែលថតបាន ជាភស្តុតាង ឬមិនមែន គឺជា សមត្ថកិច្ចរបស់ ព្រះរាជអាជ្ញា ព្រោះតាមច្បាប់កម្ពុជា ទាំងដើមចោទ និងចុងចោទ មិនត្រូវបានអនុញ្ញាតឱ្យ រកភស្តុតាង មកដាក់ ឬដោះបន្ទុកឡើយ។) ចំពោះបញ្ហានេះ ខ្ញុំបាទ មានសំនួរ​មួយ​ចង់សួរថាៈ ហេតុអ្វី ច្បាប់កម្ពុជាមិនអនុញ្ញាត​ឱ្យ​ដើមចោទ និងចុង​ចោទ​ រកភស្តុតាង មកដាក់ ឬដោះបន្ទុក? សូមមេឃា ឬ អ្នកមានមនសិការសិក្សាផ្នែកច្បាប់បកស្រាយឱ្យខ្ញុំបាទបានយល់ផង! ខ្ញុំបាទសូមអរគុណទុកជាមុន!!!

Muot Sopheaktra - ខែកក្កដា 17, 2015

សុំបញ្ចេញយោបល់!
ខ្ញុំឈ្មោះ មួត សុភ័ត្រា មានយោបល់ថា៖ ព្រោះការណ៍ដែលមិនអនុញ្ញាតអោយដ់ើមចោទ ឬចុងចោទ មានសិទ្ធិរក ភស្ដុតាង មកដាក់ ឬដោះបន្ទុក ពេលនោះ ពួកគេអាចនឹងបង្កើតនូវរូបភាពផ្សេងៗ ដើម្បីក្លែងបន្លំធ្វើជាភស្ដុតាង ហើយបំភាន់ផ្នែករបស់លោកព្រះរាជអាជ្ញា ម្យ៉ាងទៀតប្រសិនបើភាគីណាម្ខាង អាចបង្កើតនូវភស្ដុតាងផ្សេង២កាន់តែច្រើន នោះប្រាកដជាមានភាពអយុត្តិធម៌ចំពោះភាគីម្ខាងជាមិនខាន។ ប៉ុន្តែប្រហែលជា ពេលស្ថិតក្នុងដំណាក់កាលសើបអង្កេត ឬ ដំណាក់កាលណាមួយនៃ នីតិវិធី អញ្ចឹង លោកព្រះរាជអាជ្ញា ឬ ចៅក្រមសើបសួរ អាចបង្គាប់អោយធ្វើអ្វីមួយទៅតាមនីតិវិធីរបស់តុលាការដើម្បីស្វែងរកភស្ដុតាងពិប្រាកដ។

សូមអរគុណ៕

sok - ខែមិថុនា 23, 2013
2. ratanak - ខែកញ្ញា 1, 2011

សុំអរគុណមេឃា,

មិនមានច្បាប់ណាមួយបានបញ្ញាតិ្ត​ទុកនោះទេ។​ ក៏ប៉ុន្តែវាក៏អាចជាកម្មវត្ថុ នៃកិច្ចសន្យា ដ៏រាបណាភាគីទាំងសង់ខាងព្រមព្រាងគ្នា។​បន្ថែមទៀតវាត្រូវ តែមានកាតព្វកិច្ចដែលតំរូវអោយភាគីទាំងសងខាង បំពេញទៅវិញទៅមក បើភាគីណាមួយមិនបានអនុវត្តតាម នោះមានន័យ ថាភាគីនោះបានរំលោភលើកិច្ចសន្យានោះហើយ៕​ឧទាហរណ៍ កិច្ចសន្យា អាពាហ៏ពិពាហ៏​ជាសក្ខីភាពដែលបញ្ជាក់អំពីកិច្ចសន្យានៃសេចក្តី​ស្រឡាញ់​ ដែលបុរសម្នាក់ និង​ នារីម្នាក់ បានសន្យាថានិងរួមសមង្គ សង្វាសជាមួយគ្នាអស់មួយជីវិតទើបបណ្តាលអោយមានកិច្ចសន្យានៃ សេចក្តីស្រឡាញ់កើតឡើង ដែលយើងអោយឈ្មោះថា Etat civil.

មេឃា - ខែកញ្ញា 1, 2011

ជា ហេតុផល មួយ…

កិច្ចសន្យាស្នេហា ឬEtat Civil អាចកើតបានលុះណាតែ ព្រមព្រៀងទាំងសង្ខាង តែរំលាយទៅវិញ មានឆន្ទៈតែម្ខាង គឺគ្រប់គ្រាន់ហើយ… ប្រសិនបើ បុរស និងស្រ្តី បានចុះលិខិតអាពាហ៍ពិពាហ៍ រួចហើយ តែក្រោយមក ពេលអស់ស្នេហា បែរជា មានភាគី ម្ខាងទាមទារ សុំលែងលះ ទាំងបុរស និងស្រ្តី សុទ្ធតែ អាចមាន សិទ្ធិបែងចែក ទ្រព្យសម្បត្តិ រួម ដែលកើតក្រោយចំណងអាពាហ៍ពិពាហ៍… នេះ ស្របតាម ក្រមរដ្ឋប្បវេណី ដែលនឹងប្រកាសឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១១ ខាងមុខនេះហើយ…

ប្រសិនបើ បុរស និងស្រ្តី មិនបានចុះលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ឬ Etat Civil តែបែរជា ចង់បង្កើត កិច្ចសន្យាស្នេហាមួយវិញ… កិច្ចសន្យា បែបនេះ មានរដ្ឋមួយចំនួន បានដាក់ជា យុទ្ធសាស្រ្ត បដិសេធន៍ ហ្មង… ដូចជា នៅ ទីក្រុងហុងកុង តុលាការបានសម្រេច ច្រានចោល «កិច្ឋសន្យា ដែលយកស្នេហា ជាកម្មវត្ថុ ហើយ កំណត់កាតព្វកិច្ច ឱ្យបង់ប្រាក់ បើសិនជា បែកគ្នា» ដោយសំអាង ស្នេហា អាចប្រែប្រួល … ក្នុងករណីនេះ ការសន្យាបង់ប្រាក់ ឬចែកទ្រព្យ ក្រោយពេលបែកគ្នា មិនត្រូវបាន អនុលោមតាម កិច្ចសន្យាអាពាហ៍ពិពាហ៍ទេ…

សំខាន់ បាត់ដំបង - ខែកក្កដា 21, 2014

ការពិភាក្សាខាងលើ បើមិនខុសសំដៅទៅលើច្បាប់កម្ពុជា ដូចយើង គួរលើពីរចំនុចមកសិក្សា។ ទីមួយ គឺការប្រើប្រព័ន្ធច្បាប់ ទីពីរ គឺបទប្បញ្ញត្តិ នៃច្បាប់ខ្មែរ។ ដោយសារប្រព័ន្ធច្បាប់ខ្មែរ មានកំអែលបីបារាំង ដែលជាក្រុមCivil law វាមានលក្ខណៈតឹងរឹង នៅក្នុងការបកស្រាយច្បាប់ដើម្បីធ្វើជាយុទ្ធសាស្រ្តតុលា បើទោះជា ក្រមរដ្ឋប្បវេណីខ្មែរ ត្រូវបានក្រុម Common law សហប្រតិបត្តិការ ក៏ដោយ។ ដោយឡែកបើយើងនិយាយថា សេចក្តីស្រឡាញ់ អាច់យកមកធ្វើជាកម្មវត្ថុនៃកិច្ចសន្យា វាហាក់ដូចមិនខុសអ្វីពី ការចុះលិខិតអាពាហ៍ពិពាហ៍នោះ បើយើងស្តាប់មួយភ្លេត។ តែបើយើងនិយាយដល់ លក្ខខណ្ឌនៃការបង្កើត និងវិបាក បន្ទាប់ពី បញ្ចប់កិច្ចសន្យាគឺខុសគ្នាខ្លះ។ កិច្ចសន្យាគឹជាការចងកាតព្វកិច្ចរបស់ ភាគីនៃកិច្ចសន្យា រីឯអាពាហ៍ពិពាហ៍ជាកិច្ចសន្យាឱឡារិក ដែលចំនុចចាប់ផ្តើមនៃ ការបង្កើត រហូតដល់ការបញ្ចប់មានលក្ខណៈខុស ពីកិច្ចសន្យាធម្មតា។ ឧទាហរណ៍៖ មាត្រា ៩៦៩ ស្តីពី ​ ចែងថា ទីមួយ បើធ្វើកិច្ចសន្យាទំនាក់ទំនងទ្រព្យ ត្រូវមិនផ្ទុយពីសិទ្ធិទាមទារអាហារកិច្ច និងភាគបម្រុងបានឡើយ។ ទីពីរ បើមិនធ្វើកិច្ចសន្យាទំនាក់ទំនងនៃទ្រព្យទេ ត្រូវកំណត់ ដោយប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។

3. rotana - ខែមករា 7, 2012

សូស្តីខ្ញុំមានសំនួរមួយចង់សួរថា​ តើ ក្នុង​ក្រមព្រហ្មទ័ណ្ឌ2010 ​ថាតើ បទហិង្សា​ និង បទ បង្ករបួសស្នាម ខុសគ្នាដូចម្តេច?រឺក៏គេគ្រាន់តែប្តូឈ្មោះ?

មេឃា - ខែមករា 12, 2012

អ្នក​ច្បាប់​ណាអាច​ជួយ​បាន​សូមជួយផង…

សុខ ផល្លា - ខែមករា 19, 2012

បទហឹង្សា និងបទបង្ករបួសស្នាម ខុសគ្នាត្រង់បទហឹង្សាមានវិសាលភាពធំជាង អត្ថន័យរួមទាំងលើរូបកាយ អារម្មណ៌ …។អ្នកច្បាប់អាចយកមាត្រា២១៧រហូតដល់២៣០នៃក្រមព្រហ្មទណ្ឌ២០១០ មកថ្លឹង និងយោងបាន។

rotana - ខែ​មីនា 28, 2012

ខ្ញុំសូមអរគុណ។សូមបញ្ចាក់បន្តិចបានទេថា មាត្រា ណាដែល និយាយពីបទបង្កររបូសស្នាម?

វាយោ - ខែ​កុម្ភៈ 28, 2012

សូមធ្វើការឆ្លើយតម ទៅ រតនាថា​ បទហិង្សាគឺសំដៅទៅលើអំពើប្រព្រឹត្តដែល មានចេតនា ចំណែក ឯបង្ករបួសស្នាម គឺជាអំពើអចេតនា ។

មេឃា - ខែ​កុម្ភៈ 29, 2012

ជាការណែនាំរបស់​ចៅក្រម រាល់បទល្មើស​ដែល​មាន​ចែងក្នុងក្រម​ព្រហ្មទណ្ឌ​ត្រូវចាត់ទុកថា ជាអំពើ”ចេតនា​” ទាំងអស់ ទោះបីជា​មិន​បាន​ចែងថា ជា​អំពើ​អចេតនា​ ឬ​ចេតនា​ក្តី លុះត្រា​ណាតែ​បទល្មើសនោះ​ត្រូវបាន​រាប់​បញ្ចូលថា ជា​បទល្មើស​អចេតនា។
សូមរកមើល​បទសម្លាប់មនុស្ស មាន​ពាក្យ ចេតនា តែ​បទរំលោភ មិន​បាន​បន្ថែមពាក្យ ចេតនា​ ទៅក្នុងបទល្មើសទេ… តើអាច​បកស្រាយថា រំលោភដោយ​អចេតនាទេ ?

វាយោ - ខែ​មីនា 3, 2012

ចុះមាត្រា ២០៧(បទមនុស្សឃាតដោយចេតនា)តើទាមទារនូវធាតុចេនាក្នុងការប្រព្រឹត្តដែលឬទេ?

Veasna - ខែមិថុនា 4, 2014

ខ្ងុំចង់សួបងថា. តើប្រទេសកម្ពុជាយើង តើអ្វីដែលគ្មានច្បាប់ចែង

CHAN RINA - ខែធ្នូ 1, 2012

តាមពិតបទល្មើសទាំងពីរនេះមានលក្ខណះខុសគ្នាស្រលះ ហើយវាមិនមែនប្តូរឈ្មោះនោះទេ។ បើយោងតាមក្រមព្រហ្មទណ្ឌ២០១០នៃព្រះរាជាណាចក្រកម្ពុជាមាត្រា​ ២១៧ បទហិង្សាដោយចេតនា សំដៅទៅលើអំពើប្រព្រឹត្តដោយចេតនាលើ អ្នកដ៏ទៃ រីឯបទ បង្កឱ្យមានរបួសដោយអចេតនាវិញ(មាត្រា ២៣៦)ចង់សំដៅទៅលើអំពើប្រព្រឹត្តណាមួយដែលនាំឱ្យមានរបួសដល់អ្នកដ៏ទៃដោយអំពើអចេតនារបស់អ្នកប្រព្រឹត្ត។ យើងត្រូវចំណាំថាបទ ហិង្សាដោយចេតនា គឺបានបង្កប់ពាក្យចេតនានៅក្នុងនោះ រួចទៅហើយ រីឯ បទបង្កឱ្យមានរបួសដោយអចេតនាវិញក៏បានបង្កប់ ពាក្យអចេតនានៅក្នុងនោះដែរ ត្រង់ចំណុចនេះហើយ ដែលជាលក្ខណះ ខុសគ្នារវាងបទល្មើសទាំងពីរ។ សូមជម្រាប់ថាបទបង្ករបួសស្នាមនេះមិនមាននៅក្នុង ក្រមព្រហ្មទណ្ឌ២០១០ និង ច្បាប់ព្រហ្មទណ្ឌអន្តរកាល
ទេ គឺមានតែ បទហិង្សាដោយចេតនា(២១៧) និង​ បទបង្កឱ្យមានរបួសដោយអចេតនា(២៣៦) យោងតាមក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា២០១០ និង ច្បាប់ព្រហ្មទណ្ឌអន្តរកាល ។ បើនៅក្នុង ច្បាប់ព្រហ្មទណ្ឌអន្តរកាល គឺមានតែបទល្មើស អំពើបង្ករបួសដោយចេតនា(៤១)។ ដូចច្មោះបើតាមយោបល់ខ្ញុំពាក្យ ថាបង្ករបួសស្នាមប្រហែល ជាភាសាអ្នកដែលគាត់មិនបានសិក្សាអំពីច្បាប់ហើយនាំឱ្យគាត់ហៅ បទល្មើសច្រលំក៏មិនដឹង។ បើចង់ដឹងច្បាស់សូមស្រាវជ្រាវក្រមព្រហ្មទណ្ឌ២០១០ និង ច្បាប់ព្រហ្មទណ្ឌអន្តរកាលបន្ថែម។

កុំទាន់អាល់ជឿទៅស្រាវជ្រាវមើលសិនទៅ!
ពាក្យចាស់ពោលថា ឭគេថាដប់ដង មិនស្មើនឹងយើងឃើញម្តង!

Muot Sopheaktra - ខែកក្កដា 17, 2015

បកស្រាយល្អ ខ្ញុំអ្នកអានសូមអរគុណ៕

4. សុខ ផល្លា - ខែមករា 19, 2012

សូមសួរ៖ តើភាពខុសគ្នារវាងបទដ្ឋានគតិយុត្ត និងលិខិតបទដ្ឋានដូចម្តេច?

5. ផល្លា - ខែមករា 19, 2012

១. តើច្បាប់អស្សាមីករផ្តល់គុណសម្បតិ្តនិងគុណវិបតិ្តអី្វខ្លះដល់បុគ្គលនិង សង្គមខ្មែ?

6. សុខ ផល្លា - ខែមករា 19, 2012

តើអំណាចនៃបទបញ្ជារដ្ឋាភិបាលនិងអំណាចនៃសេចក្តីសម្រេចរបស់តុលាការខុសគ្នាដូចម្តេច?ទិដ្ឋភាពច្បាប់?ទិដ្ឋភាពសង្គមខ្មែរ?

7. ratanak - ខែ​កុម្ភៈ 15, 2012

តើអ្វីទៅជាអាណត្តិជ្រើសតាំង?

8. reno - ខែ​កុម្ភៈ 27, 2012

សួស្ដី បងមេឃា !! សូមសួរ !!​ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ចែងថា
អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ១០ឆ្នាំ …!!
សូមសួរ !! នេះចាត់ចូលជាបទអ្វី (ឧក្រឹដ្ឋ ,មជ្ឈឹម ,លហុ ) ??
យោងតាមមាត្រា ៤៦, ៤៧, ៤៨ នៃក្រមនេះមានន័យខុសគ្នា !!!
សូមបងមេឃា ផ្ដល់យោបល់ដល់ខ្ញុំផង !! សូមអគុណ !!

មេឃា - ខែ​កុម្ភៈ 29, 2012

សួស្តី Reno …
មាត្រា ៣៥៧ ក្រមព្រហ្មទណ្ឌ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ចំពោះ​អំពើលួច ដែល​មាន​ការប្រើប្រាស់​ហិង្សា (ទោះបី ១-មុនពេល ២-ក្នុងពេលលួច ឬ ៣-ក្រោយពេលលួច ៖ ១/២-វ៉ៃគេ ហើយ ឃើញលុយ ឬសម្ភារៈ មាន​តម្លៃយកទៅ ៣-ពេល​លួច ម្ចាស់គេទាន់​ ប្រើហិង្សា បទពីបទលួច…)

ក្នុងរឿងព្រហ្មទណ្ឌ មាន​បទល្មើស ទាល់​តែមាន​ច្បាប់ចែង (មានន័យថា បើ​ច្បាប់​មិន​បាន​ប្រាប់ថា អំពើនោះខុសច្បាប់ មាន​ទោសប៉ុន្មាន ? ទើប​ចៅក្រម​អាច​ដាក់ទោសបាន…) ហើយ ចំណាត់ថ្នាក់នៃ​បទល្មើស បែងចែកជា ៣ គឺ ១-បទលហុ ២-បទមជ្ឈឹម និង ៣-បទឧក្រិដ្ឋ ។
១-បទលហុ ត្រូវបាន​ចាត់ចំណាត់ថ្នាក់ដោយសារ កម្រិត​អតិបរមា​នៃទោស មានចន្លោះចាប់ពី ពិន័យជាប្រាក់ រហូតដល់ដាក់ពន្ធនាគារ ក្រោម ឬស្មើនឹង ៦ថ្ងៃ។
២-បទមជ្ឈឹម (អាច​បន្ថែមទោសពិន័យដែរ) តែរាប់​បញ្ចូលត្រឹម ទោសដាក់ពន្ធនាគារ​ចន្លោះចាប់ពី លើសពី ៦ថ្ងៃ រហូតដល់ ក្រោម ឬស្មើនឹង ៥ឆ្នាំ។
៣-បទឧក្រិដ្ឋ (អាចបន្ថែមទសពិន័យ​ដែរ) តែ​ត្រូវពិនិត្យលើ ទោសដាក់​ពន្ធនាគារ​ចាប់ពី លើស ៥ ឆ្នាំ ដល់អស់មួយជីវិត។
សរុបមកវិញ បទលួច មាន​ទោសចាប់ពី ៣ឆ្នាំ ទៅ​ ១០ ឆ្នាំ មានន័យថា ចៅក្រមជា អ្នកសម្រេចថា គួរ​ដាក់ទោស​ជនល្មើស ត្រឹមកម្រិត មជ្ឈឹម ឬឧក្រិដ្ឋ ? បើ​ចៅក្រម យល់ថា ជនល្មើស មិន​អំណោយ​ទាន ចៅក្រម នឹង​សម្រេច​ដាក់ទោស ៩ឆ្នាំ៩ខែ ទោសនោះ​ ត្រូវចាត់ចំណាត់ថ្នាក់ថា បទឧក្រិដ្ឋ (ទោសដាក់​ពន្ធនាគារ​ចាប់ពី លើស ៥ ឆ្នាំ ដល់អស់មួយជីវិត)។ ផ្ទុយទៅវិញ បើ​ចៅក្រម ស្វែងយល់ថា ជនល្មើសគួរ​ឱ្យ​យោគយល់ គួរតែ​ដាក់ទោសត្រឹម​កម្រិត អប្បបរមា ៣ឆ្នាំ ទោសនោះត្រូវរាប់ថា បទមជ្ឈឹម (ទោសដាក់ពន្ធនាគារ​ចន្លោះចាប់ពី លើសពី ៦ថ្ងៃ រហូតដល់ ក្រោម ឬស្មើនឹង ៥ឆ្នាំ)។

RINA - ខែកក្កដា 26, 2012

រីណា
សួស្តី !ខ្ញុំមិនមែន​ជាបងមេឃាទេ តែខ្ញុំបញ្ចេញយោបល់បន្តិច! តាមពិតមាត្រា ៣៥៣ ទើបជាបទលួច ហើយមាត្រាដែលចែង អំពីទោសពិន័យគឺមាត្រា៣៥៦ ត្រូវដាក់ពន្ធនាគារ ៦(ប្រាំមួយ)ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០​ ០០០ (មួយលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ។ ចំណែកឯមាត្រា ៣៥៧ នេះវាជា ស្ថានទម្ងន់ទោសនៃបទលួចទេ ដូចនេះដោយយោងតាមមាត្រា៣៥៣ ខាងលើនេះបទលួចជាបទ មជ្ឈិម ដោយសារតែទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ។ ត្រូវចងចាំថាទោះបីជាមានស្ថានទម្ងន់ទោស ដាក់ ទោសពន្ធនាគារលើសពីប្រាំឆ្នាំក៏ដោយ ក៏វានៅតែជាបទមជ្ឈឹមដដែល ព្រោះការកំណត់បទល្មើសគឺត្រូវកំណត់ដោយផ្អែកតាមមាត្រា ៤៦​ ​៤៧​ ៤៨ គឺកុំមើលទៅលើស្ថានទម្ងន់ទោស ស្ថានសម្រាលទោស ។ល។

bun yoeun - ខែ​កុម្ភៈ 23, 2013

bun yoeun
ទោសដាក់ពន្ធនាគារ ប្រសិនបើលើសពី ៥ឆ្នាំទោសនោះនិងក្លាយទៅជាទោសឧក្រិដ្ឋបើយោងតាមមា
ត្រា៤៦នៃក្រមព្រហ្មទណ្ឌ

9. វាយោ - ខែ​កុម្ភៈ 28, 2012

សូមសួរទៅមិត្តអ្នកអានថា តើ ពាក្យថា អចលនវត្ថុ ដែលប្រើប្រាស់ក្នុងក្រមរដ្ឋប្បវេណីថ្មី មានអ្វីខ្លះ? ចុះផ្ទះចាត់ទុកជាអចលនវត្ថុដែរឬទេ?

មេឃា - ខែ​កុម្ភៈ 29, 2012

មាត្រា ១២០ ក្រមរដ្ឋប្បវេណី ២០០៧… អចលនវត្ថុ សំដៅដល់ ដីធ្លី និង​វត្ថុជាប់នៅលើដី ហើយ​មិនអាច​ផ្លាស់​ប្តូរ ទីកន្លែង​បាន ដូចជា អាគារ សំណង់ ដំណាំ រុក្ខជាតិ…

វាយោ - ខែ​មីនា 3, 2012

ក្នុងអត្តន័យនៃមាត្រានេះ តើ ផ្ទះអាចជាអចលនវត្ថុដែរឬទេ? ឬមួយលុះត្រាតែ ដីនិងផ្ទះនៅជាមួយគ្នាទើបហៅថាអចលនវត្ថុ?

bun yoeun - ខែ​កុម្ភៈ 23, 2013

ពាក្យថាអចលនវត្ថុគឺរបស់ទាំងឡាយណាដែលមិនអាចផ្លាស់ទីបានតែ​ប្រសិនបើផ្លាស់ទីវាពីបាកខ្លាំងណាស់។ ហើយ មិត្តសួរថា ចុះបើផ្ទះជាអចលវត្ថុដែរទេ វាពិតជាអចលនវត្ថុដោយសារផ្ទះនៅ​មួយកន្លែង ខ្ញុំដឹងថាមិត្តនិងឆ្ងល់ថាប្រសិនបើគេរើ ឫ ផ្លាស់ទីបាន​តើ ?ប្រសិនបើផ្លាស់ទី ឫរើក៍វាពីបាកដែរដូចនេះហើយទើបគេ​ចាត់​ទុកវាជាអចលនវត្ថុ។ អគុណ

10. reno - ខែ​កុម្ភៈ 29, 2012

សូមអគុណ បងមេឃា !! ក៏ប៉ុន្ដែចំពោះសំនួររបស់ខ្ញុំ បងមានអំណះអំណាង បន្ថែមលើសពីនេះ ទៀតទេ !!! ពីព្រោះមិនទាន់យល់ច្បាស់ទេបង​ !! មានមាត្រាណាអាចជាអំណះអំណាង​បានទេ​ ??

មេឃា - ខែ​មីនា 2, 2012

សោកស្តាយផង Reno ដោយសារ ខ្ញុំ​ពិបាករក មាត្រាដទៃទៀត មក​អំណះអំណាង ឱ្យ​ច្បាស់ជាងនេះ… បើ មានពន្លឺថ្មី ខ្ញុំនឹង​ បញ្ជាក់​បន្ថែម…

11. khovshimeng - ខែ​មីនា 2, 2012

សុំទោសបងម្ចាស់ប្លុកតើបងអាចដាក់បង្ហាញពីច្បាប់រដ្ជធម្មនុញរបស់កម្ទុជាទំាងអស់បង្ហាញអោយខ្ញុំផងបានទេបាត។
បាតសុំអភ័យទោសដែររំខានសួរបងរៀងបែបនឹង

12. khovshimeng - ខែ​មីនា 2, 2012

សុំទោសដែរមានខុសនូវអក្សរបង ខ្ញុំចង់សំនូមពរបងអោយដាក់បង្ហាញអំពីសេចក្តីព្រាងច្បាប់ថ្មីរបស់រដ្ជធមនុញនឹងច្បាប់រដ្ជធម្មនុញទំាងអស់ដែរមានទំាងប៉ុន្មាននៅក្នុងប្រទេសកម្ពុជាមកដាកបង្ហាញអោយខ្ញុំបាត​បានដឹងផងបាត

13. Vit - ខែ​មីនា 10, 2012

បង មេឃា តើ អត់មាន​សំណួរចម្លើយស្តីពីព្រហ្មទណ្ឌទេ ហ្អស ?

មេឃា - ខែ​មីនា 12, 2012

អត់ទាន់មានទេ…

មេឃា - ខែ​មីនា 13, 2012

សញ្ញាណទូទៅ នៃក្រមព្រហ្មទណ្ឌ http://khmerlaws.com/phocadownload/law_documents/l_d_001new.pdf

14. Vit - ខែ​មីនា 13, 2012

តើ បង អាចធ្វើវាបានទេ​ ?
ព្រោះខ្ញុំគិតថា សំខាន់ណាស់។

មេឃា - ខែ​មីនា 15, 2012

អរគុណសម្រាប់សំណើ… ខ្ញុំយល់ពីសារសំខាន់ហ្នឹងដែរ… តែទាស់អត់ទាន់មានពេលគ្រប់គ្រាន់… ប៉ុន្មានខែ​ចុងក្រោយនេះ រវល់ ហួស​ហេតុ រកតែ​ពេល​ដាក់​ប្រកាសថ្មី មិនបានផង… 😦

15. Vit - ខែ​មីនា 20, 2012

ខ្ញុំគិតថា បងប្រហែលជាអាចធ្វើវាបាន ៕ ដោយការគោរពពីប្អូន ក៏ដូចជា មិត្តដទៃទៀតដែលសិក្សារផ្នែកច្បាប់…..។ សូមអរគុណ….បង មេឃា… 🙂

មេឃា - ខែ​មីនា 21, 2012
16. rotana - ខែ​មីនា 28, 2012

ខ្ញុំមានសំនួរមួយចង់សួរថា តើក្រម និង ក្រមនីតិវិធីខុសគ្នាដូចម្តេច?

17. រតនា - ខែ​ឧសភា 28, 2012

ខ្ញុំមានសំនួមួយសុំសួរថា. នេៅក្នុងច្បាប់អាពាហ៍ពិពាហ៍ខ្មែយើងបានចែងថា បើ បុរសបានបាត់ខ្លួនដោយពុំដឹងមូលហេតុ រយ:ពេល1 ឆ្នាំ នារីនោះអាចធ្វើសាលក្រមលែងលះបាន។សំនួរ ចង់សួរថា ចុះបើស្វាមីថ្មីចុះចោល រឺ ក៏បាត់ខ្លួនទៀតតើយើង អាចធ្វើសាលក្រមម្តងទៀតបានទេ? ហើយ សាលក្រម អាចធ្វើបានប៉ុន្មានដង?

មេឃា - ខែ​ឧសភា 28, 2012

រតនា ហ្នឹងខូចហ្មង !
មកសួរ រហូត អត់​ដែល​ឃើញ មានអ្វីថ្មី មកប្រាប់គេវិញសោះ :-p

រតនា - ខែមិថុនា 1, 2012

ជួយប្រាប់ខ្ញុំផង ខ្ញុំរៀនមិនសូវពូកែទេ

មេឃា - ខែមិថុនា 5, 2012

អត់ទាន់ចង់ :p

18. April - ខែកក្កដា 12, 2012

ចូរពន្យល់អំពីបទល្មើសព្រហ្មទណ្ឌដែលមានកំណត់នៅក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ធនាគារនៃកម្ពុជា

April - ខែកក្កដា 12, 2012

ចូរពន្យល់អំពីបទល្មើសព្រហ្មទណ្ឌដែលមានកំណត់នៅ
ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ធនាគារ
នៃកម្ពុជា

មេឃា - ខែកក្កដា 13, 2012

សម្រាប់ ការពិភាក្សា នានា ពាក់ព័ន្ធនឹងច្បាប់ សូម ចូលរួម ជាមួយនឹង ក្រុមពិចារណាពិស្តារ ផ្នែកគតិយុត្ត
http://www.facebook.com/groups/criticallegalthinking/

19. Chanren - ខែសីហា 3, 2012

សួរស្តី បងមេឃា រួមទាំងអ្នកដែលបានចូលរួមផ្តល់ជាមតិ និងទស្សនាទាំងអស់គ្នា ខ្ញុំមានសំណួរមួយចង់សួរ តែមុនពេលសួរខ្ញុំសូមអភ័យទោសជាមុនផងព្រោះសំណូរដែលសួរ វាហាក់ដូចជាឆោតឆ្ងង់ពេក។
សំណួររបស់ខ្ញុំគឺ អ្វីទៅគឺជាច្បាប់ និងហេតុអ្វីបានជាយើងត្រូដឹងពីច្បាប់?

ខ្ញុំសូមស្វាគមន៍ និងអគុណរាល់រាល់គំនិតដែលបានលើកឡើង។

20. Will - ខែសីហា 24, 2012

សួស្តី មេឃា ខ្ញុំមានសំណួរមួយ សូមមេឃាជួយបកស្រាយអោយខ្ញុំផង! ដូចម្តេចដែលហៅថាលិខិតមានលក្ខណគតិយុត្តិ? ធ្វើដូចម្តេចដើម្បីអោយលិខិតមួយមានលក្ខណគតិយុត្តិ? សូមអគុណ!

មេឃា - ខែសីហា 24, 2012

សួស្តី Will,
ខ្ញុំ​សូម​មិន​ ផ្តល់និយមន័យ ទេ តែសូមធ្វើការ ពន្យល់ តបវិញ ហើយ សង្ឃឹមថា នឹងមានប្រយោជន៍ សម្រាប់ជា គោលក្នុងការសិក្សាបន្ត…

លិខិត​មានលក្ខណៈគតិយុត្តិ បង្កប់ ពាក្យ​ គន្លឹះ ២ សំខាន់។ ទីមួយ គឺ លិខិត និង ទីពីរ គឺ គតិយុត្តិ។

លិខិត​មានពីរប្រភេទ ទៀត គឺ ១.លិខិត​យថាភូត (លិខិត​ ដែល​ធ្វើឡើង​តាមរូបមន្តច្បាប់ ដោយមន្រ្តី​សាធារណៈ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រតិបត្តិ​មុខងារនោះ។ តាមន័យ​ ចង្អៀត ជាលិខិត ទាំងឡាយ​ដែល​រៀបចំ ឡើងដោយ សារការី។) និង ២. លិខិតឯកជន (លិខិត​ទាំងឡាយណា ដែល​បង្កើតឡើង ដោយបុគ្គល ឯកជន ដោយមាន ចុះហត្ថលេខា ឬស្នាមមេដៃ។) នេះ​បើ តាម សន្ទានុក្រមនៃច្បាប់។

គតិយុត្តិ មានន័យថា តាមគន្លងច្បាប់ ឬដែល​ទាក់ទងនឹង​ច្បាប់ ដែល​ត្រឹមត្រូវ តាមច្បាប់។

សរុបមកវិញ លិខិត​ដែល​មានលក្ខណៈគតិយុត្តិ អាច​ប្រែប្រួល​ទៅតាម​ប្រភេទ នៃ​លិខិត (ឯកជន ឬយថាភូត) ដែល​មានច្បាប់ណាមួយ ណែនាំ ដើម្បី​ផ្តល់ភាព ស្របច្បាប់។

21. RINA - ខែកញ្ញា 13, 2012

សួរស្តី​​បង មេឃា!
ខ្ញុំមានចំងល់មួយៈ មានជនបរទេសម្នាក់បានមករកស៊ីនៅប្រទេសកម្ពុជា
ហើយ គាត់មិនមានសញ្ជាតិខ្មែរទេ។ ថ្ងៃមួយគាត់ចង់ធ្វើបណ្តាំមត៌ក ឱ្យកូនគាត់ដែលរស់នៅបរទេសតែទ្រព្យសម្បត្តិគាត់មាននៅប្រទេសកម្ពុជា(ភាគហ៊ុន) ។
១. តើទ្រព្យសម្បត្តិរបស់គាត់(ភាគហ៊ុន)ដែលនៅក្នុងប្រទេសកម្ពុជា អាច ធ្វើការបែងចែកឱ្យទៅកូនរបស់គាត់ដែលរស់នៅបរទេសបានដែរឬទេ?
២.ប្រសិនជាបាន តើគាត់អាចធ្វើការបែងចែកនៅបរទេស ហើយយក ការបែងចែងនោះមកអនុវត្តលើទ្រព្យដែលនៅក្នុងប្រទេសកម្ពុជាបានដែរ
ឬ ទេ។

មេឃា - ខែធ្នូ 22, 2012

សួស្តី Rina… តាមនីតិនៃទ្រព្យ សញ្ជាតិ​ និង​ទីកន្លែង ​នៃទ្រព្យ​ មានអានុភាព​ លើ​វិធាន​នៃ​ការបែងចែកទ្រព្យ រួមទាំងកាតព្វកិច្ច​ជាប់ពន្ធជាដើម។ ក្នុង នីតិពាណិជ្ជកម្ម​ វិញ វិធានរួម មានអានុភាព​លើ​ ការបែងចែក ភាគហ៊ុន ដោយ​ជាទូទៅ វាមិនមានជម្លោះ ដែនដីគតិយុត្តិ ឡើយ។
សរុបមកវិញ ទ្រព្យសម្បត្តិ​​​របស់ ជនបរទេស ដែល​ជា ភាគហ៊ុន អាចបែងចែកបាន នៅកម្ពុជា តាមយោងតាម ច្បាប់ពាណិជ្ជកម្ម ទៅអោយ កូនដែល​ជា ទាយាទនៃទ្រព្យ… ការបែងចែក​ទ្រព្យនៅ បរទេស​ក៏មិនមានវិវាទ គតិយុត្តដែរ។

RINA - ខែ​ឧសភា 10, 2013

អរគុណបងមេឃា!

22. នីតា - ខែធ្នូ 21, 2012

សួស្តីមេឃា! ខ្ញុំមានចំងល់ដែលទាក់ទងនឹង អនីតិសង្វាស ខ្ញុំមិនដឹងថាអាចស្វែងរកឯកសារណាដែលអាចបកស្រាយពាក្យនេះឲ្យបានក្បោះក្បាយ និងលំអិតបាន។ ខ្ញុំបានរកមើលឯកសារជាច្រើនតែអត់មាននិយាយអ្វីទាក់ទង រឺច្បាស់លាស់សោះពីវា។ សូមមេឃា ជួយពន្យល់ និងបង្ហាញខ្ញុំផង។ សូមអរគុណ!!

មេឃា - ខែធ្នូ 22, 2012

សួស្តី នីតា
ក្នុងន័យគតិយុត្តិ អនីតិសង្វាស សំដៅដល់ ស្ថានភាព​ជាដៃគូ​របស់ បុរស និងស្រ្តី ដែល​មាន​ទំនាក់​ទំនង​សម័្ពន្ធផ្លូវភេទ ដោយ​មិនទាន់បាន​ចុះ​លិខិត​ប​ញ្ជាក់អាពាហ៍ពិពាហ៍។ ការរួមរស់ជាមួយគ្នា ក្រោយ​រៀបចំ​មង្គលការ តាមបែបប្រពៃណី តែមិនទាន់បាន ចុះ​លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍ ក៏ជា សា្ថនភាព​ អនីតិសង្វាស​ដែរ។ ឯកសារ​ យោងមាន ក្រម​រដ្ឋប្បវេណី ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ…

23. sokny nguon - ខែមករា 10, 2013

មេឃាអើយ!ថ្ងៃនេះខ្ញុំចង់សរសេរលិខិតទៅកាន់មេឃាជួរំលែកនូវកង្វល់របស់ខ្ញុំ ៖តាមពិតទៅ ឥឡូវនេះមានការប្រលងជ្រើសរើសមេធាវីដល់ថ្ងៃ២១មករាទើបគេបិទឈប់ទទួលហើយការដាក់ពាក្យត្រូវភ្ជាប់ជាមួយលិខិតថ្កោលទោសផងដែរ អ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំគឺខ្លាចមិនបានលិខិតថ្កោលទោសព្រោះថាគេដាក់ក្នុងបង្កាន់ដៃត្រូវទៅទទួលគឺមានរយ៖ពេល២០ថ្ងៃដោយរាប់តែថ្ងៃ
ធ្វើការប៉ុណ្ណោះ តែមិត្តខ្ញុំទៅយកអត់ទាន់បានទៀត ហួសថ្ងៃយូរហើយ ។ចំនែកខ្ញុំអត់ទាន់ដល់ថ្ងៃទៅយកនោះទេ តែអ្វីដែលខ្ញុំភ័យខ្លាចនោះគឺបើខ្ញុំយកអត់បានវាត្រូវពន្យាពេលយូរទើបទទួលបាននោះគឺមិនអាចចូលរួមប្រលងបាននោះទេ ។ខ្ញុំពិតជាមានការស្តាយក្រោយខ្លាំណាស់ ព្រោះថាវាជាពេលដែលខ្ញុំខំទន្ទឹងរង់ចាំមកជាយូរវាជាក្តីស្រម័យរបស់ខ្ញុំ ហើយរាល់ថ្ងៃទោះខ្ញុំរវល់ការងារប៉ុណ្ណាក័ដោយក៍ខ្ញុំខំប្រឹងប្រែងមើលសៀវភៅត្រៀមប្រលងដោយមិនធ្វេសប្រហែសឡើយ។ ឥឡូវនេះខ្ញុំមានការព្រួយបារម្ភជាខ្លាំង ពេលខ្លះចង់យំ រាល់ថ្ងៃអត់ខ្ញុំមិនរីរាយទាល់តែសោះ ហើយពីរថ្ងៃហើយខ្ញុំអត់ឃ្លានបាយនោះទេ ហើយខ្ញុំក៍អត់មានកំលាំងចិត្តមើលសៀវភៅទៀតដែរ កាលពីយប់មិញម៉ាក់ខ្ញុំប្របា់ថាខ្ញុំដេកមើរមាយស្រែកយំទៀតផង តាមពិតទៅខ្ញុំយល់សប់ថាខ្ញុំទៅយកលិខិតថ្កោលទោសតែអត់បានទើប

នៅក្នុងយល់សប់ខ្ញុំស្រែកយំ មេឃាអើយជួយអោយយោបល់ខ្ញុំផង

ខ្ញុំពិតជាស្រលាញ់វាណាស់ខ្ញុំចង់ប្រលងណាស់

ធ្វើការប៉ុណ្ណោះ តែមិត្តភក្តិខ្ញុំទៅយកគឺលើសថ្ងៃយូរហើយមិន

24. sokny nguon - ខែមករា 11, 2013

អគុណមេឃាហើយ ខ្ញុំបានសួរពត៏មានច្បាស់ហើយ គេអនុញ្ញាតអោយខ្ញុំប្រលងហើយ ខ្ញុំរីករាយណាស់។

25. sokny nguon - ខែមករា 14, 2013

មេឃាខ្ញុំឆ្ងល់នូវសំណួរមួយចំនួនសូមមេឃាជួយពន្យល់ខ្ញុំផង៖ -តើអំពើណាមួយដែលចាត់ទុកថាមានកំហុសតែគ្មានការខូចខាត(ជួយរកឧទាហរណ៍)
-ចូរពន្យល់ពីគោលការណ៍អាជ្ញាអស់ជំនុំ
-ពន្យល់ពាក្យពិន័យអន្តរការណ៍
-ពន្យល់មាត្រា៨នៃក្រមនីតិវិធីព្រហមទណ្ឌកថាខណ្ឌ២ ថាតើអ្វីជាលក្ខខណ្ឌ័ចាំបាច់នៃការចោទប្រកាន់បទព្រហ្មទណ្ឌនៅក្នុងពាក្យបណ្តឹង?សូមបញ្ជាក់ឧទាហរណ៍ផង ។

អគុណសំរាប់ការឆ្លើយតប ដើម្បីជាការរួមចំណែកផ្នែកច្បាប់

មេឃា - ខែមករា 17, 2013

សួស្តី Sokny,
ដំបូង ខ្ញុំសូមចូលរួមអបអរផង ដែល សុខនី បានដាក់ពាក្យប្រលង មេធាវី (សូមជំរាប ថា សុខនី អាចមានពេលច្រើន ទៀត ដើម្បី មើលមេរៀន ហ្វឹកហ្វាត់ មូលដ្ឋានច្បាប់ នីតិវិធី រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ព្រោះ តាមខ្ញុំដឹងការ ប្រលង មេធាវី ត្រូវបានលើកម្តងជាពីរដងហើយ តែបើ សុខនី ស្រឡាញ់វិជ្ជាជីវៈនេះ គួរចំណាយពេល មើលឯកសារ អោយបានច្រើន ដើម្បីពេលប្រលង នឹងមានសង្ឃឹមខ្ពស់ជាងគេ។ ចំណេះ ពិតមិនខ្លាច ឥតប្រយោជន៍ ហើយមិនបានប្រើប្រាស់ទេ) ។ រឿងទីពីរ ខ្ញុំខ្លាចថា ខ្ញុំមិនអាច បកស្រាយ ចម្ងល់ផ្នែកច្បាប់ ដែល សុខនី បានសាកសួរ ខាងលើទេ (ជម្រាប តាមត្រង់ ខ្ញុំក៏ត្រូវស្វែងរក ឯកសារច្បាប់ មកបកស្រាយ តបដូចគ្នា។ ដោយសារ បច្ចុប្បន្ន ការងារ របស់ខ្ញុំ ច្រើនពេក ជួនកាល មកពេល បាយថ្ងៃត្រង់ មិនបានផង អាឡូវឈឺ ក្រពះហើយ)។ ខ្ញុំបានសន្យា ខ្លួនឯងថា ជួយរកជូន សុខនី ដែរ តែមិនអាចដកឃ្លា បានពិតមែន មួយរយៈនេះ ជាប់រវល់ ដល់យប់ពាក់កណ្តាលអាធ្រាត។ សុខនី អាខដោនឡូត ឯកសារ ច្បាប់ ក្នុងប្លុក មេឃា ឬ ប្លុកមួយចំនួនទៀត ដូចជា (sopheaksrey.wordpress.com/laws) ដើម្បី ជាទុន គ្រាន់អាចឆ្លើយ សំណួរទាំងនេះបាន។
ជូនពរសំណាងល្អ សម្រេចក្តីប្រាថ្នាណា ! សង្ឃឹមថា មិនបាក់ទឹកចិត្ត ដោយគ្រាន់តែ មិនបានឃើញ ការឆ្លើយសំណួរ របស់ ខ្ញុំទេណា គួរតែ គិតថា បើមិនឆ្លើយហីតូវ ខ្ញុំរកចម្លើយ ដោយខ្លួនឯងក៏បាន 😉

26. sokny nguon - ខែមករា 18, 2013

អគុណមេឃាសំរាប់ការលើកទឹកចិត្ត ខ្ញុំដឹងថាមេឃាជាមិត្តដ៏ល្អរបស់ខ្ញុំដែលអាចផ្តល់ប្រឹក្សាដល់ផ្នែកច្បាប់ ទោះជាមិនបានក៏ខ្ញុំនឹងព្យាយាមស្វែងរកចំលើយដែរ ហើយខ្ញុំព្យាយាមអោយកាន់តែល្អជាងនេះមិនអោយការលើកទឹកចិត្តរបស់មេឃាអសារបង់ឡើយ ។មេឃាអើយគិតគូរពីសុខភាពផង ទួនាទីគឺសំខាន់ប៉ុន្តែសុខភាពទើបសំខាន់ជាង។អគុណមេឃាខ្លាំងណាស់សូមសំណាងល្អណា។

27. Chenda - ខែមករា 20, 2013

ជំរាប់សួរបងមេឃា ខ្ញុំមានសំនួរ ត្រូវការបងមេឃាជួយពន្យល់និងឆ្លើយក្បោះក្បាយ ទុកគ្រាន់ជាចំនេះសំរាប់និស្សិតខ្មែរ សិក្សាផ្នែកច្បាប់ទាំងអស់ ៖
សំនួរអត្ថាធិប្បាយ
១/ ចូរបង្ហាញចំនុចពិសេសនៃការបកស្រាយច្បាប់់ព្រហ្មទណ្ឌ បទបញ្ជារដ្ឋបាល យុត្តិសាស្រ្តតុលាកំពូល ហើយនិងសន្ឋិសញ្ញាអន្តរជាតិ។
២/ ចូរពន្យល់ភាពខុសគ្នារវាង ពាក្យសុភាសិត គោលការណ៍ និងវិធីសាស្រ្ត នៃការបកស្រាយច្បាប់។
៣/ ព្រំដែននៃការបកស្រាយរដ្ឋធម្មនុញ្ញ ដោយក្រុមប្រឹក្សាធម្មនុញ្ញ។ ទ្រឹស្តីនិងការជាក់ស្តែង។

សូមថ្លែងអំណរគុណ និងគោរព

28. bun yoeun - ខែ​កុម្ភៈ 23, 2013

តើសាលក្រមកំបាំងមុខធ្វើបានប៉ុន្មានដងក្នុងរឿងក្ដីមួយ?

29. ណែត - ខែ​មីនា 30, 2013

សួស្តី! បងៗទាំងអស់គ្នាខ្ញុំទើបតែចូលមើលជាលើកទីមួយទេតែខ្ញុំពិតជាពេញចិត្តនឹងblogមួយនេះណាស់។ ហើយខ្ញុំមានសំនួរមួយចង់សួរទៅដល់បងៗថា បើសិនជាជនជាប់ចោទជាមនុស្សដែលមានជំងឺផ្លូវចិត្ត តើចៅក្រមនឹងដាក់ទោសជននោះដោយរបៀបណា?

30. RINA - ខែ​ឧសភា 17, 2013

សួរស្តីបងមេឃា!
តើអ្វីទៅជាកិច្ចសន្យាលក់ដែលមានកិច្ចធានា?សូមផ្តល់ឧទាហរណ៍ផងបង
សូមអរគុណ!

31. RINA - ខែ​ឧសភា 17, 2013

សួរស្តីបងមេឃា!
តើពាក្យថាជម្រះចោលដែលមានចែងនៅក្នុងច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានាមានន័យយ៉ាងដូចម្ត៉េច?
អរគុណ!

32. RINA - ខែ​ឧសភា 22, 2013

តើអ្វីទៅជាកិច្ចសន្យាសជ្ជកម្មតាមច្បាប់?

33. Socheat - ខែសីហា 22, 2013

សូមជំរាបសួរបងមេឃា
ថ្ងៃនេះខ្ញុំមានចម្ងល់មួយចង់សួរទៅបង ដើម្បីឱ្យបងជួយដោះស្រាយខ្ញុំផង
ទាក់ទងទៅនឹងបញ្ហាផ្នែកច្បាប់ គឺ ទ្រឹស្តីផ្នែកច្បាប់របស់ អារីស្តូត ?

34. leng chiht - ខែតុលា 31, 2013

សួស្តី មិត្តទាំងអស់គ្នា ខ្ញុំទើបតែចូលblog របស់mekhea ជាលើទីមួយ ខ្ញុំចាប់អារម្មណ៍និងប្លុកនេះខ្លាំងណាស់ ខ្ញុំគិតថាវាមានអត្ថប្រយោជន៍ សំរាប់មិត្តទាំងអស់គ្នាក៍ដដូចជាប្រជាពលរដ្ឋផងដែរ។ ហើយក៍សូមសំនូមពរដល់មិត្តទាំងអស់គ្នា ជួយឆ្លើយតបនៅសំណួរ ដែលមិត្តយើងបានសួរវិញផង កុំទុកនៅយូរពេល ព្រោះសំណួររបស់ពួកគាត់ គឺគាត់ប្រហែលជាមានបញ្ហាអ្វីមួយហើយ។​
នៅពេលនេះខ្ញុំសូមចូលរួមបកស្រាយ នូវសំណួររបស់ ណែត
សួរថាៈ បើជនជាប់ចោទជាមនុស្សមានជម្ងឺផ្លូវចិត្ត តើចៅក្រមដាក់ទោស ជននោះដោយរបៀបណា?
យោងតាមមាត្រា៣១(ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាស ស្មារតី) នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០ បានបញ្ញាតិថា កាលបើជនណាម្នាក់ ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី(ផ្លូវចិត្ត ឆ្គួត..) ដែលធ្វើអោយបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុស ត្រូវព្រហ្មទណ្ឌទេ(មិនទទួលទោសទេ)

35. Veasna - ខែកក្កដា 15, 2014

បងខ្ងុំចង់អោយបងបងជួយពន្យល់អំពីអត្តប្រយោជន៏នៃច្បាប់ការងារ. ពីព្រោះខ្ងុំចង់ដឹងខ្លាំងណាស់

36. Senghong - ខែកញ្ញា 5, 2014

សួរស្តី ខ្ញុំមានសំនួរមួយចង់សួរបញ្ហាដែលនឹងកើតមានចំពោះតតិយជន។ ប្រសិនបើបុគ្គលណាមួយហ៊ានឈឈ្មោះជាប្រធានក្រុមហ៊ុនដែលក្នុងន័យជាតតិយជននិងមានម្ចាស់កម្មសិទ្ធជាជនជាតិបរទេស តើនៅពេលដែលមានបញ្ហាកើតឡើងក្នុងក្រុមហ៊ុនឬសំណងមួយចំនួនអាចពាក់ព័ន្ធនឹងតតិយជនដែរឬទេ?

37. Veasna - ខែកញ្ញា 24, 2014

ខ្ងុំចង់អោយបងជួយបកស្រាយពី. សមត្តកិច្ចរបស់តុលា។

38. sokny - ខែ​មីនា 18, 2015

សួរស្តីបងមេឃា!
ខ្ញុំសំណួរមួយចំនួនទាក់ទងនឹងបញ្ហាច្បាប់អោយបងជួយណែនាំ និងស្វែងរកអោយខ្ញុំ។ តាមពិតមុននឹងសួរបងមេឃា ខ្ញូំបានស្វែងរកតាមវិធីសាស្រ្តច្រើនរួចហើយតែនៅរកមិនទាន់ឃើញ សំណួរទាំងនោះមានដូចជា៖

១-កាលពីឆ្នាំ២០១៣ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយទាក់ទងនឹងក្រុមហ៊ុនសំណង់បុរី ក៏ដូចជាផ្ទះល្វែងមួយចំនួនពុំទាន់សុំអាជ្ញាបណ្ណ័អាជីវកម្មអភិវឌ្ឍលំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ក្នុងនោះមានប្រហែលជា១០ ក្រុមហ៊ុន។ ចុះបច្ចុប្បក្រុមហ៊ុនទាំងនោះបានដាក់ពាក្យស្នើសុំហើយឬនៅ??? មួយវិញទៀតក្រុមហ៊ុនថ្មីបន្តបន្ទាប់ទៀត មានក្រុមហ៊ុនណាខ្លះដែលអត់មាននោះ។ ខ្ញុំបានឆែកមើលក្នុងវែបសាយរបស់ MEF.GOV.KH តែរកអត់ឃើញទេ សូមបងជួណែនាំ និងស្វែងរកផង។

២-តើវិសមិតភាពនៃអំណាចរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយ ក៏ដូចជាធនាគារ មានអ្វីខ្លះ???(ករណីដូចជាគាត់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយ ហើយគាត់ក៏ជាអភិបាល ឬអ្នកគ្រប់គ្រងនៃក្រុមហ៊ុនមួយទៀត ហើយក៏ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហុនមួយផ្សេងទៀតដែរ តើមានការហាមឃាត់ដែរទេ????។ ម្យ៉ាងទៀត បុគ្គលម្នាក់ជាម្ចាស់ភាគហ៊ុនផង ជាអភិបាលផង ជាសមាជិកក្រុមប្រឹក្សាភិបាលផង ក្នុងក្រុមហ៊ុនតែមួយ តើមានការហាមឃាត់ដែរឬទេ???
តើអ្វីដែលច្បាប់បានហាមឃាត់ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាភិបាល????

ចំពោះសំណួរនេះខ្ញុំបានរកក្នុងច្បាប់ពាណិជ្ជកម្ម និងនៅក្នុងច្បាប់ពាក់ពន្ធ័វិស័យធនាគារ និងការជូនដំនឹងរបស់ធនាគារជាតិមួយចំនួនតែរកមិនទាន់ឃើញ។

សូមបងជួយរកអោយខ្ញុំផង អរគុណ!

39. Muot Sopheaktra - ខែកក្កដា 17, 2015

សួរស្ដីអ្នកច្បាប់ទាំងអស់ ខ្ញុំមានសំណួរមួយចង់សួរថា៖ តើពាក្យ តាវកាលិក និងពាក្យ ករណីកិច្ច ខុស​គ្នា ឬ ដូចគ្នា? (ឧ.តារកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឲ្យអ្នកលក់ ឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុទៅឲ្យអ្នកទិញ។) វាដូចទៅនឹងអ្វីដែលហៅថា ករណីកិច្ចរបស់អ្នកលក់ និង អ្នកទិញ​ (ឧទាហរណ៍ ករណីកិច្ចរបស់អ្នកលក់គឺត្រូវប្រគល់វត្ថុទៅអោយអ្នកទិញ រីឯអ្នកទិញក៏មានករណីកិច្ចត្រូវបង់ថ្លៃអោយអ្នកលក់ដែរ) ។ ឧ.ស្រូវដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀតហៅថា តាវកាលិកនៃការខ្ចី។ សូមមេឃាជួួយពន្យល់អោយបានក្បោះក្បាយផង ដើម្បីជួយដល់អ្នកច្បាប់ជំនាន់ក្រោយដូចជាខ្ញុំ។

សូមអរគុណទុកជាមុន៕

40. Muot Sopheaktra - ខែកក្កដា 17, 2015

សួរស្តីបងមេឃា!
ខ្ញុំមានសំណួរមួយចំនួនទាក់ទងនឹងបញ្ហាច្បាប់អោយបងជួយណែនាំ។
តើពាក្យអំពើហិង្សា(លើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ) និង បទហិង្សាដោយចេតនា មានអត្ថន័យដូចគ្នាឬយ៉ាងណា?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: