jump to navigation

ប៉ូលីស​ដើរវ៉ៃគេ ខែវិច្ឆិកា 15, 2013

Posted by មេឃា in Cambodia Feature Stories.
add a comment

ការ​​​រៀប​​​រាប់​​​របស់​​​រដ្ឋាភិបាល​​​និង​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​ខុស​​​គ្នា​​​ស្រឡះ​​​

Source : http://www.cambodiadailykhmer.com/news/7344/

ដោយ  and  – November 15, 2013

ទាល់​​​​តែ​​​​ឃើញ​​​​​​​ទើប​​​ជឿ​​​ ជា​​​​ពិសេស​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​​​​​ដែល​​​រដ្ឋាភិបាល​​​​គ្រប់គ្រង​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ និង​​​ព័ត៌មាន​​​​​ផ្សាយ​​​​​​​តាម​​​​​​​​បណ្ដា​​​​​ស្ថានីយទូរទស្សន៍​​​ និង​​​វិទ្យុសុទ្ធ​គាំទ្រ​​​រដ្ឋា​​​ភិ​​​បាល​​​ ដែល​​​​​​​​​​ជា​​​ញឹកញាប់​​​​​​​មានការខ្វែង​​​​គំនិត​​​គ្នា​​​​​​ជា​​​មួយ​​នឹង​​​​​​​​ស្ថា​​​ប័ន​​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​​ឯករាជ្យ​​​​នៅ​​​ក្នុ​ង​​​​ប្រទេស​​​កម្ពុជា​​​។

guns1_crop1-e1384484351553

មន្ត្រី​​នគរ​​បាល​​កំពុង​កាន់​​​​កាំភ្លើង​ដើម្បី​បង្រ្កាប​ទៅ​លើ​បាតុករ ​​អំឡុង​ការ​​ប៉ះ​ទង្គិច​​គ្នា​​ជាមួយ​ក្រុម​​កម្មករ​អេស​អិល​​ក្នុង​​ខណ្ឌ​មាន​​ជ័យ កាល​ពីថ្ងៃ​​អង្គារ​។ (រូបភាព ភ្នំពេញប៉ុស្តិ៍)

ប៉ុន្តែ​​​ក្រោយ​​​ពី​​​ហេតុ​​​ការណ៍​​​ប៉ះទង្គិច​​​គ្នា​​​​​​ដ៏​​​ហិង្សា​​​មួយ​​​រវាង​​​ក្រុម​​​កម្មករ​​​កាត់ដេរ​​​នៅ​​​រោង​​​ចក្រ​​​អេស​​​អិល​​​​​​​​​ និង​​​នគរបាល​បង្ក្រាប​​​កុប​​​កម្ម​​​នៅ​ជិត​ស្ពាន​​​ស្ទឹង​​​មាន​​​ជ័យ ក្នុង​ខណ្ឌ​មាន​ជ័យ​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​ធ្វើ​ឲ្យ​អ្នក​ឈរមើល​​​​​​​​​​​​​​​ម្នាក់​​​បាត់​​​បង់​​​ជីវិតនោះ​​​​​​​​​ ការ​​​រៀប​​​រាប់​​​ផ្លូវការ​​​របស់​​​រដ្ឋា​​​ភិបាល​​​​​​​​​នូវ​​​ហេតុ​​​ការណ៍​​​នោះ​​​​​​ត្រូវ​​​បាន​​​​​​ច្រាន​​​ចោល​​​​​​ដោយ​​​វីដេ​​​អូ ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អ៊ីនធើណិត​​​ ហើយ​​​​​​ផ្សាយ​​​​​​ពាស​​​ពេញ​​​គេហ​​​ទំព័រ​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​។

នៅ​​​ក្នុង​​​យុគសម័យ​​​មួយ​​​ ដែល​​​​​​ទូរស័ព្ទ​​​​​​ប្រភេទ​​​ស្មាត​​​ហ្វូន​​​និង​​​អ៊ីនធើណិត​​​​​​មាន​​​គ្រប់​​​កន្លែង ​​​រដ្ឋាភិបាល​​​​​​​​​មិ​​​នអាច​​​​​​គ្រប់គ្រង​​​​​​រូប​​​ភាព​​​ដែល​​​ប្រជាជន​​​​​​ចង់​​​​​មើល​​​បាន​​​​​ឡើយ​​​។ សាក្សី​​​និយាយ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ ​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​ស្ថានីយ​​​ទូរទស្សន៍​​​ទាំង​​​ប្រាំបួន​​​​​​​​​បាន​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​អំពី​​​ហេតុការណ៍​​​ប៉ះទង្គិច​​​គ្នា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ ដែល​​​បង្ហាញ​​ពី​​​ទិដ្ឋភាព​​​នគរ​​​បាល​​​ក្លាយ​​​ជា​​​ជន​​​រងគ្រោះ​​​ ដោយ​​​សារ​​​ត្រូវ​​​ក្រុម​​​បាតុករ​​​គប់​​​ដុំថ្ម​​​​​​ដាក់​​​ ប៉ុន្តែ​​​​​​មិន​​​បាន​​​​​​បង្ហាញ​​​​​​ពី​​​ទិដ្ឋភាព​​​មន្ត្រី​​​នគរបាល​​​​​​បាញ់​​​​​​គ្រាប់​​​កាំភ្លើង​​​ពិត​​​​​​ទៅ​​​លើ​​​បាតុករ​​​ឡើយ​​​ ដោយ​​​​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​នោះ​​​​​​ស្ត្រី​​​អ្នក​​​លក់​​​អាហារ​​​​​​​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ម្នាក់​​​ឈ្មោះ អេង សុុខុំ អាយុ​​​៤៩​​​ឆ្នាំ​​​បាន​ត្រូវ​​​គ្រាប់​​​ស្លាប់​​​​​​ និង​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​។

ចំណែកឯ​​​ខាង​​​​​​នគរបាល​​​វិញ​​​​​​ ពួក​​​គេ​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​បាញ់​​​គ្រាប់​​​ពិត​​​ទេ ហើយ​​​​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​ប្រើប្រាស​​​់​​​តែ​​​ឧស្ម័ន​​​បង្ហូរ​​​ទឹក​​​ភ្នែក និង​​​គ្រាប់​​​កាំភ្លើង​​​ជ័រ​​​ប៉ុណ្ណោះ​​​​​​។​​​នៅ​​​ក្នុង​​​វីដេអូ​​​មួយ​​​ ដែល​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ បាន​​​បង្ហាញ​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ រូប​​​ភាព​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ពី​​​ទិដ្ឋភាព​​​នគរ​​​បាល​​​បង្ក្រាប​​​កុប​​​កម្ម​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ពីរ​​​នាក់​​​​​​បែរ​​​មុខ​​​ទៅ​​​​​​បាតុករ​​​ ហើយ​​​បាញ់​​​​​​កាំភ្លើង​​​​​​ខ្លី​​​​​​របស់​​​ខ្លួន​​​​​​ជា​​​ច្រើន​​​គ្រាប់​​​ទៅ លើ​​​បាតុករ​​​ទាំង​​​នោះ​​​។

នៅក្នុង​​​​​​ឈុត​​​ឆាក​​​មួយ​​​ទៀត​​​ក្នុង​​​វីដេអូ​​​របស់​​​​​​​​​អង្គការ​​​លីកាដូ នគរបាល​​​​​​បាន​​​ស្រែក​​​​​​គំហក​​​គំរាម​​​យុវជន​​​ម្នាក់​​​​​​ដែល​​​អះអាង​​​ថា រូប​​​គេ​​​ជា​​​និស្សិត​​​ ដោយ​​​សួរ​​​ថា ហេតុអ្វី​​​បាន​​​ជា​​​​​​យុវជន​​​​​​រូប​​​នោះ​​​​​​នៅ​​​កន្លែង​​​​​​តវ៉ា​​​។ នគរបាល​​​ម្នាក់​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​យុវ​​​ជន​​​នោះ​​​ថា “អញ​​​នឹង​​​បាញ់​​​សម្លាប់​​​ហ្អែង​​​ហើយ​​​​​​យក​​​ខ្មោច​​​ហ្អែង​​​បោះ​​​ចោល​​​”។

ការ​អះអាង​របស់​រដ្ឋាភិបាល​​​ដែល​​​ថា នគរបាល​​​គ្រាន់​​​តែ​​​ការពារ​​​ខ្លួន​​​នោះ​​​ ក៏​​​ត្រូវ​​​បាន​​​​​​លាត​​​ត្រដាង​​​ការពិត​​​​​​ដែរ​​​ ដោយ​​​សារ​​​វីដេអូ​​​​​​​​​បង្ហោះ​​​ពេញ​​​ហ្វេសប៊ុកបង្ហាញ​​​ពី​​​​​​ភាព​​​សាហាវ​​​​​​ព្រៃ​​​ផ្សៃ​​​ហួស​​​ហេតុ​​​ ដែល​​​កង​​​កម្លាំង​​​នគរបាល​​​​​​ និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ធ្វើ​​​ទៅ​​​លើ​​​ជន​​​ស៊ីវិល​​​​​​គ្មាន​​​អាវុធ​​​​​​នៅ​​​ក្នុង​​​ដៃ​​​រួម​​​ទាំង​​​ព្រះ​​​សង្ឃ​​​ផង​​​។ វីដេអូមួយ​​​ មាន​​​ចំណង​​​ជើង​​​ថា “វ៉ៃ វ៉ៃ វ៉ៃ” ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​​​​តាម​​​គេហ​​​ទំព័រ​​​យូធូប​​​​​​ បង្ហាញ​​​ពី​​​សកម្មភាព​​​នគរបាល​​​​​​បង្ក្រាប​​​កុប​​​កម្ម​​​ និង​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​​​​វាយ​​​ដំ​​​​​​​​​ដោយ​​​គ្មាន​​​ធម៌​​​មេត្តា​​​ទៅ​​​លើ​​​​​​យុវជន​​​ ដែល​​​មិន​​​​​​​​​តតាំង​​​​​​។ អ្នក​​​ខ្លះ​​​​​​បាន​រង​​​របួស​​​​​​ជាំខ្លួន​​​​​​ប្រាណ និង​​​បាក់​​​ឆ្អឹង​​​។

វីដេអូ​​​​​​នោះ​​​មាន​​​អម​​​​​​ដោយ​​​បទ​​​ចម្រៀង​​​​​​មួយ​​​បទ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ដើរ​​​​​​វ៉ៃ​គេ”។ តារា​​​ចម្រៀង​​​​​​រូប​​​នោះ​​​​​​បាន​​​សួរ​​​កង​កម្លាំង​សន្ដិសុខ​​​ថា “បង​​​ប្រុស​​​​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​បង​​​ធ្វើ​​​បែប​​​នោះ​​​? គ្មាន​​​អ្នក​​​ណា​​​​​​ស្រលាញ់​​​ចូល​​ចិត្ត​​​បង​​​ទេ​​។ បង​​​គួរតែ​​​ធ្វើ​​​រឿង​​​ល្អ​​​វិញ​​​ទើប​​​ជា​​​​​​ការ​​​ប្រសើរ”។

យុវតី​​​ គឹម មួយ​​​លីង ជា​​​សិស្ស​​​វិទ្យា​​​ល័យ​​​ថ្នាក់​​​ទី​​​១១​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ​​​​​​បាន​​​និយាយ​​​​​​កាលពី​​​ម្សិលមិញ​​​ថា ​​​នាង​​​​​​តក់​​​ស្លុត​​​​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ពេល​​​នាង​​​​​​បើក​​​​​​វីដេអូ​​​យូធូប​​​​​​តាម​​​ទូរ​​​ស័ព្ទ​​​អាយហ្វូន​​​ហ្វ័រ​​​របស់​​​នាង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ហើយ​​​ឃើញ​​​​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ រាជធានីភ្នំពេញ​​​​​​។ នាង​​​បាន​​​និយាយ​បន្ថែម​​​ទៀត​​​​​ថា “វា​​​គួរ​​​ឲ្យ​​​តក់​​​ស្លុត​​​យ៉ាង​​​ខ្លាំង​​​​​​ ពីព្រោះ​​​ពួក​​​គេ​​​​​​វាយ​​​ដំ​​​មនុស្ស​​​គ្រប់គ្នា​​​​​​ខ្លាំង​​​ៗនឹង​​​ដំបង​​​និង​​​ទាត់​​​ធាក់​​​ពួក​​​គេ​​​​​​ដោយ​​​គ្មាន​​​​​​មេត្តា​ធម៌​​”។

លោក​​​ ផៃ សីុផាន​​​ អ្នកនាំពាក្យ​​​ទីស្ដីការ​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មានប្រសាសន៍​​​ថា រូប​​​ភាព​​​អ៊ីនធើណិត​​​​​​បង្ហាញ​​​ពី​​​ប្រតិបត្តិ​​​ការ​​​របស់​​​​​​នគរ​​​បាល​​​​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​ទិដ្ឋភាព​​​មួយ​​​ជ្រុង​​​ប៉ុណ្ណោះ​​​ ហើយ​​​មិន​​​បាន​​​​​​បង្ហាញ​​​ពី​​​ទង្វើ​​​ហិង្សា​​​​​​របស់​​​បាតុករ​​​​​​ឡើយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​ខ្វល់​​​នឹង​​​សេចក្ដី​​​រាយការណ៍​​​រិះគន់​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​​ឡើយ​​​ ពីព្រោះ​​​គណ​​​បក្ស​​​កាន់អំណាច​​​មាន​​​ “ប្រព័ន្ធ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​​​​យើង​​​​​​សម្រាប់​​​​​​ពន្យល់​​​បក​​​ស្រាយ​​​ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​  [ពី​​​អ្វី​​​ដែល​​​បាន​​​​​​កើតឡើង​​​ពិត​​​ប្រាកដ]។ យើង​​​មាន​​​បណ្ដាញ​​​​​​ផ្ទាល់​​​របស់​​​យើង​​​។ ប្រសិន​​​បើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​និយាយ​​​មិន​​​ល្អ​​​ពី​​​រដ្ឋាភិ​​​បាល​​​ វា​​​ជា​​​ជម្រើស​​​របស់​​​​​​ពួក​​​​​​គេ”។

ជា​​​ការពិត​​​ណាស់​​​ មាន​​​រូប​​​ភាព​​​ និង​​​​​​វីដេអូ​​​ជា​​​ច្រើន​​​ផ្សាយ​​​តាម​​​អីុន​​​ធើណិត​​​​​​ ដែល​​​បង្ហាញ​​​ពី​​​បាតុករ​​​​​​​​​ដុត​​​បំផ្លាញ​​​រថយន្ត​​​នគរបាល​​​ ហើយ​​​ព្រះសង្ឃ​​​គង់​​​​​​នៅ​​​វត្ត​​​ស្ទឹង​​​មានជ័យ​​​គប់​​​​​​ដុំថ្ម​​​​​​ និង​​​​​​ដុំ​​​ឥដ្ឋ​​​​​​ធំៗ​​​ដាក់​​​នគរបាល​​​។

លោក​​​ អំ សំអាត​​​ មន្ត្រី​​​ឃ្លាំ​​​មើល​​​​​​ជាន់​​​ខ្ពស់​​​ នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ បាន​​​មាន​​​ប្រសាសន៍​​​ថា វីដេអូ​​​​​​ចែក​​​រំលែក​​​តៗ​​​គ្នា​​​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​​ បាន​​​បង្ខំ​​​ឲ្យ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​ទង្វើ​​​របស់​​​​​​ពួក​​​គេ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ត្រូវ​​​តែ​​​​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​ឲ្យ​​​បាន​​​​ខ្ពស់​​​ចំពោះ​​​ឥទ្ធិពល​​​នៃ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម ​​​ពីព្រោះ​​​រូប​​​ថត​​​ និង​​​​​​រូបភាព​​​វីដេអូ​​​​​​បង្ហោះ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​ នឹង​​​បង្ហាញ​​​ការ​​​ពិត​​​​​​គ្រប់​​​យ៉ាង ទាំង​​​ល្អ ទាំង​​​អាក្រក់​​​ ពី​​​ទង្វើ​​​របស់​​​ភាគី​​​ទាំងនោះ​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា អ្នក​​​ដែល​​​​​​ទទួល​​​បាន​​​អត្ថ​​​ប្រយោជន៍​​​ពី​​​បណ្ដាញ​​​ព័ត៌មាន​​​ថ្មី​​​ទាំងនេះ​​​ មិន​​​មែន​​​មាន​​​តែ​​​​​​យុវជន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ទេ​​​។ លោក​​​ អំ សំអាត បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “មនុស្ស​​​ចាស់​​​​​​ភាគ​​​ច្រើន​​​នៅ​​​តាម​​​ខេត្ត​​​​​​ក៏​​​ចេះ​​​​​​​​​ប្រើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​ដែរ​​​ ពីព្រោះ​​​​​​កូន​​​ៗ​​​​​​បង្រៀន​​​ពួក​​​គាត់​​​ឲ្យ​​​ចេះ​​​ប្រើ​​​ប្រាស់​​​ [ទូរ​​​ស័ព្ទ​​​ស្មាតហ្វូន] និង​​​មើល​​​វីដេអូ​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ ឆាយ​​​ ធី មន្ត្រី​​​ឃ្លាំ​​​មើល​​​នៃអង្គការ​​​​​​សិទ្ធិមនុស្ស​​​អាដហុក​​​​​​ ប្រចាំ​​​ខេត្ត​​​រតន​​គិរី​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​​​​​​​ប្រើប្រាស់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​សង្គម​​​នៅ​​​មាន​​​កម្រិត​​​នៅ​​​ឡើយ​​​​​​នៅ​​​ក្នុង​​​​​​តំបន់​​​ជន​​​បទ​​​ជា​​​ច្រើន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​ខេត្ត​​​ដាច់​​​ស្រយាល​​​​​​នេះ  [រតនគិរី] មិន​​​អាច​​​ប្រើប្រាស់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​សង្គម​​​ ដើម្បីតាម​​​ដាន​​ព្រឹតិ្តការណ៍​​​បច្ចុប្បន្ន​​​​​​បាន​​​ទេ​​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ ប្រព័ន្ធផ្សព្វផ្សាយ​​​សង្គម​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ខ្លាំង​​​ណាស់​​​​​​ហើយ​​​​​​​​​សង្គម​​​ស៊ីវិល​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​ ខ្លាច​​​រដ្ឋា​​​ភិបាល​​​​​​​​​ព្យាយាម​​​រឹត​​​បន្ដឹង​​​​​​សេវា​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​ នេះ​​​បើ​​​តាម​​​ប្រសា​​​សន៍​​​របស់​​​លោក​​​ ព្រាប​​​ កុល នាយក​​​ប្រតិបត្តិ​​​​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រជាពល​​​រដ្ឋ​​​កាន់​​​តែ​​​ច្រើន​​​ប្រើប្រាស់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​សង្គម​​​ ប្រជា​​​ពល​​​រដ្ឋ​​​កាន់​​​តែ​​​ច្រើន​​​​​​ក្លាយ​​​ជា​​​អ្នក​​​កាសែត​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ប្រឈម​​​​​​​​​បញ្ហា​​​ជាច្រើន​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ព័ត៌​​​មាន​​​”។​​​

លោក​​​ ខៀវ បុរី ដែល​​​បម្រើ​​​ការងារ​​​​​​ឲ្យ​​​ទីភ្នាក់​​​ងារ​​​ទេស​​​ចរ​​​មួយ​​​នៅ​​​តាម​​​បណ្ដោយ​​​ព្រំ​​​ដែន​​​​​​ថៃ​​​ ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​និយាយ​​​ថា ទូរ​​​ស័ព្ទ​​​​​​ប្រភេទ​​​ស្មាត​​​ហ្វូន​​​ ម៉ូដែល​​​​​​សាំ​​​ស៊ុង​​​ កា​​​ឡាក់​​​ស៊ី របស់​​​គាត់​​​ ធ្វើ​​​ឲ្យ​​​គាត់​​​អាច​​​​​​តាម​​​ដាន​​​ព្រឹត្តិ​​​ការណ៍​​​​​​បាន​​​ភ្លាមៗ​​​នូវ​​​អ្វី​​​​​​ដែល​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។
គាត់​​​បាន​​​និយាយ​​​ថា “ប្រជាពលរដ្ឋ​​​នៅ​​​ក្នុង​​​ក្រុង​​​នេះ​​​ប្រើ​​​ប្រាស់​​​ទូរស័ព្ទ​​​ស្មាតហ្វូន​​​ ដើម្បីមើល​​​​​​រូបភាព​​​វីដេអូ​​​​​​តាម​​​យូធូប​​​ ហ្វេស​​​បុក​​​ និង​​​បណ្ដាញ​​​ទំនាក់ទំនង​​​សង្គម​​​ផ្សេងៗ​​​ទៀត​​​។ ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​សង្គម​​​កំពុង​​​តែ​​​ដើរ​​​តួ​​​នាទី​​​យ៉ាង​​​សំខាន់​​​ក្នុង​​​ការ​​​ប្រាប់​​​យើង​​​​​​ថា អ្វី​​​ជា​​​ស្ថានភាព​​​ពិត​​​ប្រាកដ​​​  ដែល​​​កំពុង​​​កើត​​​មាន​​​ឡើង​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ ជាពិសេស​​​អំពើ​​​អយុត្តិធម៌​​​​​​ក្នុង​​​សង្គម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​មិន​​​ដែល​​​ចាក់​​​ផ្សាយ​​​តាម​​​ទូរទស្សន៍​​​ក្នុង​​​ស្រុក​​​”៕ 

 

ប៉ូលីស​នរក ខែវិច្ឆិកា 12, 2013

Posted by មេឃា in Cambodia Feature Stories.
add a comment

វីដេអូរយៈពេល​ ៧:៥២ នាទី របស់ វិទ្យុ​អាស៊ីសេរី ខាងក្រោម បង្ហាញ​ពី ក្រុមប៉ូលីសពាក់ស្លាក កម្ពុជា ប្រើ​កម្លាំង​វាយលើ ជនស្លូតត្រង់ ដែល​មាន​វត្តមាន​ នៅក្បែរ ទីដែល មានការ​ប៉ះទង្គិច​គ្នា ​​ដ៏​ខ្លាំង​ក្លា​មួយ​ រវាង​ក្រុម​កម្មករ​​រោងចក្រ​អេសអិល និង​មន្ដ្រី​ប៉ូលីស នៅ​ម្ដុំ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ កាលពីព្រឹកមិញ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ០១៣។ លទ្ធផល​កាន់តែអាក្រក់ ស្ត្រីអ្នក​លក់​បាយ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ ដោយគ្រាប់កាំភ្លើង និង​កម្មកររោងចក្រ​ អេស អិល ប្រមាណជា ២០នាក់ បាន​រងរបួស​ធ្ងន់ នៅ​ក្នុង​ហេតុការណ៏​​។ ព្រះសង្ឈ និស្សិត ពលរដ្ឋ អ្នករត់ម៉ូតូឌុប ដែលនៅកន្លែងកើតហេតុ ត្រូវបាន​រាយការណ៍ថា បាន​ចាប់ខ្លួន… ទស្សនា​វីដេអូ​រួចហើយ ចង់តែ​ដាក់​ទំនាយ​ឱ្យ​ ប៉ួលីស​អស់ហ្នឹង​ទៅ​នរកវិញទេ !!! ឡើងមក​ឋានមនុស្ស​ធ្វើអ្វី !???

នាយករដ្ឋ​មន្រ្តី​ខ្មែរ​​ប្រាប់រាស្រ្ត​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ស្លូតត្រង់ ខែមិថុនា 14, 2013

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
add a comment

មេឃា ៖ ​គូ​​ប្រជែង​ដ៏​មាន​សក្តានុពល​អាចតទល់​ជាមួយ​នឹងគណបក្ស​កាន់អំណាច​​​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ នេះ ត្រូវបាន​​គេ​មើលឃើញយ៉ាងច្បាស់គឺ «គណបក្ស​សង្គ្រោះជាតិ​»។ រឹតតែច្បាស់ នៅសល់ត្រឹម​តែ មួយខែ​ទៀត​រដូវនៃយុទ្ធនាការឃោសនាបោះឆ្នោត​មកដល់ តែ​​គណបក្ស​កាន់អំណាច​បាន​កំដៅ​ម៉ាស៊ីន ត្រៀម​ខ្លួន​​យកប្រៀប​ខាង​យុទ្ធសាស្រ្ត​ រួចជាស្រេច។ យុទ្ធសាស្រ្ត​​ប្រើប្រាស់​អ្នក​ដែល​មានភក្តីភាព​នឹង​ខ្លួន ដោយ​​មិនខ្វល់ ឬមិនចង់បានពី​មុខម៉ាត់ និងសេចក្តីថ្លៃថ្នូ​ក្នុងនាមជាអ្នក​នយោបាយ​ចាស់ទុំ​ម្នាក់។ ជាក់ស្តែង​ គេឃើញ​មាន​ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ដើម្បី​ស្រែកលើក​ទឹកចិត្ត​ពី​លោក​នាយករដ្ឋមន្រ្តី​ ប្រកាស​​​បើកដៃ​គៀងគរ​រាស្រ្ត[​ដែល​គាំទ្រគណបក្សប្រជាជនកម្ពុជា​-កំពុងកាន់អំណាច​បច្ចុប្បន្ន​​​] អោយ​រៀបក្បួន​បាតុកម្ម​អហិង្សា​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​ប្រជែងគ្រប់ទីកន្លែង​ ​មានគោលដៅច្បាស់គឺ លោក កឹម សុខា ប្រធានស្តីទី​ គណបក្ស​សង្រ្គោះជាតិ ខណៈ​ លោក សម រង្ស៊ី ប្រធានគណបក្ស​មិនអាច​ចូលស្រុកខ្មែរបាន​។ មិនត្រឹម​តែប៉ុណ្ណោះ លោក នាយករដ្ឋមន្រ្តីខ្មែរដដែល បានចោទប្រកាន់ លោក​ កឹម សុខា បានថា រួមភេទជាមួយ​អនីតិជន តែមិនមាន ទុក្ខទោស ដោយគុណបុណ្យអន្តរាគមន៍ របស់ នាយករដ្ឋមន្ត្រី (ហាក់​ភ្លេចគិតថា គាត់ចូលរួមគំនិត ល្មើសច្បា់ប់ ឬបង្ហាញយ៉ាងច្បាស់ ពីនិទណ្ឌភាពក្នុងប្រទេស កម្ពុជា មាន នាយករដ្ឋមន្ត្រីគាំទ្រ។ អីយ៉ា បុរសខ្លាំងម្នាក់ហ្នឹង មានអំណាចអស្ចារ្យមែន ហើយក៏មានរឿងរ៉ាវស្នេហា​ មិនធម្មតាដែរ)។ ទោះបីជាយ៉ាងនេះក្តី សម្រាប់​អ្នក​តាមដាននយោបាយ​កម្ពុជា ហាក់​មិន​ទាន់​ប្លែក​ចិត្ត​ទេ ដែលឃើញ​មាន​ការវាយប្រហារ​​លើបុគ្គល​​ ពីសំណាក់អ្នកនយោបាយបែបនេះ តែ​អ្វីដែល​ប្លែក​ គឺ​លោក​នាយក​រដ្ឋមន្រ្តី​ បែរជា ប្រកាសថា គណបក្ស​ប្រជាជនកម្ពុជា ​មិនមែន​អ្នក​គាំទ្រ​ បាតុកម្ម​ប្រឆាំង​លោក កឹមសុខា។ ការនិយាយ​បែបនេះ ទំនងជា ចង់ប្រកាស់ថា ខ្លួនលោក​ដែលបាន​ស្រែក​ក្តែងៗកន្លងមក​មិនមែន​ជា​ សម្លេងមកពី គណបក្ស​ប្រជាជនកម្ពុជាទេ គ្រាន់ជា សម្លេងរបស់​បុរសខ្លាំង​ម្នាក់។

ពិធី​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នៅ​ជាប់​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​គាំទ្រ​លោក ជុំ ម៉ី ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ទីស្ដីការ​គណបក្ស​សង្គ្រោះ​ជាតិ។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក ជុំ ម៉ី និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា និង​រក​វិធី​តវ៉ា​ផ្សេង​ដើម្បី​​ឲ្យ​​ការ​ឃោសនា និង​ការ​បោះ​ឆ្នោត ខែ​កក្កដា ខាង​មុខ មាន​បរិយាកាស​ល្អ៖ «សូម​លោក​កុំ​ភណ្ឌ​ច្រឡំ បើ​សិន​មាន​មេដឹកនាំ​គណបក្ស​ប្រជាជន ពិសេស ហ៊ុន សែន ចេញ​មុខ ឬ ហេង សំរិន ចេញ​មុខ ឬ​អ្នក​ដឹកនាំ​ដទៃ​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​ចេញ​មុខ​ពិត​ប្រាកដ កម្រិត​អស់​លោក​គាំទ្រ​អត់​បាន​ទេ។ បើ​អស់​លោក​មិន​រត់​ចូល​ដេក​ក្នុង​ស្ថានទូត​បរទេស​ទេ ខ្ញុំ​ថ្វាយបង្គំ»។ (អានបន្ថែម ៖ វិទ្យុអាស៊ីសេរី ផ្សាយ​ថ្ងៃទី១៣ មិថុនា ២០១៣ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី ផ្អាក​ធ្វើ​បាតុកម្ម)

HUN SEN Accused KEM Sokha -SEX ABUSE

រូបភាព ពីហ្វែសប៊ុក KEM Sovanna

ម្ចាស់ឆ្នោត​ ដែល​យល់ដឹងពី​ ការបោះឆ្នោត អាចនឹង​នឿយណាយ​ក្នុងការបោះឆ្នោត​ ព្រោះ គណបក្សកាន់អំណាច ហាក់មិនចាប់អារម្មណ៍​នឹងមុខម៉ាត់ក​ម្ពុជា នៅក្នុង​ឆាក​អន្តរជាតិទេ ទោះបីជា អ្នក​សង្កេតការណ៍អន្តរជាតិ​ដូចជា សហភាពអឺរ៉ុប ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មកចូលរួម​ក្នុង​ការបោះឆ្នោត​ខែកក្កដា ខាងមុខ តែ​ លោក​នាយករដ្ឋមន្រ្តីខ្មែរ បែរជា ប្រកាសអញ្ជើញ​ប្រទេស​ដៃគូ​ក្នុងអាស៊ាន អោយបញ្ជូន​អ្នកសង្កេតការណ៍​ជំនួស​អ្នក​ជំនាញសង្កេតការបោះឆ្នោតវិញ។ គេឃើញថា គ.ជ.ប ដែល​តែង​រងការ​ចោទប្រកាន់ថា លម្អៀង​ទៅរក​គណបក្ស​កាន់អំណាច ជាអ្នកចេញមុខអញ្ជើញ​ប្រទេស​មួយចំនួន​​មកសង្កេតការណ៍ ឬគ្រាន់ផ្តល់​សេចក្តីគាំទ្រ​ដល់ រដ្ឋាភិបាល​ថ្មី​​ដែល​កើតចេញពីការបោះឆ្នោត​មិនស្មើភាពមួយ។ ផ្ទុយ​ទៅវិញ មេដឹកនាំ​ សម រង្ស៊ី ដែល​មិនអាច​ចូលស្រុកវិញ​ បែរខំស្រែក​មិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ ទោះបីជា រដ្ឋាភិបាល​បង្កើត​ដោយ​គណបក្ស​ប្រឆាំងក៏ដោយ។ ទង្វើបែបនេះ ហាក់បង្ហាញ​ឱកាស​បែកបាក់ផ្ទៃក្នុង​ ឬភាពមិនទុកចិត្ត​រវាង មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ទើ​បតែ ព្រម​បោះ​ទុន បង្កើត​គណបក្ស​ប្រឆាំង​រួមគ្នា​​ ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី​៥ (២០១៣-២០១៨)។ លោក សម រង្ស៊ី ធ្លាប់​បញ្ឆោត លោក កឹម សុខា ម្តងរួចមក​ហើយ​ កាល​ពី​ដើម​នីតិកាលទី​៤ ហើយ​តម្រុយថ្មីៗបែបនេះ បានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំគណបក្ស​ប្រឆាំង​ កំពុងតែ​យល់ច្រឡំ ឬមិនទាន់យល់ចិត្ត​គ្នា ឬ​មិនទាន់អាច​រួបរួម​ស្ថានការណ៍​ក្នុងបក្ស​ ​ដូច គណបក្សកាន់អំណាច បក្ស​ប្រជាជនកម្ពុជាទេ។

សម្រាប់ម្ចាស់ឆ្នោតទូទៅ ពួកគេមិនខ្វល់ថា នរណាជាអ្នកកាន់អំណាច តែពួកគេចង់ឃើញ​សេដ្ឋកិច្ច​ និង​ស្ថេរភាពនយោបាយ​​ ក្នុងប្រទេស​មានការលូតលាស់​។​ ទោះបីជា​យ៉ាង​ណា អ្នកវិភាគផ្តល់យោបល់ថា អ្នកវិនិយោគ​មានការកើនឡើង ឬថយចុះ វាជា​ការវាស់វែង​យ៉ាងច្បាស់លាស់មួយថា តើ​ស្ថេរភាពនយោបាយកម្ពុជា ដើរទៅមុខ ឬថយក្រោយ។

ថ្ងៃនេះមានបាតុកម្មធំមួយក្នុងស្រុកខ្មែរ ខែមិថុនា 9, 2013

Posted by មេឃា in Cambodia Feature Stories.
Tags:
add a comment

ដូចការគ្រោងទុកចឹង លោក ជុំ ម៊ី អតីតអ្នកទោសគុកទោសស្លែង បានចេញមុខដឹកនាំ បាតុកម្មដ៏ធំមួយ ធ្វើឡើងទាំងក្នុងរាជធានី និងបណ្តាខេត្ត ប្រឆាំងនឹង អ្នកតំណាងរាស្រ្តខ្មែរមណ្ឌលកំពង់ចាម លោក កឹម សុខា កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា។

ពិសេសជាង បាតុកម្មមុនៗ ដែលរដ្ឋាភិបាល តែងបង្រ្កាប ឬរារាំង ហើយពលរដ្ឋខ្មែរ មិនអាច ឃើញទម្រង់ បាតុកម្ម នានា តាមកញ្ចក់ទូរទស្សន៍ លើកនេះស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនក្នុងនោះរួមមាន ទូរទស្សន៍ បាយ័ន ស៊ីធីអិន បានផ្សាយផ្ទាល់ពី ព្រឹត្តិការណ៍នេះ ដោយបង្ហាញ និងអត្ថាធិប្បាយ ថា ចំនួនអ្នកចូលរួមបាតុកម្ម ក្នុងក្រុងភ្នំពេញ អាចលើសពី ពីរម៉ឺននាក់ បើរាប់ទាំង បាតុករ ឈរលើកបដាប្រឆាំង លោក កឹម សុខា តាមសាលាមហាវិទ្យាល័យ នេះមិនទាន់រាប់ ដល់បណ្តាខេត្តមួយចំនួន ដែលបាតុកម្ម យ៉ាងច្រើនកុះករ ស្របពេលជាមួយគ្នា។ បាតុកម្មធំបែបនេះ ត្រូវបានពលរដ្ឋធម្មតា មើលឃើញច្បាស់ថា បាន ផ្តួចផ្តើមឡើងដោយ លោកនាយក រដ្ឋមន្រ្តី ហើយទទួលបានការគាំទ្រ ទាំងថវិកា ទឹកចិត្ត និងសម្ភារៈ ពី តំណាងរាស្រ្ត និងមេឃុំគណបក្សកាន់អំណាច មន្រ្តីរាជការ សាស្រ្តាចារ្យ និស្សិត អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់បញ្ចូលទាំង ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែតអ៊នឡាញ ។ល។ បើសួររកមូលហេតុ ហ្វូងបាតុករ គឺខឹងសម្បានឹង លោក កឹម សុខា ដោយសារលោក ប្រើពាក្យថា គុកទួលស្លែងជា គុកសិប្បនិមិត្ត ទើបនាំអោយ ផ្ទុះកំហឹងនេះឡើង បំណងធំ ពួកគេចង់បានពាក្យ សុំទោស និងពិធីសុំខមាលទោស ដោយអុធធូប ពីអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង។ បាតុកម្ម ត្រូវបញ្ចប់ ក្រោយពេល បាតុករប្រមាណ ៥០០នាក់ ដង្ហែរញាតិរបស់លោក ជុំ ម៊ី បញ្ជូនដល់ ស្នាក់ការ គណបក្សសង្គ្រោះជាតិ ហើយត្រូវបានទទួល (ញាតិ) ដោយ លោកជំទាវ មូ សុខហួ ខណៈដែល លោក កឹម សុខា កំពុងចូលរួម វេទិកាមួយ នាខេត្តកំពត។ សម្រាប់ពលរដ្ឋ និងនិស្សិត ដែលចូលរួមសម្តែងមតិតាមរយៈការ បាតុកម្ម ប្រឆាំង លោក កឹម សុខា ថ្ងៃនេះ យ៉ាងហោចណាស់ ក៏អាចទទួលបាន ថវិកា ពីរម៉ឺនរៀល ពី លោកនាយករដ្ឋមន្រ្តី។

ដំណឹង ៖ ត្រូវការ​ទិញ​ប្លុក ខែមករា 31, 2013

Posted by មេឃា in កំណត់ហេតុមេឃា, Cambodia Feature Stories.
11 comments

អ្នក​ធ្លាប់គិតថា ចង់លក់ប្លុករបស់អ្នកទេ ? បើ​លក់​… តើ​ចង់​លក់​ក្នុង​តម្លៃប៉ុន្មាន ?

​មិន​មែន​​ខ្ញុំ​ជា​អ្ន​ក​​​ត្រូវការ​​ទិញ​ប្លុកទេ សូមកុំ​​ទាន់​យល់​ច្រឡំ ! ​​នេះ​គ្រាន់​តែ​ជា ដំណឹង​មួយ ឃោសនា​ថា មាន​គេហ​ទំព័រ​ មួ​យ​ ឈ្មោះថា Statscrop or www.statscrop.com មាន​​កម្មវិធី​ វាយតម្លៃ​ប្លុក​របស់​ អ្នក​​​ ហើយនេះ​ក៏ជា កម្លាំង​លើកទឹកចិត្ត​មួយ ដល់​អ្នក​សរសេរប្លុក​ទាំងឡាយ ដើម្បី​ដឹងថា តម្លៃប្លុក​របស់​អ្នក​ថ្លៃប៉ុន្មាន ? សូម​បន្ត​បច្ចុប្បន្នភាព​ ប្លុក​របស់​អ្នក​ទៀត ក្រែងលោ អាច​លក់​បាន​រាប់​លាន​ដុល្លារ។ មិនមែនជា រឿង​ដែល​អស់សំណើចទេ ព្រោះ​ប្លុកមួយ ជាភាសាអង់គ្លេស Huffington Post ដែល​សរសេរ​ពី សង្រ្គាម​ក្នុង ប្រទេស​អាហ្វានីស្ថាន ធ្លាប់លក់​បាន រាប់លានដុល្លារ​ ​ទៅអោយ គេហទំព័រ​សារព័ត៌មាន​មួយ​រួចហើយ ដោយសារ​ ប្លុក​នេះ មាន​អ្នកមើលច្រើន។ សរសេរលេងលេង តែ​មាន​លុយ​មែនទែន !

ជាលទ្ធផល មាន​ប្លុកខេមរភាសា ស្រែខ្មុក មួយ [ sopheak.wordpress.com ] ត្រូវបាន​គេហទំព័រនោះ​ ផ្តល់​តម្លៃ ៣៨៦១ ដុល្លារ…  ចុះ​ប្លុក​អ្នកវិញ ? សាកល្បង​ Statscrop

StatsCrop-Jan-2013

Asva the Monkey HD on App Store ខែធ្នូ 19, 2012

Posted by មេឃា in កំសាន្ត/Entertainment, Cambodia Feature Stories.
add a comment

ព្រះ​មេរុ​​​​​សម្រាប់​​​ថ្វាយ​​ព្រះ​​ភ្លើង​​​ព្រះ​​បរម​​សព​​​ព្រះ​មហា​​វី​រក្សត្រ​ តម្លៃ​ត្រឹម​ ១លាន២​សែន​ដុល្លារ​ប៉ុណ្ណោះ​ ខែធ្នូ 18, 2012

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories, KING -ព្រះមហាក្សត្រ.
add a comment
Sihanouk_crematorium-site-2012

ការដ្ឋាន​​សាងសង់​​ព្រះ​​មេរុ​​សម្រាប់​​ថ្វាយ​​ព្រះ​​ភ្លើង​​ព្រះ​បរម​​សព​​ព្រះមហា​វី​រក្សត្រ @Sovanna KEM

ក្នុងពេល​​ត្រួត​ពិនិត្យ​​​ការ​​ដ្ឋាន​សាង​​សង់​​​ព្រះ​មេរុ​​​សម្រាប់​​​ថ្វាយ​​ព្រះ​ភ្លើង​​​ព្រះ​បរម​សព ព្រះបាទ​ នរោត្តម សីហនុ ​នៅ​ព្រឹក​​ថ្ងៃ​​អង្គារ ​ទី១៨ ​ខែធ្នូ​នេះ ​លោក​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រាប់​​អ្នកសារព័ត៌មាន​ថា ​ទឹក​ប្រាក់​​​សរុប​​​ដែល​​​ចំ​ណាយ​​លើ​​ការ​​កសាង​​ព្រះមេរុ​ អស់​ប្រាក់​តិច​ជាង​ ​១លាន​​​២សែន​​​ដុល្លារ តែ​ប៉ុណ្ណោះ។

លោ​ក​នាយក​​រដ្ឋ​មន្ត្រី​​បន្ថែម​​ថា ​គម្រោង​​សាង​សង់​នេះ​​ គឺមិន​​ត្រូវ​បាន​​ដាក់​ឲ្យ​​ដេញ​ថ្លៃ​​ទេ ​ព្រោះ​អាច​​នាំ​ឲ្យ​យឺត​​ពេល​​ក្នុង​ការ​​សាង​សង់​។ ​ការ​​​សាង​សង់​​​ព្រះ​មេរុ​​​សម្រាប់​​​ថ្វាយ​ព្រះ​ភ្លើង​​នេះ​ ត្រូវ​ចំណាយពេល​ប្រមាណជាង ៣ខែ ហើយ​ប្រើ​​ប្រាស់​កម្ម​ករ​ប្រមាណ​ ៣៤៣​នាក់​​។ លោក​មាន​ប្រសាសន៍ថា​ «ការ​​សាង​​សង់​​​​នេះ ​គឺ​​រដ្ឋា​ភិ​បាល​​​បាន​​ឲ្យ​​ក្រុម​ហ៊ុ​ន​​​កូន​​របស់​​លោក​​ គង់​ សំអុល ​រដ្ឋ​មន្រ្តី​​ក្រសួង​​ព្រះបរម​រាជ​​វាំង​សាង​​សង់»

ការ​លើ​កយកប្រធានបទ​ តម្លៃសាងសង់ព្រះមេរុ​ ប្រាប់អ្នកសារព័ត៌មាន ចំៗ​បែបនេះ ព្រោះលោក​​​នាយក​​រដ្ឋ​មន្រ្តី​ ​​ចង់​ប្រតិ​កម្ម​​ទៅ​​នឹង​​សេច​ក្តី​​​រាយ​ការណ៍​​​របស់​ ​អ្នក​នាំ​​​ពាក្យ​​ខុទ្ទ​កាល័យ​​ព្រះបរម​រាជ​វំាង​ ព្រះ​អង្គ​ម្ចាស់ ​ស៊ី​សុវត្ថិ​ ធម្មិកោ ​​ទៅ​សារ​ព័ត៌​មាន កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែធ្នូ ​​​​ថា ​សំណង់​​ព្រះ​មេរុ​ នេះ ​ចំណាយ​​អស់​​ជិត​ ៥លាន​ដុល្លារ។​ ​លោក​​​នាយក​​​រ​​ដ្ឋ​មន្រ្តី​ ក៏​បាន​ព្រមាន​​ទៅ ​ព្រះ​អង្គ​ម្ចាស់​​ ស៊ីវត្ថិ​ ធម្មិ​កោ ថា​ «បើ​មិន​​​ដឹង​​ច្បាស់​​​ទេ ​កុំ​​រាយ​ការណ៍ ​​​គួរ​តែ​សួរ​​ រដ្ឋាភិបាល​ ឬ​ក្រសួង​​​ព្រះបរម​​រាជ​​វាំង​សិន» ។

ឆ្លើយតប​នឹងការ​លើកឡើង​របស់​លោកនាយករដ្ឋមន្រ្តី ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ​ ធម្មិ​កោ មាន​បន្ទូល​​តាមរយៈ​អ្នកសារព័ត៌មាន​យ៉ាង​ខ្លីថា​ ព្រះ​អង្គ​​ទទួល​​កំហុស ​ប្រសិន​​បើ​​ព្រះ​អង្គ​​មាន​​បន្ទូល​​ខុស។

តាមគម្រោង ព្រះ​បរម​សព​​របស់​​ព្រះ​មហាវីរក្សត្រ​​ នរោត្តម​ សីហនុ​ នឹង​​ត្រូវ​​បូជា​​នៅ វាល​ព្រះ​មេរុ​ ជា​សាធារណៈ​​ នៅ​ថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០១៣​ ខាង​មុខនេះ​៕

ព័ត៌មានបន្ថែម សូមរកអាន VOD

បណ្តឹង​​ធានា ម៉ម សូណង់ដូ​ នៅក្រៅ​ឃុំ ទំនង​បញ្ជូន​​ដល់​​​​តុលាការ​​​កំពូល​​​​​​ត្រឹម​​​សប្តាហ៍​នេះ​ ខែធ្នូ 18, 2012

Posted by មេឃា in កខគឃង, Cambodia Feature Stories.
add a comment

mam-sonando-cambodia

ប្រធាន​​ក្រឡា​​​បញ្ជី​​សាលា​ឧទ្ធណ៍ លោក ប៊ុន សាវ៉ាត ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​​ច័ន្ទ ទី​១៧ ខែ​ធ្នូ​ នេះ​​​ថា សាលា​ឧទ្ធរណ៍​​កំពុង​​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​​លើ​​បណ្តឹង​​សា​រ​ទុក្ខ​​ របស់ លោក ​ម៉ម សូណង់ដូ រួច​នឹង​​បញ្ជូន​​ទៅ​កាន់​​តុលាការ​​កំពូល ឲ្យ​​បាន​​មុន​​ចុង​​សប្តាហ៍​​នេះ ៖ “គេ​កំពុង​​រៀប​ចំ​ គេត្រូវ​​បញ្ជូន​​ឲ្យ​​លឿន​ ប៉ុន្តែ​គ្រាន់​​តែ​គ្នា​​ធ្វើ​មិន​ទាន់​ កំពុង​​រៀប​ចំ ខ្ញុំ​​កំ​ពុង​តាម​​ដានមើល​​ដែរ​​ហ្នឹង​​ កំពុង​ជំរុញ​​ឲ្យ​មន្ត្រីធ្វើ​ឲ្យ​​លឿន​ឲ្យ ចំាមើល​តាម​ធម្ម​តា​​វា​ត្រូវ​​បញ្ជូន​ឲ្យ​​​បាន​មុន​​ក្នុង​​​សប្តាហ៍​ ហ្នឹង​”។

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​បដិសេធ​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដែល​បាន​ស្នើ​ ដោយ​មេធាវី​របស់​លោក ម៉ម សូណង់ដូ ខណៈ​ពេល​ដែល​លោក​មាន​ជំងឺ និង​សុខភាព​ចុះ​ខ្សោយ។

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​សាលា​ដំបូង​បាន​កាត់​ទោស​លោក​ជាប់​គុក ២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ និង​បទ​ធ្វើ​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សម្រាប់ព័ត៌មាន​លម្អិត សូមរកអាន VOD

រដ្ឋាភិបាលកម្ពុជា មិនទាន់ល្អ ខែធ្នូ 6, 2012

Posted by មេឃា in Cambodia Feature Stories.
add a comment

លោក កែម ឡី បាន​​បញ្ជាក់​ថា នៅ​ក្នុង​​សង្គម​​ប្រជាធិបតេយ្យ តួនាទី​​របស់​​រដ្ឋាភិបាល​​មាន​​ដែន​កំណត់ ​សង្គម​ប្រជា​ធិ​បតេយ្យ៖ «ដែន ​កំណត់​​ហ្នឹង​​មិន​ជ្រៀត​ជ្រែក​​តុលាការ មិន​​ជ្រៀតជ្រែក​​កិច្ចការ​​នីតិប្បញ្ញត្តិ ហើយ​​ផ្ដល់​​ឱកាស​​ឲ្យ​​អង្គការ​សង្គម​​ស៊ីវិល​​នានា​​ឲ្យ​​ធ្វើ​ជា​​ដៃគូ​​រ​បស់​ រដ្ឋាភិបាល»

សម្រង់​អត្ថបទ វិទ្យុអាស៊ីសេរី ផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២

ក្រុម​អ្នក​​ឃ្លាំ​មើល​​សង្គម បាន​លើក​​ឡើង​ថា រដ្ឋាភិបាល​​កម្ពុជា ត្រូវ​តែ​​ធ្វើ​​សកម្មភាព​​បំពេញ​​បន្ថែម​​នូវ​​ចំណុច​​ខ្វះខាត​​របស់​ខ្លួន​​ឲ្យ​​បាន ​ពេញ​លេញ ដើម្បី​​ឆ្លើយ​តប​​ទៅ​នឹង​​គោលដៅ​​សំខាន់ៗ​​ដែល​​មាន​​ចែង​​នៅ​ក្នុង​​ច្បាប់​​កំពូល​ របស់​​ប្រទេស។

អ្នក​ឃ្លាំ​មើល​​ផ្នែក​​អភិវឌ្ឍន៍​​សង្គម លោក កែម ឡី មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​​មាន​តួនាទី និង​​​កាតព្វកិច្ច​​សំខាន់ៗ​​មួយ​​ចំនួន រួម​មាន យន្តការ​​គ្រប់គ្រង​​ស្ថាប័ន​​របស់​​​រដ្ឋ​តាំង​ពី​​ថ្នាក់​​ជាតិ និង​​ថ្នាក់​​ក្រោម​​ជាតិ ការ​បង្កើត​​ទំនាក់​ទំនង​​ការទូត ការ​ផ្ដល់​​សេវា​​សាធារណៈ ការ​​ធានា​នូវ​​សណ្ដាប់​​ធ្នាប់​សង្គម ការ​ធានា​​​នូវ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច ការ​ធានា​​នូវ​​សិទ្ធិ​​សង្គមកិច្ច ការ​ធានា​​ឲ្យ​មាន​​ការ​គោរព​​សិទ្ធិ​មនុស្ស និង​គោលដៅ​​អភិវឌ្ឍន៍​​សហស្សវត្ស និង​​ផ្សេងៗ​ទៀត។

លោក កែម ឡី បាន​លើក​​ឡើង​ទៀត​ថា រដ្ឋាភិបាល​​មិន​ទាន់​​បំពេញ​​តួនាទី និង​​កាតព្វកិច្ច​​ល្អ​នៅ​​ក្នុង​ការ​​ដឹកនាំ​​ប្រទេស​បាន​​ល្អ​នៅ​​ឡើយ​ទេ។ នៅ​មាន​​ចំណុច​មួយ​​ចំនួន​ទៀត​​ដែល​​រដ្ឋាភិបាល​​គួរ​តែ​​យក​ចិត្ត​​ទុក​ដាក់ និង​​បំពេញ​​កាតព្វកិច្ច​​របស់​ខ្លួន សម​ទៅ​​នឹង​អ្វី​ដែល​​មាន​ចែង​​នៅ​​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​​​សេចក្ដី​​ប្រកាស​​របស់​​អង្គការ​សហប្រជាជាតិ ដែល​​ខ្លួន​បាន​​ទទួល​ស្គាល់​​ហើយ​នោះ។ លោក កែម ឡី បាន​បញ្ជាក់​​ថា រដ្ឋាភិបាល​​ធ្វើ​មិន​ល្អ​​នោះ​មាន​​ផ្នែក​សង្គមកិច្ច និង​​ផ្នែក​ផ្សេងៗ​​មួយ​​ចំនួន​​ទៀត៖ «ផ្នែក​សង្គម​កិច្ច​ហ្នឹង​​ដោយ​សារ​​តែ​ រដ្ឋា​ភិបាល​​មិន​ទាន់​​រៀប​ឲ្យ​​មាន​​សមភាព​​សេដ្ឋកិច្ច ការ​ទទួល​​បាន​ឱកាស​​បាន​ស្មើៗ​គ្នា ការ​ទទួល​គាំទ្រ​​ខាង​ផ្នែក​​សង្គមកិច្ច យើង​​ឃើញ​​តែ​យើង​ធ្វើ​​អត់​បាន យើង​មាន​​មនុស្ស​​ជរា​ជិត ១លាន​នាក់​ កំពុង​ប្រឈម​​នឹង​​ភាព​ក្រីក្រ ទី២ កុមារ​គ្មាន​ទីពឹង កុមារ​អនាថា កុមារ​ក្រីក្រ ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក»

អ្នក​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​​​​នយោបាយ និង​​ជា​អ្នក​វិភាគ​ឯករាជ លោក​​បណ្ឌិត សុខ ទូច បាន​ពន្យល់​​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​​រដ្ឋាភិបាល​​កំពុង​តែ​​បំពេញ​ដំណើរ​​នៃ​កាតព្វកិច្ច​​របស់​ខ្លួន។ ប៉ុន្តែ​បញ្ហា​​នៅ​ត្រង់​ថា កាតព្វកិច្ច​​ទាំង​អស់​​នោះ រដ្ឋាភិបាល​មិន​ទាន់​​ធ្វើ​បាន​​ពេញ​លេញ​​ទេ​នោះ ដូច​ជា រដ្ឋធម្មនុញ្ញ​​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​​ទាំង​អស់​​មាន​សិទ្ធិ​ស្មើ​គ្នា​​នៅ​ចំពោះ​​មុខ​ច្បាប់ ផ្ទុយ​ទៅ​វិញ ការ​​អនុវត្ត​ច្បាប់​​នៅ​ពេល​​បច្ចុប្បន្ន​​មិន​ទាន់​​ស្រប​ទៅ​នឹង​​អ្វី​ដែល​​មាន​ ចែង​នៅ​​ក្នុង​រដ្ឋធម្មនុញ្ញ​​នោះ​​ទេ៖ «ខ្លះ​​ទៅ​​អនុវត្ត​​ច្បាប់​​លឿន​ទៅ ខ្លះ​​ទៀត​​អនុវត្ត​​ច្បាប់​​យឺត។ មក​​ទល់​ពេល​នេះ​​មិន​ទាន់​​អនុវត្ត​ច្បាប់​​តុលាការ​​នៅ​តាម​​រក​នីតិវិធី​​បំពេញ​ បន្ថែម​​ទៅ អីចឹង​​ទេ មិន​ទាន់​ដំណើរ​ការ​​បាន​ស្មើៗ​គ្នា​​ទៅ​តាម​​ដែល​ថា​​ប្រជាពលរ​ដ្ឋ​មាន​សិទ្ធិ​ ស្មើ​គ្នា​​ចំពោះ​​មុខ​ច្បាប់ សង្គម​មួយ​​ទទួល​បាន​​ភាព​យុត្តិធម៌ គឺ​មនុស្ស​ទាំង​អស់​​ទទួល​បាន​​យុត្តិធម៌​​ស្មើៗ​គ្នា គ្មាន​ទាប​​គ្មាន​ខ្ពស់ គេ​ហៅ​ថា នីតិរដ្ឋ​​នោះ កម្ពុជា មិន​ទាន់​​មាន​ទេ»

គម្រោង​​យុត្តិធម៌​​ពិភពលោក (WJP) បាន​សរសេរ​​លំអិត​នៅ​ក្នុង​​របាយការណ៍​​ប្រចាំ​ឆ្នាំ​២០១២ របស់​ខ្លួន​ថា កម្ពុជា ធ្លាក់​ចុះ​​នូវ​​ការ​គោរព​ច្បាប់ និង​​ការ​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​​នីតិរដ្ឋ។ ក្នុង​របាយការណ៍​​សរសេរ​ថា ប្រទេស​កម្ពុជា មាន​​ពិន្ទុ​ទាប​​បំផុត​​ក្នុង​​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ពីព្រោះ​ថា ការ​អនុវត្ត​​ច្បាប់ និង​យុត្តិធម៌​​ស៊ីវិល នៅ​ទូទាំង​​ពិភពលោក កម្ពុជា ជាប់​ចំណាត់​​ថ្នាក់​លេខ ​៩៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​​៩៧។

អ្នក​វិភាគ​បាន​​ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​ធានា​​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​​សិទ្ធិ​រស់រាន​មាន​ជីវិត​ សមរម្យ និង​មាន​ទី​ជម្រក​​សមរម្យ​ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​អភិវឌ្ឍ​របស់​​រដ្ឋាភិបាល​នៅ​​តំបន់​មួយ​ចំនួន​នោះ មិន​មែន​​ជា​សកម្មភាព​ធានា​​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ទី​​ជម្រក​រស់នៅ​សមរម្យ​ដូច​ ដែល​មាន​ចែង​​នៅ​ក្នុង​ច្បាប់​​នោះ​ទេ។ ឧទាហរណ៍ ករណី​អភិវឌ្ឍ​​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ជាដើម។

មន្ត្រី​នាំ​ពាក្យ​​នៃ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បកស្រាយ​​ថា រដ្ឋាភិបាល​កំពុង​​តែ​យក​ចិត្ត​​ទុក​ដាក់ និង​​បំពេញ​​កាតព្វកិច្ច​របស់​ខ្លួន​​ទៅ​តាម​​ជំហាន​​ដែល​ខ្លួន​​អាច​ធ្វើ​​ទៅ​បាន។ លោក ផៃ ស៊ីផាន អះអាង​​ថា ប្រទេស​ជឿន​លឿន​​មួយ​​ចំនួន​​ក៏​មិន​អាច​​បំពេញ​កាតព្វកិច្ច​​ក្នុង​ពេល​​តែ​មួយ​ បាន​ល្អ​​ទាំង​ស្រុង​​នោះ​​ដែរ គេ​ធ្វើ​​ទៅ​តាម​​ដំណាក់​​កាលៗ៖ «ដូច្នេះ អ្វីៗ​​មាន​តម្លៃ​រ​បស់​វា អ្វី​ដែល​​យើង​​កំពុង​តែ​ដើរ យើង​​ថែ​រក្សា​​ឲ្យ​មាន​​សន្តិភាព ស្ថិរភាព​​នៅ​ក្នុង​​សង្គម ទី២ រក្សា​នូវ​ការ​​អភិវឌ្ឍ វឌ្ឍនភាព​​នៃ​សេដ្ឋកិច្ច ការ​រីក​ចម្រើន​​នៃ​សេដ្ឋកិច្ច (Economic Growth)»

ក្រុម​អ្នក​ច្បាប់​​បាន​បំភ្លឺ​ថា កាតព្វកិច្ច​​របស់​រដ្ឋាភិបាល​​មាន​ចែង​​ច្បាស់​លាស់​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​​ច្បាប់​កំពូល​​ដែល​កំណត់​​តួនាទី​របស់​​រដ្ឋាភិបាល ហើយ​​រដ្ឋាភិបាល​​តំណាង​ឲ្យ​​អំណាច​​នីតិប្រតិបត្តិ ពោល​គឺ​​មាន​តួនាទី​​អនុវត្ត​​ច្បាប់ ជា​ស្ថាប័ន​​មាន​តួនាទី​​អនុវត្ត​ច្បាប់ ធ្វើ​យ៉ាង​ណា​​ឲ្យ​រដ្ឋ​ធម្មនុញ្ញ​​ការពារ​រដ្ឋ​ធម្មនុញ្ញ មាន​ន័យ​ថា រាល់​កាតព្វកិច្ច​​ដែល​​រដ្ឋធម្មនុញ្ញ​ចែង រដ្ឋាភិបាល​​ត្រូវ​បំពេញ​​តួនាទី​នោះ ពិសេស​ត្រូវ​​ការពារ​​សិទ្ធិ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុខ សំអឿន បាន​លើក​​ហេតុផល​ថា អ្វី​ដែល​​មាន​ចែង​​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​​ត្រូវ​តែ​​អនុវត្ត​នូវ​​កាតព្វកិច្ច​​របស់​ខ្លួន ដូច​ជា​សិទ្ធិ និង​​សេរីភាព​​ប្រជាពលរដ្ឋ​​ជាដើម៖ «តាំង​ពី​ឆ្នាំ​១៩៩៣ មក ពេល​នេះ​ជិត ២០​ឆ្នាំ​ហើយ រដ្ឋាភិបាល​​ខំ​ធ្វើ​ច្បាប់​​ច្រើន តែ​មិន​​បាន​គោរព​​ច្បាប់​ឲ្យ​បាន​​គ្រប់​សព្វ​ទៅ​​តាម​រ​ដ្ឋធម្មនុញ្ញ​នោះ​ទេ»

លោក​បណ្ឌិត សុខ សំអឿន បាន​លើក​ឡើង​ថា ការ​ធ្វើ​សមាជ​ជាតិ​​មាន​សារសំខាន់​​ណាស់​សម្រាប់​​​ឲ្យ​ប្រជាពលរដ្ឋ​​ពាំនាំ​នូវ ​អ្វី​ដែល​​ជា​ក្ដី​កង្វល់ និង​​បញ្ហា​ប្រឈម​នានា​​របស់​ពួក​គេ​លើក​​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​​ដោះស្រាយ ដូច​ដែល​នៅ​ក្នុង​​របប​សង្គម​រាស្ត្រ​​និយម ដែល​អតីត​​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ធ្វើ​​នៅ​ក្នុង​ពេល​​ព្រះអង្គ​បាន​គ្រប់គ្រង​​ប្រទេស​នោះ។

មន្ត្រី​នាំ​ពាក្យ​​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ថា នៅ​ក្នុង​សម័យ​​សង្គម​រាស្ត្រ​និយម គេ​ធ្វើ​សមាជ​ជាតិ​​នោះ​​ដោយ​សារ​នៅ​​ក្នុង​របប​​នោះ​ជា​​របប​ឯក​បក្ស ប៉ុន្តែ​សព្វ​ថ្ងៃ កម្ពុជា ជា​​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ​​គណបក្ស​នយោបាយ​​នីមួយៗ​បាន​ធ្វើ​​សមាជ​របស់​ខ្លួន ដើម្បី​លើក​​ពី​បញ្ហា​នោះ​​ទៅ​រដ្ឋាភិបាល​​ហើយ។

 

Cambodia Hyperlapse – Moving Timelapse ខែធ្នូ 5, 2012

Posted by មេឃា in កខគឃង, Cambodia Feature Stories.
add a comment

Note from Youtube : A movie was made to stretch a creative and technical abilities – It has grown tired of the standard timelapse and wanted to push the genre in a more exciting direction.
Shot on a 7d (CANON)

~~~~~~
Please educate yourself about the horrible atrocities that are happening in Cambodia right now with child sex-trafficking and what can be done to bring an end to it http://agapewebsite.org/aims-story/